ពិធីសែនសុំសេចក្ដីសុខជូនដំរីនៅខេត្ត Dak Lak

Chia sẻ

(VOVWORLD) - សម្រាប់បងប្អូនជនជាតិភាគតិចនៅតំបន់ Tay Nguyen ដំរីមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលបង្ហាញពីភាពរឹងមាំនៃក្រុមគ្រួសារ និងវង្សត្រកូលប៉ុណ្ណោះទេ ថែមទាំងវាក៏ជាតំណាងនៃព្រះដំរី ដែលជានិមិត្តរូបនៃលាភសំណាង និងភាពសម្បូររុងរឿងរបស់ភូមិទៀតផង។ ដូច្នេះ រហូតមកដល់ពេលនេះ សហគមន៍បណ្ដាជនជាតិភាគតិចនៅតំបន់ Tay Nguyen នៅតែថែរក្សាពិធី និងទំនៀមទម្លាប់ជាច្រើនទាក់ទងនឹងដំរី ក្នុងនោះមានពិធីសែនសុំសេចក្ដីសុខជូនដំរីដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ។

ពិធីសែនសុំសេចក្ដីសុខជូនដំរីនៅខេត្ត Dak Lak - ảnh 1ពិធីសែនសុំសេចក្ដីសុខជូនដំរីត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ (រូបថត៖ VOV)

នៅពេលធ្វើពិធីសែនសុំសេចក្ដីសុខជូនដំរី បងប្អូនជនជាតិ Ede នៅភូមិ Tri ឃុំ Krong Na ស្រុក Buon Don ខេត្ត Dak Lak តែងតែជ្រើសរើសកំពង់ផែ Bay Rong ជាកន្លែងរៀបចំ។ នៅជាប់កំពង់ផែ ក្រោមម្លប់ដើមអម្ពិលចំណាស់ សត្វដំរីចំនួន ៧ ក្បាល តុបតែងលំអរដោយផ្ទាំងក្រណាត់ចរបាប់ចម្រុះពណ៌។ លោក Y Tang Rya នៅភូមិ Ea Rong A ឃុំ Krong Na បានឲ្យដឹងថា៖ ចំពោះប្រជាជន Ede សត្វដំរីគឺជា “មិត្ត” ដ៏ជិតស្និទ្ធរបស់ក្រុមគ្រួសារ៖

“តាមប្រពៃណី ពិធីសែនសុំសេចក្ដីសុខជូនដំរី គឺដើម្បីបង្ហាញការគោរពចំពោះសត្វដំរី ហើយបួងសួងសុំឲ្យដំរីមានសុខភាពល្អ។ ពេលធ្វើពិធី គេយកស្រា និងឈាមជ្រូកមកលាបលើដំរី ដើម្បីជូនពរឱ្យដំរីមានសុខភាពល្អ ស៊ីចំណីបានល្អ មិនមានជំងឺឈឺថ្កាត់នោះឡើយ”។

ក្នុងពេលជាមួយគ្នានោះ ជនជាតិ M'nong ចាត់ទុកដំរីជាសមាជិកគ្រួសារអញ្ចឹង។ ដំរីត្រូវបានយកចិត្តទុកដាក់ ថែទាំ ហើយគេធ្វើពិធីសែនដោយមានបំណងចង់ឱ្យដំរីមានសុខភាពល្អ ស្លូតបូត នាំមកនូវសំណាងល្អជូនគ្រួសារម្ចាស់និងភូមិ ។ តាមប្រពៃណី ពិធីសែនសុំសេចក្ដីសុខជូនដំរី ត្រូវបានធ្វើឡើងបន្ទាប់ពីបញ្ចប់រដូវប្រមូលផលដំណាំ និងព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ។ ពេលនោះ ដំរីត្រូវបានងូតទឹកឲ្យស្អាត ស៊ីចំណីឆ្ងាញ់ៗ បានសម្រាក ហើយធ្វើពិធីសែនសុំសេចក្ដីសុខ។ លោក Y Ril Knul ព្រឹទ្ធាចារ្យភូមិ Ea Mar ឃុំ Krong Na បានឲ្យដឹងថា ក្នុងពិធីសែនសមូហភាពនេះ ប្រជាជននិងអាជ្ញាធរមូលដ្ឋាននឹងត្រៀមរៀបចំគ្រឿងសំណែន ហើយប្រគល់ភារកិច្ចឲ្យអ្នកភូមិ៖

“គ្រឿងសំណែនរួមមាន អង្ករ បាយ ធូប ទៀន ស្លឹកម្លូ ថ្នាំជក់ ដាក់លើតុសែន រួមជាមួយនឹងស្រាពាង និងសត្វជ្រូកមួយក្បាល ទម្ងន់ប្រហែល ៣០គីឡូក្រាម។ អ្នកភូមិកាប់ជ្រូក យកឈាមដាក់លើតុសែន រួចយកឈាមនេះ និងគ្រឿងសំណែនផ្សេងៗ ដាក់លើក្បាលដំរី ដើម្បីបង្ហាញពីមនោសញ្ចេតនារបស់គ្រួសារម្ចាស់សម្រាប់ដំរី ដើម្បីឲ្យដំរីដឹងថាគ្រួសារម្ចាស់កំពុងតែធ្វើពិធីសែនសុំសេចក្ដីសុខជូនវា”។ 

ពិធីសែនសុំសេចក្ដីសុខជូនដំរីនៅខេត្ត Dak Lak - ảnh 2បញ្ចប់ផ្នែកពិធីការរួច អ្នកភូមិបន្តវាយគងឃ្មោះ ផឹកស្រាពាង ហើយសម្របខ្លួនទៅក្នុងបរិ
យាកាសពិធីបុណ្យប្រកបដោយក្ដីសប្បាយរីករាយ។ 

បញ្ចប់ផ្នែកពិធីការរួច អ្នកភូមិបន្តវាយគងឃ្មោះ ផឹកស្រាពាង ហើយសម្របខ្លួនទៅក្នុងបរិ
យាកាសពិធីបុណ្យប្រកបដោយក្ដីសប្បាយរីករាយ។ នេះមិនត្រឹមតែជាឱកាសសម្រាប់ម្ចាស់ដំរី និងអ្នកឃ្វាលដំរីបង្ហាញពីការគោរពចំពោះសត្វដំរីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ជាឱកាសសម្រាប់ប្រជាជននៅតាមភូមិឃុំនានា បានជួបជុំគ្នាដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព ហើយថែរក្សាលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិទៀតផង។ លោក Y Com H wing ប្រធានក្រុមគងឃ្មោះនៅឃុំ Krong Na បានចែករំលែកថា៖

“ខ្ញុំក៏ចូលរួមចំណែកក្នុងចលនារបស់បងប្អូនក្នុងភូមិដែរ។ ខ្ញុំឃើញថាពិធីបុណ្យដែលបានរៀបចំបែបនេះ ពិតជាគួរឲ្យសប្បាយចិត្តណាស់។ ខ្ញុំក៏មានការចូលរួមចំណែក ចលនាប្រជាជនឲ្យរៀបចំពិធីដូចថ្ងៃនេះ ដើម្បីឲ្យអ្នកភូមិអាចថែរក្សា និងអភិវឌ្ឍរបរថែទាំសត្វដំរី”។

ពិធីសែនសុំសេចក្ដីសុខជូនដំរីរបស់ជនរួមជាតិបណ្ដាជនជាតិភាគតិចនៅតំបន់ Tay Nguyen គឺជាសម្រស់មនុស្សសាស្ត្រ ដែលបង្ហាញពីសេចក្ដីស្រឡាញ់រវាងមនុស្សនិងសត្វដំរីក្នុងជីវភាពប្រចាំថ្ងៃ។ ជាងនេះទៅទៀត វាក៏បង្ហាញពីការដឹងគុណរបស់មនុស្សចំពោះសត្វដំរីផងដែរ ព្រោះដំរីជាប្រភេទសត្វដ៏ឆ្លាតវៃ រួសរាយរាក់ទាក់ និងជិតស្និទ្ធជាមួយមនុស្ស ឧស្សាហ៍ព្យាយាមធ្វើការ ជួយមនុស្សបង្កើតឡើងទ្រព្យសម្បត្តិ និងសម្ភារៈ។ ការរក្សាពិធីសែនសុំសេចក្ដីសុខជូនដំរី ក៏ជាឱកាសដើម្បីក្រើនរំលឹកមនុស្សឲ្យគួរតែប្រព្រឹត្តចំពោះសត្វដំរីដូចសមាជិកក្នុងគ្រួសារអញ្ចឹង ហើយជានិច្ចកាលស្និទ្ធស្នាល រួសរាយរាក់ទាក់ ថែទាំ ការពារសុខភាព និងអភិរក្សសត្វដំរីផងដែរ៕

ប្រតិកម្មទៅវិញ