សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Nung

Chia sẻ

(VOVWORLD) -  សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Nung នៅខេត្ត Cao Bang គឺជាសម្លៀក បំពាក់ដែលមាន ពណ៌ធ្លះគួរអោយចាប់អារម្មណ៍។  ពណ៌ធ្លះត្រូវបានជ្រលក់ដោយវត្ថុធាតុដើមធម្មជាតិ គឺដើមត្រុំ  ដែលជាដំណាំពេញនិយមសម្រាប់បងប្អូនជនជាតិភាគតិចហើយនេះក៏ជាប្រភេទវត្ថុធាតុដើមដែលមានសារៈសំខាន់បំផុតក្នុងការផលិតសម្លៀកបំពាក់បែបប្រពៃណីរបស់ជនជាតិ Nung ផងដែរ។

សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Nung - ảnh 1នារីជនជាតិ Nung បង្ហាញសម្រស់ដ៏ស្រស់ស្អាតក្នុងសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួន 

ដើមត្រុំនៅពេលយកមក ត្រូវបានអ្នកភូមិត្រាំក្នុងទឹកអោយរលួយខ្ទិច។ ក្នុងរយៈពេលបីយប់ គេស្រង់ដើមត្រុំនិងស្លឹកដែលរលួយអស់យកទៅបោះចោល ហើយទុកតែម្សៅត្រុំតែប៉ុណ្ណោះ។ ម្សៅត្រុំ នឹងត្រូវលាយជាមួយទឹក តាមរូបមន្តនីមួយ។ ជាធម្មតា ក្រណាត់ប្រហែល ៩ ដល់ ១០ ម៉ែត្រ នឹងត្រូវត្រាំរាល់ពេល ប្រហែល ១ ម៉ោង បន្ទាប់មកនឹងត្រូវបានយកទៅហាលក្រោមកម្តៅព្រះអាទិត្យរយៈពេលជាង ១ ម៉ោងទៀត ដើម្បីក្រណាត់នេះស្ងួតទាំងស្រុង។ ដំណើរការនៃការជ្រលក់ពណ៌ធ្លះនេះនឹងត្រូវបានធ្វើម្តងហើយម្តងទៀតអស់រយៈពេលប្រហែលមួយខែ ដរាបណា ក្រណាត់ចេញពណ៌ខ្មៅឬខៀវតាមចំណូលចិត្ត។ អ្នកស្រី Luong Thi Xuan ជនជាតិ Nung នៅស្រុក Quang Yen ខេត្ត Cao Bang បានអោយដឹងថា៖ “យើងគួរចាំថា នៅពេលជ្រលក់ក្រណាត់ជាមួយម្សៅត្រុំ គឺត្រូវមានទឹកកំបោរហុយ។ នៅពេលដែលកំបោរចេញមានពណ៌លឿង គឺក្រណាត់នឹងប្រែជាពណ៌ខ្មៅ។ ប្រសិនបើទឹកកំបោរមានពណ៌បៃតង ក្រណាត់នឹងប្រែជាពណ៌សវិញ។ ហេតុដូច្នេះ ពេលជ្រលក់គឺ ត្រូវយកចិត្តទុកដាក់លើចំណុចនេះ។ ព្រោះថា ចំណុចនេះ វាជាជំហានសំខាន់បំផុតក្នុងការជ្រលក់ផងដែរ”។

តាមរយៈបាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ Nung ក្រណាត់ត្រូវបានគេជ្រលក់និងដេរប៉ាក់ ទៅជាឈុតសំលៀកបំពាក់ដែលសមសួននឹងអ្នកពាក់។ ក្បូរក្បាច់បែប ចរបាប់ជាមួយនឹងពណ៌ចម្រុះ ត្រូវបានប៉ាក់យ៉ាងប៉ិនប្រសប់នៅលើផ្ទៃក្រណាត់ពណ៌ធ្លះ បង្កើតឱ្យមានព្រលឹងនៃសំលៀកបំពាក់របស់ជនជាតិ Nung។ គ្រាន់តែក្រឡេកមើលក្រណាត់រាងការ៉េ អាចស្គាល់ពីលក្ខណៈវប្បធម៌នៃជនជាតិនីមួយៗ និងតំបន់នីមួយៗ។ អ្នកស្រី Luong Thi Xuan បានចែករំលែកថា៖ “សម្លៀកបំពាក់ពណ៌ធ្លះរបស់អ្នកភូមិយើងខ្ញុំគឺក្តៅបន្តិចនៅរដូវក្តៅក៏ពិតមែន ប៉ុន្តែពេលទៅស្រែចម្ការ វាអាចការពារនឹងកម្តៅព្រះអាទិត្យបានដែរ។ សម្លៀកបំពាក់នេះ ពាក់នារដូវរងាគឺមានភាពកក់ក្តៅនិងមានភាពធន់នឹងត្រជាក់ណាស់។ ប្រសិនបើអ្នកស្លៀក ខោ ២ ស្រ ទាប់ ពិតជាកក់ក្តៅខ្លាំងណាស់ ហើយមិនខ្លាចត្រជាក់ទៀតទេ”។

សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Nung - ảnh 2ពណ៌អាវធ្លះត្រូវបានជ្រលក់ពីវត្ថុជាតុដើមធម្មជាតិគឺដើមត្រុំ  

ធ្វើការពន្យល់អំពីពណ៌ធ្លះនៃអាវធ្លះប្រពៃណី ជនជាតិ Nung បានអោយដឹងថា តាំង ពីយូរណាស់មកហើយ ជនជាតិ Nung ធ្លាប់ប្រកបមុខរបរដាំដុះកសិកម្ម ដោយធ្វើស្រែចំការនិងស្រូវទឹក ហេតុដូច្នេះ ការជ្រលក់អាវត្បាញពីកប្បាសពណ៌សទៅជាពណ៌ធ្លះ ពីទឹកនៃដើមត្រុំ គឺជួយអ្នកភូមិបោកគួកមិនសូវហត់នឿយ និងមានអារម្មណ៍សម្របជាមួយធម្មជាតិ។ ជាពិសេសនៅពេលទឹកត្រុំជ្រាបចូលក្នុងអាវនឹងធ្វើឱ្យសាច់ក្រណាត់ប្រើបានយូរនិងមិនខូចទេ។ លោក Nong Van Thang មន្ត្រីវប្បធម៌ឃុំ Phuc Sen ស្រុក Quang Yen ខេត្ត Cao Bang បានលើកឡើងថា៖ “អ្វីដែលពិសេសបំផុតនោះគឺ ទាំងការដេរ ប៉ាក់ ការកាត់ស្ទើរតែធ្វើដោយដៃទាំងស្រុង។ ចំពោះជីវភាពខាងវិញ្ញាណវិញ គ្រូសែនភាគច្រើនតែងតែស្លៀកសម្លៀកបំពាក់ពណ៌ធ្លះរបស់ជនជាតិ ដើម្បីជួយអ្នកភូមិសែន និងរក្សានូវលក្ខណៈប្រពៃណីរបស់ជនជាតិខ្លួន”។

បច្ចុប្បន្ននេះ ប្រជាជនជនជាតិ Nung នៅខេត្ត Cao Bang តែងតែស្លៀកសម្លៀកបំពាក់បែបប្រពៃណីក្នុងសកម្មភាពប្រចាំថ្ងៃ ដូចជាធ្វើស្រែចំការ ឬទៅចូលរួមពិធីមង្គលការនិងពិធីបុណ្យផ្សេងៗផងដែរ។ ក្លិនរបស់ក្រណាត់ពណ៌ធ្លះ បានផ្សារភ្ជាប់ជាមួយអ្នកកូមិពីយូរមកហើយ ហើយជនជាតិ Nung មានមោទនភាពចំពោះឈុតសម្លៀកបំពាក់ពណ៌ធ្លះដែលពោរពេញទៅដោយអត្តសញ្ញាណជនជាតិខ្លួន។

ទន្ទឹមជាមួយគ្នានោះ រដ្ឋអំណាចតំបន់នៃខេត្ត Cao Bang កំពុងធ្វើសកម្មភាពជាច្រើនដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការថែរក្សានិងអភិរក្សលក្ខណៈវប្បធម៌ពិសេស ក្នុងនោះមានចលនាស្លៀកពាក់និងប្រើប្រាស់សំលៀកបំពាក់ប្រពៃ ណី។ លោកស្រី Nong Thi Thuy កម្មាភិបាលការិយាល័យវប្បធម៌និងព័ត៌មាននៃស្រុក Quang Yen ខេត្ត Cao Bang បានអោយដឹងថា៖ “ជារៀងរាល់ ២ ឆ្នាំម្តង យើងខ្ញុំតែងតែរៀបចំការប្រកួតម៉ូដសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Nung រវាងអង្គភាពសហគមន៍និងទីក្រុងរួមគ្នា ដើម្បីមើលថា តើសំលៀកបំពាក់ណាដែលស្អាតជាង គេ និងនៅតែរក្សានូវលក្ខណៈប្រពៃណីពិសេស ដើម្បីប្រគល់រង្វាន់”។

អាចនិយាយបានថា សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Nung មិនត្រឹមតែជាផលិតផលរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពនិងសេចក្តីស្រឡាញ់ចំពោះមាតុភូមិរបស់ជនជាតិ Nung នៅទីនេះទៀតផង។ ហេតុដូច្នេះ ការថែរក្សាសម្រស់ប្រពៃណីក្នុងសម្លៀកបំពាក់របស់ជនជាតិ Nung បានរួមចំណែកដល់ការថែរក្សានិងលើកស្ទួយនូវតម្លៃវប្បធម៌និយាយរួមរបស់ប្រជាជនបណ្តាជនជាតិភាគតិចនៅខេត្ត Cao Bang ផងដែរ៕

ប្រតិកម្មទៅវិញ