ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

Chia sẻ

(VOVWORLD) - ជម្រាបសួរប្រិយមិត្តទាំងអស់ជាទីមេត្រី។ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ជូនដល់លោកអ្នកនាងនិងប្រិយមិត្តទាំងអស់គ្នា ក្នុងឱកាសចូលឆ្នាំថ្មី។ ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួនជិត ៤០០ ដែលត្រូវបានផ្ញើមកកម្មវិធីផ្សាយសម្លេងនានានៃកាណាល់ VOV៥។ សូមអរគុណចំពោះមនោសញ្ចេតនានិងការរួមចំណែកជាមតិយោបល់របស់ប្រិយមិត្ត។

វាយតំលៃពីគុណភាពរលកផ្សាយសំលេង មិត្តអ្នកស្តាប់ ស៊ុន ផល នៅរាជធានីភ្នំពេញ បានធ្វើអត្ថាធិប្បាយថា៖ រលកផ្សាយសំលេងមានគុណភាពល្អ សម្លេងស្ដាប់ច្បាស់។ មិត្តអ្នកស្តាប់ ចន្ថាវី នៅខេត្តតាកែវ ចែករំលែកមតិដូចគ្នាថា៖ “គុណភាពសំឡេងល្អ សម្លេងអ្នកអានងាយស្ដាប់។ ក្នុងសប្ដាហ៍មុន មានព័ត៌មានល្អជាច្រើនអំពីទំនាក់ទំនងវៀតណាម-កម្ពុជា”។

ទាក់ទិននឹងព្រឹត្តិការណ៍ក្នុងសប្តាហ៍កន្លងទៅ ដែលលេចធ្លោបំផុតគឺសកម្មភាពទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មិត្តអ្នកស្តាប់ សម្បត្តិ នៅរាជធានីភ្នំពេញ បានផ្ញើសំបុត្រមកកម្មវិធី សួរអំពីបរិយាកាសទទួលអំណរឆ្នាំថ្មីរបស់សហគមន៍ជនជាតិខ្មែរតំបន់ណាមបូនៅប្រទេសវៀតណាម។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1លោក Do Van Chien លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មីជនរួមជាតិខ្មែរនៅខេត្ត Bac Lieu។
(រូបថត៖ TTXVN)

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ក្នុងប៉ុន្មានថ្ងៃនេះ នៅទូទាំងភូមិសុក សហគមន៍ជនជាតិខ្មែរណាមបូ ក្នុងប្រទេសវៀតណាម កំពុងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីក្នុងបរិយាកាសដ៏សប្បាយរីករាយ។ ក្នុងសប្ដាហ៍កន្លងទៅ ក្រុមការងាររបស់បក្ស រដ្ឋាភិបាល រដ្ឋសភា និងរណសិរ្សមាតុភូមិវៀតណាមបានរៀបចំដំណើរទស្សនកិច្ចជាច្រើន ដើម្បីចុះសួរសុខទុក្ខ ជូនអំណោយ និងជូនពរឆ្នាំថ្មីដល់ព្រះសង្ឃ និងជនរួមជាតិជាជនជាតិខ្មែរណាមបូនៅតាមមូលដ្ឋាននានា។ ជួបសំណេះសំណាលជាមួយប្រជាជន ថ្នាក់ដឹកនាំបក្ស រដ្ឋសុទ្ធតែកោតសរសើរចំពោះការរួមវិភាគទានរបស់បងប្អូនជនរួមជាតិខ្មែរណាមបូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាការពារជាតិ សន្តិសុខ…ព្រមទាំងបានស្នើឲ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់បន្ថែមទៀតដល់ការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។ នៅតាមមូលដ្ឋាននានានៃតំបន់ណាមបូ សកម្មភាពអំណរបុណ្យចូលឆ្នាំថ្មីជាច្រើន ក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ៖ ថ្នាក់ដឹកនាំមូលដ្ឋានបានចុះសួរសុខទុក្ខ ជូនអំណោយ និងជូនពរបងប្អូនជនរួមជាតិខ្មែរ; វត្តអារាមត្រូវបានសម្អាត និងតុបតែងយ៉ាងស្អាតឆើតឆាយ; សកម្មភាពលេងកម្សាន្ត ដូចជាការប្រណាំងទូកង រាំវង់… ប្រព្រឹត្តទៅយ៉ាងសប្បាយអ៊ូអរ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

សកម្មភាពមួយទៀតដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តអ្នកអាននិងមិត្តអ្នកស្តាប់វ័យក្មេងនាពេលកន្លងទៅ គឺវៀតណាមបានរៀបចំទិវាហ្គេមជាលើកដំបូង។ ក្នុងសំបុត្រផ្ញើមកកាន់កម្មវិធី មិត្ត បុប្ផា និស្សិតឆ្នាំទី ៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ បានសម្តែងថា៖ “ការលេងហ្គេមគឺជាទម្រង់កម្សាន្តពេញនិយមរបស់ខ្ញុំ បន្ទាប់ពីម៉ោងសិក្សាដ៏តានតឹង។ វាមិនត្រឹមតែជួយកាត់បន្ថយស្ត្រែសប៉ុណ្ណោះទេ ថែមទាំងជួយហ្វឹកហាត់សមត្ថភាពគិតគូរ ដោះស្រាយបញ្ហា និងបំណិនទំនាក់ទំនងទៀតផង។ ខ្ញុំសង្ឃឹមថានឹងមានព្រឹត្តិការណ៍បែបនេះត្រូវបានរៀបចំឡើងជាច្រើនបន្ថែមទៀត នៅទាំងក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីរួមចំណែកផ្លាស់ប្តូរការរើសអើងសង្គមមួយចំនួនចំពោះហ្គេមអនឡាញនាពេលបច្ចុប្បន្ននេះ”។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចព័ត៌មានដែលយើងខ្ញុំបានផ្សាយ កាលពីដើមខែមេសាកន្លងទៅ នៅទីក្រុងហូជីមិញ នាយកដ្ឋានវិទ្យុ ទូរទស្សន៍ និងព័ត៌មានអេឡិចត្រូនិក (ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម) បានសម្របសម្រួលជាមួយអង្គភាពនានា រៀបចំទិវាហ្គេមវៀតណាមលើកដំបូងឆ្នាំ ២០២៣ (Vietnam GameVerse ២០២៣)។ តាមរយៈព្រឹត្តិការណ៍នេះ អ្នកជំនាញបានចែករំលែកបទពិសោធន៍ និងដំណោះស្រាយដើម្បីឆ្ពោះទៅការបង្កើតបរិយាកាសដ៏អំណោយផលសម្រាប់ឧស្សាហកម្មហ្គេមវៀតណាមមានឱកាសអភិវឌ្ឍន៍នាពេលខាងមុខ រួមចំណែកដល់សេដ្ឋកិច្ចឌីជីថលនៅវៀតណាម។ ក្រសួងព័ត៌មាន និងទូរគមនាគមន៍បានដាក់ចេញផែនការថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រាក់ចំណូលនៃឧស្សាហកម្មហ្គេមនឹងកើនឡើងដល់ ១ ពាន់លានដុល្លារអាមេរិក បើធៀបនឹងចំនួន ៦០០ លានដុល្លារនាបច្ចុប្បន្ន; ចំនួនសហគ្រាសប្រតិបត្តិការពី ៣០ អង្គភាពនាបច្ចុប្បន្នកើនឡើងដល់១០០ទៅ១៥០អង្គ
ភាព។ ជាមួយនឹងការរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហ្គេមអនឡាញនាសព្វថ្ងៃកំពុងតែអះអាងជាជំហានៗនូវឋានៈរបស់ខ្លួន ដោយមិនត្រឹមតែជាទម្រង់ កម្សាន្តមួយប៉ុណ្ណោះទេ ថែមទាំងត្រូវបានចាត់ទុក ជាឧស្សាហកម្មពោរពេញទៅដោយសក្តានុពលនៃអនាគត ជាវិញ្ញាសារកីឡាបញ្ញាមួយ (E-sports) កាន់តែពេញនិយម ហើយត្រូវបានដាក់ចូលប្រកួតក្នុងព្រឹត្តិការណ៍កីឡាធំៗ ក្នុងនោះមានទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជានាពេលខាងមុខផងដែរ។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2ទិដ្ឋភាពទីក្រុងឆ្នេរស្រស់ស្អាត Da Nang នៅពេលយប់។ (រូបថត៖ VOV)

ទាក់ទងនឹងពីព័ត៌មានខ្លះៗអំពីទេសចរណ៍ មិត្ត លីណា និស្សិតនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ Thai Binh បានផ្ញើសំណួរមកកម្មវិធីថា៖ “ខ្ញុំមានផែនការនាំមិត្តភក្តិនៅប្រទេសកម្ពុជាមកដើរលេងនៅវៀតណាមរយៈពេលឈប់សម្រាកក្នុងឱកាសថ្ងៃទី៣០ខែមេសាឆ្នាំនេះ។ ទីតាំងដែលបានជ្រើសរើសគឺទីក្រុងឆ្នេរសមុទ្រ Da Nang។ ដូច្នេះហើយ ខ្ញុំមានបំណងថា កម្មវិធីនឹងជួយផ្ដល់ព័ត៌មានខ្លះៗអំពីព្រឹត្តិការណ៍ទេសចរណ៍ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang ក្នុងអំឡុងពេលនេះ។ ខ្ញុំសូមអរគុណ”។

មិត្ត លីណា និងប្រិយមិត្តជាទីមេត្រី! ក្នុងរយៈពេលឈប់សម្រាកនាឱកាសថ្ងៃទី ៣០ មេសាខាងមុខនេះ ទីក្រុង Da Nang គឺជាទីកន្លែងដែលនឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ និងពិធីបុណ្យអន្តរជាតិដ៏ទាក់ទាញជាច្រើន។ នៅតំបន់ Sun World Ba Na Hills មហោស្រពអាហារនិងស្រាបៀរ B'estival នឹងត្រូវបានប្រារព្ធធ្វើឡើង ដោយនាំមកជូនអ្នកចូលរួមនូវបទពិសោធន៍អំពីម្ហូបអាហារ និងស្រាបៀរ លាយឡំជាមួយនឹងចង្វាក់ភ្លេងដ៏រស់រវើកប្រចាំតំបន់ Oktoberfest (ប្រទេសអាល្លឺម៉ង់)។ សម្រាប់ភ្ញៀវទេសចរដែលស្រឡាញ់តន្ត្រី ឧទ្យានកំសាន្តអាស៊ី (Asia Park) គឺជាគោលដៅដ៏សមរម្យ ជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ សិល្បៈ Wow Summer ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ថ្ងៃទី ២ ខែ ឧសភា។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះជាមតិ យោបល់របស់មិត្តអ្នកស្តាប់ មិត្តអ្នកអានដែលយើងខ្ញុំទទួលបានកាលពីសប្តាហ៍មុន។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានមនោសញ្ចេតនានិងមតិយោបល់ជាច្រើនពីប្រិយមិត្ត៕

ប្រតិកម្មទៅវិញ