នំតូចមួយដំរបស់ជនជាតិ Cao Lan ដែលបង្កប់នូវសេចក្តីស្រឡាញ់របស់អ្នកម្ដាយ

Chia sẻ
(VOVWORLD) - នៅក្នុងចំណោមម្ហូបអាហារដ៏សម្បូរបែប និងប្រណិតរបស់ជនជាតិ Cao Lan ម្ហូបនំបក្សី Gau គឺជាមុខម្ហូបដ៏សាមញ្ញាបំផុត។ មានរសជាតិប្លែកនៃស្លឹកម្នាស់រួមជាមួយនឹងក្លិនក្រអូបឈ្ងុយឆ្ងាញ់នៃអង្ករដំណើបនៃរដូវស្រូវថ្មី បានធ្វើឲ្យម្ហូបនំបក្សី Gau ក្លាយជាមុខម្ហូបដ៏ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ។ មុខម្ហូបនោះត្រូវបានយាយៗមីងៗជនជាតិ Cao Lan ថែរក្សា និងបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយទៀតរហូតដល់សព្វថ្ងៃ។
នំតូចមួយដំរបស់ជនជាតិ Cao Lan ដែលបង្កប់នូវសេចក្តីស្រឡាញ់របស់អ្នកម្ដាយ - ảnh 1នំបក្សី Gau គឺជាប្រភេទនំដែលប្រើស្លឹកម្នាស់ព្រៃជាសំបកខាងក្រៅ ត្បាញយ៉ាងល្អិតល្អន់ទៅជារាងបក្សី Gau (បក្សីលលក)។ (រូបថត៖ qdnd.vn)

នំបក្សី Gau (នំរាងបក្សីលលក) របស់ជនជាតិ Cao Lan គឺជានំមួយប្រភេទដែលធ្វើពីអង្ករដំណើប រុំដោយស្លឹកម្នាស់ព្រៃ។ នេះជាមុខម្ហូបដ៏សាមញ្ញា សមស្របនឹងអ្នកប្រកបរបរធ្វើស្រែចម្ការ និងអ្នកធ្វើដំណើរឆ្ងាយ។ សិប្បការិនី Dao Thi Dung ជនជាតិ Cao Lan នៅឃុំ Quang Yen ស្រុក Song Lo ខេត្ត Vinh Phuc បានឲ្យដឹងថា៖

"នំបក្សី Gau មានប្រភពពីរឿងនិទាននាង Slau Slam។ មានថ្ងៃមួយ នាង Slau Slam កំពុងដើរតាមផ្លូវ ស្រាប់តែនាងឃើញបក្សី Gau មួយក្បាលងាប់នៅមាត់ផ្លូវ ហើយគែរបស់វាពេញទៅដោយគ្រាប់ល្ង។ នៅមិនឆ្ងាយប៉ុន្មានទេ គឺសំឡេងស្រែកយំខ្សោយៗ របស់កូនបក្សីនៅក្នុងគុម្ពោតម្នាស់ព្រៃ។ ឃើញដូច្នះ នាងបានដឹងថា មេបក្សីងាប់ ដោយសារតែគ្រាប់ល្ងណែនហើមក្នុងគែរបស់វា ធ្វើឲ្យវាថប់ដង្ហើម មុនពេលនាំយកគ្រាប់ល្ងមកឲ្យកូន។  អារម្មណ៍ក្តុកក្តួនិងស្រក់ទឹកភ្នែក ដោយឃើញក្តីស្រឡាញ់របស់មេបក្សី និងកូនបក្សីនោះ នាង Slau Slam  បានយកអាហារពីគែរបស់មេបក្សីមកបញ្ចុកឲ្យកូនចាប បន្ទាប់មកយកស្លឹកម្ចាស់ធ្វើកន្ត្រកសម្រាប់ដាក់វាទៅចិញ្ចឹមនៅឯផ្ទះវិញ។  ពេលនោះនាងសញ្ជឹងគិតថា  សម្បីរតែបក្សី ក៏មានសេចក្ដីស្រឡាញ់រវាងអ្នកម្ដាយ និងកូនយ៉ាងដូច្នេះ យើងជាមនុស្សម៉េចក៏មិនមានទឹកចិត្តដូចពួកវាឬ។  តាំងពីពេលនោះមក នាងបានបង្រៀងឲ្យជនជាតិ Cao Lan យើងធ្វើប្រភេទនំនេះ។  នៅពេលទៅលេង សួរសុខទុកកូនៗ ឬនៅថ្ងៃបុណ្យទាន ថ្ងៃចុះស្រែ  ប្រជាជន Cao Lan តែងតែញ៉ាំនំនេះ ហាក់ដូចជានិមិត្តរូបបង្ហាញពីក្តីស្រឡាញ់របស់អ្នកម្តាយនិងកូន។ លក្ខណៈពិសេសរបស់នំបក្សី Gau គឺត្រូវធ្វើពីស្លឹកម្នាស់។ នេះគឺជារៀងនិទានអំពីនំបក្សី Gau”។

នំតូចមួយដំរបស់ជនជាតិ Cao Lan ដែលបង្កប់នូវសេចក្តីស្រឡាញ់របស់អ្នកម្ដាយ - ảnh 2បងប្អូនស្រីជនជាតិ Cao Lan ដាក់នំបក្សី Gau ក្នុងឆ្នាំងដើម្បីស្ងោរ។ (រូបថត៖ qdnd.vn)

ដើម្បីធ្វើនំបក្សី Gau ជនជាតិ Cao Lan ត្រូវទៅព្រៃ ឬភ្នំខ្ពស់ ដើម្បីស្វែងរកស្លឹកម្នាស់ព្រៃ ដែលប្រជាជន Cao Lan និយមចូលចិត្ត ព្រោះពួកគេជឿថា ប្រភេទស្លឹកនេះនឹងបង្កើតរសជាតិនំឈ្ងុយឆ្ងាញ់។ ស្លឹកម្នាស់ បន្ទាប់ពីបានលាង ហាលឲ្យស្ងួតហើយ កាត់បន្លាចេញ បំបែកផ្នែកសាច់រឹងចេញ ឱ្យទន់ បន្ទាប់មក យាយៗមីងៗ នឹងត្បាញទៅជារូបសត្វបក្សី Gau ដ៏តូច ស្អាត និងមានប្រហោងខាងក្នុង។ ជ្រើសរើសអង្ករដំណើប លាងឲ្យស្អាត ទុកឲ្យស្ងួតបន្តិច រួចលាយជាមួយអំបិលបន្តិច បន្ទាប់មកដាក់ចូលសំបកនំ។

នៅពេលស្មូននំទៅជារូបសត្វបក្សី Gau តូចរួចរាល់ហើយ ដាក់នំក្នុងឆ្នាំងដើម្បីស្ងោរ។ បើចង់មានឆ្នាំងនំដ៏ឈ្ងុយឆ្ងាញ់ ក្នុងអំឡុងពេលស្ងោរនំ យាយៗមីងៗត្រូវទុកភ្លើងឱ្យឆេះស្មើ ហើយបំពេញបន្ថែមទឹកឱ្យបានទៀងទាត់ដើម្បីឱ្យនំលិចទឹកជានិច្ច។ បន្ទាប់ពីស្ងោរប្រហែល ១ ម៉ោងជាបន្តបន្ទាប់ នំនឹងឆ្អិន។ អាស្រ័យលើចំណង់ចំណូលចិត្តរបស់គ្រួសារ និងមនុស្សម្នាក់ៗ នំអាចត្រូវបានធ្វើតាមបែបសាមញ្ញ ឬស្មុគស្មាញ។ បើធ្វើតាមបែបសាមញ្ញ នំមានតែអង្ករដំណើប និងអំបិលប៉ុណ្ណោះ។ ចំណែកបែបស្មុគស្មាញវិញ យាយៗមីងៗ អាចលាយសណ្ដែកខៀវ ឬសាច់ ឬជ្រលក់អង្ករទៅជាពណ៌ច្រើនដោយស្លឹកឈើ ដើម្បីបង្កើតភាពសម្បូរបែបដល់រសជាតិនំ។ អ្នកស្រី Hoang Thi Tu ជនជាតិ Cao Lan នៅ Yen Bai បាននិយាយថា៖

“កាលពីមុន នំមិនមានស្នូលទេ ប៉ុន្តែឥឡូវខ្ញុំចូលចិត្តដាក់ស្នូលបន្ថែម។ ប្រសិនបើចង់ដាក់បន្ថែមសណ្តែក ត្រាំវាហើយដាក់ចូលក្នុងនំ”។

នំបក្សី Gau របស់ជនជាតិ Cao Lan ដោយមានរូបរាងតូចៗ ស្រស់ស្អាត មើលទៅដូចជាស្លាបធំរបស់មេបក្សី ដែលតែងតែការពារកូនបក្សីជានិច្ច បង្ហាញពីការយកចិត្តទុកដាក់របស់មនុស្សក្នុងគ្រួសារចំពោះគ្នាទៅវិញទៅមក។ នេះក៏ជានិមិត្តរូបនៃសេចក្តីស្រឡាញ់ដ៏ពិសិដ្ឋនិងខ្ពង់ខ្ពស់របស់អ្នកម្ដាយផងដែរ។ នំបក្សីGau មិនត្រឹមតែជាមុខម្ហូបក្នុងគ្រួសារ និងសហគមន៍ជនជាតិ Cao Lan ប៉ុណ្ណោះទេ។ ឥឡូវនេះ វាបានចេញពីដែនកំណត់នៃផ្ទះឈើប្រពៃណីរបស់ជនរួមជាតិ Cao Lan ដើម្បីមកដល់ពិធីបុណ្យទាននានា ក្លាយជាអាហារពិសេសរបស់ជនជាតិ Cao Lan ដែលត្រូវបានភ្ញៀវទេសចរពីគ្រប់ទិសទីទូទាំងប្រទេសនិយមចូលចិត្ត ហើយទុកចិត្តទិញមកធ្វើជាអំណោយសម្រាប់ក្រុមគ្រួសារនៅពេលមកដល់តំបន់ភាគពាយ័ព្យម្ដងៗ៕

ប្រតិកម្មទៅវិញ