លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan ទទួលជួបឯកអគ្គរាជទូតជប៉ុនមកជូនសារតាំង

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១៧ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan បានទទួលជួបឯកអគ្គរាជទូតជប៉ុន លោក Ito Naoki ដែលមកជូនសារតាំងដើម្បីចាប់ផ្ដើមអាណត្តិបេសកកម្មនៅវៀតណាម។

លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan ទទួលជួបឯកអគ្គរាជទូតជប៉ុនមកជូនសារតាំង - ảnh 1លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan ទទួលសារតាំងពីឯកអគ្គរាជទូតជប៉ុន។
(រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខនិងយូរអង្វែង។ ជប៉ុនគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ជួរមុខរបស់
វៀតណាម; ជាដៃគូ ODA ដ៏ធំបំផុត; ដៃគូការងារធំទីពីរ; ជាវិនិយោគិនដៃគូទេសចរណ៍ធំទី៣ និងជាដៃគូពាណិជ្ជកម្មធំទី៤របស់វៀតណាម... ដូច្នេះហើយ លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបតែបានបង្កើត; ទន្ទឹមនឹងនោះ បង្កើនការជួបប្រាស្រ័យ និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ។ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកស្រីប្រធានរដ្ឋស្តីទី សង្ឃឹមថា ជប៉ុននឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្ម កសាងសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន; ផ្តល់ដើមទុន ODA ជំនាន់ថ្មីក្នុងវិស័យ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ការផ្លាស់ប្ដូរឌីជីថល ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សុខាភិបាល; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា៖ semiconductor ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការបំភាយឧស្ម័នសុទ្ធកម្រិតសូន្យ។ ល។

រីឯខ្លួនវិញ លោកឯកអគ្គរាជទូត Ito បានអះអាងថា ព្រះចៅអធិរាជជប៉ុនគាំទ្រ និងមានបំណងចង់បន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរជាមួយវៀតណាម។ លោកឯកអគ្គរាជទូតសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា៖ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង៕

ប្រតិកម្មទៅវិញ