ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

Chia sẻ
(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរ ទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ និងអ៊ីម៉ែលចំនួន ៤០២ របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣៥។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១១។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះមិត្តអ្នកស្តាប់ទាំងអស់ដែលបានបង្ហាញយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនដោយមានខ្លឹមសរនិងការយល់ដឹងដ៏សម្បូរបែបអំពីព័ត៌មានប្រទេសជាតិនិងប្រជាជនវៀតណាម។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1 ខួបលើកទី ៧៥ នៃទិវាបង្កើតវិទ្យុសំឡេងវៀតណាម 

ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក ក្នុងឱកាសពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតវិទ្យុសំឡេងវៀតណាម មានមិត្តអ្នកស្តាប់បានបន្តផ្ញើរសេចក្តីជូនពរជាច្រើនផងដែរ។ ជាក់ស្តែងពីប្រទេសបង់ក្លាដែស ក្លឹបមិត្តអ្នកស្តាប់វិទ្យុអាស៊ីខាងត្បូងបានប្រារព្ធពិធីបង្កើតវិទ្យុសម្លេងវៀតណាម។ នៅក្នុងសំបុត្រភ្ជាប់ជាមួយរូបថតជាច្រើននៃពិធីនេះ មិត្តអ្នកស្តាប់ Didarul Iqbal ប្រធានក្លឹបបានវាយតម្លៃថា៖“មានមិត្តអ្នកស្តាប់ជាច្រើនអាចតភ្ជាប់ទំនាក់ទំនងជាមួយវិទ្យុសំឡេង វៀតណាមតាមរយៈការផ្សាយផ្ទាល់និងតាមប្រព័ន្ធអនឡាញ ហើយក៏មានការឆ្លើយតបយ៉ាងវិជ្ជមានជាច្រើនពីសំណាក់មិត្តអ្នកស្តាប់អំពីវិទ្យុសំឡេងវៀតណាមផងដែរ។ សមាជិកក្នុងក្លឹបបរបស់យើងខ្ញុំភាគច្រើនតភ្ជាប់យ៉ាងទៀងទាត់ជាមួយវិទ្យុសំឡេងវៀតណាម ហើយពេលខ្លះគេក៏សួរអំពីកាលវិភាគនៃរលកផ្សាយសំឡេងទៀតផង។ យើងបានបង្កើតឡើងទំនាក់ទំនងមិត្តភាពជាប្រពៃណី ទាំងខាងវប្បធម៌និងពាណិជ្ជកម្មយ៉ាងល្អប្រពៃផងដែរ»។  

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអ្នកស្តាប់ដែលបានចែករំលែកអំពីអារម្មណ៍របស់ខ្លួនចំពោះពិធីរំលឹក ខួបលើកទី ៧៥ នៃទិវាបង្កើតវិទ្យុសំឡេងវៀតណាមមកកាន់កម្មវិធីយើងខ្ញុំក្នុងសប្តាហ៍កន្លងទៅ។ ទាក់ទងនឹងបញ្ហាជំងឺកូវីដ១៩ មិត្តអ្នកស្តាប់ កែន សុខលី មកពីប្រទេសកម្ពុជាបានផ្ញើសំបុត្រមកកាន់កម្មវិធីដោយសំដែងក្តីសប្បាយរីករាយនៅពេលដឹងថាចាប់ពីថ្ងៃទី១៥ ខែកញ្ញា វៀតណាមចាប់ផ្តើមប្រត្តិបត្តជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាប្រចាំឡើងវិញ ដើម្បីដឹកជញ្ជូនអ្នកដំណើរពីវៀតណាមទៅកាន់ប្រទេស ក្វាងចូវ តៃប៉ិ តៃវ៉ាន់ (ចិន) តូក្យូ (ជប៉ុន) សេអ៊ូល (កូរ៉េខាងត្បូង) រីឯជើងហោះហើរទៅកាន់ទីក្រុងវៀងចន្ទន៍ (ឡាវ) និងភ្នំពេញ (កម្ពុជា) នឹងត្រូវបើកឡើងវិញចាប់ពីថ្ងៃទី ២២ ខែកញ្ញាផងដែរ។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2 ចាប់ពីថ្ងៃទី១៥ ខែកញ្ញា វៀតណាមចាប់ផ្តើមប្រត្តិបត្តជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាប្រចាំឡើងវិញ ដើម្បីដឹកជញ្ជូនអ្នកដំណើរពីវៀតណាមទៅកាន់ប្រទេសមួយចំនួន

មិត្តអ្នកស្តាប់ជាទីរាប់អាន! នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងគណៈកម្មាធិការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ របស់វៀតណាមបានសម្រេចចាប់ផ្តើមប្រត្តិបត្តិការជើងហោះហើរពាណិជ្ជកម្មឡើងវិញរវាងវៀតណាមនិងបណ្តាប្រទេសនិងតំបន់ដែនដីមួយចំនួនដូចពោលខាងលើនេះ។  តាមនោះ អ្នកដែលត្រូវបានអនុញ្ញាតឱ្យចូលមកវៀតណាមតាមជើងហោះហើរពាណិជ្ជកម្មទាំងនេះរួមមាន ពលរដ្ឋវៀតណាម ជនបរទេសដែលកាន់លិខិត ឆ្លងដែនការទូត ឬក៏ជាអ្នកជំនាញ វិនិយោគិន អ្នកគ្រប់គ្រងអង្គភាពអាជីវកម្ម និងពលករខាងបច្ចេកទេសខ្ពស់ សាច់ញាតិរបស់សិស្សានុសិស្សអន្តរជាតិ និងសាច់ញាតិដែលរស់នៅបរទេសរបស់ពលរដ្ឋវៀតណាម។ អ្នកដែលមានបំណងចង់ចូលមកប្រទេសវៀតណាមតាមជើងហោះហើរទាំងនេះ រួមទាំងអ្នកដែលឆ្លងកាត់ប្រទេសទី៣គឺត្រូវតែអនុវត្តតាមលក្ខខណ្ឌធ្វើតេស្តជំងឺឆ្លងយ៉ាងតឹងរឹងបន្ទាប់ពីគេចូលមក វៀតណាម ព្រមទាំងត្រូវអនុវត្តតាមវិធីធ្វើចត្តាឡីស័កឲ្យបានសមស្របតាមបទប្បញ្ញត្តិរបស់វៀតណាមស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផងដែរ។

ក្រឡេកមើលទៅផ្នែកម្ហូបអាហារវិញ ក្នុងកម្មវិធីថ្ងៃនេះ យើងខ្ញុំសូមណែនាំដល់មិត្តអ្នកស្តាប់ទាំងអស់អំពីមុខម្ហូបប្រចាំតំបន់ដ៏ពិសេសសម្រាប់ភ្ញៀវទេសចរនៅពេលមកទស្សនាប្រទេសវៀតណាម។ នេះគឺជាមុខម្ហូប «ចេកសម្ងួតស្អិត» ដ៏ល្បីល្បាញរបស់ខេត្ត Son La ។ តោះយើងស្វែងយល់អំពីមុខម្ហូបដ៏ពិសេសនេះ!

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3 «ចេកសម្ងួតស្អិត» គឺជាមុខម្ហូបប្រចាំតំបន់របស់ស្រុក Moc Chau ខេត្ត Son La (រូបថត៖ baosonla)

ប្រិយមិត្តជាទីគោរព!  «ចេកសម្ងួតស្អិត» គឺជាមុខម្ហូបប្រចាំតំបន់របស់ស្រុក Moc Chau ខេត្ត Son La។ ផលិតផលនេះត្រូវបានផលិតចេញពីចេកទុំពណ៌លឿង ហើយត្រូវបានសង្កត់ឲ្យបានស្តើងៗ បន្ទាប់មកយកទៅផ្លុំឲ្យស្ងួត ហេតុដូច្នេះចេកមានរសជាតិឈ្ងុយឆ្ងាញ់ពិសេសតែម្តង។នេះគឺជាមូលហេតុធ្វើឱ្យភ្ញៀវទេសចរមិនអាចភ្លេចបាននូវរសជាតិរបស់មុខម្ហូបនេះជាពុំខានឡើយ។ ឆ្លៀតយកឧត្តមភាពនោះ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក សហករណ៍កសិកម្ម Quyet Thanh ស្រុក Moc Chau ខេត្ត Son La បានអនុវត្តតាមដំណើរការបបច្ចេកវិទ្យាកែច្នៃចេកសម្ងួតស្អិត តាមស្តង់ដារដែលបានកំណត់។ ចេកសម្ងួតស្អិតត្រូវបាននាំយកទៅវេចខ្ចប់ដោយម៉ាស៊ីនបឺតខ្យល់ ដើម្បីបង្កើនសុពលភាពរក្សារហូតដល់ ៦ ខែ។ ត្រឹមតែចំណាយ ៤ ម៉ឺនដុង សម្រាប់ចេកសម្ងួតមួយកញ្ចប់ ៣០០ ក្រាម លោកអ្នក អាចទទួលទានមុខម្ហូបដ៏ពិសេសប្រចាំតំបន់ភាគពាយព្យនៃប្រទេសវៀតណាមតែម្តង។ នេះមិនត្រឹមតែជាមុខម្ហូបដែលផ្ទុកជីវជាតិដ៏ល្អជាច្រើនប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាកាដូដ៏មានអត្ថន័យសម្រាប់ភ្ញៀវបរទេសឬប្រជាជនវៀតណាមនៅពេលដែលបានឃ្លាតឆ្ងាយពីស្រុកកំណើតទៀតផង។ប្រសិនបើលោកអ្នកមានឱកាសមកទស្សនាស្រុក Moc Chau សូមកុំខកខានឱកាសរីករាយជាមួយនឹងចេកសម្ងួតស្អិតនៅទីនេះណា៎!

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះព័ត៌មាន ខាងលើនេះ រាល់សំនួរនិងយោបល់របស់លោកអ្នកសូមអញ្ជើញផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com៕

ប្រតិកម្មទៅវិញ