លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខែមិថុនានេះ នឹងគូសសញ្ញាដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា នៅពេលដែលប្រទេសយើងទាំងពីរប្រារព្ធខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ ក្នុងសំបុត្រផ្ញើមកកម្មវិធីនោះ មិត្តអ្នកស្តាប់ ស៊ុន ផល អតីតនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយបានចែករំលែកថា៖ “ឆ្ពោះទៅកាន់ការរំលឹកខួបលើកទី ៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ខ្ញុំសូមជូនពរប្រទេសយើងទាំងពីរកាន់តែមានសាមគ្គីភាព អភិវឌ្ឍន៍ ហើយប្រកៀកស្មាគ្នាជានិច្ចក្នុងគ្រប់កាលៈទេសៈទាំងអស់។ ហើយអ្នកស្តាប់ គីមដារ៉េត នៅរាជធានីភ្នំពេញ បានសម្តែងនូវគោល បំណងថា៖ “ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និង វៀតណាម ខ្ញុំសង្ឃឹមថា កម្មវិធីនឹងមានខ្លឹមសារគួរឲ្យទាក់ទាញ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពជាច្រើនអំពីស្ថានភាពអភិវឌ្ឍន៍នៃប្រទេសទាំងពីរផងដែរ”។
នាទីថ្មីដោយមានចំណងជើងថា “៥៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា” នៅលើគេហទំព័រ vovworld.vn។ |
លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព! ក្នុងរយៈពេល ៥៥ ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងវៀតណាម - កម្ពុជាបានជំនះពុះពារលើបញ្ហាប្រឈមជាច្រើន ហើយសម្រេចបានសមិទ្ធិផលសំខាន់ៗ ដែលរួមចំណែកក្នុងការអភិវឌ្ឍន៍នៃប្រទេសនីមួយៗក៏ដូចជាក្នុងតំបន់ផងដែរ។ នាពេលថ្មីៗនេះ ក្នុងជំនួបនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានឯកភាពជំរុញការសម្របសម្រួលរៀបចំសកម្មភាពដើម្បីអបអរសាទរ "ឆ្នាំមិត្តភាព វៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ ២០២២”។ ចំពោះខាងកម្មវិធីវិញ យើងខ្ញុំក៏បានបើកនាទីថ្មីដោយមានចំណងជើងថា “៥៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា” នៅលើគេហទំព័រ vovworld.vn ផងដែរ។ នេះគឺជាកន្លែងប្រមូលផ្តុំព័ត៌មាន និងអត្ថបទស្ដីអំពីទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ ការផ្លាស់ប្តូរ និងឧទ្ទេសនាមអំពីសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាមក៏ដូចជាកម្ពុជា។ យើងខ្ញុំសង្ឃឹមថា នឹងទទួលបានការគាំទ្រ និងមតិប្រតិកម្មរបស់លោកអ្នកនាងនិងប្រិយមិត្ត។
ក្រៅពីការអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតនោះ ឆ្នាំ ២០២២ ក៏បានកត់ត្រាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយទៀតរវាងប្រទេសយើងទាំងពីរ នៅពេលដែលវៀតណាមបានផ្ទេរតំណែងម្ចាស់ផ្ទះស៊ីហ្គេមមកកម្ពុជា។ មិត្តអ្នកស្តាប់ សម្បត្តិ មកពីខេត្ត តាកែវ បានផ្ដល់អត្ថាធិប្បាយដល់កម្មវិធីយ៉ាងដូច្នេះថា៖ “ទោះបីជាការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ បានបញ្ចប់ទៅហើយក្ដីប៉ុន្តែខ្ញុំជឿជាក់ថា សំឡេងបន្ទររបស់វានៅតែដិតជាប់ក្នុងដួងចិត្តកីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រកីឡាទាំងអស់ក្នុងតំបន់។ វៀតណាមបានសម្រេចភារកិច្ចជាប្រទេសម្ចាស់ផ្ទះស៊ីហ្គេមប្រកបដោយជោគជ័យ។ ខ្ញុំជឿជាក់ថា នៅឆ្នាំក្រោយ ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កម្ពុជាក៏នឹងខិតខំប្រឹងប្រែងដើម្បីបន្តពង្រីកភាពជោគជ័យនេះផងដែរ”។
វៀតណាមប្រគល់ទង់ស៊ីហ្គេមដល់តំណាងកម្ពុជាសម្រាប់ទទួលតំណែងជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នៅឆ្នាំក្រោយ។ (រូបថត៖ VOV) |
ប្រិយមិត្តជាទីមេត្រី! ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដោយសារផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ-១៩ មិនមានការប្រកួតកីឡាទ្រង់ទ្រាយធំណាមួយ ត្រូវបានរៀបចំឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។ វៀតណាមបានទទួលបេសកកម្មជាអ្នកត្រួសត្រាយផ្លូវក្នុងការរៀបចំស៊ីហ្គេមលើកទី៣១។ ព្រឹត្តិការណ៍ស៊ីហ្គេមទី២ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ បានទទួលជោគជ័យលើគ្រប់ជ្រុងជ្រោយ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះគណៈប្រតិភូដែលចូលរួម ភ្ញៀវទេសចរអន្តរជាតិក៏ដូចជាអ្នកគាំទ្រកីឡាក្នុងតំបន់។ ក្នុងដំណើរការរៀបចំការប្រកួតកីឡាស៊ីហ្គេម ៣១ វៀតណាមទទួលបានការសម្របសម្រួលនិងគាំទ្រយ៉ាងសកម្មពីកម្ពុជា។ ក្នុងពិធីទទួលជួបគណៈ ប្រតិភូកម្ពុជាដែលអញ្ជើញមកចូលរួមពិធីបិទព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ៣១ ហើយទទួលទង់ស៊ីហ្គេមសម្រាប់ធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នៅឆ្នាំក្រោយ ភាគីវៀតណាមបានបញ្ជាក់ថា ត្រៀមខ្លួនជានិច្ច ដើម្បីចែករំលែកបទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅ។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមនឹងផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្ម តាមស្មារតីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីជួយឧបត្ថម្ភប្រទេសកម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ប្រកបដោយជោគជ័យ។ ដោយឈរលើស្មារតីប្តេជ្ញាចិត្តខ្ពស់នៅពេលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូង យើងខ្ញុំជឿជាក់ថា កម្ពុជានឹងសហការល្អជាមួយវៀតណាមក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ ដើម្បីនាំមកនូវមហោស្រពកីឡាតំបន់ប្រកបដោយជោគជ័យ ពោរពេញទៅដោយអត្ថន័យ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព ការតភ្ជាប់ ផ្លាស់ប្ដូរគ្នាទៅវិញទៅមក ក៏ដូចជាជំរុញការអភិវឌ្ឍន៍ទេសចរណ៍រវាងប្រទេសអាស៊ីអាគ្នេយ៍ផងដែរ។
លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ខាងលើនេះគឺជាមតិយោបល់និងការចែករំលែករបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអាន ដែលបានផ្ញើរមកកាន់កម្មវិធីក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាមតិយោបល់ជាច្រើនថែមទៀតពីសំណាក់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់ប្រិយមិត្ត សូមផ្ញើរមកកាន់យើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖vov5khmer@gmail.com៕