មុខងាររបស់វិទ្យុក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

Chia sẻ

(VOVWORLD) -  តំបន់ដីសណ្តរទន្លេ Cuu Long គឺជាជង្រុករបស់ប្រទេសជាតិសម្រាប់អាហារសមុទ្រ ផ្លែឈើនិងអង្ករ។ ប៉ុន្តែ បម្រែបម្រួលរួលអាកាសធាតុ កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើតំបន់ដីនេះ បណ្តាលឱ្យមានការកើនឡើងសីតុណ្ហភាព ទឹកភ្លៀងមិនធម្មតា ហើយការរអិលបាក់ច្រាំងទន្លេនិងសំណឹកឆ្នេរសមុទ្រកំពុងមានការប្រែប្រួលគួរឲ្យព្រួយបារម្ភ។ យ៉ាងណាមិញ វិទ្យុសម្លេងវៀត ណាមបាននិងកំពុងធ្វើសកម្មភាពឃោសនាជាច្រើន ដើម្បីជួយឧបត្ថម្ភដល់អាជ្ញាធរមូលដ្ឋាននិងប្រជាជនក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការប្រែប្រួលអាកាសធាតុ។

មុខងាររបស់វិទ្យុក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ - ảnh 1 កម្មវីធីពិភាក្សាអំពីស្ថានភាពជ្រាបចូលួទឹកប្រៃនៅតំបន់ដីសណ្តរ Cuu Long

ការព្យាករណ៍ ការព្រមានអំពីគ្រោះមហន្តរាយធម្មជាតិ និងស្ថានភាពបម្រែបម្រួលអាកាសធាតុ ត្រូវបានផ្សព្វផ្សាយតាមរលកវិទ្យុទៅកាន់អាជ្ញាធរមូលដ្ឋាននិងប្រជាជនយ៉ាងឆាប់រហ័សនិងត្រឹមត្រូវ ដើម្បីប្រជាជនបានជ្រាបនិងមានវិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព។ លោក Dang Van Tung ជាអ្នករស់នៅទីក្រុង Can Tho បានចែករំលែកថា៖ “តាមរយៈការស្តាប់វិទ្យុ ខ្ញុំឃើញថា ការព្យាករណ៍អំពីគ្រោះមហន្តរាយធម្មជាតិនិងទឹកជំនន់មានប្រសិទ្ធភាពណាស់។ វិទ្យុធ្វើបច្ចុប្បន្នភាពព័ត៌មានឆាប់រហ័សណាស់។ នៅពេលបើកបរខ្ញុំក៏បើកវិទ្យុស្តាប់ដែរ។ ពេលនៅផ្ទះខ្ញុំក៏ស្តាប់តាមរយៈឧបករណ៍បំពងសម្លេង”។

យោងតាមលោក Nguyen Quy Ninh ប្រធានខុទ្ទកាល័យនៃបញ្ជាការដ្ឋានគ្រប់គ្រងការបង្ការ ប្រយុទ្ធប្រឆាំងគ្រោះធម្មជាតិនិងជួយសង្គ្រោះ Can Tho ថា ទីក្រុងជាកន្លែងត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ ការរអិលបាក់ច្រាំងទន្ល ហើយផ្ទះសម្បែងរបស់ប្រជាជនក៏រងការខូចខាតខ្លាំងដែរ។ ចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការិយាល័យនៃគណៈបញ្ជាការនៃការបង្ការ ប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយនិងជួយសង្គ្រោះ បានសហការជាមួយវិទ្យុសម្លេងវៀតណាម ដើម្បីផ្សព្វផ្សាយព័ត៌មានគ្រប់គ្រាន់ជួយប្រជាជននិងអាជ្ញាធរតំបន់យល់ដឹងកាន់តែច្បាស់ ហើយមានដំណោះស្រាយទាន់ពេលវេលា។ លោក Nguyen Quy Ninh បានឲ្យដឹងថែមទៀតថា៖ “វិទ្យុសម្លេងបានផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ ដើម្បីចូលរួមជាមួយស្ថាប័នជំនាញនិងអាជ្ញាធរតំបន់ ក្នុងការឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិ។ យើងសង្ឃឹមថា វិទ្យុផ្សាយសម្លេងនឹងបន្តរួមជាមួយការិយាល័យនៃគណៈបញ្ជាការ បណ្តាខេត្តដីសណ្តទន្លេ Cuu Long និយាយរួមនិងទីក្រុង Can Tho និយាយដោយឡែក ដើម្បីផ្តល់នូវព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា ក៏ដូចជាផ្សព្វផ្សាយការព្យាករណ៍ ដើម្បីប្រជាជនអាចក្តាប់ជាប់ហើយមានវិធានការឆ្លើយតប ដើម្បីចូលរួមចំណែកកាត់បន្ថយការខូចខាតដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិផងដែរ”។

លោកអនុបណ្ឌិត Ky Quang Vinh អតីតប្រធានការិយាល័យគ្រប់គ្រងការងារបម្រែបម្រួលអាកាសធាតុនៃទីក្រុង Can Tho បានឲ្យដឹងថា ក្នុងរយៈពេល ១០ ឆ្នាំថ្មីៗនេះ ការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្ដទន្លេ Cuu Long គឺមានភាពស្មុគស្មាញ។ យ៉ាងណាមិញ វិទ្យុសម្លេងវៀតណាមបានជូនដំណឹងជាបន្ទាន់អំពីគ្រោះរាំងស្ងួត ការជ្រាបចូលទឹកប្រៃ ការជន់លិច គ្រោះមហន្តរាយធម្មជាតិ ព្យុះ និងផ្គររន្ទះ ដើម្បីឱ្យប្រជាជននិងអាជ្ញាធរមូលដ្ឋានអាចមើលឃើញពីការលំបាកនិងបញ្ហាប្រឈមសម្រាប់តំបន់ដីនេះ។

“យើងដឹងថា វិទ្យុសម្លេងបានផ្តល់ព័ត៌មានងាយយល់ដល់ប្រជាជន។ យើងខ្ញុំតែងតែតាមដាននូវព័ត៌មានទាំងក្នុងនិងក្រៅប្រទេសជាប្រចាំ ជាពិសេសព័ត៌មានរបស់អ្នកជំនាញ អ្នកវិទ្យាសាស្ត្រក្នុងប្រទេសនិងបរទេស ដើម្បីជូនដំណឹងដល់ប្រជាជននិងសហគមន៍ទាន់ពេលវេលា ដំដៅកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ”។

អនុបណ្ឌិត Nguyen Huu Thien ជំនាញការស្រាវជ្រាវឯករាជ្យអំពីតំបន់ដីសណ្ដទន្លេ Cuu Long បានឲ្យដឹងថា ដោយសារមានទីតាំងស្ថិតនៅផ្នែកចុងក្រោយនៃអាងទន្លេមេគង្គ ជាប់ជាមួយសមុទ្រ ហេតុដូច្នេះ តំបន់ដីសណ្ដទន្លេ Cuu Long រងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ពោលគឺរងផលប៉ះពាល់ពីការប្រែប្រួលរអាកាសធាតុពីខ្សែទឹកខាងលើនៃទន្លេមេគង្គនិងការប្រែប្រួលអាកាសធាតុពីចំហៀងសមុទ្រចូលមក។ នាពេលកន្លងមកនេះ វិទ្យុបានធ្វើការយ៉ាងល្អការព្យាករណ៍និងការព្រមានអំពីគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ការរអិលបាក់ដីច្រាំងទន្លេ និងឆ្នេរសមុទ្រ នៅតំបន់ដីសណ្ដទន្លេ Cuu Long។ ជាមួយគ្នានោះ វិទ្យុនេះក៏បានផ្តល់ព័ត៌មានយ៉ាងដិតដល់ អំពីសេចក្តីសម្រេចចិត្តលេខ ១២០ របស់រដ្ឋាភិបាលសម្រាប់តំបន់ដីសណ្តរទន្លេ Cuu Long ជាពិសេសស្មារតីនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

“បញ្ហាបម្រែបម្រួលអាកាសធាតុនៅតំបន់ដីសណ្តទន្លេ Cuu Long រួមមានកត្តាអន្តរកម្មយ៉ាងស្មុគស្មាញ។ នាពេលកន្លងមកនេះ វិទ្យុមានអត្ថបទជាច្រើន ឆ្លុះបញ្ជាំងពីការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្ដទន្លេ Cuu Long ដោយបង្កើតលក្ខខណ្ឌសម្រាប់អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញដើម្បីចូលរួមវិភាគលើបញ្ហានានា ដើម្បីជូនដំណឹងដល់ប្រជាជននិងអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា”។

ជាមួយនឹងបញ្ហាប្រឈមដែលដាក់ចេញសម្រាប់តំបន់ដីសណ្តទន្លេ Cuu Long វិទ្យុដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាករណ៍ ការព្រមាននិងប្រយុទ្ធប្រឆាំងជាមួយការប្រែប្រួលអាកាសធាតុក្នុងតំបន់នាពេលបច្ចុប្បន្ននិងនាពេលអនាគត។ វិទ្យុសម្លេងវៀតណាមមានប្រធានបទវិភាគយ៉ាងស៊ីជម្រៅ ដែលបង្ហាញពីគ្រប់ទិដ្ឋភាពនៃការប្រែប្រួលអាកាសធាតុ ដើម្បីប្រជាជននិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានព័ត៌មានបន្ថែម សម្រាប់ដាក់ចេញទិសដៅនិងដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ