ផ្សារតំបន់ខ្ពង់រាប Lai Chau៖ ទីកន្លែងផ្សព្វផ្សាយផលិតផលវប្បធម៌របស់ប្រជាពលរដ្ឋជនជាតិភាគតិច

Chia sẻ

(VOVWORLD) - ជាមួយនឹងជនជាតិចំនួន ២០ រស់នៅជាមួយគ្នា ខេត្ត Lai Chau មានសម្បត្តិវប្បធម៌ចម្រុះពណ៌ ដែលទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសមកទស្សនា និងស្វែងយល់។ មិនត្រឹមតែអភិរក្ស និងផ្សព្វផ្សាយប៉ុណ្ណោះទេ តាមរយៈការប្រជុំផ្សារនៅតាមភូមិនានា ប្រជាពលរដ្ឋជនជាតិភាគតិចបានឧទ្ទេសនាមអំពីផលិតផលវប្បធម៌ និងម្ហូបអាហារដ៏ពិសេសរបស់ជនជាតិខ្លួន ទៅកាន់ភ្ញៀវ ទេសចរ។

ផ្សារតំបន់ខ្ពង់រាប Lai Chau៖ ទីកន្លែងផ្សព្វផ្សាយផលិតផលវប្បធម៌របស់ប្រជាពលរដ្ឋជនជាតិភាគតិច - ảnh 1យុវជននៅភូមិទេសចរណ៍សហគមន៍ Sin Suoi Ho ណែនាំវប្បធម៌ជនជាតិដល់ភ្ញៀវទេសចរ។ (រូបថត៖ VOV)

នាថ្ងៃសៅរ៍ជារៀងរាល់សប្ដាហ៍ ផ្សារភូមិ Sin Suoi Ho ស្រុក Phong Tho ខេត្ត Lai Chau តែងតែទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋគ្រប់ជនជាតិយ៉ាងច្រើនកុះករ។ ក្រៅពីការលក់ដូរកសិផល ផលិតដោយប្រជាជនខ្លួនឯង ឬយកមកពីព្រៃនោះ ផ្សារភូមិ Sin Suoi Ho ក៏ជាទីកន្លែងប្រមូលផ្តុំផលិតផលវប្បធម៌ជាច្រើនរបស់ជនជាតិ Mong ដូចជាសម្លៀកបំពាក់ចរបាប់ គែន Mong គ្រឿងអលង្ការ ឬវត្ថុអនុស្សាវរីយ៍ ជាដើម។ អ្នកស្រី Hang Thi Ke នៅភូមិ Sin Suoi Ho ឃុំ Sin Suoi Ho ស្រុក Phong Tho ខេត្ត Lai Chau បានឲ្យដឹងថា៖

“ជាធម្មតា នាងខ្ញុំលក់ខោអាវ សំពត់ អាវបុរស និងថង់ចរបាប់។ នាងខ្ញុំក៏ប្រើបណ្តាញសង្គមដើម្បីឧទ្ទេសនាមបន្ថែមដល់ភ្ញៀវទេសចរអំពីផលិតផលរបស់ជនជាតិខ្លួនផងដែរ”។

ប្រសិនបើផ្សារភូមិ Sin Suoi Ho ត្រូវបានគេស្គាល់ដល់ជាមួយនឹងផលិតផលចរបាប់អនុស្សាវរីយ៍ធ្វើដោយដៃជាច្រើនប្រភេទ ដែលបង្កប់នូវលក្ខណៈវប្បធម៌របស់ជនជាតិ Mong នោះ គឺផ្សាររាត្រី San Thang នៅទីក្រុង Lai Chau បានបន្សល់ទុកមកការចាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួម។ មកទីនេះ ភ្ញៀវទេសចរអាចទទួលទានមុខម្ហូបដ៏ពិសេសដោយឡែករបស់ប្រជាពលរដ្ឋជនជាតិភាគតិច ដូចជា thang co (គ្រឿងក្នុងសត្វសេះ) អាហារអាំង សាច់ជ្រូកឆ្អើរ ហ្វើជូរ ក៏ដូចជាមុខម្ហូបនិងនំប្រពៃណីជាច្រើនប្រភេទរបស់ជនជាតិ Giay។ ប្រការគួរឲ្យទាក់ទាញជាងគេនៅផ្សាររាត្រី San Thang គឺបណ្ដាស្តង់ហ្វើ។ ក្នុងអាកាសធាតុត្រជាក់ ភ្ញៀវទេសចរអាចទទួលទានចានហ្វើក្តៅ ឈ្ងុយឆ្ងាញ់ ចម្អិនដោយប្រជាពលរដ្ឋជនជាតិ Giay ដែលជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍។ អ្នកស្រី Nung Thi Nga នៅភូមិ San Thang ដែលគ្រួសារប្រកបរបរធ្វើសសៃហ្វើជាយូរយារណាស់មកហើយ បានឲ្យដឹងថា៖ ដើម្បីធ្វើបានសសៃហ្វើដោយមានរសជាតិឈ្ងុយឆ្ងាញ់ គឺទាមទារឱ្យអ្នកធ្វើត្រូវមានភាពល្អិតល្អន់និងប្រុងប្រយ័ត្នតាំងពីការជ្រើសរើសអង្ករ ត្រាំអង្ករ កិនម្សៅ ចម្អិន កាត់ជាសសៃ... ជារៀងរាល់ថ្ងៃ គ្រួសារអ្នកស្រី Nga ធ្វើហ្វើបាន ៤០ គីឡូក្រាម ដោយឡែកថ្ងៃប្រជុំផ្សារធ្វើបានទ្វេដងច្រើនជាងថ្ងៃធម្មតា។ អ្នកស្រី Nung Thi Nga បានឲ្យដឹងបន្ថែមទៀតថា៖

“តាំងពីនាងខ្ញុំនៅតូច ឪពុកម្តាយបានបង្រៀនរបរធ្វើហ្វើនេះឲ្យនាងខ្ញុំហើយ។ នាងខ្ញុំប្រកបរបរនេះក៏បានដប់ឆ្នាំហើយ មានអតិថិជនច្រើនណាស់។ ហ្វើលក់ដាច់ នាងខ្ញុំក៏សប្បាយចិត្តណាស់។ សសៃហ្វើនេះខ្ញុំធ្វើដោយដៃទាំងស្រុង”។

ផ្សារតំបន់ខ្ពង់រាប Lai Chau៖ ទីកន្លែងផ្សព្វផ្សាយផលិតផលវប្បធម៌របស់ប្រជាពលរដ្ឋជនជាតិភាគតិច - ảnh 2ជ្រុងមួយនៃផ្សារភូមិ Sin Suoi Ho ស្រុក Phong Tho។ រូបថត៖ VOV

សសៃហ្វើនៅផ្សារ San Thang ត្រូវបានប្រជាពលរដ្ឋធ្វើដោយដៃផ្ទាល់ដោយប្រភេទអង្ករក្រអូបប្រចាំស្រុក។ ពីសសៃហ្វើទន់រលាង ពណ៌សក្បុស ក្រោមបាតដៃដ៏ប៉ិនប្រសប់របស់បងប្អូនស្ត្រី បានកែច្នៃទៅជាចានហ្វើដ៏ឈ្ងុយឆ្ងាញ់ ជាមួយនឹងរសជាតិដ៏ពិសេស។ អ្នកស្រុកនិងភ្ញៀវទេសចរអាចទិញមក ឬទទួលទានហ្វើនៅហ្នឹងស្តង់ទំនិញក្នុងផ្សារ។ លោក Nguyen Thanh Hai ភ្ញៀវមកពីទីក្រុងហាណូយបានចែករំលែកថា៖

“ខ្ញុំធ្លាប់មក Lai Chau ច្រើនដងហើយ ប៉ុន្តែនេះជាលើកដំបូងដែលខ្ញុំទៅផ្សារ San Thang។ ញ៉ាំហ្វើមួយចាន មានអារម្មណ៍ថាឈ្ងុយឆ្ងាញ់ណាស់ សសៃហ្វើស្រស់; ជាពិសេសជីឆ្ងាញ់ពិសារណាស់។ នេះជាលើកដំបូងដែលខ្ញុំទទួលបានបទពិសោធន៍អំពីលក្ខណៈវប្បធម៌ម្ហូបអាហារប្រចាំមូលដ្ឋាន ខ្ញុំនឹងឧទ្ទេសនាមដល់មនុស្សរាល់គ្នាជាក់ជាពុំខាន”

វប្បធម៌ដ៏សម្បូរបែបរបស់បណ្ដាជនជាតិដែលរស់នៅជាមួយគ្នានៅលើភូមិសាស្រ្តខេត្ត Lai Chau បានបង្កើតឡើងភាពវិសេសវិសាលដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ ផលិតផលវប្បធម៌ទាំងនោះកំពុងត្រូវបានជំនាន់វ័យក្មេងនិងប្រជាជនថែរក្សា អភិរក្ស និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយការប្រជុំផ្សារគឺជាវិធីមួយដើម្បីផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ