មិត្តអ្នកស្តាប់ សុភក្តិ នៅទីក្រុងភ្នំពេញធ្វើអត្ថាធិប្បាយដល់កម្មវិធីយ៉ាងដូច្នេះថា៖ “តាមដានព័ត៌មាននាពេលថ្មីៗនេះ ខ្ញុំសង្កេតឃើញថាវៀតណាមកំពុងឈានចូលឆ្នាំថ្មី ២០២២ជាមួយនឹងសន្ទុះថ្មីៗ។ សិស្សានុសិស្សបានវិលត្រឡប់ទៅសាលារៀនវិញ ជើង ហោះហើរអន្តរជាតិត្រូវបានបើកឡើងវិញ ប្រជាជនសម្របខ្លួននឹងប្រក្រតីភាពថ្មី។ សង្ឃឹមថាឆ្នាំនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-វៀតណាមនឹងអភិវឌ្ឍន៍ ដល់កម្រិតថ្មីមួយ ដើម្បីបំពេញការខូចខាតដ៏ធ្ងន់ធ្ងរដែលប្រទេសយើងទាំងពីរ បានរងផលប៉ះពាល់ក្នុងរយៈពេលពីរឆ្នាំកន្លងមក”។
គ្រូបង្រៀននិងសិស្សានុសិស្សវិលត្រឡប់ទៅសាលារៀនឡើងវិញក្រោយរយៈពេលដ៏វែងមួយ។ (រូបថត៖ VOV) |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដោយឈរលើបាវចនា “សម្របខ្លួន ប្រកបដោយសុវត្ថិភាព ភាពបត់បែន គ្រប់គ្រងជម្ងឺរាតត្បាតកូវីដ-១៩ប្រកបដោយ ប្រសិទ្ធភាព” នោះ វៀតណាមកំពុងឆ្ពោះទៅរកការស្ដារសកម្មភាពសេដ្ឋកិច្ចសង្គមឡើង វិញ។ សាកលវិទ្យាល័យ សាលាជាន់ខ្ពស់១០០%បានកសាងផែនការទទួលនិស្សិតឲ្យវិល ត្រឡប់ទៅរៀនដោយផ្ទាល់ក្នុងខែកុម្ភៈ ភ្លាមៗបន្ទាប់ពីរយៈពេលឈប់សម្រាកបុណ្យ ចូលឆ្នាំថ្មី។ ខេត្តក្រុងទាំង៦៣បានអនុញ្ញាតឲ្យសិស្សានុសិស្សថ្នាក់មធ្យមសិក្សាចូល រៀនឡើងវិញ; ខេត្តក្រុងចំនួន៦០បានត្រៀមកាលបរិច្ឆេទនៃការសិក្សាដោយផ្ទាល់ សម្រាប់សិស្សថ្នាក់បឋមសិក្សានិងមត្តេយ្យសិក្សា។ មូលដ្ឋានអប់រំទាំងអស់សុទ្ធតែត្រូវ បានណែនាំ រៀបចំផែនការនិងសេណារីយ៉ូដ៏សមស្របដើម្បីដោះស្រាយស្ថានភាព រកឃើញ F0 ក្នុងរយៈពេលសិក្សាដោយផ្ទាល់។ លើសពីនេះទៅទៀត ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ វៀតណាមក៏បានបើកឡើងវិញនូវជើងហោះហើរអន្តរជាតិធម្មតាដូចមុនពេល កើតមានជម្ងឺកូវីដ-១៩ ប៉ុន្តែនៅតែរក្សាបទបញ្ញត្តិអំពីការចូលមកប្រទេសនិងការបង្ការ ទប់ស្កាត់ជម្ងឺរាតត្បាតចំពោះអ្នកដំណើរមកកាន់វៀតណាម។ ឈានចូលឆ្នាំថ្មី២០២២ វៀតណាមបានបង្ហាញឲ្យឃើញពីការត្រៀមខ្លួនជាស្រេចដើម្បីសម្របខ្លួនហើយរៀន រស់ប្រកបដោយសុវត្ថិភាពជាមួយជម្ងឺកូវីដ-១៩។
ក្រៅពីព័ត៌មានវិជ្ជមានអំពីសេដ្ឋកិច្ចសង្គម ប្រជាជនវៀតណាមក៏ទទួលបានដំណឹងមួយទៀតគួរឲ្យរីករាយយ៉ាងខ្លាំងក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី។ ចែករំលែកសេចក្ដីរីករាយនេះ មិត្តអ្នកស្តាប់ ច័ន្ទធាវី ដែលបច្ចុប្បន្នកំពុងធ្វើអាជីវកម្មនៅទីក្រុងហូជីមិញ បានផ្ញើរ សំបុត្រដោយសរសេរថា៖ “សូមអបអរសាទរចំពោះក្រុមបាល់ទាត់នារីជម្រើសជាតិ ក៏ដូចជាប្រជាជនវៀតណាមទាំងមូលដែលដណ្ដើមបានសំបុត្រចូលរួមការប្រកួតបាល់ ទាត់ផ្នែកនារីពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ក្នុងនាមជាស្ត្រីម្នាក់ ខ្ញុំសូម សម្តែងការកោតសរសើរចំពោះនារី “មាស” ទាំងអស់នៃក្រុមបាត់ទាត់វៀតណាម”។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អបអរសាទរជ័យជំនះរបស់ក្រុមបាល់ទាត់នារី
ជម្រើសជាតិវៀតណាម។ (រូបថត៖ VOV) |
សូមអរគុណមិត្ត ច័ន្ទធាវី ជាមួយនឹងការចែករំលែកដ៏ស្មោះស្ម័គ្រមួយនេះ។ លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! កាលពីថ្ងៃទី៦ កុម្ភៈ កន្លងទៅ ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម បានយកឈ្នះលើក្រុមនារីតៃវ៉ាន់ (ចិន) ដោយលទ្ធផល ២-១ ក្នុងការប្រកួត play-off ក្នុងក្របខ័ណ្ឌការប្រកួតបាល់ទាត់ផ្នែកនារីជើងឯកអាស៊ី ដែល ប្រារព្ធធ្វើឡើងនៅឥណ្ឌា ដើម្បី ឈ្នះសំបុត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចូលរួមការប្រកួត បាល់ទាត់នារីជើងឯកពិភពលោកឆ្នាំ២០២៣។ ស្នាដៃនេះរឹតតែគួរឲ្យចាប់អារម្មណ៍ជាង ទៀត គឺមុនពេលប្រារព្ធការប្រកួតនោះ ក្រុមរបស់គ្រូបង្វឹកលោក Mai Duc Chung និង កូនសិស្សបានជួបការលំបាកជាច្រើនដោយសារតែមានសមាជិកខ្លះបានឆ្លងជម្ងឺកូវីដ-១៩។ មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ អ្នកគាំទ្រ និងសារព័ត៌មានអន្តរជាតិក៏ បានសម្ដែងនូវការកោតសរសើរ ចំពោះស្នាដៃប្រវត្តិសាស្ត្រនៃរបស់កីឡាវៀត ណាមផង ដែរ។ បន្ទាប់ពីវិលត្រឡប់មកប្រទេសវិញ ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម បានទទួលរង្វាន់ជាបន្តបន្ទាប់ដែលមានតម្លៃជាច្រើនទាំងខាងសម្ភារៈនិងស្មារតី ពី ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសហគ្រាស។
ហើយនៅក្នុងផ្នែកចុងក្រោយនៃនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំ សូមឧទ្ទេសនាមជាមួយលោកអ្នកនាងនិងប្រិយមិត្តអំពីពិធីបុណ្យច្រត់នង្គ័ល Doi Son ខេត្ត Ha Nam តាមសំណើរបស់មិត្ត ស៊ុន ផល នៅរាជធានីភ្នំពេញ។ ផ្ញើសំបុត្រមកកាន់កម្មវិធី គាត់បានសរសេរថា៖ “កម្ពុជានិងវៀតណាមសុទ្ធតែជាប្រទេសដែលមានការ គោរពចំពោះខឿនកសិកម្ម។ កាលពីសប្តាហ៍មុន ខ្ញុំបានអានព័ត៌មានអំពីពិធីបុណ្យ ច្រត់នង្គ័លនៅវៀតណាម ហើយចង់ស្វែងយល់បន្ថែមទៀតអំពីពិធីបុណ្យនេះ ព្រោះ នៅកម្ពុជាក៏មានពិធីបុណ្យមួយដ៏មានអត្ថន័យប្រហាក់ប្រហែលគ្នាដែរ”។
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមពិធីច្រត់នង្គ័ល Doi Son ឆ្នាំ២០២២។ (រូបថត៖ VOV) |
មិត្ត ស៊ុន ផល និងមិត្តអ្នកស្តាប់ជាទីមេត្រី! ជាទូទៅ ពិធីបុណ្យច្រត់នង្គ័ល Doi Son របស់ វៀតណាម និងព្រះរាជពិធីច្រត់ព្រះនង្គ័លរបស់កម្ពុជា មានភាពស្រដៀងគ្នាជា ច្រើន ដោយបង្កប់នូវអត្ថន័យ លើកទឹកចិត្តប្រជាកសិករឲ្យខិតខំប្រឹងប្រែងធ្វើពលកម្ម បួងសួងសុំឲ្យអាកាសធាតុនិងរដូវអំណោយផល។ យោងតាមឯកសារប្រវត្តិសាស្ត្រ កាលពី១០៣០ឆ្នាំមុន ស្តេច Le Dai Hanh ដែលមានការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ វិស័យកសិកម្ម បានយាងទៅកាន់តំបន់ភ្នំ Doi ទន្លេ Chau (សព្វថ្ងៃគឺស្ថិតនៅទីរួមស្រុក Duy Tien ខេត្ត Ha Nam) ដើម្បីបំផុសពិធីបុណ្យចុះស្រែនៅដើមឆ្នាំថ្មី ហើយទ្រង់ក៏បាន កាន់នង្គ័លចុះស្រែដោយខ្លួនឯងផងដែរ។ ចាប់តាំងពីពេលនោះមក ពិធីបុណ្យច្រត់ ព្រះនង្គ័លត្រូវបានចាត់ទុកថា ជាថ្ងៃបុណ្យជាតិ និងជាពិធីបុណ្យចុះស្រែដ៏ធំបំផុតនៃតំបន់ ដីសណ្ដភាគខាងជើង។ ពិធីបុណ្យនេះក៏ត្រូវបានរដ្ឋទទួលស្គាល់ថាជា “បេតិកភណ្ឌ វប្បធម៌អរូបីជាតិ” ជាពិធីបុណ្យមួយដ៏សម្បូរទៅដោយលក្ខណៈមនុស្សសាស្ត្រ មាន អត្ថន័យដ៏ជ្រាលជ្រៅក្នុងការលើកទឹកចិត្តការធ្វើកសិកម្ម បង្ហាញពីការដឹងគុណចំពោះ បុព្វបុរសក្នុងការពង្រីកផ្ទៃដីស្រែ លើកត្រដែតទស្សនៈទានថា៖ យកកសិកម្មជាមូល ដ្ឋានគ្រឹះនៃស្ថិរភាពជាតិ និងស្ថិរភាពសង្គម។
លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ខាងលើនេះគឺជាមតិយោបល់ និងការចែក រំលែករបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអាន ដែលបានផ្ញើរមកកាន់កម្មវិធីក្នុង សប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូច ជាមតិយោបល់ជាច្រើនថែមទៀតពីសំណាក់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់ ប្រិយមិត្ត សូមផ្ញើរមកកាន់យើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖vov5khmer@gmail.com៕