ពិធីបុណ្យអំណរស្រូវថ្មីពោរពេញទៅដោយភាពវិសេសវិសាលរបស់ជនរួមជាតិ Van Kieu នៅខេត្ត Quang Tri

Chia sẻ

(VOVWORLD) - តាំងពីបុរាណកាលមកដល់បច្ចុប្បន្ន ដើមស្រូវតែងតែផ្សាភ្ជាប់ជាមួយនឹងជីវភាពរបស់ជនជាតិ Van Kieu នៅតាមជួរភ្នំ Truong Son ខេត្ត Quang Tri។ ដោយសារតែជីវភាពផ្សារភ្ជាប់ជាមួយនឹងព្រៃភ្នំ វាលស្រែចំការហើយ ស្ថានភាពធ្វើវប្បកម្មនៅតែមានការលំបាក ដូច្នេះពួកគេតែងតែប្រាថ្នាចង់បានភាពសម្បូរធូធារ។ ពិធីអំណរស្រូវថ្មីក៏ចាប់ប្រភពពីនោះផងដែរ ដែលជាឱកាសដើម្បីប្រជាជនសម្ដែងនូវសេចក្ដីប្រាថ្នារបស់ខ្លួនដល់អស់ពពួកទេវតាដែលបានប្រទានពររដូវអំណោយផលនិងជីវភាពធូធារដល់អ្នកភូមិទាំងមូល។

ពិធីបុណ្យអំណរស្រូវថ្មីពោរពេញទៅដោយភាពវិសេសវិសាលរបស់ជនរួមជាតិ Van Kieu នៅខេត្ត Quang Tri - ảnh 1ពិធីអំណរស្រូវថ្មីជាឱកាសមួយដើម្បីឲ្យប្រជាជនអរព្រះគុណដល់ពពួកទេវតាដែលបានប្រទានពរដល់អ្នកភូមិទាំងមូល។ (រូបថត៖ sggp.org.vn)

យោងតាមអ្នកស្រាវជ្រាវ Ho Phuong ជនជាតិ Van Kieu មានទស្សនៈទានថា បន្ទាប់ពីប្រមូលផលរួចរាល់ ជង្រុកផ្ទុកស្រូវអង្ករពេញហើយ ប្រជាជននឹងរួមគ្នាត្រៀមរៀបចំគ្រឿងសំណែន ដើម្បីថ្វាយអំណរព្រះគុណអស់ពពួកទេវតា ដែលបានប្រទានពររដូវអំណោយផលដល់ភូមិឃុំនិងប្រជាជនទាំងមូល។ អ្នកស្រាវជ្រាវ Ho Phuong បាននិយាយថា៖

“ពិធីអំណរស្រូវថ្មីនេះ ត្រូវបានធ្វើឡើងមួយឆ្នាំបន្ទាប់ពីប្រជាជនប្រមូលផលស្រូវរួច។ នេះក៏ជាឱកាសដើម្បីសហគមន៍ និងក្រុមគ្រួសារអំណរសាទរបុណ្យតេតផងដែរ។ ចុងខែទី ១១ តាមច័ន្ទគតិដែលត្រូវនឹងដើមខែធ្នូ ប្រជាជនតែងតែរៀបចំពិធីហើយអញ្ជើញគ្នាមកជូនពរគ្នាទៅវិញទៅមក។ ដល់ដំណាច់ខែទើបសម្រាក ដើម្បីត្រៀមរៀបចំសម្រាប់រដូវដំណាំឆ្នាំក្រោយ”។

លោក Ho Nha អ្នកមានកិត្យានុភាពក្នុងសហគមន៍ Van Kieu នៅស្រុក Dakrong បានឲ្យដឹងថា នៅពេលធ្វើពិធីសែនអំណរស្រូវថ្មី ប្រជាជន Van Kieu ថ្វាយឡើងព្រះអាទិទេពនូវគ្រាប់ស្រូវដ៏ធំ និងស្រស់ស្អាតបំផុត។ នេះក៏ជាពេលដើម្បីជម្រាបជូនបុព្វការីជន និងព្រះស្រូវអំពីរដូវអំណោយ
ផលកន្លងទៅ ហើយបញ្ជាក់នូវជីវភាពដ៏សម្បូរធូធារសម្រាប់ប្រជាជនក្នុងរយៈពេលខាងមុខ។ លោក Ho Nha បានឲ្យដឹងថា៖

“ប្រជាជននឹងយកផ្កាស្រូវថ្មីមកធ្វើជាគ្រឿងសំណែន។ ជ្រើសរើសផ្កាស្រូវដែលមានគ្រាប់ធំ មូល។ ផ្កាស្រូវត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ហើយដាក់សែនជាមួយមាន់ ជ្រូក... ថ្វាយឡើងដល់បុព្វការីជន និងព្រះស្រូវ”។

ពិធីបុណ្យអំណរស្រូវថ្មីពោរពេញទៅដោយភាពវិសេសវិសាលរបស់ជនរួមជាតិ Van Kieu នៅខេត្ត Quang Tri - ảnh 2គ្រឿងសំណែនក្នុងពិធីអំណរស្រូវថ្មី។ (រូបថត៖ sggp.org.vn)

ពិធីអំណរស្រូវថ្មីនេះក៏ជាឱកាសដើម្បីមនុស្សគ្រប់គ្នាក្នុងក្រុមគ្រួសារ និងវង្សត្រកូលទៅសាកសួរសុខទុក្ខគ្នាទៅវិញទៅមកក្រោយរយៈពេលឃ្លាតគ្នា ហើយក៏ជាឱកាសដើម្បីអ្នកភូមិទាំងមូលជួបជុំគ្នាចែករំលែកក្ដីសប្បាយរីករាយដោយមានរដូវអំណោយផលផងដែរ។ បើតាមលោក Ho Van Hoa ឃុំ A Bung ស្រុក Dakrong ថ្វីត្បិតតែពិធីអំណរស្រូវថ្មីត្រូវបានធ្វើឡើងតាមលក្ខណៈវង្សត្រកូលក៏ដោយ ប៉ុន្តែតែងតែមានការអញ្ជើញចូលរួមពីមិត្តភក្តិ និងអ្នកជិតខាងផងដែរ៖

“នៅពេលធ្វើពិធីសែន ប្រជាជននឹងអញ្ជើញតំណាងវង្សត្រកូលផ្សេងទៀតក្នុងភូមិ ដើម្បីបញ្ជូនតំណាងមកចូលរួម។ ប្រការនេះបង្ហាញពីមនោសញ្ចេតនានិងភាពជិតស្និទ្ធរវាងអ្នកភូមិជាមួយគ្នា”។ 

សម្រាប់គ្រួសារដែលជួបប្រទះនឹងគ្រោះអាក្រក់ក្នុងអំឡុងឆ្នាំ ប្រមូលផលដំណាំមិនបានច្រើន... ស្ពកសែននឹងមានគ្រឿងសំណែនច្រើនជាង ដើម្បីបួងសួងសុំព្រះអាទិទេពប្រទានពរ ការពារ ឱ្យវាលស្រែដំណាំរីកលូតលាស់បានល្អ ស្រូវនិងពោតពាសពេញផ្ទះក្នុងរដូវដាំដំណាំបន្ទាប់។ លោក Ho Van Hoa បានឲ្យដឹងថែមទៀតថា៖

“ដល់ថ្ងៃប្រមូលផល ដែលស្រែត្រូវបាក់ស្រុតដី ដំណាំស្រូវពោតត្រូវទឹកជន់លិច គឺគ្រួសារត្រូវសែនពពែមួយក្បាលដើម្បីអភ័យទោសព្រះអាទិទេព។ ទន្ទឹមនឹងនោះ បួងសួងសុំឲ្យព្រះអាទិទេពប្រទានឲ្យដំណាំក្រោយៗទៀតទទួលបានផល ស្រូវយ៉ាងច្រើនសន្ធឹកសន្ធាប់”។

ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Van Kieu បច្ចុប្បន្នត្រូវបានប្រារព្ធធ្វើឡើងនៅតាមភូមិឃុំនានា។ ក្រុមគ្រួសាររួមគ្នាត្រៀមរៀបចំគ្រឿងសំណែនថ្វាយដល់ព្រះអាទិទេពយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងសម្ភារៈពាក់ព័ន្ធដល់កសិកម្មក្នុងនោះមិនអាចខ្វះបានគឺមាន់ ជ្រូក និងស្រូវថ្មី។ អាស្រ័យទៅតាមលទ្ធភាពនៃគ្រួសារនីមួយៗ ដើម្បីចូលរួមវិភាគទានទៅក្នុងពិធិសែនរួមរបស់ភូមិ… ប៉ុន្តែមិនថាគ្រឿងសំណែនមានអង្ករ ឬមាន់ ជ្រូក ពពែ គោ ក្របីនោះទេ… គឺវាត្រូវតែចិញ្ចឹមនិងដាំដុះដោយគ្រួសារខ្លួនឯង។

នៅពេលត្រៀមរៀបចំគ្រឿងសំណែនរួចរាល់ហើយ នៅព្រឹកថ្ងៃដែលគេរើសសម្រាប់ធ្វើពិធី មនុស្សទាំងអស់មកប្រមូលផ្ដុំគ្នានៅសាលាភូមិ ដើម្បីធ្វើពិធីអំណរស្រូវថ្មី។ ព្រឹទ្ធាចារ្យភូមិនឹងដឹកនាំពិធី ហើយធ្វើពិធីការប្រពៃណី ថ្វាយបង្គំបុព្វការីជន និងអញ្ជើញព្រះអាទិទេពមកចូលរួមពិធី។ លោក Ho Van Hoa បានឲ្យដឹងបន្ថែមទៀតថា៖

“ពិធីសែនប្រព្រឹត្តទៅក្នុងរយៈពេលប្រហែល៤៥នាទី។ មនុស្សទាំងអស់គ្នាបួងសួងសុំឲ្យក្រុមគ្រួសារ និងញាតិសន្តានប្រកបរបររកស៊ីបានចម្រុងចម្រើន; កូនចៅសិក្សាបានពូកែ; ការងារទាំងអស់បានរលូន”។ 

ពិធីបុណ្យអំណរស្រូវថ្មីត្រូវបានចាត់ទុកថាជាពិធីបុណ្យដោយមានអត្ថន័យសំខាន់បំផុតសម្រាប់ជនរួមជាតិជនជាតិ Van Kieu។ នាបច្ចុប្បន្ននេះ ខេត្ត Quang Tri កំពុងស្តារ និងបង្កើតឡើងវិញនូវសកម្មភាពនៃពិធីបុណ្យអំណរស្រូវថ្មីដើម្បីតភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍សហគមន៍នៅមូលដ្ឋាន៕

ប្រតិកម្មទៅវិញ