រូបថតឧទាហរណ៍ (ប្រភព៖ thanglong.chinhphu.vn) |
ក្នុងសប្តាហ៍កន្លងមក មានមិត្តអ្នកស្តាប់ជាច្រើនដែលបានផ្ញើសំបុត្រមកកាន់កម្មវិធី ដើម្បីបង្ហាញនិងចែករំលែកមតិយោបល់របស់ខ្លួនតាមរយៈការស្វែងយល់ និងបានចូលរួមក្នុងកម្មវិធីនិងព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍ដែលបានប្រព្រឹត្តទៅនៅវៀតណាម។ ជាពិសេសគឺមិត្តអ្នកស្តាប់ គន្ធា - និស្សិតកម្ពុជានៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយបានចែករំលែកថា៖“នាងខ្ញុំពិតជាសប្បាយរីករាយនិងមានសំណាងដែលបានចូលរួមក្នុងកម្មវិធីបុណ្យទេសចរណ៍និងវប្បធម៌ម្ហូបអាហារឆ្នាំ ២០២១ ដែលបានរៀបចំឡើងទៅនៅទីក្រុងហាណូយនាពេលថ្មីៗនេះ។ នេះគឺជាសំណាងល្អពីព្រោះនាងខ្ញុំមានអារម្មណ៍ថាមិនមានការភ័យខ្លាចចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ទេ ដោយសារវៀតណាមបានគ្រប់គ្រងនិងទប់ស្កាត់បានយ៉ាងល្អនូវជំងឺដ៏កាចសាហាវនេះ ហើយនាងខ្ញុំក៏មានអារម្មណ៍សប្បាយរីករាយណាស់ពីព្រោះនេះគឺជាឱកាសល្អ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៅរដ្ឋធានីហាណូយ និងភ្ញៀវទេសចរនៅទូទាំងប្រទេស ក៏ដូចជារូបនាងខ្ញុំផ្ទាល់ផងដែរ អាចស្វែងយល់អំពីផលិតផលទេសចរណ៍និងរីករាយជាមួយម្ហូបអាហារប្រចាំតំបន់ដ៏សម្បូរបែបនៅវៀតណាម។ នេះមិនត្រឹមតែជួយផ្សព្វផ្សាយអំពីតម្លៃវប្បធម៌និងគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញរបស់ទីក្រុងប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ថាទីក្រុងហាណូយគឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ជិតស្និទ មានគុណភាពនិង ទាក់ទាញភ្ញៀវទេសចរផងដែរ»។
ពិធីសែនខួបស្តេច Hung ត្រូវបានប្រារព្វធ្វើឡើងរួមមានពិធីដ៏មហោឡារិក ដូចជាការសែនថ្វាយតង្វាយ អុជធូប ដាក់ផ្កានៅលើទីសក្ការៈស្តេច Hung និងពិធីប្រកាសគុណបំណាច់ជាដើម |
រីឯមិត្តអ្នកស្តាប់ នួនពិសិដ្ឋ ដែលជានិស្សិតកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ បានផ្ញើសំបុត្រចែករំលែកថា «តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជាពិសេសគឺវិទ្យុសម្លេងវៀតណាម ខ្ញុំទទួលបានព័ត៌មានដ៏មានអត្ថប្រយោជន៍ជាច្រើនអំពីពិធីសែនខួបស្តេច Hung នៅវៀតណាម។ ពិតណាស់ថា ដល់ថ្ងៃ១០ ខែមិនា តាមប្រតិទិនច័ន្ទគជារៀងរាល់ឆ្នាំ ពិធីសែនខួបស្តេច Hung ត្រូវបានប្រារព្វធ្វើឡើងរួមមានពិធីដ៏មហោឡារិក ដូចជាការសែនដាក់ថ្វាយតង្វាយ អុជធូប ដាក់ផ្កានៅទីសក្ការៈស្តេច Hung និងពិធីថ្លែងគុណបំណាច់ជាដើម។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះប្រជាជនចាត់ទុកថានេះគឺជាសកម្មភាពប្រពៃណីដ៏មានអត្ថន័យជារៀងរាល់ឆ្នាំ ដែលរៀបចំឡើងដើម្បីថ្លែងអំណរគុណចំពោះស្ដេច Hung ដែលមានគុណបំណាច់ក្នុងការកសាងប្រទេសជាតិ និងរំលឹកដល់គុណូបការៈរបស់បុព្វការីជនរបស់ខ្លួន ព្រមទាំងចូលរួមចំណែកក្នុងការអប់រំប្រពៃណីទំនៀមទម្លាប់ស្នេហាជាតិសម្រាប់ប្រជាជនគ្រប់ជាន់ថ្នាក់ ជាពិសេសគឺយុវជនជំនាន់ក្រោយ។ ខ្ញុំសង្ឃឹមថាមិត្តទាំងអស់គ្នានឹងបន្តថែរក្សានិងពង្រីកស្មារតី «ទឹកផឹកនឹកដល់ប្រភពដើម» ដ៏ថ្លៃថ្លារបស់បុព្វជនដែលបានបន្សល់ទុកផងដែរ។
មិត្តអ្នកស្តាប់ជាទីមេត្រី! សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអ្នកស្តាប់ ដែលបានផ្ញើសំបុត្រមកកម្មវិធី ដើម្បីចែករំលែកអំពីគំនិតគួរឱ្យចាប់អារម្មណ៍ ក្នុងនាមកម្មវិធីយើងខ្ញុំនឹងខិតខំប្រឹងប្រែងជានិច្ច ដើម្បីផ្តល់ព័ត៌មានដ៏មានអត្ថប្រយោជន៍ គុណភាពនិងទាន់ហេតុការណ៍ អំពីសកម្មភាពនិងព្រឹត្តិការណ៍នានា ដែលកំពុងកើតឡើងនៅវៀតណាមជូនដល់មិត្តអ្នកស្តាប់ឲ្យទាន់ហេតុការណ៍ផងដែរ។
លោកអ្នកនាងជាទីរាប់អាន! យើងបែរទៅស្វែងយល់អំពីទេសចរណ៍ជាមួយគ្នាវិញ។ មិត្តអ្នកស្តាប់ នឹមច័ន្តារ៉េត - និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញគឺជាមនុស្សដែលចូលចិត្តជាមួយការទទួលបទពិសោធន៍ពីការធ្វើដំណើរកំសាន្តជាក់ស្តែង មិត្តអ្នកស្តាប់រូបនេះក៏បានសរសេរទៅកម្មវិធីនេះដោយមានបំណងចង់ស្វែងយល់ភូមិផ្ទាំងគំនូរ Hon Thien ដែលកំពុងពេញនិយមនៅខេត្ត Ninh Thuan។ តោះយើងរួមគ្នាស្វែងយល់អំពីគោលដៅទេសចរណ៍នេះណា!
ភូមិផ្ទាំងគំនូរ Hon Thien ជាទីកន្លែងទាក់ទាញចិត្តភ្ញៀវទេសចរណ៍នៅខេត្ត Ninh Thuan (រូបថត៖ khamphaninhthuan) |
អ្នកស្តាប់ជាទីគោរពរំលឹកដល់ខេត្ត Ninh Thuan យើងនឹងនឹកឃើញដល់វាលខ្សាច់ និងផ្លូវឆ្នេរសមុទ្រដ៏ស្អាតបំផុតនៅវៀតណាម - ឈូងសមុទ្រ Vinh Hy ប៉ុន្តែយើងក៏មិននឹកស្មានដល់គោលដៅទេសចរណ៍មួយដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងទៀតដូចជា ភូមិផ្ទាំងគំនូរ Hon Thien ជាទីមនោរម្យនៅក្បែរតំបន់ Dam Nai បានបង្កើតជារូបភាពគួរឱ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរនៅពេលមកដល់ទីនេះម្តងៗ។ ពីផ្លូវបំបែកជា៥ Phu Ha មានចម្ងាយប្រមាណ ១១ គីឡូម៉ែត្រពីទីក្រុង Phan Rang - Thap Cham ភ្ញៀវទេសចរនឹងទៅដល់ភូមិ Hon Thien ដែលឥឡូវនេះត្រូវបានគេហៅថាជាភូមិផ្ទាំងគំនូ Hon Thien។ នេះជាភូមិផ្ទាំងគំនូរដំបូងបង្អស់នៅខេត្ត Ninh Thuan ដោយមានបំណងទាក់ទាញភ្ញៀវទេសចរពីក្នុងនិងក្រៅខេត្តមកទស្សនា ថតរូបនិងចូលរួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងតំបន់។ វិចិត្រករបានដាក់បានគូរគំនូរស្រស់ស្អាតរបស់ Hon Thien និង Dam Nai រូបភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនលើផ្ទាំងគំនូរដូចជាទេសភាពរបស់ប្រជានេសាទ ទេសភាពធម្មជាតិដ៏ប្លែកៗរបស់ខេត្ត Ninh Thuan ជាដើម។ ឈាងចូលទស្សនាភូមិ ផ្ទាំងគំនូរ Hon Thien ភ្ញៀវទេសចរក៏មានឱកាសទទួលបានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតដូចជា ឡើងភ្នំ មើលថ្ងៃរះ និងថតរូបពេលថ្ងៃលិច ជិះទូកធ្ចើនេសាទត្រីនិងបង្កងនៅ Dam Nai ឬក៏ទទួលទានជាមួយគ្រឿងសមុទ្រដ៏ឆ្ងាញ់ៗ ជាដើម។ ការលេចឡើងផ្ទាំងគំនូរ Hon Thien មិនត្រឹមតែជួយបង្កើនសោភ័ណភាពរបស់ភូមិ Hon Thien ប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់មនសិការរបស់ប្រជាជនក្នុងការថែទាំផ្លូវក្នុងភូមិឲ្យបានស្អាត និងការពារបរិស្ថាន ព្រមទាំងលើកទឹកចិត្តប្រជាជននៅភូមិនេសាទរួមសហការគ្នា ដើម្បីកសាង ជនបទថ្មី និងស្រុកកំណើតរបស់ខ្លួនកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះព័ត៌មាន ខាងលើនេះ រាល់សំនួរនិងយោបល់របស់លោកអ្នកសូមអញ្ជើញផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com។