ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២១

Chia sẻ

(VOVWORLD) - ប្រជាជនវៀតណាមទើបតែបានឆ្លងបុណ្យតេតប្រពៃណីឆ្នាំឆ្លូវត្រីស័ក២០២១ ហេតុដូច្នេះ យើងខ្ញុំទទួលបានអំណរជូនពរឆ្នាំថ្មីពីមិត្តអ្នកស្ដាប់ជាច្រើន ទាំងនៅកម្ពុជា ផង និងអ្នកដែលកំពុងរស់នៅវៀតណាមផង។ 

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២១ - ảnh 1ស្ពកបាយថ្ងៃបុណ្យតេតរបស់ប្រជាជនវៀតណាមនៅតំបន់ភាគខាងជើង។

មិត្ត បុប្ផា នៅខេត្ត តាកែវ បានផ្ញើរសំបុត្រ ដែលមានសរសេរថា៖ “សូមជូនពរបងប្អូនទាំងអស់ក្នុងកម្មវិធីឲ្យមានសុខភាពល្អ បរិបូរណ៍ ជាពិសេសគឺក្នុងអំឡុងពេលនៃការរាតត្បាត Covid-19 នាបច្ចុប្បន្ន ព្រមទាំង ផលិតបានខ្លឹមសារគួរឲ្យទាក់ទាញជាច្រើនថែមទៀតផងណា”។ មិត្ត វុឌ្ឍិ និស្សិតកម្ពុជា ម្នាក់ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហាណូយក៏បានផ្ញើរសេចក្ដីជូនពរឆ្នាំថ្មីដល់ កម្មវិធីយើង ហើយដាក់សំណួរសួរថា៖ “តើបងប្អូនក្នុងកម្មវិធីអាចឧទ្ទេសនាមអំពី ម្ហូបអាហារប្រពៃណីខ្លះៗក្នុងអំឡុងបុណ្យតេតនៅទីក្រុងហាណូយបានឬទេ? ខ្ញុំក៏បានស្គាល់ម្ហូប មួយចំនួនដូចជា នំអន្សម សាច់មាន់ស្ងោរ និងណែមចៀនដែរ”។

មិត្តវុឌ្ឍិនិងមិត្តអ្នកស្ដាប់ជាទីមេត្រី! នៅលើស្ពកបាយថ្ងៃបុណ្យតេតរបស់ប្រជាជន វៀតណាមភាគខាងជើង ក្រៅពីសាច់មាន់ស្ងោរ នំអន្សម និងណែមចៀន គឺមិនអាចខ្វះ បាយដំណើបធ្វើពីផ្លែ ហ្គឹក (Gac) បានឡើយ ដោយសារតាមទស្សនៈទានរបស់ ប្រជាជនភាគខាងជើងថា នៅលើស្ពកបាយ មានពណ៌ក្រហមនៃ បាយដំណើប ហ្គឹក នោះ នឹងនាំមកនូវសំណាងល្អ។ ម្ហូបពេញនិយមមួយទៀតគឺ ប្រហិត។ អត្ថន័យនៃ ប្រហិតមួយចាននៅលើស្ពកបាយថ្ងៃបុណ្យតេតគឺចង់នាំមកនូវក្ដីសេចក្ដីសុខសុភមង្គល ក្ដីសុខ ចម្រុងចម្រើនជូនដល់ក្រុមគ្រួសារគ្រប់គ្នា។ ក្រៅពីនោះ ដើម្បីជួយយើងមិនទ្រលាន់នឹងនំអន្សម បាយដំណើម ហ្គឹក ឬសាច់មាន់នោះ ខ្ទឹមបារាំងជ្រក់មួយ ចាន គឺជាជម្រើសមួយដ៏ល្អបំផុត។ នេះជាម្ហូបបន្ទាប់បន្សំមួយដែលមានរស់ជាតិឆ្ងាញ់ ពិសារផងហើយជួយមិនឲ្យទ្រលាន់នឹងម្ហូបអាហារនានាក្នុងថ្ងៃបុណ្យតេតផង។
បន្តប្រធានបទស្ដីពីបុណ្យតេត មិត្ត គុន្ធា ដែលក៏ជានិស្សិតកម្ពុជាម្នាក់កំពុងសិក្សា នៅទីក្រុងហាណូយ បានលើកចម្ងល់ថា៖ “ខ្ញុំបានជ្រាបថា ជនវៀតណាមក៏កាន់ ត្រណមខ្លះៗក្នុងប៉ុន្មានថ្ងៃបុណ្យតេតមែនអត់? សូមបងប្អូនក្នុងកម្មវិធីជួយខ្ញុំបកស្រាយនេះផងណា”។
មិត្តគុន្ធា និងមិត្តអ្នកស្ដាប់ទាំងអស់ជាទីស្រឡាញ់រាប់អាន! មានទំនៀមទំលាប់មួយ ចំនួនដែលប្រជាជនវៀតណាមពីជំនាន់មួយទៅជំនាន់មួយ នៅតែធ្វើតាម ដើម្បីថែរក្សា ប្រពៃណីវប្បធម៌នៃបុណ្យតេត ក៏ដូចជាបង្ហាញពីគោលបំណងអំណរឆ្នាំថ្មីមួយ ជួបតែ សំណាងល្អ និងជោគជ័យក្នុងគ្រប់ការងារ។ ដំបូងបង្អស់គឺ ការកាន់ត្រណមមិនបោស សម្អាតផ្ទះ ឬចាក់សំរាមក្នុងថ្ងៃទី១បុណ្យតេតនោះឡើយ។ ជនវៀតណាមជឿថា ប្រសិនបើ បោសសម្អាតផ្ទះ ហើយចាក់សំរាមចោល គឺមានន័យថា ទេវតាចង្ក្រាន នឹងចាកចេញពីផ្ទះ ហើយបណ្ដាលឲ្យគ្រួសារធ្វើការរកស៊ីមិនបានរលូនទេ។ ការកាន់ ត្រណមមួយទៀត គឺមិនឲ្យជូនទឹក ជូនភ្លើងនាដើមឆ្នាំឡើយ។ តាមទស្សនៈទានចាប់តាំងពី បុរាណកាលថា ភ្លើងមានពណ៌ក្រហម ដែលតំណាងឲ្យលាភសំណាង ខណៈដែលទឹក ប្រៀបប្រដូចជាទ្រព្យសម្បត្តិ អញ្ចឹង។ ហេតុដូច្នេះ ប្រសិនបើ យើងជូនទឹកឬភ្លើងឲ្យ ទៅនរណាម្នាក់ មានន័យថា បាត់បង់សំណាងល្អនិងបាត់បង់ទ្រព្យសម្បត្តិតែម្ដង។ ជនវៀតណាម ក៏កាន់ត្រណមមួយទៀត គឺជៀសវាងធ្វើឲ្យបែកចានកែវ ក្នុងបុណ្យតេត ដោយសារ យើងចាត់ទុកថាការបែកបាក់នាដើមឆ្នាំនឹងនាំទៅការប្រេះស្រាំគ្នាក្នុងគ្រួសារ។ ក្រៅពីនោះ មានទំនៀមទំលាប់ផ្សេងមួយចំនួនទៀតដូចជា ជៀសវាងការខ្ចីឬទារប្រាក់នៅប៉ុន្មានថ្ងៃ ដើមឆ្នាំថ្មី កុំឲ្យទៅជូនពរឆ្នាំថ្មីប្រសិនបើអ្នកកំពុងកាន់មរណទុក្ខ ឬជៀសវាងការប្រកែក គ្នាយ៉ាងខ្លាំង ជាដើម។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២១ - ảnh 2ផ្សារទំនើប Coop Mart បើកស្តង់ទំនិញដាក់លក់កសិផលរបស់ប្រជាកសិករនៅខេត្ត Hai Duong។ 
ក្រៅពីសេចក្ដីជូនពរឆ្នាំថ្មី ឬការចែករំលែកអំពីបុណ្យតេតនៅវៀតណាមនោះ យើងខ្ញុំ ក៏ទទួលបានសំបុត្រ អ៊ីម៉ែលជាច្រើនដោយសម្ដែងការយកចិត្តទុកដាក់ជុំវិញស្ថានភាព ជម្ងឺ Covid-19 នៅវៀត ណាមផងដែរ។ មិត្តអ្នកស្ដាប់ ប្រាក់ សុផល នៅរាជធានីភ្នំពេញ បានសំណេះសំណាលថា៖ “ប្រជាជន វៀតណាមមានគំនិតផ្ដួចផ្ដើមដ៏ល្អណាស់ដើម្បី ជួយបងប្អូនពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារកូវីដ-១៩ ដូចជាម៉ាស៊ីន ATM អង្ករ ឬចលនាសង្គ្រោះកសិផល Hai Duong នាពេលចុងក្រោយនេះ។ សូមឲ្យបណ្ដា មិត្តឧទ្ទេសនាមបន្ថែមទៀតអំពីចលនានេះផងណា”។
មិត្តប្រាក់ សុផល និងប្រិយមិត្តជាទីមេត្រី! នាពេលកន្លងមក តាមរយៈបណ្ដាញ សង្គម ប្រជាជន វៀតណាមបានអំពាវនាវយ៉ាងសកម្មឲ្យមានការជួយសង្គ្រោះកសិផលរបស់ ប្រជាកសិករនៅតំបន់មួយចំនួនដែលកំពុងត្រូវបានបិទដើម្បីបង្ការទប់ស្កាត់ការរាតត្បាតនៃ Covid-19 ជាពិសេសគឺខេត្ត Hai Duong។ លើបណ្ដាញសង្គម Facebook បុគ្គល និងក្រុមជាច្រើនបានចែករំលែកព័ត៌មានស្ដីពីទីកន្លែងមានដាក់លក់កសិផល បញ្ជាក់យ៉ាង ច្បាស់ចាប់តាំងពីប្រភពដើមផលិតផលរហូតដល់តម្លៃលក់ តម្លៃដឹកជូន និងទូរស័ព្ទ ទាក់ទងផងដែរ។ ផ្សារទំនើបមួយចំនួនក៏បានរៀបចំស្តង់ទំនិញពិសេសដើម្បីជួយលក់ កសិផល Hai Duong រួមទាំងការ៉ុត ប៉េងប៉ោះ ស្ពៃពណ៌ស ផ្លែត្របែក ស្វាយ ក្រូច និង ស្រការនាគជាដើម។ ទោះបីជា មិនអាចដោះស្រាយទំនិញជាប់គាំងទាំងស្រុងបាន ឡើយក៏ដោយ ប៉ុន្តែសកម្មភាពនេះក៏ជួយប្រជាជន Hai Duong មានអារម្មណ៍ធូរ ស្បើយដោយសារតែការរួមដៃគ្នាជួយគាំទ្ររបស់សហគមន៍ទាំងមូល។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!ខាងលើនេះជាមតិនិងសំណួរមួយចំនួន របស់មិត្តអ្នកស្ដាប់ដែលបានផ្ញើរមកកាន់កម្មវិធីយើង ក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំ សង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាការរួមមតិជាច្រើនថែមទៀតពី សំណាក់មិត្តអ្នកស្ដាប់៕

ប្រតិកម្មទៅវិញ