សម្របខ្លួនចូលក្នុងបរិយាកាស “រដូវផ្ការីកជាបុណ្យតេតដាំដើមឈើ” ជនជាតិ Dao ក្រហមនៅស្រុកជនបទថ្មី Bao Thang ខេត្ត Lao Cai បាននិងកំពុងថែរក្សា ពង្រីកទំនៀមទំលាប់សែនព្រៃរបស់ជនជាតិខ្លួន ដោយផ្សាភ្ជាប់នឹងចលនាការពារ អភិវឌ្ឍព្រៃប្រកបដោយអត្ថន័យ។
គ្រូសែនចំណាស់ Trieu Huu Phau កំពុងធ្វើពិធីសែនព្រៃ។ (រូបថត៖ VOV) |
ជារៀងរាល់ឆ្នាំ នាដើមរដូវផ្ការីក នៅក្រោមម្លប់ដើមឈើចំណាស់ស្ថិតនៅលើទួលដីខ្ពស់បំផុតនៅភូមិ Dong Cam ឃុំ Gia Phu ស្រុក Bao Thang ខេត្ត Lao Cai ប្រជាជនជនជាតិ Dao ក្រហម តែងតែបានគ្រូសែនចំណាស់ Trieu Huu Phau ដៃកាន់សៀវភៅចាស់ដែលបានសរសេរជាភាសា Dao បុរាណ សម្រាប់ធ្វើការបន់ស្រន់ នៅជុំវិញដោយគ្រឿងសំណែនគ្រប់គ្រាន់ដូចជា ស្រា សាច់ និងក្រដាសសែនសម្រាប់ថ្វាយព្រះអាទិទេព។ តាមទស្សនៈទានថា ពិធីសែនត្រូវបានរៀបចំឡើងដើម្បីបួងសួងសុំឲ្យព្រះអាទិទេពប្រទានពរជ័យជូនអ្នកភូមិទាំងអស់មានរដូវអំណោយផល គ្រួសារមានសុខភាពល្អបរិបូរ ជួបតែសេចក្ដីសុខ ហើយសត្វចិញ្ចឹមជៀសផុតពីជម្ងឺផងដែរ។ គ្រូសែន Phau បានចែករំលែកថា៖
“ទំនៀមទំលាប់នេះមានតាំងពីបុរាណកាលមកហើយ នៅពេលដែលជីដូនជីតាពួកយើងមកគាស់រានដីនៅទីនេះ ហើយបន្សល់ទុកដល់ជំនាន់ក្រោយៗទៀត។ រូបខ្ញុំផ្ទាល់ក៏ចាប់ផ្ដើមទទួលភារកិច្ចនេះចាប់ពីឆ្នាំ១៩៨០រហូតមកដល់សព្វថ្ងៃ។ យើងខ្ញុំធ្វើសក្ការៈបូជាព្រះអាទិទេពព្រៃ ម្ចាស់ទឹកម្ចាស់ដី បួងសួងសុំឲ្យឆ្នាំថ្មីមានអាកាសធាតុអំណោយផល អ្នកភូមិគ្រប់គ្នាមានសុខភាពល្អ រកស៊ីមានបាន ការចិញ្ចឹមសត្វ ការដាំដុះដំណាំកាន់តែប្រសើរឡើងៗ”។
ពិធីសែនព្រះអាទិទេពព្រៃមិនសូវស្មុគស្មាញនោះទេ។ គ្រួសារនីមួយៗក្នុងភូមិបរិច្ឆាកមាន់មួយក្បាល ស្រាមួយដប ហើយបរិច្ឆាកប្រាក់សម្រាប់កាប់ជ្រូកមួយក្បាល ដាំបាយដំណើបនិងទិញក្រដាសសែន។ គ្រូសែនបន់ស្រន់ដោយភាសា Dao បុរាណ ដែលសូម្បីតែអ្នកដែលចេះភាសា Dao ក៏មិនប្រាកដថា អាចយល់បានដែរ។ ក្នុងអំឡុងពេលធ្វើពិធីសែន យុវជនឆ្លៀតពេលដើម្បីដាំដើមឈើបន្ថែមទៀតនៅជុំវិញព្រៃហាមឃាត់។ តាមលោក Trieu Van San បានឲ្យដឹងថា ដើមឈើចំណាស់ត្រូវបានគោរពបូជា ជា “ដើមឈើស័ក្តិសិទ្ធិ”។ ជនជាតិ Dao ទៅកាន់ទីណាក៏ត្រូវតែផ្សាភ្ជាប់ជាមួយនឹងដើមឈើ និងព្រៃដែរ ដូច្នេះត្រូវតែស្វែងរក “ដើមឈើស័ក្តិសិទ្ធិ” ដើម្បីការពារភូមិទាំងមូល។ ចំពោះតំបន់ព្រៃដែលមាន “ដើមឈើស័ក្តិសិទ្ធិ” ដុះឡើង មនុស្សទាំងអស់គ្នាត្រូវមានមនសិកាការពារ ជៀសវាងដើរចូលឬប្រលែងបសុសត្វឲ្យមកទីនេះ។ លោក San បានឲ្យដឹងថា៖
“វាមានអត្ថន័យថា នៅទីណាក៏ត្រូវរកដើមឈើមួយធ្វើជាម្ចាស់ព្រៃ ហើយយើងខ្ញុំត្រូវថែរក្សា ធ្វើសក្ការៈបូជា។ ខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះទំនៀមទំលាប់នេះរបស់ជនជាតិខ្លួន ហើយនឹងបន្តពង្រីកប្រពៃណីដែលជីដូនជីតាបានបន្សល់ទុកមក មិនអាចបោះបង់ចោលបានឡើយ”។
ពិធីសែនព្រៃរបស់ជនជាតិ Dao ក្រហមនាសព្វថ្ងៃនេះ ត្រូវបានគួបផ្សំនឹងបុណ្យតេតដាំដើមឈើទៀតផង។ |
បន្ទាប់ពីផ្នែកពិធីការ អ្នកភូមិនឹងទទួលទានគ្រឿងសំណែននៅហ្នឹងព្រៃ រាល់អាហារទាំងអស់ដែលគេត្រៀមរៀបចំគឺត្រូវញ៉ាំឲ្យអស់ មិនអាចយកមកវិញទេ ស្រាដែលផឹកមិនអស់ ក៏ត្រូវកប់នៅហ្នឹងព្រៃដែរ។ ជាពិសេស តាមតំណមរបស់ជនជាតិ Dao មានតែបុរសប៉ុណ្ណោះទើបត្រូវបានអនុញ្ញាតឲ្យមានវត្តមាននៅពិធីសែនព្រៃ។ ដោយសារតែនេះជាព្រៃហាមឃាត់ ព្រៃស័ក្តិសិទ្ធិ ដូច្នេះអ្នកភូមិទាំងអស់សុទ្ធតែមានមនសិកាការពារ ត្រឹមតែដាំព្រៃថ្មីប៉ុណ្ណោះ មិនអនុញ្ញាតឲ្យនរណាម្នាក់កាប់បំផ្លាញ់ព្រៃឡើយ។
យោងតាមលោក Nguyen Di Ta លេខាសាខាបក្សភូមិ Dong Cam បានឲ្យដឹងថា ភូមិទាំងមូលមានប្រជាជនចំនួន១៧០គ្រួសារ ហើយភាគច្រើនគឺជនជាតិ Kinh ប៉ុន្តែបងប្អូនជនជាតិ Dao នៅទីនេះនៅតែមិនទុកឲ្យទំនៀមទំលាប់របស់ជនជាតិខ្លួនត្រូវរលាយសាបសូន្យទៅឡើយ ដែលពិតជាប្រការគួរឲ្យសរសើរ។ នាដើមរដូវផ្ការីកជារៀងរាល់ឆ្នាំ នៅពេលដែលជនជាតិ Dao រៀបចំពិធីសែនព្រៃ គឺបងប្អូនជនជាតិ Kinh ក្នុងភូមិក៏ចូលរួមចែករំលែកសេចក្ដីរីករាយផងដែរ។
“ជនជាតិ Dao មានតែជាង២០គ្រួសារប៉ុណ្ណោះ ប៉ុន្តែក្រោមការដឹកនាំរបស់សាខាបក្ស អាជ្ញាធរភូមិ អង្គការនយោបាយទាំងអស់បានសម្របសម្រួលជាមួយប្រជាជន ដើម្បីពង្រីកប្រពៃណីដ៏ថ្លៃថ្លា អត្តសញ្ញាណដ៏ល្អប្រសើររបស់ជនជាតិ Dao ព្រមទាំងសហការជាមួយជនជាតិ Kinh អនុវត្តន៍ចលនាដាំព្រៃឈើ កសាងជនបទថ្មី”។
តាមសន្ទុះអភិវឌ្ឍរបស់សង្គម ជនជាតិ Dao នៅភូមិ Dong Cam ក៏បានប្ដេជ្ញាចិត្តផ្លាស់ប្ដូរការត្រិះរិះ បម្លែងតំបន់ព្រៃឈើដែលមានការអភិវឌ្ឍខ្សោយទៅជាដើមឈើមានតម្លៃខ្ពស់។ រាល់ទួលឈើអែម ចម្ការដំឡូងមីដ៏ស្រស់បំព្រងនៅជុំវិញភូមិ Dong Cam បាននាំមកនូវកម្លាំងរស់បន្ថែមទៀតសម្រាប់តំបន់ជនបទស្រុក Bao Thang ស្រុក Lao Cai នៅរដូវផ្ការីកថ្មី៕