ទាំងរុស្ស៊ី និងអ៊ុយក្រែនបានបន្ទោសដាក់គ្នាទៅវិញទៅមកចំពោះឧប្បត្តិហេតុនេះ។ រុស្ស៊ីបានប្រកាសថា ការទម្លាក់គ្រាប់បែក និងការវាយប្រហារដោយកងទ័ពអ៊ុយក្រែន តម្រង់ទៅលើរោងចក្រ Zaporizhzhia បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងនោះ អ៊ុយក្រែនបានចោទរុស្ស៊ីថា បានបង្កអគ្គិភ័យ។
មុននោះ អភិបាលខេត្ត Zaporizhzhia ដែលត្រូវបានតែងតាំងដោយប្រទេសរុស្ស៊ី លោក Evgeniy Balitsky បាននិយាយថា រោងចក្រទាំង ៦ ស្ថិតក្នុងស្ថានភាពបិទទ្វារ ដោយគ្មានហានិភ័យនៃការផ្ទុះចំហាយទឹក ខណៈកម្រិតវិទ្យុសកម្មជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ និងទីក្រុង Energodar គឺ នៅតែធម្មតា។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបង្កើនវិធានការសន្តិសុខនៅគ្រប់ទីតាំងសំខាន់ៗជាយុទ្ធសាស្ត្រនៅក្នុងខេត្ត Zaporizhzhia រួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ផងដែរ៕