ក្នុងសប្តាហ៍កន្លងទៅ យើងបានទទួលសំបុត្រពីមិត្តអ្នកស្តាប់មួយចំនួនដែលមានបំណងចង់ស្វែងយល់អំពីប្រភេទទេសចរណ៍ផ្សងព្រេងនៅវៀតណាម។ យើងខ្ញុំសូមឧទ្ទេសនាមដល់មិត្តអ្នកស្ដាប់នូវប្រភេទកីឡាផ្សងព្រេងមួយចំនួនដូចខាងក្រោម៖ ទីមួយគឺ Highwire ដែលជាកីឡាផ្សងព្រេងថ្មីមួយនៅវៀតណាម ហើយបច្ចុប្បន្នមានតែនៅក្នុងទីក្រុង Hue ប៉ុណ្ណោះ។ អ្នកលេងត្រូវតែរក្សាតុល្យភាពខណៈពេលធ្វើដំណើរតាមខ្សែកាបឆ្លងកាត់ឧបសគ្គដែលព្យួរពីលើ។ ក្រៅពី Highwire ប្រភេទកីឡាផ្សងព្រេងមួយទៀតនៅវៀតណាម ដែលគួរឱ្យចាប់អារម្មណ៍ដូចគ្នាគឺ Zipline។ អ្នកលេងនឹងព្យួរខ្លួនឯងនៅលើខ្សែកាប រុញទៅមុខប្រហែល ៥០០ម៉ែត្រពីកំពូលភ្នំទៅដល់ជើងភ្នំ ខណៈពេលដែលគយគន់ទេសភាពព្រៃភ្នំដ៏អស្ចារ្យ។
ការជិះទូកកាណូឆ្លងកាត់ល្បាក់ទឹកនៅ Da Lat។ (រូបថត៖ congthuong.vn) |
ប្រសិនបើមកកាន់ Da Lat អ្នកទស្សនាអាចឆ្លងបទពិសោធនៃការធ្វើរដំណើរឡើងកំពូលល្បាក់ទឹក Dalanta ជាប្រភេទកីឡាដែលតម្រូវឱ្យអ្នកលេងយោងខ្លួននៅលើខ្សែកាប់ ឆ្លងកាត់ច្រាំងថ្មចោទ ដើម្បីឡើងដល់កំពូលល្បាក់ទឹក ខណៈដែលទឹកហូរត្រង់មុខ។ ជាមួយនឹងព្រៃភ្នុំនិងល្បាក់ទឹកជាច្រើន ការជិះទូកកាណូឆ្លងកាត់ល្បាក់ទឹកនៅ Da Lat បានសន្យាថានឹងនាំមកនូវបទពិសោធន៍ដ៏គួរឱ្យរំភើបចិត្តជាច្រើន បង្ហាត់អ្នកដំណើរឲ្យមានស្មារតីដែកថែប ជាមួយនឹងភាពក្លាហានដើម្បីយកឈ្នះលើគ្រប់ឧបសគ្គនៃធម្មជាតិ។
ក្នុងសប្តាហ៍កន្លងទៅ យើងក៏បានទទួលមតិយោបល់ពីមិត្តអ្នកស្តាប់ជាច្រើន រួមទាំងការចែករំលែករបស់មិត្តអ្នកស្តាប់ អ៊ុយ សំបាត់ នៅកម្ពុជា ដែលមានបំណងចង់ស្វែងយល់ពីពិធីបុណ្យប្រណាំងដំរីនៅវៀតណាម។ នេះជាពិធីបុណ្យដ៏វិសេសវិសាលនិងគួរឲ្យទាក់ទាញ ដែលបានប្រារព្ធឡើងជារៀងរាល់ពីរឆ្នាំម្តង ក្នុងខែទី៣ តាមច័ន្ទគតិ នៅភូមិ Don ខេត្ត Dak Lak។
មិត្តអ្នកស្តាប់ អ៊ុយ សំបាត់ និងលោកអ្នកនាងជាទីមេត្រី ពិធីបុណ្យប្រណាំងដំរីមានតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធនៃពិធីបុណ្យប្រពៃណីរបស់ប្រជាជននៅតំបន់ Tay Nguyen និយាយារួម និងជនជាតិ Mnong និយាយដោយឡែក ដើម្បីលើកតម្កើងទេពកោសល្យក្នុងការបរបាញ់និងផ្សាំងដំរី។ ដំរីដែលត្រូវបានជ្រើសរើសដើម្បីចូលរួមប្រណាំងនោះ ត្រូវមានសុខភាពល្អ ស្វាហាប់ និងឆ្លាត ដែលត្រូវបានថែទាំ និងហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់បំផុត។ ក្រៅពីចូលរួមក្នុងការប្រណាំងនេះ ដំរីក៏ត្រូវបានបណ្តុះបណ្តាលឱ្យចូលរួមក្នុងសកម្មភាពផ្សេងៗទៀតក្នុងពិធីបុណ្យ ដូចជា៖ ពិធីសែនទឹក ពិធីសែនសុខភាពដំរី ពិធីបុណ្យអំណររដូវថ្មី ល្បែងបាល់ទាត់ដំរី ការប្រកួតហែលទឹករបស់ដំរី និងពិធីងូតទឹកដំរីបន្ទាប់ពីចប់បុណ្យ។
ពិធីបុណ្យប្រណាំងដំរីនៅភូមិ Don ខេត្ត Dak Lak។ |
ជាបន្តកម្មវិធីគឺសំបុត្ររបស់មិត្តអ្នកស្តាប់ Vilaysuc ជនជាតិឡាវ ដែលបានផ្ញើរសំណួរមកកាន់កម្មវិធីថា តើវៀតណាមបានបង្កើតតាក់ស៊ីដែលស្និទ្ធស្នាលជាមួយបរិស្ថានដែរឬទេ?
មិត្ត Vilaysuc និងប្រិយមិត្តជាទីមេត្រី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុនតាក់ស៊ីជាច្រើននៅវៀតណាមបានផ្លាស់ប្តូរទៅរកការប្រើប្រាស់រថយន្តដែលសន្សំសំចៃប្រេងសាំងនិងមានការបំភាយឧស្ម័នទាបដើម្បីកាត់បន្ថយការផលប៉ះពាល់ដល់បរិស្ថាន។ នៅឆ្នាំ ២០២២ Lado តាក់ស៊ី បានចាប់ផ្តើមផ្គត់ផ្គង់សេវាកម្មតាក់ស៊ីអគ្គិសនី បម្រើភ្ញៀវទេសចរនៅអាកាសយានដ្ឋាន Lien Khuong ខេត្ត Lam Dong ជាមួយនឹងម៉ូដែល VF e34 របស់ Vinfast។ ដូច្នេះ Lado តាក់ស៊ី បានក្លាយជាសហគ្រាសឈានមុខគេក្នុងវិស័យដឹកជញ្ជូនអ្នកដំណើរប្រកបដោយដោយ បៃតង - និរន្តរភាព ស្និទ្ធស្នាលជាមួយបរិស្ថាន និងអ្នកប្រើប្រាស់នៅវៀតណាម។
ដើម្បីរួមចំណែកលើកកម្ពស់ការគ្របដណ្តប់ពណ៌បៃតងលើវិស័យដឹកជញ្ជូនសាធារណៈនៅវៀតណាម នៅដើមខែមីនាឆ្នាំនេះ សមព័ន្ធក្រុមហ៊ុន Vingroup បានប្រកាសបង្កើតក្រុមហ៊ុនភាគហ៊ុន Green and Smart Mobility - GSM ដែលមានឯកទេសផ្តល់សេវាកម្មជួលរថយន្តអគ្គិសនី ម៉ូតូអគ្គិសនី និងតាក់ស៊ីអគ្គិសនី។ នៅថ្ងៃទី ២៣ ខែមីនា រថយន្ត VF e34s ដំបូងគែដែលលាបពណ៌ខៀវ ត្រូវបានប្រគល់ឱ្យ GSM ដើម្បីចាប់ផ្តើមផ្គត់ផ្គង់សេវាកម្មតាក់ស៊ីអគ្គិសនីជាមួយម៉ាក SM Green Taxi ក្នុងខែមេសានេះ។ ក្រៅពីការកុម្ម៉ង់តាក់ស៊ី តាមរយៈ hotline របស់ក្រុមហ៊ុនដូចតាក់ស៊ីប្រពៃណីនោះ អ្នកប្រើប្រាស់ក៏អាចកុម្ម៉ង់តាក់ស៊ីតាមរយៈកម្មវិធីនៅលើឧបករណ៍ចល័តផងដែរ។ SM Green Taxi ត្រូវបានរំពឹងថានឹងដំណើរការនៅទីក្រុងហាណូយក្នុងខែមេសា ហើយគ្របដណ្តប់ខេត្ត ក្រុងធំៗទាំង ៥ ក្នុងឆ្នាំ២០២៣នេះ។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕