ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

Chia sẻ

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួនជិត ៤០០ ដែលត្រូវបានផ្ញើមកកាន់កាណាល់ VOV5។ សូមអរគុណចំពោះរាល់មនោសញ្ចេតនានិងការផ្ដល់មតិយោបល់របស់ប្រិយមិត្តទាំងអស់។

ប្រធានបទមួយដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងច្រើនពីមិត្តអ្នកស្តាប់ក្នុងសប្តាហ៍មុនគឺព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៦៨ ទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៥៥ - ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣)។ មិត្ត ជ័យ ម៉ាលី អតីតនិស្សិតកម្ពុជាំនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Thai Binh បានផ្ញើរសំបុត្រមកកម្មវិធីដោយចែករំលែកថា៖ “ក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម ខ្ញុំចង់ផ្ញើរសេចក្ដីជូនពរឲ្យមានសុខភាពល្អដល់លោកគ្រូអ្នកគ្រូនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Thai Binh និងមិត្តរួមថ្នាក់ចាស់ៗ ដែលកំពុងធ្វើការនៅមន្ទីរពេទ្យនានាទូទាំងប្រទេស។ រាល់ចំណេះដឹងនិងបទពិសោធន៍ក្នុងរយៈពេល៥ឆ្នាំសិក្សានៅវៀតណាមពិតជាបានជួយខ្ញុំច្រើនក្នុងការងារបច្ចុប្បន្ននេះ”។ ចំណែកឯមិត្តអ្នកស្ដាប់ សូវ សម្បត្តិ នៅរាជធានីភ្នំពេញបានសំដែងថា៖ “ប្រការគួរឲ្យចាប់អារម្មណ៍នៅប្រទេសវៀតណាមគឺអ្នកមានទិវាសម្រាប់លើកតម្កើងវិជ្ជាជីវៈដ៏ថ្លៃថ្នូដែលមានការរួមចំណែកយ៉ាងច្រើនដល់សង្គមដូចជាទិវាគ្រូបង្រៀន ទិវាអ្នកកាសែត និងទិវាគ្រូពេទ្យវៀតណាម។ ក្នុងឱកាសនេះដែរ ខ្ញុំមានបំណងចង់ឲ្យអ្នកឧទ្ទេសនាមអំពីប្រភពដើមនៃទិវាគ្រូពេទ្យវៀតណាម ហើយក៏តាមរយៈកម្មវិធី សូមផ្ញើសេចក្ដីជូនពសូមរឲ្យមានសុខភាពល្អដល់ជួរគ្រូពេទ្យនិងបុគ្គលិកពេទ្យនៅវៀតណាមផងដែរ”។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! អំពីប្រភពដើមនៃទិវាគ្រូពេទ្យវៀតណាម កាលពី ៦៨ ឆ្នាំមុន នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៥៥ លោកប្រធានហូជីមិញ បានសរសេរសំបុត្រ ផ្ញើរទៅកាន់សន្និសិទកម្មាភិបាលផ្នែកសុខាភិបាលជាមួយនឹងដំបូន្មានដ៏ថ្លៃថ្លា។ សំបុត្រនេះបង្ហាញពីបេសកកម្មសំខាន់ៗចំនួន៣ក្នុងវិស័យសុខាភិបាលនោះគឺ៖ ត្រូវស្មោះត្រង់ សាមគ្គីគ្នា "គ្រូពេទ្យត្រូវប្រៀបអ្នកម្តាយ" ហើយកសាងខឿនវេជ្ជសាស្ត្ររបស់ប្រទេសជាតិ។ នាថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ១៩៨៥ ក្រុមប្រឹក្សារដ្ឋមន្ត្រី (សព្វថ្ងៃនេះគឺរដ្ឋាភិបាល) នៃប្រទេសវៀតណាមបានចេញសេចក្តីសម្រេចដែលយកថ្ងៃទី ២៧ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ជាទិវាគ្រូពេទ្យវៀតណាម ដើម្បីមានឱកាសសម្តែងការដឹងគុណ និងគោរពចំពោះជួរវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យ ដែលបានលះបង់ដោយអស់ពីចិត្តពីថ្លើមដើម្បីសុខភាពរបស់ប្រជាជន ព្រមទាំងក៏ជាឱកាសសម្រាប់ផ្នែកសុខាភិបាលទាំងមូល រំលឹកឡើងវិញនិងបន្តអនុវត្តន៍តាមដំបូន្មានរបស់លោកប្រធានហូជីមិញផងដែរ។

ទន្ទឹមនឹងសកម្មភាពអបអរសាទរខួបទិវាគ្រូពេទ្យវៀតណាម ប្រធានបទមួយទៀតដែលតែងតែទទួលបានការយកចិត្តទុកដាក់ពិសេសក្នុងអំឡុងពេលកន្លងមក គឺការដែលវៀតណាមបានចាត់បញ្ជូនកងកម្លាំងជួយសង្គ្រោះរបស់ក្រសួងនគរបាលនិងកងទ័ព ទៅជួយការងារស្វែងរកនិងជួយសង្គ្រោះនៅប្រទេសទួរគីបន្ទាប់ពីគ្រោះរញ្ជួយដី។ មិត្ត ស៊ុន ផល អតីតនិស្សិតកម្ពុជានៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ បានផ្ញើសំបុត្រដោយសរសេរថា៖ “អបអរសាទរចំពោះក្រុមយុទ្ធជននគរបាលនិងកងទ័ពវៀតណាម ដែលបានសម្រេចបេសកកម្មបានយ៉ាងល្អ ហើយវិលត្រឡប់មកវិញដោយសុវត្ថិភាព។ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំតែងតែតាមដាន និងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីសកម្មភាពរបស់ក្រុមជួយសង្គ្រោះវៀតណាមនៅប្រទេសទួរគី”។ មិត្តអ្នកស្តាប់ វុទ្ធី នៅរាជធានីភ្នំពេញ បានសម្តែងការកោតសរសើរចំពោះយុទ្ធជនវៀតណាមយ៉ាងដូច្នេះថា៖ “ខ្ញុំដឹងថា មានយុទ្ធជនក្នុងក្រុមជួយសង្គ្រោះ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺរៀបចំពិធីមង្គលការប៉ុន្តែ នៅតែត្រៀមខ្លួនជាស្រេចលើកពេល ដើម្បីចេញដំណើរទៅបំពេញភារកិច្ច។ រឿងនេះពិតជាគួរឲ្យរំភើបចិត្តនិងកោតសរសេរខ្លាំងណាស់”។

ដូចដែលយើងបានជូនព័ត៌មានក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីបានកើតឡើងនៅប្រទេសទួរគី និងស៊ីរី វៀតណាមបានបញ្ជូនក្រុមជួយសង្គ្រោះចំនួន ២ នៃក្រសួងនគរបាល និងកងទ័ព ដែលរួមមានកម្មាភិបាល យុទ្ធជនជាង ១០០ នាក់ទៅចូលរួមការងារស្វែងរក ជួយសង្គ្រោះ ក៏ដូចជាប្រគល់ជូនឧបករណ៍បរិក្ខារ្យពេទ្យ ស្បៀងអាហារ ដល់ស្ថាប័ន អង្គភាព និងប្រជាជនដែលរងផលប៉ះពាល់នៅប្រទេសទួរគី។ ដោយជំនះរាល់ការលំបាកទាំងខាងសម្ភារៈ អាកាសធាតុ និងស្មារតី ក្រុមជួយសង្គ្រោះវៀតណាមបានសម្រេចបេសកកម្មប្រកបដោយជោគជ័យ ហើយវិលត្រឡប់មកវិញដោយសុវត្ថិភាព មិនត្រឹមតែរួមចំណែកជួយប្រទេសមិត្តជំនះផលវិបាកបន្ទាប់ពីគ្រោះមហន្តរាយ ហើយបន្សល់ទុកមកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរសម្រាប់ប្រជាជននៅប្រទេសសាម៉ីប៉ុណ្ណោះទេ បានធ្វើឲ្យកងកម្លាំងជួយសង្គ្រោះអន្តរជាតិមកពីប្រទេសជាច្រើនក៏បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្រុមជួយសង្គ្រោះវៀតណាមទៀតផង។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1វាលស្រែកាំជណ្ដើរនៅ Mu Cang Chai។ (រូបថត៖ baonongnghiep)

លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព! រូបភាពវៀតណាមសព្វថ្ងៃក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ មិនត្រឹមតែជាប្រទេសដែលស្រឡាញ់សន្តិភាព ជាសមាជិកដ៏សកម្ម និងមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ ត្រៀមខ្លួនជាស្រេចចែករំលែក និងជួយឧបត្ថម្ភប្រទេសផ្សេងៗនៅពេលជួបការលំបាកប៉ុណ្ណោះទេ ថែមទាំងជាប្រទេសជាមួយនឹងគោលដៅទេសចរណ៍ និងមុខម្ហូបគួរឱ្យទាក់ទាញទៀតផង។ នាពេលថ្មីៗនេះ Mu Cang Chai ក្នុងរដូវស្រូវទុំ និងឈូងសមុទ្រ Ha Long នៃប្រទេសវៀតណាមត្រូវបានគេហទំព័រទេសចរណ៍ Condre Nast Traveler ដាក់បញ្ចូលក្នុងបញ្ជីគោលដៅទេសចរណ៍ចម្រុះពណ៌ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោកក្នុងឆ្នាំ 2023។ មិត្ត សុភ័ក្ត្រ មកពីខេត្តសៀមរាបបានអត្ថាធិប្បាយលើព័ត៌មាននេះយ៉ាងដូច្នេះថា៖ “ខ្ញុំធ្លាប់បានទៅទស្សនាឈូងសមុទ្រ Ha Long ហើយ ពិតណាស់ថាទេសភាពធម្មជាតិស្រស់ស្អាតណាស់ ផ្ទៃសមុទ្រខៀវស្រងាត់ អាកាសធាតុក៏ស្រស់ស្រាយទៀតផង។ សង្ឃឹមថានាពេលអនាគត ខ្ញុំនឹងមានឱកាសទៅទស្សនា Mu Cang Chai ម្ដង”។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ឈូងសមុទ្រ Ha Long គឺជារមណីយដ្ឋានដ៏ល្បីល្បាញរបស់វៀតណាមតាំងពីយូរណាស់មកហើយ។ ទីកន្លែងនេះត្រូវបានប្រៀបប្រដូចជាស្នាដៃសិល្បដ៏អស្ចារ្យនៃធម្មជាតិ ដោយមានកោះធំនិងតូចរាប់ពាន់ ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល ផ្ទៃទឹកខៀវស្រងាត់ និងសណ្ឋានដីថ្មកំបោរគួរឲ្យចាប់អារម្មណ៍។ ចំណែកឯ Mu Cang Chai វិញ ទីកន្លែងនេះត្រូវបានគេស្គាល់ដល់ជាទឹកដីនៃវាលស្រែកាំជណ្ដើរដ៏ស្រស់បំព្រង ដែលលេចធ្លោបំផុតគឺទីទួល ស្ពកបាយដំណើប (នៅឃុំ La Pan Tan)។ រយៈពេលចាប់ពីខែកញ្ញាដល់ខែតុលាជារៀងរាល់ឆ្នាំគឺជាពេលវេលាដែល Mu Cang Chai ទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ ព្រោះនេះជាពេលដែលវាលស្រែកាំជណ្ដើរនៅទីនេះចាប់ផ្តើមប្រែក្លាយខ្លួនជាពណ៌មាសដ៏ត្រចះត្រចង់នៃរដូវស្រូវទុំ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះជាមតិ យោបល់របស់មិត្តអ្នកស្តាប់ មិត្តអ្នកអានដែលយើងខ្ញុំទទួលបានកាលពីសប្តាហ៍មុន។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានមនោសញ្ចេតនានិងមតិយោបល់ជាច្រើនពីប្រិយមិត្ត។ សូមអរគុណ៕

ប្រតិកម្មទៅវិញ