នៅថ្ងៃទី២៣ ខែតុលា ខុទ្ទកាល័យនាយករដ្ឋមន្រ្តីប្រ៊ុយណេបានប្រកាសថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២១ ប្រទេសនេះនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និង៣៩ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ។ តាមនោះ កិច្ចប្រជុំសរុបចំនួន១១ នឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែតុលា។
កិច្ចប្រជុំកំពូលអាស៊ានក្រោមប្រធានបទ “យើងយកចិត្តទុកដាក់ យើងត្រៀមខ្លួនជាស្រេច យើងរីកចម្រើន” គ្រោងនឹងពិភាក្សាអំពីខ្លឹមសារមួយចំនួន ដូចជាបង្កើនថែមទៀតនូវសមត្ថភាពស្ដារឡើងវិញក្រោយជម្ងឺរាតត្បាតកូវីដ-១៩ របស់សហគមន៍អាស៊ាន លើកកំពស់សមត្ថភាពត្រៀមខ្លួនជាស្រេចរបស់សមាគមន៍ក្នុងការដោះស្រាយបញ្ហាប្រឈមរួម ក្ដាប់ជាប់ឱកាសថ្មីដើម្បីឆ្ពោះទៅរកវិបុលភាពរួម ហើយថែរក្សាកិច្ចសហប្រតិបត្តិការដើម្បីឈានដល់គោលដៅដ៏យូរអង្វែងនៃតំបន់ផងដែរ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និង៣៩ និងកិច្ចប្រជុំពាក់ព័ន្ធនានា នឹងមានការអញ្ជើញចូលរួមរបស់មេដឹកនាំអាស៊ានទាំងអស់ រួមជាមួយមេដឹកនាំប្រទេសដៃគូមួយចំនួនរួមមានចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អាមេរិក អូស្ត្រាលីនិងរុស្ស៊ី៕