ស្ត្រី​កវីជន​ជាតិ​ចិននិងចំណាប់អារម្មណ៍ស្តី​​ពីប្រទេស​​វៀតណាម

Chia sẻ
(VOVWORLD) - អ្នកស្រី Duong Bich Vi (Brier Yang) គឺជាស្ត្រីកវីជំនាន់ ៨X របស់ចិន។ កាលពី ១០ ឆ្នាំមុន នាងធ្លាប់មានឱកាសធ្វើដំណើរទេសចរណ៍នៅវៀតណាម។ ប្រទេសនិងប្រជាជននៅទីនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗជាច្រើន ដែលជានិច្ចកាលជំរុញឱ្យនាងវិលត្រឡប់មកវៀតណាមវិញដើម្បីបន្តដំណើរស្វែងយល់។ បទយកការណ៍របស់ Bich Thuan និង Tuan Dat អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅទីក្រុងប៉េកាំង(ចិន) បានកត់ត្រាទុកនូវចំណាប់អារម្មណ៍របស់ស្ត្រីកវីចិនរូបនេះចំពោះប្រទេសវៀតណាម។
ស្ត្រី​កវីជន​ជាតិ​ចិននិងចំណាប់អារម្មណ៍ស្តី​​ពីប្រទេស​​វៀតណាម - ảnh 1 Duong Bich Vi ផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាន VOV។ (រូបថត៖ VOV)

សម្រាប់ Duong Bich Vi “វៀតណាម” គឺជាឈ្មោះដែលនាងតែងតែបានលឺកាលពីក្មេងវ័យ ពីព្រោះនាងបានប្រសូត្រនិងធំដឹងក្តីនៅខេត្ត Yunnan (ចិន) ដែលមានព្រំដែនជាប់នឹងខេត្តចំនួន ៤ គឺ Dien Bien, Lai Chau, Lao Cai និង Ha Giang របស់វៀតណាម។ ក្រោយមក ទោះបីជារស់នៅនិងធ្វើការនៅទីក្រុងប៉េកាំងក៏ដោយ ប៉ុន្តែវៀតណាមនៅតែបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះអ្នកស្រី Bich Vi។ ស្ត្រីកវីរូបនេះបានឲ្យដឹងថា នាងមានឱកាសទៅដល់ប្រទេសប្រមាណ ១០ នៅជុំវិញពិភពលោក ប៉ុន្តែវៀតណាមបានផ្តល់ឱ្យនាងនូវចំណាប់អារម្មណ៍ពិសេសជាច្រើន។ “វៀតណាមជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងដែលខ្ញុំបានមកដល់ ដូច្នេះខ្ញុំមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅណាស់។ នៅពេលទៅដល់ប្រទេសដទៃ ពេលខ្លះខ្ញុំធ្វើដំណើរលឿនណាស់ គ្រាន់តែជិះសេះមើលផ្កាប៉ុណ្ណោះ ប៉ុន្តែដោយឡែកប្រទេសវៀតណាមខ្ញុំបានធ្វើដំណើរពីភាគខាងជើងទៅភាគខាងត្បូង”។

ក្នុងដំណើរទេសចរណ៍កាលពី ១០ ឆ្នាំមុន អ្នកស្រី Bich Vi បានមកដល់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ រាល់មនោសញ្ចេតនាក្នុងដំណើរនេះត្រូវបានស្រ្តីកវីរូបនេះកត់ត្រានៅក្នុងកំណាព្យ៖ "៣៦ វិថីបុរាណ" "សាយហ្គន" "សរសេរពីសាយហ្គនម្តងទៀត" ដែលស្ថិតក្នុងសម្រាំងអត្ថបទកំណាព្យ "ចុះណានយ៉ាង" ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ ២០២១។ អ្នកស្រី Duong Bich Vi បានចែករំលែកថា ចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅបំផុតមួយរបស់នាងនៅពេលមកដល់ទីក្រុងហាណូយគឺវិថីបុរាណ។ ចំពោះនាង ការដែលវិថីនីមួយៗបានដាក់ឈ្មោះតាមប្រភេទទំនិញគឺគួរឱ្យចាប់អារម្មណ៍ណាស់។ “មុនពេលមកដល់ទីក្រុងហាណូយ ខ្ញុំមិនដែលគិតថានៅលើពិភពលោកមានតំបន់វិថីគួរឱ្យចាប់អារម្មណ៍បែបនេះទេ។ បើតាមចំណាប់អារម្មណ៍របស់ខ្ញុំ វិថីនោះដូចជាភ្នំពាន់មួយ ដូចនៅក្នុងស្នាដៃ "ទីក្រុងកំបាំងខ្លួន" របស់អ្នកនិពន្ធអ៊ីតាលី Italo Calvino។ វិថីបុរាណទាំង ៣៦ នៅទីក្រុងហាណូយបាននាំឲ្យខ្ញុំទទួលបានអារម្មណ៍ប្លែក អំពីរបៀបរស់នៅ ព្រោះថាវិថីនីមួយៗមានលក់ទំនិញមួយប្រភេទ ហើយបានដាក់ឈ្មោះតាមទំនិញនោះផងដែរ។ ប្រការនេះ រួមបញ្ចូលទាំងភាពទំនើបនៃទីក្រុងហាណូយសព្វថ្ងៃនេះ និងរបៀបរស់នៅបែបប្រពៃណីរបស់ប្រជាជនវៀតណាមក្នុងអតីតកាលទៀតផង”។

ស្ត្រី​កវីជន​ជាតិ​ចិននិងចំណាប់អារម្មណ៍ស្តី​​ពីប្រទេស​​វៀតណាម - ảnh 2Duong Bich Vi ក្នុងដំណើរទេសចរណ៍នៅភាគខាងត្បូងវៀតណាម។ (រូបថត៖ VOV)

ទន្ទឹមនឹងនោះ ការដែលវិថីបុរាណនៅហាណូយស្ទើរតែទាំងអស់ត្រូវបានរក្សាលក្ខណៈដដែល កាន់តែធ្វើឱ្យនាងពេញចិត្តនិងទាក់ទាញខ្លាំងណាស់។ “ខ្ញុំចាត់ទុកថា ការថែរក្សាត្រូវបានអនុវត្តយ៉ាងល្អណាស់។ ដោយសារនៅកន្លែងទេសចរណ៍មួយចំនួន ដើម្បីបង្កើតភាពស្អាតស្អំ សូម្បីតែស្លាកសញ្ញាក៏មានរចនាបទដូចគ្នា ហើយការលក់ទំនិញនៅក្នុងហាងនីមួយៗក៏ស្រដៀងគ្នាដែរ។  ធ្វើបែបនេះ ពេលខ្លះបានធ្វើឲ្យបាត់បង់ភាពថ្មីថ្មោងដែលនាំមកពីភាពខុសគ្នាមានស្រាប់។ ចំណែកឯតំបន់វិថីបុរាណនេះបានរក្សានូវលក្ខណៈដើមហើយប្រជាជនក្នុងស្រុកនៅតែទៅទិញទំនិញនិងធ្វើអាជីវកម្មមុខទំនិញទាំងនេះបានល្អណាស់។ ខ្ញុំចង់ឃើញស្នាដៃភាពយន្តនិងកម្មវិធីទូរទស្សន៍ដែលថតនៅតាមដងវិថីទាំងនេះ។ ដូច្នេះនឹងនាំមកនូវចំណាប់អារម្មណ៍ពហុទិសកាន់តែច្រើនឡើង”។

មុនពេលមកដល់វៀតណាម ប្រសិនបើទីក្រុងហាណូយត្រូវបាន Duong Bich Vi ស្គាល់ដល់តាមរយៈពាក្យសម្ដីនៃមិត្តភក្តិរបស់ឪពុកនាង តែសាយហ្គន - ទីក្រុងហូជីមិញត្រូវបាននាងស្រមើស្រមៃតាមរយៈស្នាដៃអក្សរសាស្ត្រនិងខ្សែភាពយន្តដូចជាប្រលោមលោក “ស្រីកំណាន់” របស់អ្នកនិពន្ធជនជាតិបារាំងលោកស្រី Marguerite Duras ឬខ្សែភាពយន្ត “ក្លិនល្ហុងបៃតង” របស់អ្នកដឹកនាំរឿង Tran Anh Hung និងខ្សែភាពយន្ត “Hai Phuong” របស់ Ngo Thanh Van។ តាមរយៈវិចិត្រសិល្បៈ ទីក្រុងហូជីមិញនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួមកាន់តែជិតស្និទ្ធជាមួយស្ត្រីកវីចិនរូបនេះ។ “ ខ្ញុំមានបំណងចង់ឃើញស្នាដៃនានា ដែលនិយាយអំពីរឿងរ៉ាវនៃជីវភាពរស់នៅប្រចាំថ្ងៃនៅវៀតណាម ទាំងភាពយន្ត អក្សរសាស្ត្រ កំណាព្យ បទចម្រៀង និងតន្ត្រីរបស់បណ្ដាអ្នកដឹកនាំរឿង អ្នកនិពន្ធដែលកំពុងរស់នៅប្រទេសវៀតណាម។ ខ្ញុំគិតថាស្នាដៃទាំងនេះ ប្រាកដថានឹងធ្វើឱ្យចំណាប់អារម្មណ៍នៅក្នុងដួងចិត្តភ្ញៀវទេសចរកាន់តែជ្រាលជម្រៅថែមទៀត។ លើសពីនេះទៅទៀត ចំណាប់អារម្មណ៍ទាំងនេះនឹងមិនបាត់បង់តាមពេលវេលានោះទេ ប៉ុន្តែកាន់តែច្បាស់លាស់នៅក្នុងដួងចិត្តរបស់ពួកគេ”។

ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ អស់រយៈពេលជិត ៣ឆ្នាំកន្លងទៅ ក្តីសុបិនវិលត្រឡប់មកវៀតណាមរបស់ស្ត្រីកវី Duong Bich Vi ត្រូវតែផ្អាកជាបណ្តោះអាសន្ន។ នាងបានប្តេជ្ញាចិត្ត នៅពេលដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ហើយប្រទេសចិនបានបើកទ្វារព្រំដែនវិញនោះ នាងនឹងធ្វើដំណើរទេសចរណ៍ទៅកាន់វៀតណាមម្តងទៀត ពីព្រោះគោលដៅនីមួយៗដូចជា៖ Nha Trang, Hue, Mui Ne, Phu Quoc, Da Lat សុទ្ធតែធ្វើឱ្យនាងនឹកឃើញរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើន៕

ប្រតិកម្មទៅវិញ