ការសំដែងសិល្បៈក្នុងឱកាសរំលឹកខួបលើកទី ៤២ នៃទិវារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(៧ មករា ១៩៧៩ / ៧ មករា ២០២១) (រូបថត៖ qdnd.vn) |
ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក មិត្តអ្នកស្តាប់ Thach Savon និស្សិតកម្ពុជាកំពុងសិក្សានៅសកលវិទ្យាល័យ Tra Vinh បានសំដែងក្តីសប្បាយរីករាយ នៅពេលដែលដឹងដំណឹងថា នាពេលកន្លងមកនៅទីក្រុងហាណូយ ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមបានប្រារព្វធ្វើឡើងពិធីរំលឹកខួបលើកទី ៤២ នៃទិវារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(៧ មករា ១៩៧៩ / ៧ មករា ២០២១)។ ក្នុងសំបុត្រមិត្តអ្នកស្តាប់រូបនេះក៏បានសរសេរថា៖ “ជ័យជំនះ៧មករា១៩៧៩ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត គឺជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំនៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏ស្មោះត្រង់រវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ជាមួយនឹងជ័យជំនះ ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជ-វៀតណាមបានឈានមកដល់យុគសម័យថ្មីពោលគឺ យុគសម័យនៃការស្តារឡើងវិញ ការពូនជ្រំចំណង សាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដោយផ្អែកលើគោលការណ៍ សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី ផលប្រយោជន៍ស្របច្បាប់គ្នាទៅវិញទៅមក ដើម្បី អភិវឌ្ឍ និងវិបុលភាព របស់ប្រទេសរៀងៗ ខ្លួន។ ខ្ញុំសង្ឃឹមថា ទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង” រវាងវៀតណាមនិងកម្ពុជានឹងត្រូវបានពង្រឹងនិងពង្រីកកាន់តែល្អប្រសើរបន្ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ»
សូមថ្លែងអំណរគុណយ៉ាងកក់ក្តៅបំផុតជូនចំពោះមិត្តអ្នកស្តាប់ Thach Savon ដែលបានផ្ញើសំបុត្រចែករំលែកយោបល់ដ៏មានអត្ថន័យរបស់ខ្លួនមកកាន់កម្មវិធីយើងខ្ញុំ។ ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីក៏បានទទួលសំបុត្ររបស់មិត្តអ្នកស្តាប់ កែវ លីនដា - និស្សិតកម្ពុជាកំពុងសិក្សានៅសកលវិទ្យាល័យ Nguyen Tat Thanh ទីក្រុងហូជីមិញ មានគោលបំណងចង់ឲ្យកម្មវិធីផ្តល់ព័ត៌មានបន្ថែមទៀតអំពីលោក Soytiet - បរុសម្នាក់ដែលទើបតែមានភាពល្បីល្បាញនៅលើបញ្តាញសង្គម TikTok រួមទាំងទទួលបានរង្វាន់ «អ្នកបំផុសគំនិត TikTok Awards 2020» របស់វៀតណាម។
លោក Soytiet - បរុសម្នាក់ដែលទើបតែមានភាពល្បីល្បាញនៅលើបញ្តាញសង្គម TikTok រួមទាំងទទួលបានរង្វាន់ «អ្នកបំផុសគំនិត TikTok Awards 2020» របស់វៀតណាម (រូបថត៖ quynhon.vn) |
មិត្តអ្នកស្តាប់ កែវលីនដា ជាទីរាប់អាន! នាពេលថ្មីៗនេះកម្មវិធីបណ្តាញសង្គម TikTok ត្រូវបានរៀបចំពិធីប្រគល់ពានរង្វាន់ TikTok ជាលើកដំបូងនៅ វៀតណាមក្រោមប្រធានបទ « Tiktok Awards VietNam 2020»។ នៅព្រឹត្តិការណ៍នេះ ពានរង្វាន់ចំនួន ១១ ផ្នែកត្រូវបានប្រគល់ដល់អ្នកបង្កើតមាតិកានានា ដែលរួមចំណែកក្នុងការផ្សព្វផ្សាយសារដ៏មានអត្ថន័យជាវិជ្ជមានដល់សហគមន៍។ ជាពិសេសអ្នកដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងជាងគេ គឺលោក SoyTiet ដែលជាបុរសឃ្វាលគោម្នាក់ដែលបានបំផុសគំនិតដ៏ល្អបំផុត ដែលមិនត្រឹមតែសម្រាប់ទស្សនិកជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់តារាល្បីៗនៅជំវិញពិភពទៀតផង។ គេបានដឹងថា ទោះបីជាមានស្ថានភាពគ្រួសាររបស់លោក ជួបការលំបាកខ្លាំង ហើយផ្ទាល់ខ្លួនគាត់ក៏ជាក្មេងកំព្រា និងមានជំងឺសួតតាំងពីនៅក្មេងក៏ដោយ ប៉ុន្តែបុរសម្នាក់រូបនេះតែងតែមានស្នាមញញឹមស្រស់ស្រាយនៅលើបបូរមាត់របស់ខ្លួន។ លោក SoyTiet មានភាពល្បីល្បាញដោយសារមានស្មារតីសុទិដ្ឋិនិយមរបស់ខ្លូនរួមទាំងមានឆន្ទៈជំនះពុះពារលើការលំបាកឧបសគ្គនានាផងដែរ ។ ជាមួយនឹងបទចម្រៀង Number Song លោក Soytiet ក៏ត្រូវបានតារាចំរៀងដ៏ល្បីឈ្មោះនៅលើពិភពលោក Cover ឡើងវិញជាច្រើនទៀតផង ដូចជា Justin Biber, Wiz Khalifa, Chris Brown... សូម្បីតែតារាចម្រៀង Snoop Dog ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះលោក Soytiet របស់វៀតណាមផងដែរ។
ក្រឡេកមើលទៅលើវិស័យទេសចរណ៍វិញ។ ថ្ងៃនេះកម្មវិធីយើងខ្ញុំ សូមណែនាំដល់ប្រិយមិត្តទាំងអស់អំពីទេសភាពដ៏ស្រស់ស្អាតនៃផ្កាឈូករ័ត្នព្រៃនៅទីក្រុង Da Lat។ នេះក៏ជាគោលបំណងរបស់មិត្តអ្នកស្តាប់ សុខចម្រើន មកពីរាជធានីភ្នំពេញ ដែលមានបំណងចង់ឲ្យកម្មវិធីចែករំលេកព័ត៌មានបន្ថែមទៀតអំពីប្រភេទផ្កានេះ។
“ផ្កាឈូករ័ត្នព្រៃនៅទីក្រុង Da Lat” (រូបថត៖ Holadi) |
មិត្តអ្នកស្ដាប់ជាទីមេត្រី! ផ្កាឈូករ័ត្នព្រៃរីកយ៉ាងស្គុះស្គាយនៅក្នុងឱកាសដំណាច់ឆ្នាំម្តងៗ ដែលត្រូវបានចាត់ទុកថាជា«ដង្ហើម»សម្រាប់ជីវភាពរស់នៅជាប្រចាំថ្ងៃ និងមានតម្លៃពិសេសមួយនៃសេចក្តីស្រឡាញ់របស់ភ្ញៀវទេសចរជូនចំពោះទីក្រុង Da Lat ខណៈដែលអញ្ជើញមកទស្សនាទេសភាពនៅទីនេះ ដើម្បីគយគន់ទេសភាពពណ៌លឿងដ៏ស្រស់បំព្រងនៃផ្កាឈូករ័ត្នព្រៃប្រភេទនេះ ក្រោមពន្លឺព្រះអាទិត្យនៅតំបន់ខ្ពង់រាបនេះផងដែរ។ រំលឹកដល់ផ្កាឈូករ័ត្នព្រៃ គេតែងតែនឹករលឹកដល់ភាពសុខសាន្តត្រាណ ភាពរ៉ូមែនទិក និងសុខសន្តិភាពនៅទីក្រុង Da Lat ហើយនេះគឺជាមូលហេតុដែលគេតែងតែហៅថា “ផ្កាឈូករ័ត្នព្រៃ Da Lat”។ ជាមួយនឹងអាកាសធាតុត្រជាក់ស្រួលនៅ Da Lat ទេសភាពនៃផ្កាឈូករ័ត្នព្រៃរីកស្គុះស្គាយ បានគ្រប់ដណ្តប់ពោរពេញកន្លែងតាមដងផ្លូវទាំងនៅលើភ្នំ ឬជ្រលងភ្នំ ព្រមទាំងលាតសន្ធឹងយ៉ាងល្វឹងល្វើយនៅតំបន់ខ្ពង់រាប។ ម្យ៉ាងវិញទៀតកន្លែងនេះប្រាកបជាគោលដៅទេសចរដ៏គួរឲ្យទាក់ទាញភ្ញៀវទេសចរ និងអញ្ជើញមកគយគន់ទេសភាព ក៏ដូចជាថតរូបទុកជាអនុស្សាវរីយ៍សម្រាប់ខ្លួនផងដែរ។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះព័ត៌មាន ខាងលើនេះ រាល់សំនួរនិងយោបល់របស់លោកអ្នកសូមអញ្ជើញផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com។