លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ឆ្នាំ ២០២២ ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ជិតកន្លងផុតទៅហើយ ជាមួយនឹងព្រឹត្តិការណ៍និងសមិទ្ធផលលេចធ្លោក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ មិត្តអ្នកស្ដាប់ សូវ សម្បត្តិ នៅរាជធានីភ្នំពេញបានផ្ញើរអត្ថាធិប្បាយថា៖ “ខ្ញុំគិតថា ប្រជាជននៃប្រទេសយើងទាំងពីរអាចមានមោទនភាពនិងក្ដីសប្បាយរីករាយនៅពេលឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងល្អប្រសើរក្នុងឆ្នាំកន្លងទៅ លើគ្រប់វិស័យចាប់ពីនយោបាយការទូត សន្តិសុខការពារជាតិ សេដ្ឋកិច្ចសង្គម វប្បធម៌អប់រំ ជាដើម។” ចំណែកឯមិត្តអ្នកស្ដាប់ ស៊ុន ផល អតីតនិស្សិតនៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយ បានសម្ដែងថា៖ “ជាមនុស្សម្នាក់ដែលតែងតែតាមដានព័ត៌មានជាភាសាខ្មែរផងនិងវៀតណាមផង ខ្ញុំឃើញថា ឆ្នាំកន្លងទៅសារព័ត៌មាននៃប្រទេសយើងទាំងពីរបានផ្សព្វផ្សាយយ៉ាងល្អិតល្អន់អំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ ក៏ដូចជាសមិទ្ធផលក្នុងទំនាក់ទំនងកម្ពុជា វៀតណាម ក្រោយរយៈពេល ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត”។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួមវេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាម-កម្ពុជា ដែលបានរៀបចំឡើងក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី
Pham Minh Chinh នៅកម្ពុជា។ (រូបថត៖ VOV) |
អាចនិយាយបានថា ឆ្នាំ ២០២២ កន្លងទៅ វៀតណាមនិងកម្ពុជាមានព្រឹត្តិការណ៍សំខាន់ជាច្រើនក្នុងឱកាសរំលឹកខួបលើកទី៥៥ ទិវាបង្កើតទំនាក់ទំនងការទូត។ លើវិស័យនយោបាយ ការទូត ប្រទេសទាំងពីរបានផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមកយ៉ាងសកម្ម ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ដែលចាប់ផ្ដើមដោយដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅខែធ្នូ ឆ្នាំ២០២១ ជាការចាប់ផ្ដើមឆ្នាំមិត្តភាពវៀតណាម កម្ពុជា កម្ពុជា វៀតណាម។ ក្នុងឆ្នាំ២០២២ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ ចំពោះភាគីកម្ពុជាវិញ ប្រធានរដ្ឋសភា លោក ហេង សំរិន និងប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ក៏បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមផងដែរ។ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរបានរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ បង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃវិស័យសហប្រតិបត្តិការទ្វេភាគីនានា។ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងរយៈពេល ១១ខែកន្លងមកនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៩,៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ហើយទំនងជានឹងហួសពីកម្រិត ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ សកម្មភាពផ្លាស់ប្ដូរវប្បធម៌ ជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ក៏ត្រូវបានយកចិត្តទុកដាក់ជំរុញទាំងខាងបរិមាណផងនិងគុណភាពផល ជាពិសេសនៅតាមខេត្តជាប់ព្រំដែនរួមនៃប្រទេសទាំងពីរ។ លើទិដ្ឋភាពអន្តរជាតិ វៀតណាមនិងកម្ពុជានៅតែរក្សាការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិនិងតំបន់នានា ជាពិសេស អាស៊ាននិងអង្គការសហប្រជាជាតិ។ ជាពិសេស វៀតណាមបានគាំទ្រយ៉ាងសកម្មចំពោះកម្ពុជាដើម្បីទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ប្រកបដោយជោគជ័យ។
ជាមួយនឹងលទ្ធផលវិជ្ជមានដែលប្រទេសយើងទាំងពីរសម្រេចបានក្នុងឆ្នាំ២០២២ ក៏ដូចជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏ល្អប្រសើរក្នុងអំឡុងពេល ៥៥ ឆ្នាំកន្លងមក យើងខ្ញុំអាចទន្ទឹងរង់ចាំថា ទំនាក់ទំនងវៀតណាម កម្ពុជា នឹងបន្តសម្រេចបានសមិទ្ធផលដ៏លេចធ្លោបន្ថែមទៀតនាពេលខាងមុខ។ ហើយក្នុងផ្នែកចុងក្រោយនៃនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមផ្ដល់ទៅកាន់ប្រិយមិត្តនូវព័ត៌មានមួយចំនួនស្ដីពីមហោស្រពផ្កា ដាឡាត តាមសំណើររបស់មិត្តអ្នកស្ដាប់ ចាន់ តា នៅខេត្ត តាកែវ។
មហោស្រពផ្កា ជាឱកាសដើម្បីឲ្យទីក្រុងតាំងពិព័រណ៍បន្លែ ផ្កា ដើមឈើតាំងលំអរប្រចាំតំបន់ ក៏ដូចជាមកពីតំបន់ដទៃទៀតលើទូទាំងប្រទេសនិងឯបរទេសទៀតផង ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរមកទស្សនា ស្នាក់នៅខេត្ត ដាឡាត ជំរុញកំណើនសេដ្ឋកិច្ចនៃទីក្រុង។ (រូបថត៖ qdnd.vn)
|
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! មហោស្រពផ្កា ដាឡាត គឺជាពិធីបុណ្យមួយដែលបានរៀបចំឡើងជារៀងរាល់២ឆ្នាំម្ដង ចាប់តាំងពីឆ្នាំ ២០០៥ មក នៅទីក្រុង ដាឡាត និងតំបន់មួយចំនួនផ្សេងទៀតនៅក្នុងខេត្ត ឡឹមដុង ប្រទេសវៀតណាម នៅខែធ្នូ ជារយៈពេលដែលដាឡាត មានអាកាសធាតុអំណោយផលបំផុតក្នុងមួយឆ្នាំ។ មហោស្រពផ្កា ជាឱកាសដើម្បីឲ្យទីក្រុងតាំងពិព័រណ៍បន្លែ ផ្កា ដើមឈើតាំងលំអរប្រចាំតំបន់ ក៏ដូចជាមកពីតំបន់ដទៃទៀតលើទូទាំងប្រទេសនិងឯបរទេសទៀតផង ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរមកទស្សនា ស្នាក់នៅខេត្ត ដាឡាត ជំរុញកំណើនសេដ្ឋកិច្ចនៃទីក្រុង។ មហោស្រពផ្កា ក៏ជាសកម្មភាពមួយដើម្បីលើកតម្កើងតម្លៃនៃផ្កានិងរបរដាំផ្កា សំដៅអំពាវនាវឲ្យមានការវិនិយោគចូលមកវិស័យដាំផ្កានៅទីក្រុងដាឡាត ក៏ដូចជាផ្សព្វផ្សាយអំពីរូបភាព សម្រស់នៃទីក្រុង វប្បធម៌និងមនុស្សដាឡាតផងដែរ។ នេះជាព្រឹត្តិការណ៍លំដាប់ជាត់និងអន្តរជាតិ។ ក្នុងឆ្នាំ ២០២២ នេះ មហោស្រពផ្កាដាឡាត លើកទី៩ បានបើកចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ប៉ុន្តែរយៈពេលមមាញឹកបំផុត ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី៣១ ខែធ្នូ ជាមួយនឹងកម្មវិធីដ៏វិសេសវិសាលជាច្រើន។ មានផ្កាចំនួនជាង ៥០ ម៉ឺនថូរ ជាមួយនឹងប្រភេទផ្កាជិត ១០០ ត្រូវបានដាក់តាំងបង្ហាញនៅតាមវិថីនានានៅទីក្រុងដាឡាត ក្រោមប្រធានបទ “សុខសាន្ត សុភាពរៀបសា រួសរាយរាក់ទាក់” និង ទេសចរណ៍ឡឹមដុង “សុវត្ថិភាព អារិយ្យធម៌ រួសរាយរាក់ទាក់”។ មហោស្រពផ្កាដាឡាត ប្រព្រឹត្តទៅក្នុងរយៈពេលចុងឆ្នាំ ដូច្នេះតែងតែទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា។