ផ្លូវជាតិលេខ ១៣ ឆ្លងកាត់ទីក្រុង Thuan An និងទីក្រុង Thu Dau Mot ខេត្ត Binh Duong ។ (រូបថត៖ qdnd.vn) |
នៅឆ្នាំ ២០២១ សន្ទស្សន៍វាយតម្លៃការផ្លាស់ប្តូរឌីជីថលរបស់ខេត្ត Binh Duong បានជាប់ចំណាត់ថ្នាក់លេខ ២២/៦៣ខេត្តក្រុងទូទាំងប្រទេស ដោយកើនឡើង ៩ថ្នាក់ បើប្រៀបធៀបនឹងឆ្នាំ ២០២០។ ចាប់តាំងពីដើមឆ្នាំ២០២២ មក ខេត្តបានដាក់ចេញផែនការផ្លាស់ប្តូរឌីជីថលជាច្រើន ក្នុងនោះខេត្តបានអនុវត្តសាកល្បងមជ្ឈមណ្ឌលឃ្លាំមើល និងប្រតិបត្តិការឆ្លាតវៃ ខេត្ត Binh Duong (IOC) អនុវត្តន៍ប្រព័ន្ធកាមេរ៉ាឃ្លាំមើល គ្រប់គ្រងចរាចរណ៍ សន្តិសុខ សណ្តាប់ធ្នាប់ និងដោះស្រាយការបំពានច្បាប់ចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្ត។ ខេត្តក៏បានចេញសេចក្តីសម្រេច ស្តីពីការផ្លាស់ប្តូរឌីជីថលខេត្ត Binh Duong ដល់ឆ្នាំ ២០២៥ តម្រង់ទិសដៅឆ្នាំ ២០៣០។ យោងតាមលោក Le Tuan Anh ប្រធានមន្ទីរព័ត៌មាននិងទូរគមនាគមន៍ខេត្ត Binh Duongបានឲ្យដឹងថា បច្ចុប្បន្នខេត្ត Binh Duong បានដាក់ចេញនូវដំណើរការផ្លាស់ប្តូរឌីជីថលដែលមានសសរស្តម្ភចំនួន ៣ នោះគឺរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល៖ “មរតកពីការអនុវត្តបច្ចេកវិទ្យាព័ត៌មាននៅក្នុងស្ថាប័នរដ្ឋ បន្តដំណើរការផ្លាស់ប្តូរឌីជីថល រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដែលក្នុងនោះផ្តោតលើរដ្ឋបាលឌីជីថល យើងខ្ញុំបានធ្វើការងារជាច្រើនណាស់។ ផែនការសកម្មភាពផ្លាស់ប្តូរឌីជីថលឆ្នាំ ២០២២ ផ្តោតលើភារកិច្ចស្នូលមួយចំនួន ដូចជាការផ្លាស់ប្តូរឌីជីថលយកប្រជាជននិងអាជីវកម្មធ្វើជាមជ្ឈភាព ឆ្ពោះទៅរកផលប្រយោជន៍របស់ប្រជាជននិងសហគ្រាស ផ្តល់អាទិភាពក្នុងការជ្រើសរើសការផ្គត់ផ្គង់សេវាកម្មចាំបាច់បម្រើប្រជាជននិងអាជីវកម្ម”។
ខេត្ត Binh Duong បានកំណត់គោលដៅ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ សម្រេចការផ្លាស់ប្តូរឌីជីថលជាសារវ័ន្តនៅក្នុងស្ថាប័នបក្ស រដ្ឋ រណសិរ្សមាតុភូមិ និងអង្គការនយោបាយ-សង្គមនានា; ខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលដោយមានតម្លៃដែលទទួលបានស្រូបយកប្រមាណ ៣០% GRDP នៅឆ្នាំ ២០២៥ ហើយដល់ឆ្នាំ ២០៣០ ក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ប្រទេសទាំងមូល; ដល់ឆ្នាំ ២០៤៥ ក្លាយជាមជ្ឈមណ្ឌលផលិតកម្ម និងសេវាកម្មឆ្លាតវៃ មជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្ម និងច្នៃប្រឌិតក្នុងតំបន់អាស៊ី។
ជាក់ស្តែង រហូតមកដល់ពេលនេះ ខេត្ត Binh Duong បានសុក្រិត ៤/៤ កម្រិតនៃការអភិវឌ្ឍរបស់រដ្ឋបាលអេឡិចត្រូនិក អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញអ៊ីនធឺណែត ដោយតភ្ជាប់ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវបណ្តាញផ្សព្វផ្សាយទិន្នន័យឯកទេសនៅក្នុងស្ថាប័នទីភ្នាក់ងារបក្សនិងរដ្ឋ។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលទិន្នន័យរបស់ខេត្តត្រូវបានវិនិយោគ និងបន្តត្រូវបានពង្រីកជាមួយគំរូមជ្ឈមណ្ឌលទិន្នន័យសំខាន់ និងមជ្ឈមណ្ឌលទិន្នន័យបម្រុង ដើម្បីឆ្លើយតបនឹងតម្រូវការដាក់ពង្រាយទិន្នន័យកម្មវិធីរួមសម្រាប់រដ្ឋាភិបាល ទន្ទឹមនឹងនោះធានាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអនុវត្តទីក្រុងឆ្លាតវៃរបស់ខេត្ត។
ខេត្ត Binh Duong បាននិងកំពុងកសាងមជ្ឈមណ្ឌលនានាសំដៅស្រូបយកកម្លាំងបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍ផលិតផល ស្រាវជ្រាវបច្ចេកវិទ្យា ៤.០ និងរោងចក្រឆ្លាតវៃ ដើម្បីអនុវត្តជាជំហានៗក្នុងផលិតកម្ម។ ខេត្តគ្រោងនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងស្ថិតក្នុងក្រុមឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងវិស័យ វិទ្យាសាស្ត្រទិន្នន័យ (Data Science) និងបញ្ញាសិប្បនិម្មិត (AI)។ ស្តីពីទិសដៅនៃការផ្លាស់ប្តូរឌីជីថលនៅខេត្តនាពេលខាងមុខនេះ លោក Nguyen Viet Long ប្រធានមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្ត Binh Duong បានមានប្រសាសន៍ថា៖ “ផ្សាភ្ជាប់អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រដើម្បីជួយខេត្តកសាងយុទ្ធសាស្រ្តស្តីពីការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ជំរុញកម្មវិធីបណ្តុះបណ្តាលដែលផ្សាភ្ជាប់នឹងបញ្ហាទាំងនេះ ជាឧទាហរណ៍ អនុវត្តន៍ការស្រាវជ្រាវឌីជីថលភាវូបនីយកម្មសម្រាប់កម្លាំងយោធាខេត្ត ស្រាវជ្រាវបញ្ហាវាស់វែងកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល”
មជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃ (IOC) Binh Duong ។ (រូបថត៖ binhduong.gov.vn) |
ដើម្បីពន្លឿនការអនុវត្តគម្រោងការផ្លាស់ប្តូរឌីជីថលជាតិ ដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ របស់រដ្ឋាភិបាល គណៈកម្មាធិការប្រជាជនខេត្ត Binh Duong បន្តដឹកនាំស្ថាប័នមានសមត្ថកិច្ច និងទីភ្នាក់ងារសារព័ត៌មានចូលរួមយ៉ាងសកម្មក្នុងការជូនដំណឹងនិងឃោសនាអំពីអត្ថប្រយោជន៍ដែលគម្រោងនាំមកជូន សម្រាប់របម្រើប្រជាជន; លើកកម្ពស់ការគ្រប់គ្រង និងប្រតិបត្តិស្ថាប័នមានសមត្ថកិច្ច បង្កើតការស្រុះចិត្តគំនិតយ៉ាងទូលំទូលាយក្នុងសង្គម និងប្រជាជន។ រហូតមកដល់ពេលនេះ Binh Duong មានមន្ទីរ សាខាចំនួន ១៨/១៩ និងមូលដ្ឋានចំនួន ៨/៩ បានបង្កើតគណៈកម្មការដឹកនាំការផ្លាស់ប្តូរឌីជីថល។ លោក Pham Van Bay អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Di An ខេត្ត Binh Duong បានអះអាងថា៖ “ស្មារតីទូទៅគឺកាត់បន្ថយការលំបាក កាត់បន្ថយការចំណាយពេលជាអតិបរមា ក្នុងនោះផ្តោតលើការអនុវត្ត៖ មិនទូទាត់ជាសាច់ប្រាក់; មិនចាំបាច់ទៅដល់ទីស្នាក់ការរដ្ឋបាលទេ ដែលប្រជាជននៅតែទទួលបានការទទួលស្វាគមន៍ក្នុងការដោះស្រាយនីតិវិធីឯកសារនិងទី៣គឺខិតខំធ្វើការដោយគ្មានឯកសារ។
កាលពីខែមិថុនាកន្លងទៅ ខេត្ត Binh Duong មានកិត្តិយសដែលបានចូលក្នុង Top ៧ សហគមន៍ឆ្លាតវៃពិភពលោកឆ្នាំ ២០២២។ សន្ទស្សន៍វាយតម្លៃការផ្លាស់ប្តូរឌីជីថលនៅខេត្ត Binh Duong ក៏បានបង្កើនចំណាត់ថ្នាក់នៅក្នុងតារាងរៀបចំណាត់ថ្នាក់ទូទាំងប្រទេសផងដែរ។ លទ្ធផលទាំងនេះបានបង្កើតសន្ទុះសម្រាប់មូលដ្ឋាន ផ្លាស់ប្តូរឌីជីថលកាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខ៕