ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

Chia sẻ
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅនេះ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួនជិត ៤០០ ដែលត្រូវបានផ្ញើមកកម្មវិធីវិទ្យុនានានៃប៉ុស្តិ៍ VOV5។ សូមអរគុណប្រិយមិត្តដែលបានផ្ដល់មនោសញ្ចេតនាដ៏កក់ក្ដៅនិងមតិយោបល់ដ៏មានតម្លៃជូនដល់យើងខ្ញុំ។
ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ បានប្រព្រឹត្តទៅប្រកបដោយសេរីភាព សុវត្ថិភាព និងតម្លាភាព។ (រូបថត៖ VOV)

ទាក់ទងនឹងខ្លឹមសារព័ត៌មានក្នុងសប្តាហ៍កន្លងទៅនេះ គឺខ្លឹមសារជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ទទួលបានការយកចិត្តទុកដាក់ជាច្រើនពីសំណាក់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន។ អ្នកស្តាប់ បុប្ផា នៅខេត្តសៀមរាប បានផ្ញើសំបុត្រថា៖ “ខ្ញុំឃើញថា សកម្មភាពបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន និងតម្លាភាព។ សុវត្ថិភាពសណ្ដាប់ត្រូវបានធានា។ មនសិការបស់ប្រជាពលរដ្ឋនៅពេលទៅបោះឆ្នោតក៏ប្រសើរឡើងផងដែរ”។ អ្នកស្តាប់ សម្បត្តិ នៅរាជធានីភ្នំពេញ បានបញ្ចេញមតិថា៖ “ខ្ញុំជឿជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនឹងឈ្នះ ដើម្បីបន្តបេសកកម្មរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងនាំប្រទេសជាតិកាន់តែរីកចម្រើនលើគ្រប់វិស័យ”។ ចំណែកឯអ្នកស្តាប់ ចាន់ លីនដា នៅខេត្តតាកែវ បានចែករំលែកថា៖ “ខ្ញុំនិងក្រុមគ្រួសារទាំងមូលបានទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ដើម្បីបំពេញកាតព្វកិច្ចពលរដ្ឋ។ ខ្ញុំសង្ឃឹមថា រដ្ឋសភា និងរដ្ឋាភិបាលអាណត្តិថ្មីនឹងបន្តយកចិត្តទុកដាក់ដល់ការថែទាំជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសផ្នែកសុខាភិបាល និងអប់រំ”។

មិត្តអ្នកស្តាប់វិទ្យុជាទីមេត្រី! ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជាបានបញ្ចប់ប្រកបដោយជោគជ័យ ដោយមានអ្នកទៅបោះឆ្នោតចំនួនជាង ៨លាននាក់ ស្មើនឹងជាង ៨៤,៥%។ លទ្ធផលនេះបង្ហាញពីមនសិការនយោបាយ មនសិការនៃភាពជាម្ចាស់របស់ប្រជាជន។ ការចូលរួមតាមដាននិងឃ្លាំមើលរបស់អ្នកសង្កេតការណ៍ទាំងជាតិនិងអន្តរជាតិចំនួនជាង ៩ ម៉ឺននាក់ បានបង្ហាញថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយសេរីភាព សុវត្ថិភាព និងតម្លាភាព។ សន្លឹកឆ្នោតរាប់លានរបស់អ្នកបោះឆ្នោត គឺជាបំណងប្រាថ្នារាប់លានអំពីសន្តិភាព ស្ថិរភាពសម្រាប់ប្រទេសកម្ពុជាបន្តអភិវឌ្ឍន៍។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-វៀតណាមផងដែរ មិត្តអ្នកស្តាប់ គឹមហុង នៅទីក្រុងភ្នំពេញ បានបញ្ចេញមតិថា៖ “ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ពិតជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ សង្ឃឹមថា វៀតណាមនឹងបន្តរក្សាបាននូវឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន”។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចដែលយើងខ្ញុំបានជម្រាបជូនថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៣ វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសរុបដែលស្រូបយកជិត ៥០% នៃទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងប្រទេសដទៃទៀតក្នុងតំបន់។ អាស្រ័យលើសន្ទុះកំណើនជាវិជ្ជមាននៃទំហំពាណិជ្ជកម្មនៅក្នុងប៉ុន្មានខែដើមឆ្នាំនេះ វៀតណាមមិនត្រឹមតែជាដៃគូធំបំផុតរបស់កម្ពុជាក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជាលើពិភពលោក បន្ទាប់ពីប្រទេសចិន និងអាមេរិកទៀតផង។ ទំនិញនាំចេញស្នូលរបស់កម្ពុជាមកវៀតណាម រួមមាន អង្ករ កៅស៊ូ គ្រាប់ស្វាយចន្ទី ពោត ដំឡូងមី... ផ្ទុយទៅវិញ កម្ពុជានាំចូលទំនិញពីវៀតណាម ដូចជា សម្ភារៈសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ទំនិញអគ្គិសនី គ្រឿងអេឡិចត្រូនិច ជី គ្រឿងទេស និងបន្លែ។ល។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ក្នុងអត្រាជាមធ្យម ១៨,៥% ក្នុងមួយឆ្នាំក្នុងដំណាក់កាល ២០១០-២០១៥ និងប្រហែលជាង ២១% ក្នុងដំណាក់កាល ២០១៥-២០២០។ ក្នុងឆ្នាំ ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងកម្ពុជាសម្រេចបាន ១០,៥៧ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១១% បើធៀបនឹងឆ្នាំ ២០២១។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! នាពេលថ្មីៗនេះ សិល្បករល្បីល្បាញ់ជាច្រើនលើពិភពលោកបានជ្រើសរើសប្រទេសវៀតណាមជាកន្លែងរៀបចំកម្មវិធីសម្ដែងលំដាប់ពិភពលោក។ ប្រការនេះមិនត្រឹមតែទាក់ទាញការយកចិត្តទុកដាក់របស់ប្រជាជន
វៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ថែមទាំងប្រព័ន្ធផ្សព្វផ្សាយ និងមិត្តភក្តិអន្តរជាតិទៀតផង។ លោក ស៊ុន ផុល នៅរាជធានីភ្នំពេញ បានចែករំលែកក្នុងសំបុត្រដែលផ្ញើរមកកាន់កម្មវិធីថា៖ “ព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោកបែបនេះ ពិតជានឹងជួយឱ្យវិស័យទេសចរណ៍វៀតណាមមានការរីកចម្រើនយ៉ាងខ្លាំងនាពេលខាងមុខ។ ឥឡូវនេះ ភ្ញៀវទេសចរមិនត្រឹមតែស្គាល់ដល់វៀតណាមតាមរយៈទេសភាពធម្មជាតិដ៏ស្រស់បំព្រង វប្បធម៌ និងម្ហូបអាហារដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងក៏ជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ព្រឹត្តិការណ៍វប្បធម៌-កម្សាន្តលំដាប់កំពូលទៀតផង”។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2ក្រុមតារាចម្រៀង BlackPink សម្ដែងនៅពហុកីឡដ្ឋានជាតិ My Dinh នាយប់ថ្ងៃទី ២៩ កក្កដា។ (រូបថត៖ VOV)

ក្នុងរយៈពេលតែប៉ុន្មានថ្ងៃចុងខែកក្កដានេះ "តារាដែលមានចំនួនអ្នកតាមដានរាប់ពាន់លាន" នៃឆាកតន្ត្រីពិភពលោកគឺតារាចម្រៀង Charlie Puth (សហរដ្ឋអាមេរិក) និងក្រុមតារាចម្រៀង BlackPink (កូរ៉េខាងត្បូង) បានមកសម្តែងនៅរដ្ឋធានីហាណូយនិងទីក្រុងឆ្នេរសមុទ្រ Nha Trang ដ៏ស្រស់ស្អាតនៃប្រទេសវៀតណាម។ យោងតាមការធ្វើស្ថិតិពីគេហទំព័រកក់បន្ទប់អនឡាញ Agoda បន្ទាប់ពីព័ត៌មានអំពីកម្មវិធីសម្ដែងរបស់ក្រុម BlackPink ត្រូវបានប្រកាស ការស្វែងរកកន្លែងស្នាក់នៅក្នុងទីក្រុងហាណូយបានកើនឡើងយ៉ាងខ្លាំង ដែលខ្ពស់ជាងសប្តាហ៍មុន ១០ ដង។ ការស្វែងរកពីបរទេសក៏បានកើនឡើង ២,៥ ដងផងដែរ ជាពិសេសពីទីផ្សារដូចជាប្រទេសចិន កម្ពុជា ហុងកុង តៃវ៉ាន់ និងហ្វីលីពីន។ ក្នុងពេលជាមួយគ្នានោះ Agoda ក៏បានកត់ត្រាការកើនឡើងចំនួន ៨០% នៃការស្វែងរកកន្លែងស្នាក់នៅទីក្រុងឆ្នេរសមុទ្រ Nha Trang ពីភ្ញៀវក្នុងស្រុក និង ២៥% សរុបបន្ទាប់ពីមានព័ត៌មានអំពីការកម្មវិធីសម្ដែងរបស់តារាចម្រៀង Charlie Puth ផងដែរ។ ជោគជ័យនៃព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោកទាំងនេះ បានបើកឱកាសដើម្បីនាំវៀតណាមក្លាយជាគោលដៅសម្រាប់ទួរតន្ត្រីសកល ដែលទាក់ទាញភ្ញៀវអន្តរជាតិមករីករាយកំសាន្តនឹងកម្មវិធីតន្ត្រីដ៏ពេញនិយមរបស់ខ្លួន ហើយទន្ទឹមនឹងនោះទទួលបទពិសោធន៍នៅតាមទីកន្លែងទេសចរណ៍ ស្វែងយល់វប្បធម៌នៅមូលដ្ឋាន អូសបន្លាយរយៈពេលស្នាក់នៅ បង្កើនការចំណាយរបស់ភ្ញៀវទេសចរ តាមនោះរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌របស់វៀតណាម។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិយោបល់និងសំណួររបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអានដែលយើងខ្ញុំបានសរុបមកក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានមនោសញ្ចេតនា និងមតិយោបល់ជាច្រើនពីប្រិយមិត្ត៕

ប្រតិកម្មទៅវិញ