ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

Chia sẻ

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួនជិត ៤០០ ដែលត្រូវបានផ្ញើមកកាន់កាណាល់ VOV5។ សូមអរគុណចំពោះរាល់មនោសញ្ចេតនានិងការផ្ដល់មតិយោបល់របស់ប្រិយមិត្តទាំងអស់។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son ទទួលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន។ (រូបថត៖ VNA)

ប្រធានបទមួយដែលទាក់ទាញការយកចិត្តទុកដាក់ជាច្រើនពីមិត្តអ្នកស្តាប់កាលពីសប្តាហ៍មុនគឺដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន ចាប់ពីថ្ងៃទី ២១ ដល់ ២២ ខែមីនា។ មិត្តអ្នកស្តាប់ ស៊ុន ផល អតីតនិស្សិតកម្ពុជានៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ បានផ្ញើសំបុត្រមកកម្មវិធីដោយសរសេរថា៖ “សង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចកម្រិតខ្ពស់នានា ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជានឹងកាន់តែរីកចម្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន”។ ចំណែកឯមិត្តអ្នកស្តាប់ សូវ សម្បត្តិ នៅរាជធានីភ្នំពេញ បានផ្ដល់អត្ថាធិប្បាយថា៖ "ជូនពរឲ្យទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជានឹងជំនះរាល់បញ្ហាប្រឈមដែលនៅសេសសល់ទាំងអស់ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍដ៏ខ្លាំងក្លានាពេលខាងមុខ"។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចព័ត៌មានដែលយើងបានផ្សាយ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាលោកប្រាក់ សុខុន បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ហើយធ្វើជាសហប្រធានកិច្ចប្រជុំលើកទី២០នៃគណៈកម្មការចម្រុះវៀតណាម-កម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស ចាប់ពីថ្ងៃទី ២១ ដល់ ទី ២២ ខែមីនា។ នៅក្នុងជំនួបពិភាក្សាការងារ និងជំនួបសន្ទនាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង” រវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ដែលលាតសន្ធឹងគ្រប់វិស័យចាប់ពីនយោបាយ-ការទូត សេដ្ឋកិច្ច វិនិយោគ-ពាណិជ្ជកម្ម វប្បធម៌ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសក្នុងអំឡុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២។ ចំពោះកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យតភ្ជាប់គមនាគមន៍ ទេសចរណ៍ កសិកម្ម-រុក្ខាប្រមាញ់-នេសាទ ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន ពលករ ធនធាននិងបរិស្ថាន; ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ និងក្នុងក្របខ័ណ្ឌនៃត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV); ជំរុញការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែននៅសេសសល់ ១៦% ដែលមិនទាន់បានសម្រេច ដើម្បីបន្តកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2ទេសភាពនៃតំបន់ទេសចរណ៍ Samten Hills Dalat។ (រូបថត៖ Samten Hills Dalat)

ហើយនៅក្នុងផ្នែកចុងក្រោយនៃនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សប្តាហ៍នេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយលោកអ្នកនាងនិងប្រិយមិត្តអំពីតំបន់ Samten Hills Dalat - ទីកន្លែងទស្សនាដ៏ថ្មីប្លែកមួយនៅខេត្ត Lam Dong តាមសំណើរបស់មិត្តអ្នកស្តាប់ សុភ័ក្រ្ត មកពីរាជធានីភ្នំពេញ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ស្ថិតនៅលើទីទួលក្នុងភូមិ Kambute ឃុំ Tu Tra ស្រុក Don Duong ខេត្ត Lam Dong តំបន់រម្មណីយដ្ឋាន Samten Hills Dalat គឺជាគោលដៅសម្រាប់ភ្ញៀវទេសចរដែលចង់សម្របខ្លួនទៅក្នុងអាណាចក្រព្រះពុទ្ធ ហើយរីករាយនឹងទេសភាព។ Samten Hills Dalat មានផ្ទៃដីសរុបប្រហែល ៥០០ ហិកតា ជាមួយនឹងស្ថាបត្យកម្មដែលបំផុសគំនិតពីវប្បធម៌ស្ថាបត្យកម្មនៃតំបន់ជុំវិញភ្នំ ហិម៉ាឡៃ។ នាពេលថ្មីៗនេះ សម្ព័ន្ធសមាគមន៍យូណេស្កូវៀតណាម បានប្រគល់ “វិញ្ញាបនបត្រលំហវប្បធម៌ខាងវិញ្ញាណ” សម្រាប់លំហព្រះពុទ្ធសាសនានិកាយវជ្រយាន (Vajrayana) នៅខាងក្នុងបរិវេណ Samten Hills Dalat។ នៅទីនេះ ភ្ញៀវទេសចរអាចគយគន់ផ្ទាំងគំនូរព្រះពុទ្ធ ព្រះពោធិសត្វ ព្រះសង្ឃ...អ្នកទស្សនាអាចកត់សម្គាល់ដោយចៃដន្យនូវភាពស្រដៀងគ្នារវាងលម្អិតជាច្រើន ដែលបង្កើតឡើងដោយវិចិត្រករមកពីភ្នំ ហិម៉ាឡៃ ជាមួយនឹងគំនូសដែលគូរដោយវិចិត្រករនៃរាជកាល Ly កាលពី ១០ សតវត្សមុន។ សំណង់ដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុង Samten Hills Dalat គឺមហាចេតិយកង់
អធិស្ឋាន Drigung Kagyu Rinchen Khorchen Khorwe Go Gek។ មហាចេតិយត្រូវបានធ្វើពីសំរិទ្ធសុទ្ធ ស្រោបមាស ២៤K ទម្ងន់ ២០០ តោន កម្ពស់ជាង ៣៧ម៉ែត្រ អង្កត់ផ្ចិតជាង ១៦,៥ ម៉ែត្រ ដែលបានបង្កើតកំណត់ត្រាពិភពលោក Guinness នៅចុងឆ្នាំ២០២២ ក្នុងនាមជាមហាចេតិយកង់អធិស្ឋានដ៏ធំបំផុតលើពិភពលោក។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះជាមតិ យោបល់របស់មិត្តអ្នកស្តាប់ មិត្តអ្នកអានដែលយើងខ្ញុំទទួលបានកាលពីសប្តាហ៍មុន។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានមនោសញ្ចេតនានិងមតិយោបល់ជាច្រើនពីប្រិយមិត្ត៕

ប្រតិកម្មទៅវិញ