នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្រ្តីហូឡង់
លោក Mark Rutte ជិះកង់តាមផ្លូវ នាព្រឹកថ្ងៃទី ២ វិច្ឆិកា។ (រូបថត៖ VOV) |
មិត្តអ្នកស្តាប់ សម្បត្តិ នៅទីក្រុងភ្នំពេញ បានសម្តែងការចាប់អារម្មណ៍ចំពោះរូបភាពនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីហូឡង់ ជិះកង់និងជជែកគ្នាតាមផ្លូវ៖ “ខ្ញុំគិតថារូបភាពនេះមានឥទ្ធិពលខ្លាំងលើប្រជាជននៃប្រទេសទាំងពីរ ជាពិសេសនៅពេលដែលហូឡង់មានភាពល្បីល្បាញជាប្រទេសដែលស្រឡាញ់ការជិះកង់ ហើយភាគីទាំងពីរកំពុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបៃតងដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ”។ ហើយអ្នកស្តាប់ បុប្ផា នៅខេត្តសៀមរាប បានចាត់ទុកថា៖ “វៀតណាមមិនត្រឹមតែជាគោលដៅដ៏ស្និទ្ធស្នាលសម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងសម្រាប់ថ្នាក់ដឹកនាំ និងអ្នកនយោបាយអន្តរជាតិទៀតផង”។
អ្នកស្តាប់ ស៊ុន ផល់ អតីតនិស្សិតកម្ពុជានៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាហាណូយ បានផ្ញើក្ដីអបអរសាទរចំពោះប្រទេសវៀតណាម ក្នុងឱកាសដែលមានទីក្រុងចំនួនពីរបន្ថែមទៀតក្លាយជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ៖ “ក្នុងអំឡុងពេលសិក្សានៅប្រទេសវៀតណាម ខ្ញុំមានសំណាងដែលបានទៅទស្សនាទាំងទីក្រុង Hoi An និង Da Lat។ ទីក្រុងទាំងពីរនេះ សុទ្ធតែបង្កប់នូវតម្លៃ និងសក្តានុពលអភិវឌ្ឍន៍ជាច្រើន។ សូមអបអរសាទរចំពោះអ្នក ហើយឆ្លៀតឱកាសនេះ ខ្ញុំក៏មានសំណួរតូចមួយផងដែរ៖ តើការចូលរួមក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនឹងនាំមកនូវអត្ថប្រយោជន៍អ្វីខ្លះដល់ទីក្រុងទាំងពីរនេះ”?
ទិដ្ឋភាពដ៏ស្រស់បំព្រងនិងសុខសាន្តនៃទីក្រុងបុរាណ Hoi An។ (រូបថត៖ VNA) |
មិត្ត ស៊ុន ផល់ និងប្រិយមិត្តជាទីគោរព! កាលពីចុងខែតុលាកន្លងទៅ អង្គការយូណេស្កូបានទទួលស្គាល់ជាផ្លូវការទីក្រុង Da Lat និង Hoi An ជាសមាជិកនៃ "បណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ" (UCCN)។ Da Lat ជាទីក្រុងច្នៃប្រឌិតក្នុងវិស័យតន្ត្រី ហើយ Hoi An គឺជាទីក្រុងច្នៃប្រឌិតក្នុងវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។ ក្នុងឆ្នាំ ២០១៩ រដ្ឋធានីហាណូយរបស់វៀតណាមក៏ត្រូវបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតក្នុងវិស័យរចនាផងដែរ។ ការចូលរួមក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ គឺជាលក្ខខណ្ឌអំណោយផលសម្រាប់ទីក្រុងទាំងនេះក្នុងការកំណត់ម៉ាកយីហោ ផ្សព្វផ្សាយរូបភាពក្នុងវិស័យច្នៃប្រឌិតនានា រួមចំណែកក្នុងការទាក់ទាញការវិនិយោគ និងប្រមូលផ្ដុំកម្មវិធីអភិវឌ្ឍន៍អប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទីក្រុងហាណូយ ដាឡាត់ និងហូយអាន នឹងពង្រីកទំនាក់ទំនង បង្កើនឱកាសសហប្រតិបត្តិការអន្តរជាតិ ទទួលបានបទពិសោធន៍ និងគុណតម្លៃល្អៗពីអ្នកជំនាញអន្តរជាតិ អង្គការយូណេស្កូ ក៏ដូចជាទីក្រុង និងប្រទេសដទៃទៀត ដើម្បីអនុវត្តន៍ដោយភាពបត់បែនទៅក្នុងគំរូអភិវឌ្ឍន៍ដោយឡែករបស់ទីក្រុងនីមួយៗ។ ប្រភពធនធាន ប្រៀបខ្លាំងខាងធម្មជាតិ មនុស្ស វប្បធម៌-សិល្បៈ និងប្រវត្តិសាស្រ្តក៏នឹងត្រូវបានពង្រីកជាអតិបរមាក្នុងទិសដៅត្រឹមត្រូវ; ធ្វើជាមូលដ្ឋានដើម្បីទីក្រុងផ្តោតលើការឧទ្ទេសនាមរូបភាព និងគោលនយោបាយអភិរក្ស និងអភិវឌ្ឍន៍វិស័យច្នៃប្រឌិតរបស់ខ្លួនឱ្យកាន់តែទូលំទូលាយថែមទៀត។
ក៏ទាក់ទងនឹងប្រធានបទវប្បធម៌-សិល្បៈ-ទេសចរណ៍ោងដែរ លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព ក្រោយពីជោគជ័យនៃព្រឹត្តិការណ៍តន្ត្រីលំដាប់អន្តរជាតិនាពេលកន្លងទៅ នៅថ្ងៃទី ១៦ ខែធ្នូ ខាងមុខ ក្រុមតារាចម្រៀង Maroon 5 ដ៏ល្បីល្បាញរបស់អាមេរិក នឹងសម្តែងនៅលើឆាក 8Wonder នៅក្នុងមជ្ឈមណ្ឌល Phu Quoc United ក្នុងលើកដំបូងមកកាន់វៀតណាម។ ព័ត៌មាននេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្រឡាញ់តន្ត្រីក្នុងស្រុក និងអន្តរជាតិ។ មិត្ត ចាន់ លីនដា នៅទីក្រុងភ្នំពេញបានចែករំលែកក្នុងសំបុត្រផ្ញើរមកកម្មវិធីថា៖ "ខ្ញុំសង្ឃឹមថានឹងទទួលបានដំបូន្មានពីអ្នកទាំងអស់គ្នាដើម្បីជួយខ្ញុំអាចមានភាពងាយស្រួលក្នុងការទស្សនាកម្មវិធីតន្រ្តីផង ហើយអាចឆ្លៀតពេលស្វែងយល់ និងទទួលបទពិសោធន៍នៅកោះពេជ្រ Phu Quoc ទៀតផង"។
មជ្ឈមណ្ឌល Phu Quoc United ស្ថិតនៅតំបន់ភាគខាងជើងនៃកោះ Phu Quoc។ |
មិត្ត លីនដា និងប្រិយមិត្តជាទីមេត្រី! មជ្ឈមណ្ឌល Phu Quoc United ជាកន្លែងដែលព្រឹត្តិការណ៍តន្ត្រីអន្តរជាតិ 8Wonder ប្រព្រឹត្តទៅនោះ ស្ថិតនៅភាគខាងជើងនៃកោះ Phu Quoc។ តំបន់នេះប្រមូលផ្តុំសណ្ឋាគារជាច្រើន ដោយមានម៉ាកល្បីៗជាច្រើនពីម៉ាកលំដាប់ផ្កាយ ៥ ដល់សណ្ឋាគារខ្នាតតូចទំនើប ទាន់សម័យ... អ្នកទាំងអស់គ្នាអាចជ្រើសរើសកន្លែងស្នាក់នៅ ដែលសមស្របនឹងថវិកា និងចំណងចំណូលចិត្តរបស់អ្នក។ ជាពិសេស នៅចំកណ្តាលនៃ "ទីក្រុងដែលមិនដែលដេក" Grand World ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌល Phu Quoc United នោះ បន្ទប់សណ្ឋាគារឬផ្ទះស្នាក់នៅប្រកបដោយផាសុខភាព មើលទៅព្រែកដ៏រ៉ូមែនទិក... ចំណាយត្រឹមតែ ៥០ម៉ឺនដុង/ថ្ងៃ។ ពីទីនេះ ភ្ញៀវទេសចរអាចធ្វើដំណើរយ៉ាងងាយស្រួលទៅកាន់កន្លែងទស្សនាដ៏ល្បីល្បាញនៅលើកោះ ឬប្រើប្រាស់សេវាទទួល-ជូនទៅអាកាសយានដ្ឋានដោយមិនគិតថ្លៃដោយឡានក្រុងអគ្គិសនី Vinbus។ ក្នុងអំឡុងពេលនេះ Phu Quoc ស្ទើរតែគ្មានភ្លៀងធ្លាក់ ពន្លឺថ្ងៃចែងចាំងរស្មីយ៉ាងស្រស់ស្អាត សមុទ្រស្ងប់ស្ងាត់ និងអាកាសធាតុត្រជាក់ស្រួល ដូច្នេះវាពិតជាសមស្របដើម្បីឲ្យភ្ញៀវទេសចរអាចទទួលបទពិសោធន៍ពីសកម្មភាពនៅកណ្ដាលវាល សម្របខ្លួននៅក្នុងបរិយាកាសនៃពិធីបុណ្យ - តន្ត្រី - កម្សាន្តកំពូល ទស្សនាធម្មជាតិនៅភាគខាងជើងកោះ ហើយរីករាយជាមួយគ្រឿងសមុទ្រ និងអាហារឆ្ងាញ់ៗនៅមូលដ្ឋាន... ប្រសិនបើអ្នកខ្លាចការកក់សេវាកម្មនីមួយៗដាច់ដោយឡែក អ្នកអាចស្វែងរកកញ្ចប់ combo តាមរយៈក្រុមហ៊ុនទេសចរណ៍ដែលមានកេរ្តិ៍ឈ្មោះ ដែលផ្ដល់ combo រួមមានសំបុត្រយន្តហោះទៅមករវាងទីក្រុងហូជីមិញ - Phu Quoc បន្ទប់សណ្ឋាគារ សំបុត្រចូលទស្សនាតន្ត្រី និងសំបុត្រចូលទស្សនាកន្លែងផ្សេងៗ... សូមជូនពរអ្នកទាំងអស់គ្នាទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងមិនអាចបំភ្លេចបាននៅកោះ Phu Quoc។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិយោបល់និងសំណួររបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអានដែលយើងខ្ញុំបានសរុបមកក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានមនោសញ្ចេតនា និងមតិយោបល់ជាច្រើនពីប្រិយមិត្ត៕