ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

Chia sẻ

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅនេះ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួនជិត ៤០០ ដែលត្រូវបានផ្ញើមកកម្មវិធីវិទ្យុនានានៃប៉ុស្តិ៍ VOV5។ សូមអរគុណប្រិយមិត្តដែលបានផ្ដល់មនោសញ្ចេតនាដ៏កក់ក្ដៅនិងមតិយោបល់ដ៏មានតម្លៃជូនដល់យើងខ្ញុំ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ជាទីបំផុត ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង បានបញ្ចប់ជាផ្លូវការហើយ ក្រោយពីប៉ុន្មានថ្ងៃប្រកួតយ៉ាងផុលផុស ហើយបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អប្រសើរជាច្រើន ក្នុងក្រអៅបេះដូងអ្នកគាំទ្រកីឡានិយាយដោយឡែក និងប្រជាជនក្នុងតំបន់និយាយរួម។ ក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្តអ្នកស្តាប់ ស៊ុន ផល អតីតនិស្សិតកម្ពុជានៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ បានសម្តែងថា៖ “ខ្ញុំមានការរំភើបចិត្តនៅពេលបានអានអត្ថាធិប្បាយរបស់ប្រជាជនវៀតណាម ក៏ដូចជាប្រទេសដទៃទៀតក្នុងតំបន់។ សូមអរគុណអ្នកទាំងអស់គ្នាដែលបានផ្ដល់ការសរសើរជាច្រើនជូនប្រទេសម្ចាស់ផ្ទះកម្ពុជា”។ អ្នកស្តាប់ វុទ្ធា នៅរាជធានីភ្នំពេញ បានបញ្ចេញមតិដូចគ្នាថា៖ “រូបខ្ញុំផ្ទាល់មានការភ្ញាក់ផ្អើលចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា នៅពេលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូង។ ចាប់ពីការផ្ដល់សេវា សិទ្ធិផ្សាយទូរទស្សន៍ដោយឥតគិតថ្លៃ រហូតដល់ការវិនិយោគយ៉ាងខ្លាំងក្នុងពិធីបើកនិងពិធីបិទ។ ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគទាំងនោះសក្តិសមណាស់ ព្រោះវាបានបង្កើតចំណាប់អារម្មណ៍យ៉ាងច្បាស់លាស់ នៅក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិអំពីមុខមាត់ប្រទេសកម្ពុជាប្រកបដោយមិត្តភាព ភាពរួសរាយរាក់ទាក់ និងការធ្វើសមាហរណកម្មអភិវឌ្ឍផងដែរ”។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1តំណាងក្រុមបាល់ទាត់នារីវៀតណាម (ខាងឆ្វេង) និងកីឡាការិនី Nguyen Thi Oanh (ខាងស្ដាំ) ទទួលបានរង្វាន់ដោយមានសមិទ្ធផលឆ្នើមនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ៣២។ (រូបថត៖ vtc.vn)

ចំណែកឯអ្នកស្តាប់ លី ចន្ថា នៅខេត្តសៀមរាប បានសម្តែងការកោតសរសើរចំពោះអត្តពលិកវៀតណាម៖ “តាមរយៈស៊ីហ្គេមលើកនេះ ខ្ញុំបានមើលឃើញពីគម្លាតរវាងកីឡាបាល់ទាត់នារីវៀតណាម និងប្រទេសផ្សេងៗក្នុងតំបន់។ វៀតណាមសក្តិសមទទួលបានសំបុត្រចូលរួម World Cup នារីនាពេលខាងមុខ។ ហើយអត្តពលិកដែលខ្ញុំពិតជាកោតសរសើរនោះ គឺកីឡាការិនីអត្តពលកម្ម Nguyen Thi Oanh។ ការឈ្នះបានមេដាយមាស២គ្រឿង ក្នុងរយៈពេលត្រឹមតែកន្លះម៉ោង ពិតជាស្នាដៃមិនគួរឱ្យជឿ។ ខ្ញុំក៏សូមអបអរសាទរចំពោះប្រតិភូកីឡាវៀតណាមជាមួនឹងចំណាត់ថ្នាក់លេខ១ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ”។

ក្រៅពីប្រធានបទស៊ីហ្គេម មិត្តអ្នកស្តាប់ជាច្រើនបានសម្ដែងចំណាប់អារម្មណ៍ចំពោះសកម្មភាពក្នុងឱកាសរំលឹកខួបលើកទី ១៣៣ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ។ អ្នកស្តាប់ សុភត្តិ នៅភ្នំពេញបានសួរថា តើសំណង់រំលឹកវិញ្ញាណក្ខន្ធ លើកតម្កើងលោកប្រធានហូជីមិញមានវត្តមាននៅប្រទេសប៉ុន្មាន? អ្នកស្តាប់ខ្លះទៀតមានបំណងចង់ស្ដាប់ការណែនាំអំពីកេរ្តិ៍ដំណែលផ្ទះផុតពីដីលោកអ៊ុំហូ ដែលស្ថិតនៅក្នុងវិមានប្រធានរដ្ឋ រដ្ឋធានីហាណូយ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! លោកប្រធានហូជីមិញ មិនត្រឹមតែជាអគ្គមគ្គុទេសជាទីគោរពរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាមេដឹកនាំ ជាវីរៈបុរសរំដោះជាតិ ដែលត្រូវបានប្រជាជនជុំវិញពិភពលោកកោតសរសើរយ៉ាងស្មោះស្ម័គ្រទៀតផង។ មានកន្លែងជាច្រើនជុំវិញពិភពលោកបានដំឡើងរូបបដិមារ ស្ដូប ឬដាក់ឈ្មោះសំណង់តាមលោកប្រធានហូជីមិញ ដើម្បីរំលឹកដល់វរជនវប្បធម៌ពិភពលោករូបនេះ។ រហូតមកដល់ពេលនេះ សំណង់រំលឹកវិញ្ញាណក្ខន្ធដែលដាក់ឈ្មោះតាមលោកប្រធានហូជីមិញបានមានវត្តមាននៅប្រទេសចំនួនជាង ២០ ជុំវិញពិភពលោក រួមទាំងទ្វីបអាស៊ី អឺរ៉ុប អាមេរិក និងអាហ្វ្រិក។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2កេរ្តិ៍ដំណែលផ្ទះឈើផុតពីដីលោកអ៊ុំហូទទួលភ្ញៀវទេសចរមកទស្សនា។ (រូបថត៖ toquoc.vn)

នៅរដ្ឋធានីហាណូយ តំបន់កេរ្តិ៍ដំណែលផ្ទះឈើផុតពីដីលោកអ៊ុំហូ គឺជាសំណង់ប្រវត្តិសាស្ត្រ វប្បធម៌ដ៏ពោរពេញទៅដោយអត្ថន័យ ដែលផ្សារភ្ជាប់ជាមួយនឹងលោកប្រធានហូជីមិញ។ នេះគឺជាកន្លែងដែលលោកប្រធានបានរស់នៅនិងធ្វើការយូរបំផុតក្នុងជីវិតបដិវត្តន៍របស់ខ្លួន ចាប់ពីថ្ងៃទី ១៧ ឧសភា ឆ្នាំ ១៩៥៨ រហូតដល់ទទួលមរណភាព (ឆ្នាំ ១៩៦៩)។ ផ្ទះឈើផុតពីដីលោកអ៊ុំហូ ស្ថិតនៅចំកណ្តាលសួនច្បារដ៏ធំទូលាយខាងក្រោយវិមានប្រធានរដ្ឋ ដែលបើកឱ្យភ្ញៀវចូលទស្សនានៅថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តម្លៃសំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសគឺ ២៥ ពាន់ដុង (ប្រមាណជាង ១ ដុល្លារ)។ ផ្ទះនេះត្រូវបានរចនាតាមរចនាបថផ្ទះឈើផុតពីដីរបស់ជនរួមជាតិជនជាតិភាគតិច៖ បណ្តោយ ១០,៥ ម៉ែត្រ ទទឹង ៦,២ ម៉ែត្រ មានពីរជាន់ ជាន់ខាងលើមានបន្ទប់ពីរ៖ បន្ទប់នីមួយៗមានទំហំប្រមាណ ១០ ម៉ែត្រការ៉េ ដែលត្រូវបានប្រើធ្វើជាបន្ទប់គេង និងបន្ទប់ធ្វើការក្នុងរដូវរងារ។ ជាន់ក្រោមគឺជាកន្លែងដែលលោកប្រធានធ្វើការនៅរដូវក្តៅ កន្លែងជួបជុំរបស់ការិយាល័យនយោបាយ និងកន្លែងទទួលភ្ញៀវដ៏ជិតស្និទ្ធ។ នៅខាងមុខផ្ទះមានស្រះចិញ្ចឹមត្រីធំមួយ ដែលលោកប្រធានតែងតែចិញ្ចឹមត្រីនៅពេលទំនេរ; នៅជុំវិញផ្ទះ គឺសួនច្បារបៃតងដោយមានដើមឈើជាច្រើនប្រភេទ ដែលត្រូវបាននាំយកពីគ្រប់ទិសទីលើទូទាំងប្រទេសមកដាំ។ ផ្ទះឈើផុតពីដីលោកអ៊ុំហូ មិនត្រឹមតែជាសំណង់ស្ថាបត្យកម្ម វប្បធម៌ដ៏ល្អប្រណិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងយ៉ាងរស់រវើកពីរចនាបទនិងដួងព្រលឹងរបស់លោកប្រធានហូជីមិញទៀតផង ដែលជាភាពសាមញ្ញ ភាពស្និទ្ធស្នាល ភាពអធ្យាស្រ័យ និងភាពសុខដុមជាមួយធម្មជាតិ៕

ប្រតិកម្មទៅវិញ