កិច្ចសហប្រតិបត្តិការរវាង IAEA និងវៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ

Chia sẻ

(VOVWORLD) - កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) និងវៀត ណាមកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ នេះគឺជាការថ្លែងរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងអគ្គនាយកស្តីទី IAEA លោកស្រី Najat Mokhtar ក្នុង ជំនួបរវាងមេដឹកនាំទាំងពីរកាលពីរសៀលថ្ងៃទី ២៤ កក្កដា នៅទីក្រុងវីយែន។

កិច្ចសហប្រតិបត្តិការរវាង IAEA និងវៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ជួបធ្វើការជាមួយអគ្គនាយកស្តីទី IAEA
លោកស្រី Najat Mokhtar។ (រូបថត៖ VNA)
IAEA កំពុងជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌ "កម្មវិធី កិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ IAEA" រួមមានគម្រោងជាក់ស្តែងចំនួនពីរ ស្តីពីកម្មវិធី នុយក្លេអ៊ែរក្នុងការដោះស្រាយជំងឺរាតត្បាតដែលកើតមកពីសត្វ (ZODIAC) និងក្នុងការ ដោះស្រាយកាកសំណល់ប្លាស្ទិកនៅមហាសមុទ្រ (NUTEC Plastic)។ ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា វៀតណាមនឹងចូលរួម ហើយអនុវត្តយ៉ាង សកម្មនូវគម្រោងសហប្រតិបត្តិការបច្ចេកទេសដែលផ្តួចផ្តើមដោយ IAEA; ថ្លែងអំណរ គុណចំពោះ IAEA ដែលបានគាំទ្រវៀតណាមចូលរួមក្នុងគម្រោងសហប្រតិបត្តិការ ត្រីភាគីរវាងវៀតណាម IAEA និងឡាវ/កម្ពុជា សំដៅជួយឧបត្ថម្ភប្រទេសជិតខាងទាំងពីររបស់
វៀតណាមក្នុងការអភិវឌ្ឍកម្មវិធីថាមពលបរិមាណូដើម្បីគោលដៅសន្តិភាព។ លោកប្រធានរដ្ឋបានស្នើឲ្យ IAEA បន្តបង្កើនគម្រោងសហប្រតិបត្តិការបច្ចេកទេស សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីឲ្យវៀតណាមអាចចូលរួម។ លោកប្រធានរដ្ឋក៏ បានស្នើឲ្យ IAEA បន្តសហការជាមួយវៀតណាមក្នុងកម្មវិធីសហប្រតិបត្តិការអន្តរជាតិ ចែករំលែកបទពិសោធន៍ និងផ្តល់ជំនួយបច្ចេកទេសដើម្បីបង្កើនសមត្ថភាពជាតិ សម្រាប់វៀតណាម ជាពិសេសលើវិស័យអធិការកិច្ច សន្តិសុខ និងសុវត្ថិភាព នុយក្លេអ៊ែរនិយាយរួម។
រីឯខ្លួនវិញ លោកស្រី Najat Mokhtar បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម គឺជាគំរូប្រកបដោយប្រសិទ្ធភាព និងជោគជ័យ ហើយបានអះអាង ថា នឹងបន្តសហការលើកកំពស់សមត្ថភាព និងផ្ទេរបច្ចេកវិទ្យាទៅឲ្យវៀតណាមនា ពេលខាងមុខ។ លោកស្រី Najat Mokhtar បានអបអរសាទរចំពោះវៀតណាមដែល បាននិងកំពុងបំពេញបានល្អនូវតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល IAEA អាណត្តិ ២០២១-២០២៣ ហើយមានបំណងថា វៀតណាមនឹងបន្តរួមចំណែកក្នុងកិច្ចខិតខំ ប្រឹងប្រែងរបស់ IAEA ដើម្បីដោះស្រាយបញ្ហាកង្វល់រួមរបស់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ