ជនរួមជាតិបណ្ដាជនជាតិនៅខេត្តត្រាវិញមានសេរីភាពខាងជំនឿ

Chia sẻ

(VOVWORLD) - ខេត្តត្រាវិញ មានចំនួនប្រជាជនជាង១លាននាក់ ដោយមានជនជាតិស្នូលចំនួន៣គឺជនជាតិ Kinh ជនជាតិខ្មែរ និងជនជាតិ Hoa។ ដោយមានសាសនា ចំនួន៩នៅក្នុងខេត្ត ជនរួមជាតិបណ្ដាជនជាតិនៅខេត្តត្រាវិញ ត្រូវបានធានាសិទ្ធិសេរីភាពខាងជំនឿ សាសនាទាំងអស់ស្មើគ្នានៅចំពោះមុខច្បាប់ ដោយប្រតិបត្តិដោយបាវចនា “រស់នៅល្អទាំងខាងផ្លូវលោក ផ្លូវធម៌”។

ជនរួមជាតិបណ្ដាជនជាតិនៅខេត្តត្រាវិញមានសេរីភាពខាងជំនឿ - ảnh 1ទិដ្ឋភាពសកម្មភាពសាសនានៅវត្ត Long Truong។ (រូបថត៖ Ngoc Anh)

ខេត្តត្រាវិញ មានមូលដ្ឋានសាសនាជិត៣៨០កន្លែង ជាមួយនឹងសាសនិកជនប្រមាណ៦០ម៉ឺននាក់។ អង្គការសាសនា ជានិច្ចកាលរួមដំណើរជាមួយអាជ្ញាធរមូលដ្ឋាន ដោយចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ពង្រឹងសាមគ្គីភាពសាសនានិងសាមគ្គីភាពជាតិ។ មន្ត្រីសាសនានិងសាសនិកជនក្នុងខេត្ត ប្រតិបត្តិយ៉ាងល្អតាមគោលជំហរ គោលនយោបាយ និងច្បាប់ស្តីពីសាសនារបស់បក្ស និងរដ្ឋ; ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ លក្ខន្តិកៈរបស់អង្គការសាសនា។ ព្រះតេជគុណ Thach Oai អនុប្រធានអចិន្ត្រៃយ៍នៃសមាគព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ព្រះចៅអធិការវត្ត Ong Met មានពុទ្ធដីកាថា៖

“សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ជាសមាជិកនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ។ សមាគមមានតួនាទីឃោសនានិងចលនាព្រះសង្ឃ និងពុទ្ធបរិស័ទ ប្រតិបត្តិឲ្យបានត្រឹមត្រូវតាមគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ និងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត។ សមាគមប្រតិបត្តិតាមបទប្បញ្ញត្តិ និងលក្ខន្តិកៈរបស់ខ្លួន ក្រោមក្របខណ្ឌច្បាប់ ដោយមានបាវចនា ព្រះធម៌ប្រជាជាតិ និងសង្គមនិយម ថែទាំព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋខ្មែរ។ សកម្មភាពសាសនានៅខេត្តត្រាវិញមិនត្រូវបានរារាំងទេ ដរាបណាស្របតាមច្បាប់របស់រដ្ឋ”។

ដើម្បីឱ្យបងប្អូនប្រជាសាសនិក យល់ដឹងអំពីស្ថានភាព ទស្សនៈ គោលជំហររបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីសាសនា មន្ត្រីសាសនាបានឃោសនា តស៊ូប្រឆាំងយ៉ាងសកម្មនឹងល្បិចកលមួលបង្កាច់និងការបំភ្លៃអំពីស្ថានភាពសាសនា និងការងារសាសនានៅក្នុងមូលដ្ឋាន។ ព្រះតេជគុណ Thach Ut ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក Tieu Can និងជាព្រះចៅអធិការវត្ត អូរឈូក មានពុទ្ធដីកាថា៖

“បច្ចុប្បន្ននេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ បន្តជំរុញខ្លាំងនូវការអភិវឌ្ឍវប្បធម៌ អប់រំ ការអភិរក្សវប្បធម៌ខ្មែរ ការសិក្សាធ្វើតាមគំរូសីលធម៌ហូជីមិញ។ ជនរួមជាតិគ្រីស្តសាសនិក ពុទ្ធបរិស័ទសាមគ្គី ប្រាស្រ័យជាមួយគ្នា ក្នុងបុណ្យណូអែល យើងទៅជូនពរគេ ហើយក្នុងបុណ្យចូលឆ្នាំថ្មី គេមកជូនពរយើងវិញ។ ប្រជាជាតិវៀតណាមរួមគ្នាជាធ្លុងមួយ ជនជាតិទាំងអស់សាមគ្គីជាមួយគ្នាជានិច្ច”។

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការចលនាមហាជន រណសិរ្សមាតុភូមិ និងស្ថាប័នមុខងារនានានៃខេត្តត្រាវិញ តែងតែរៀបចំថ្នាក់ឃោសនាអំពីគោលជំហរ គោលនយោបាយស្ដីពីសាសនា របស់រដ្ឋចំពោះមន្ត្រីសាសនានិងប្រជាសាសនិក ដូចជា៖ ផ្សព្វផ្សាយច្បាប់ស្តីពីជំនឿសាសនា: ផ្ដល់ព័ត៌មានស្តីពីយុទ្ធសាស្ត្រ "ការវិវត្តន៍ដោយសន្តិភាព" របស់កម្លាំងអរិភាព; ស្ថានភាពព្រំដែន កោះសមុទ្រ; ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គមនៅក្នុងតំបន់ជនជាតិភាគតិច តំបន់សាសនា។ ល។ លោក Kim Hong Danh អតីតកម្មាភិបាលនៃគណៈកម្មាធិការជនជាតិខេត្ត ត្រាវិញ បានចាត់ទុកថា៖

“ដើម្បីធ្វើឱ្យបានល្អនូវកិច្ចការជនជាតិ ត្រូវយល់ពីគោលជំហរ គោលមាគ៌ា គោលនយោបាយ និងច្បាប់របស់បក្ស និងរដ្ឋជាមុនសិន។ ផ្សព្វផ្សាយយ៉ាងញឹកញាប់នូវគោលមាគ៌ា និងគោលនយោបាយរបស់រដ្ឋចំពោះជនរួមជាតិបណ្ដាជនជាតិក្នុងខេត្ត។ មូលដ្ឋានសាសនាអនុវត្តន៍គោលជំហរទាំងនោះ ឲ្យបានត្រឹមត្រូវនឹងសកម្មភាពសាសនារបស់ខ្លួន ប្រតិបត្តិតាមគន្លង ព្រះធម៌ប្រជាជាតិ និងសង្គមនិយម។ អាស្រ័យហេតុនេះ ក្នុងរយៈពេលកន្លងមក ជីវភាពរស់នៅរបស់ជនរួមជាតិបណ្ដាជនជាតិក្នុងខេត្តត្រូវបានកែលម្អ និងលើកកំពស់។ គោលនយោបាយស្ដីពីលំនៅឋាន ដីលំនៅឋាន ដីផលិតកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈមានលក្ខណៈជាក់ស្តែងណាស់ ដែលឈានចូលក្នុងជីវភាពប្រចាំថ្ងៃរបស់ជនរួមជាតិ”។

បណ្ដាគោលជំហរនិងគោលនយោបាយរបស់អាជ្ញាធរខេត្តត្រាវិញបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរស់នៅខាងជំនឿសាសនារបស់ប្រជាជន។ ការដឹកនាំនិងការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានបានពង្រឹងជំនឿទុកចិត្តរបស់ប្រជាសាសនិក មន្ត្រីសាសនា និងព្រះសង្ឃ រួមចំណែករក្សាយ៉ាងរឹងមាំនូវសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ហើយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន៕

ប្រតិកម្មទៅវិញ