ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

Chia sẻ

(VOVWORLD) - កាលពីសប្តាហ៍មុន កម្មវិធីផ្សាយជាភាសាខ្មែរពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដោយបានទទួលសំបុត្រ និងអ៊ីមែលចំនួន ១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបជាង ៤០០ ដែលត្រូវបានផ្ញើមកកាន់កម្មវិធីផ្សាយសម្លេងនានានៃប៉ុស្តិ៍ VOV៥។

ក្នុងសប្តាហ៍កន្លងមក យើងខ្ញុំបន្តទទួលបានការសាកសួរសុខទុក្ខ និងការលើកទឹកចិត្តពីមិត្តអ្នកស្តាប់កម្ពុជា បានផ្ញើរទៅកាន់ប្រជាជនវៀតណាមដែលទទួលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ នាពេលថ្មីៗនេះ។ មិត្តអ្នកស្តាប់ សុខ ហេង បានសរសេរក្នុងសំបុត្រថា៖ “ការខូចខាតខាងអាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិដែលបណ្តាលមកពីផលប៉ះពាល់នៃព្យុះទីហ្វុងយ៉ាហ្គីក្នុងខេត្ត-ក្រុងចំនួន ២៦ នៅភាគខាងជើងវៀតណាមបានធ្វើឱ្យខ្ញុំស្រឡាំងកាំងយ៉ាងខ្លាំង។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ ហើយសូមជូនពរប្រជាជនវៀតណាមជំនះពុះពារលើដំណាក់កាលដ៏លំបាកនេះក្នុងពេលឆាប់ៗផងដែរ”។ មិត្តអ្នកស្តាប់ សុគន្ធារិទ្ធ នៅរាជធានីភ្នំពេញ បានសម្ដែងថា៖ “ខ្ញុំសូមចែករំលែកជាមួយការបាត់បង់ដ៏ធំធេងរបស់ប្រជាជនវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំក៏ជឿជាក់ថា ដោយមានការចូលរួមដឹកនាំយ៉ាងប្ដូរផ្ដាច់របស់រដ្ឋាភិបាល ការរួបរួមជួយគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាមនៅទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការជួយឧបត្ថម្ភរបស់មិត្តភក្តិអន្តរជាតិ វៀតណាមនឹងជំនះលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិនាពេលឆាប់ៗខាងមុខ ដើម្បីបន្តអភិវឌ្ឍន៍"។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ចុះត្រួតពិនិត្យនិងដឹកនាំការងារស្វែងរក ជួយសង្គ្រោះនៅភូមិ Nu ស្រុក Bao Yen ខេត្ត Lao Cai។ (រូបថត៖ VOV)

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ព្យុះទីហ្វុង យ៉ាហ្គី គឺជាព្យុះដ៏ខ្លាំងបំផុតនៅសមុទ្រខាងកើតក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក និងជាព្យុះដ៏ខ្លាំងបំផុតដែលបានបោកបក់លើដីគោកវៀតណាមក្នុងរយៈពេល ៧០ ឆ្នាំចុងក្រោយនេះផងដែរ ដែលបង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិ នៅមូលដ្ឋានភាគខាងជើង ជាច្រើន។ ទោះជាយ៉ាងនេះក្ដី ដោយមានសាមគ្គីភាព និងការស្រុះចិត្តគំនិតរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល វៀតណាមកំពុងជំនះពុះពារលើផលវិបាកជាបណ្ដើរៗ ស្តារផលិតកម្ម និងលំនឹងជីវភាពប្រជាជនឡើងវិញ។ រដ្ឋាភិបាលបានសម្រេចដកថវិកាបម្រុងមជ្ឈិម និងបែងចែកអង្ករពីឃ្លាំងបម្រុងជាតិដើម្បីជួយឧបត្ថម្ភដល់បណ្ដាមូលដ្ឋាន។ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមក៏បានបំផុសចលនារ៉ៃអង្គាសជួយឧបត្ថម្ភប្រជាជនដែលទទួលរងការខូចខាតដោយសារព្យុះនិងទឹកជំនន់។ គិតត្រឹមថ្ងៃទី ២៣ ខែកញ្ញា បានទទួលការរ៉ៃអង្គាសទឹកប្រាក់សរុបជាង ១.៧០០ ពាន់លានដុង (ប្រហែល ៦៩ លានដុល្លារអាមេរិក)។ គណៈកម្មាធិការចលនាសង្គ្រោះមជ្ឈិមបានបែងចែកទឹកប្រាក់រ៉ៃអង្គាសរុបជាង ១.០០០ ពាន់លានដុង (ប្រហែល ៤០ លានដុល្លារអាមេរិក) ដល់មូលដ្ឋានដែលរងផលប៉ះពាល់។ សហគមន៍ជនវៀតណាមនៅ ប្រទេសនានាលើពិភពលោក ដោយមានប្រពៃណីស្នេហាជាតិ សម្លឹងឆ្ពោះទៅមាតុភូមិជានិច្ច ក៏បានរ៉ៃអង្គាសជួយឧបត្ថម្ភជាង ៣១ ពាន់លានដុង (១,២ លានដុល្លារអាមេរិក) គិតត្រឹមថ្ងៃទី ២០ ខែកញ្ញា។ លើសពីនេះ វៀតណាមក៏ទទួលបានការជួយឧបត្ថម្ភដោយទាន់ពេលវេលា និងមានតម្លៃបំផុតពីសហគមន៍អន្តរជាតិផងដែរ។ មកទល់នឹងពេលនេះ មានប្រទេស និងអង្គការអន្តរជាតិជាង២០ បានជួយឧបត្ថម្ភវៀតណាម ដោយមានតម្លៃសរុបជាង ២២លានដុល្លារអាមេរិក រួមជាមួយនឹងសម្ភារៈបរិក្ខារបម្រើការស្នាក់នៅជាច្រើន រួមទាំងទឹកស្អាត និងរបស់របរប្រើប្រាស់អនាម័យ ជាដើម។

ក៏ទាក់ទងនឹងការងារជំនះពុះពារលើផលវិបាកដែលបណ្ដាលមកពីខ្យល់ព្យុះទីហ្វុងយ៉ាហ្គី ដែរ មិត្តអ្នកស្ដាប់ សូវ សម្បត្តិ នៅរាជធានីភ្នំពេញ បានផ្ញើសំណួរមកកម្មវិធីថា៖ «ខ្ញុំបានដឹងថា មានភូមិមួយក្នុងខេត្ត Lao Cai ត្រូវកប់ទាំងស្រុងដោយសារទឹកជំនន់និងការបាក់ស្រុតដី។ តើអ្នកអាចផ្តល់ព័ត៌មានអំពីការងារជួយសង្គ្រោះ និងការជួយឧបត្ថម្ភប្រជាជននៅទីនេះបានទេ?”

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! បន្ទាប់ពីកើតឡើងគ្រោះទឹកជំនន់និងការបាក់ស្រុតដីគួរឲ្យរន្ធត់ នៅភូមិ Lang Nu ស្រុក Bao Yen ខេត្ត Lao Cai កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញានោះ កងទ័ពបានដាក់ពង្រាយកម្លាំងជិត ៤០០នាក់ រួមជាមួយឧបករណ៍សម្ភារៈនិងមធ្យោបាយជាច្រើន ដើម្បីអនុវត្តន៍ការងារជួយសង្គ្រោះ ហើយសម្របសម្រួលជាមួយកម្លាំងមុខងារផ្សេងទៀត ដើម្បីថែទាំយ៉ាងយកចិត្តទុកដាក់បំផុតទាំងអ្នកនៅរស់ និងអ្នកស្លាប់។ រថយន្តដឹកជញ្ជូនជំនួយឧបត្ថម្ភដ៏ពោរពេញទៅដោយស្មារតីមេត្តាធម៌របស់ប្រជាជនទូទាំងប្រទេស បានឆ្ពោះទៅកាន់ Lang Nu ជាបន្តបន្ទាប់ ដើម្បី "ផ្ដល់កម្លាំងចិត្តបន្ថែមទៀត" ដល់ប្រជាជននៅតំបន់រងទឹកជំនន់ឱ្យជំនះពុះពារលើការលំបាក។ ត្រឹមតែ ១១ ថ្ងៃបន្ទាប់ពីឧបទ្ទវហេតុនេះប៉ុណ្ណោះ នៅឃុំ Phuc Khanh ស្រុក Bao Yen បានប្រព្រឹត្តទៅពិធីបើកការដ្ឋានសាងសង់តំបន់តាំងទីលំនៅថ្មីសម្រាប់ប្រជាជនភូមិ Lang Nu។ តំបន់តាំងទីលំនៅថ្មីត្រូវបានដាក់នៅទីតាំងខ្ពស់ ធំទូលាយ និងមានសុវត្ថិភាព។ ផ្ទះ ២ ជាន់ចំនួន ៤០ ខ្នង នឹងត្រូវបានកសាងឡើង តាមរចនាបថផ្ទះឈើប្រពៃណី ដោយមានសំណងជំនួយដូចជា ផ្ទះបាយ និងបន្ទប់ទឹក។ ទន្ទឹមនឹងនោះ សាលារៀន ១ ខ្នង ផ្ទះសហគមន៍ ១ ខ្នង ប្រព័ន្ធផ្លូវគមនាគមន៍ ភ្លើង ទឹកសាប... ក៏ត្រូវបានសាងសង់ឡើងវិញផងដែរ ដើម្បីធានាឲ្យប្រជាជនរស់នៅយូរអង្វែង និងប្រកបដោយស្ថិរភាព។ ក្នុងរយៈពេលសាងសង់ភូមិថ្មី ប្រជាជនភូមិ Lang Nu ចំនួន២៥ គ្រួសារ ត្រូវបានប្រគល់ផ្ទះបណ្ដោះអាសន្ន ដែលមានផ្ទៃដីចន្លោះពី ៥០ - ៦០ម៉ែត្រការ៉េ។ ថវិកាសម្រាប់សាងសង់ផ្ទះបណ្តោះអាសន្នក៏ត្រូវបានរ៉ៃអង្គាសឧបត្ថម្ភដោយអង្គការ បុគ្គល និងសហគ្រាសនានាផងដែរ។

ក្រៅពីសំណួរអំពីស្ថានភាពខ្យល់ព្យុះ និងទឹកជំនន់ មិត្តអ្នកស្តាប់មួយចំនួនក៏បានសម្ដែងការយកចិត្តទុកដាក់លើព័ត៌មានវប្បធម៌ និងទេសចរណ៍លេចធ្លោកាលពីសប្តាហ៍មុនដែរ។ ជាបន្តទៅនេះ យើងខ្ញុំសូមឧទ្ទេសនាមដល់លោកអ្នកនាងនិងប្រិយមិត្ត អំពីពិធីបុណ្យសរទរដូវហាណូយ តាមសំណើរបស់កញ្ញា លឹម ច័ន្ទតា និស្សិតខ្មែរនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រថៃប៊ិញ។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2ពិធីបុណ្យសរទរដូវហាណូយលើកទី២ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ដ៏ធំបំផុតរបស់ទីក្រុង ព្រមទាំងឆ្ពោះទៅខួបលើកទី ៧០ ទិវារំដោះរដ្ឋធានីហាណូយ (ថ្ងៃទី ១០ តុលា ១៩៥៤ - ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៤)។

ប្រិយមិត្តជាទីគោរព! ពិធីបុណ្យសរទរដូវហាណូយលើកទី២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ដ៏ធំបំផុតរបស់ទីក្រុង ព្រមទាំងឆ្ពោះទៅខួបលើកទី ៧០ ទិវារំដោះរដ្ឋធានីហាណូយ (ថ្ងៃទី ១០ តុលា ១៩៥៤ - ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៤)។ ព្រឹត្តិការណ៍នេះ មានស្តង់ទំនិញចំនួន ១០០ របស់អង្គភាព អាជីវកម្មទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍នានា និងស្តង់ផ្សព្វផ្សាយទេសចរណ៍មកពីខេត្តក្រុងចំនួន ១២ និងបណ្ដាខ័ណ្ឌ ស្រុកក្នុងរដ្ឋធានី។ ពិធីបុណ្យសរទរដូវហាណូយ មានតំបន់តាំងបង្ហាញវប្បធម៌ប្រកបដោយភាពច្នៃប្រឌិតសម្រាប់ភ្ញៀវទេសចរថតរូប ដូចជា៖ គំរូខ្លោងទ្វារស្វាគមន៍កងទ័ពជ័យជំនះត្រឡប់មកវិញ គំរូបង្គោលទង់ជាតិហាណូយ គំរូ "ស្ថានីយ៍រថភ្លើង Hang Co"... តំបន់តាំងបង្ហាញ ណែនាំអំពីគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងសរទរដូវ ដូចជា៖ ស្ពាន Long Bien តំបន់វិថីបុរាណហាណូយ... រួមជាមួយគ្នានោះគឺជាតំបន់ឧទ្ទេសនាមភោជនាហាររដ្ឋធានីហាណូយជាមួយនឹងមុខម្ហូបប្រពៃណីដូចជាហ្វើ អំបុកភូមិ Vong ... ដែលគួបផ្សំនឹងការសម្ដែងជំនាញច្នៃប្រឌិតរបស់សិប្បករ ជាងសិប្បកម្មពូកែ និងការតាំងពិព័រណ៌ផលិតផលនៃភូមិរបរល្បីៗរបស់ទីក្រុងហាណូយដូចជា៖ ភូមិសេរ៉ាមិច Bat Trang ភូមិម្រ័ក្សណ៍ខ្មុគ Ha Thai ភូមិចាក់ពុម្ភសំរឹទ្ធ Ngu Xa ភូមិសូត្រ Van Phuc... បន្ទាប់ពីរយៈពេល ៤ ថ្ងៃប្រព្រឹត្តទៅ ពិធីបុណ្យសរទរដូវហាណូយ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៥ម៉ឺននាក់ មកទស្សនា និងទទួលបទពិសោធន៍៕

ប្រតិកម្មទៅវិញ