ថ្លែងក្នុងពិធីបើកនេះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពជម្លោះនៅលើពិភពលោកនាបច្ចុប្បន្ន ដោយសង្កត់ធ្ងន់ថា ជម្លោះប្រដាប់អាវុធកំពុងនាំមកនូវការឈឺចាប់ និងទុក្ខវេទនាកាន់តែច្រើនឡើងដល់ប្រជាជននៅជុំវិញពិភពលោក។ លើសពីនេះ ប្រព័ន្ធហិរញ្ញវត្ថុនិងការទូទាត់ជាសកលកំពុងត្រូវបានរំលោភបំពានកាន់តែខ្លាំងឡើង នៅក្នុងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនិងការប្រឈមមុខដាក់គ្នា ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Ramaphosa បានសង្កត់ធ្ងន់ថា BRICS បានត្រៀមខ្លួនជាស្រេចដើម្បីជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ ដែលមានបំណងចង់បង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយដែលកាន់តែបរិយាប័ន្នជាង។
ក៏នៅក្នុងសម័យបើកកិច្ចប្រជុំនេះ ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាយករដ្ឋមន្ត្រីឥណ្ឌា Narenda Modi និងប្រធានរដ្ឋចិន លោក Xi Jinping បានស្នើយន្តការសហប្រតិបត្តិការថ្មីជាច្រើនក្នុងចំណោមប្រទេសសមាជិក BRICS ក្នុងវិស័យដូចជា លំហអាកាស ការផ្លាស់ប្តូរឌីជីថល ថាមពល ការអប់រំនិងបណ្តុះបណ្តាលជំនាញ សុខភាព មូលដ្ឋានទិន្នន័យ ការផ្លាស់ប្តូរវប្បធម៌ ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ មេដឹកនាំទាំង៥រូបក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវពង្រីកការបញ្ចូលសមាជិករបស់ BRICS និងបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មក្នុងប្លុក និងអន្តរជាតិ។
មកទល់ពេលនេះ មានប្រទេសប្រហែល ៤០ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាសមាជិក BRICS ដែលក្នុងនោះមានខឿនសេដ្ឋកិច្ចចំនួន ២៣ បានដាក់ពាក្យសុំចូលជាសមាជិកជាផ្លូវការ៕