EU បន្ត​​​ដាក់​ទណ្ឌកម្ម​លើ​​រុស្ស៊ី ក្នុង​រយៈពេល​៦​ខែ​ទៀត

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២០ ខែកក្កដា សហភាពអឺរ៉ុប (EU) បានប្រកាសពីការសម្រេចចិត្ត បន្តដាក់ទណ្ឌកម្មលើរុស្ស៊ីទាក់ទងនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។ វិធានការដាក់ទណ្ឌកម្មនឹងត្រូវពន្យាពេលរយៈពេល៦ ខែទៀត រហូតដល់ថ្ងៃទី ៣១ខែមករា ឆ្នាំ ២០២៤។
EU បន្ត​​​ដាក់​ទណ្ឌកម្ម​លើ​​រុស្ស៊ី ក្នុង​រយៈពេល​៦​ខែ​ទៀត - ảnh 1ប្រជាជនរុស្ស៊ីទិញទំនិញនៅទីផ្សារទំនើបក្នុងទីក្រុងម៉ូស្គូ។ AFP/TTXVN

ក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើរុស្ស៊ីជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមេ។ ទណ្ឌកម្មទាំងនេះ ត្រូវបានពន្យាពេលជាទៀងទាត់ក្នុងរយៈពេល៧ ឆ្នាំកន្លងទៅ ហើយត្រូវបានពង្រីកយ៉ាងខ្លាំងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបបច្ចុប្បន្ន ផ្តោតលើវិស័យជាច្រើនរបស់រុស្ស៊ី រួមទាំងការរឹតបន្តឹងលើវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងទំនិញប្រើប្រាស់ ឧស្សាហកម្ម ការដឹកជញ្ជូន និងទំនិញប្រណីត។ ទណ្ឌកម្មទាំងនេះក៏រួមបញ្ចូលការហាមឃាត់លើការនាំចូល ឬដឹកជញ្ជូនប្រេងឆៅនិងផលិតផលគីមីឥន្ធនៈមួយចំនួនពីប្រទេសរុស្ស៊ីទៅកាន់សហភាពអឺរ៉ុបតាមផ្លូវសមុទ្រផងដែរ។

រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានអនុម័តលើកញ្ចប់ទណ្ឌកម្មចំនួន ១១ ប្រឆាំងនឹងរុស្ស៊ី។ ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា សកម្មភាពរបស់សហភាពអឺរ៉ុបគឺ "ខុសច្បាប់ និងធ្វើឱ្យចុះខ្សោយបទដ្ឋានច្បាប់អន្តរជាតិ" ហើយបានអះអាងថា នឹងបន្តឆ្លើយតបទៅនឹងសកម្មភាព "អរិភាព" របស់ប្រទេសលោកខាងលិច៕

ប្រតិកម្មទៅវិញ