កងទ័ពជើងទឹកវៀតណាម-កម្ពុជារៀបចំអង្គប្រជុំដកបទពិសោធន៍ពីសកម្មភាពល្បាតរួមលើកទី៣៣

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី ២ ឧសភា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ភូមិភាគទី ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម និងមូលដ្ឋានសមុទ្ររាម (កងទ័ព ជើងទឹកកម្ពុជា) បានរៀបចំអង្គប្រជុំដកបទពិសោធន៍ ពីសកម្មភាពល្បាតរួមនៅក្នុង ដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជាលើកទី៣៣។

កងទ័ពជើងទឹកវៀតណាម-កម្ពុជារៀបចំអង្គប្រជុំដកបទពិសោធន៍ពីសកម្មភាពល្បាតរួមលើកទី៣៣ - ảnh 1ឧត្តមនាវីទោ Nguyen Huu Thoan ស្នងការនយោបាយនៃបញ្ជាការដ្ឋានភូមិភាគទី៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម និងឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម (កងទ័ពជើងទឹកកម្ពុជា) ផ្លាស់ប្ដូរអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការសម្របសម្រួលការងារនាពេលបន្ទាប់។ (រូបថត៖ Hoang Minh/TTXVN)
នៅក្នុងអង្គប្រជុំនោះ ភាគីទាំងពីរបានវាយតម្លៃថា កងទ័ពជើងទឹកទាំងពីរបាន សម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការងារល្បាត ត្រួតពិនិត្យ រក្សា សន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងតំបន់នេះ ក៏ដូចជាអនុវត្តន៍ខ្លឹមសារហ្វឹកហ្វឺនយ៉ាង ល្អផងដែរ។ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបង្កើនការឃោសនា ចលនាអ្នកនេសាទនៃប្រទេសទាំងពីរ ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមច្បាប់ និងបទប្បញ្ញត្តិ នៅពេលធ្វើការនេសាទនៅសមុទ្រ មិនបំពានលើអធិបតេយ្យភាពរបស់ប្រទេសដទៃ។ ទន្ទឹមនឹងនោះ សម្របសម្រួលជាមួយកងកម្លាំង និងអាជ្ញាធរគ្រប់គ្រងសមុទ្រនៃ ប្រទេសទាំងពីរ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើភេរវកម្មឆ្លងដែន ការជួញដូរ និងដឹកជញ្ជូនទំនិញដោយខុសច្បាប់ អាវុធ គ្រឿងផ្ទុះ គ្រឿងញៀន ការជួញដូរមនុស្ស និងការចេញចូលព្រំដែនដោយខុសច្បាប់។
ភាគីទាំងពីរក៏បានឯកភាពរក្សាបណ្តាញទំនាក់ទំនង សម្របសម្រួលដោយទាន់ ពេលវេលា ដើម្បីដោះស្រាយឧប្បត្តិហេតុដែលកើតឡើងនៅសមុទ្រក្នុងស្មារតីនៃកិច្ច សហប្រតិបត្តិការ ការគោរពច្បាប់អន្តរជាតិ ឯករាជ្យ និងអធិបតេយ្យភាព រួមចំណែក រក្សាបរិយាកាសសន្តិភាព ស្ថិរភាព ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃ ប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ