លោកស្រី Oh Young-joo រដ្ឋមន្ត្រីក្រសួងសហគ្រាសធុនតូច និងមធ្យម និងចាប់ផ្ដើមអាជីវកម្មកូរ៉េខាងត្បូង |
រដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអាស៊ានក៏តែងតែផ្ដោតការយកចិត្តទុកដាក់ដល់ការទាក់ទាញលំហូរទុន បង្កើតបរិយាកាសវិនិយោគ អាជីវកម្មអំណោយផល។ ដូច្នេះហើយ បើទោះជាស្ថិតក្នុងបរិបទពិភពលោកមានការវិវឌ្ឍ និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែតំបន់អាស៊ាននោតែបន្តជាគោលដៅមកដល់ដ៏មានសក្តានុពលសម្រាប់វិនិយោគិនបរទេសផងដែរ។
យោងតាមរបាយការណ៍វិនិយោគបរទេសនៅអាស៊ាន (AIR) ដែលបានចេញផ្សាយបនាចុងឆ្នាំ ២០២៣ បានឲ្យដឹងថា លំហូរទុន FDI ចូលមកអាស៊ានសម្រេចបានកម្រិតឯតទគ្គកម្មគឺ ២២៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ ស្រូបយក១៧% នៃ ទុន FDI សរុបរបស់ពិភពលោក។ សមិទ្ធិផលនេះកាន់តែមានអត្ថន័យជាង ក្នុងបរិបទដែលខឿនសេដ្ឋកិច្ចពិភពលោកជួបប្រទះនឹងការលំបាកជាច្រើន បណ្តាលឱ្យលំហូរទុនFDI សកលធ្លាក់ចុះ ១២% ដោយសារបញ្ហាប្រឈមជាបន្តបន្ទាប់ដូចជា៖ វិបត្តិភូមិសាស្ត្រនយោបាយ តម្លៃស្បៀងអាហារ ថាមពលកើនឡើងខ្ពស់គ្រោះអាសន្នឱនភាពនិងសម្ពាធបំណុលកាន់តែកើនឡើងនៅតាមប្រទេសជាច្រើន។ យោងតាមការវាយតម្លៃរបស់សាស្ត្រាចារ្យ Ian Goldin មកពីសាកលវិទ្យាល័យ Oxford (ចក្រភពអង់គ្លេស) អតីតអនុប្រធានធនាគារពិភពលោកបានឲ្យដឹងថា អាស៊ានមានគុណសម្បត្តិដាច់ដោយឡែកក្នុងការទាក់ទាញលំហូរទុនFDI ។
“ដំបូងឡើយ ត្រូវអះអាងថា សកលភាវូបនីយកម្មនៅតែជានិន្នាការចម្បងរបស់ពិភពលោក ហើយវាត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ក្នុងអាស៊ាន។ អាស៊ានក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនពីសកលភាវូបនីយកម្ម ជួយពន្លឿនការកាត់បន្ថយភាពក្រីក្រ និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាង។ វណ្ណៈកណ្តាលក្នុងអាស៊ានកាន់តែកើនឡើង ហើយធនធានមនុស្សសម្បូរណាស់។ អាស៊ានក៏ទាក់ទាញបានកញ្ចប់វិនិយោគដ៏ធំធេងមកពីប្រទេសមហាអំណាច ព្រោះថាពួកគេមានបំណងចង់ប្រកួតប្រជែងដណ្តើមឥទ្ធិពលក្នុងតំបន់នេះ។ ចុងក្រោយគឺ ស្ថិរភាព សន្តិភាព និងមជ្ឈភាពរបស់អាស៊ាន ជួយឱ្យលំហូរទុនវិនិយោគថ្មីបន្តហូរមកទីនេះ ហើយនឹងមិនឈប់នាពេលអនាគតឡើយ”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ សិង្ហបុរីតែងតែនាំមុខគេក្នុងតំបន់អំពីបរិមាណ FDI ទាក់ទាញបាន នៅពេលដែលស្រូបយកជាង ៦០% នៃទុន FDI សរុប ក្នុងអាស៊ាន។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសសមាជិកផ្សេងទៀតក៏សម្រេចបាន វឌ្ឍនភាពលេចធ្លោជាច្រើន។ ក្នុងឆ្នាំ ២០២៣ ទុន FDI ចុះបញ្ជីនៅវៀតណាមសម្រេចបានជាង ៣៦.៦ ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតឯតទគ្គកម្មក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ តួរលេខរបស់គណកម្មការវិនិយោគថៃ (BOI) ក៏បានសរឲ្យឃើញថា ក្នុងឆ្នាំ ២០២៣ ប្រទេសនេះបានទាក់ទាញ FDI ចំនួន ១៨.៥ ពាន់លានដុល្លារអាមេរិក កើន ៧២% ក្នុងរយៈពេលដូចគ្នា។ អំពីភាគីដៃគូអាស៊ានវិញ សហរដ្ឋអាមេរិកនៅតែរក្សាឋានៈជាវិនិយោគិន FDI លំដាប់លេខមួយក្នុងតំបន់ ដោយមានទុនវិនិយោគសរុបសម្រេចបាន៣៧ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៣។ យោងតាមលោក Brian McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកប្រតិបត្តិប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (USABC) បានឲ្យដឹងថាការដែលសហគ្រាសអាមេរិកជាង ៦ ២០០ អង្គភាព កំពុងប្រតិបត្តិការនៅទូទាំងអាស៊ាន គឺជាសក្ខីភាពសម្រាប់ទំនុកចិត្តរបស់សហគ្រាសអាមេរិកចំពោះការអភិវឌ្ឍរបស់តំបន់៖
“បច្ចុប្បន្ននេះ ទុនវិនិយោគ FDI សរុបរបស់សហរដ្ឋអាមេរិកក្នុងអាស៊ាន គឺប្រមាណ ៣៦២ ពាន់លានដុល្លារអាមេរិក។ ខ្ញុំចង់សង្កត់ធ្ងន់លើតួរលេខនេះ ព្រោះថាតួរលេខនេះធំជាងអ្វីៗដែលអាមេរិកបានវិនិយោគនៅចិន កូរ៉េខាងត្បូងនិងជប៉ុនបុករួមបញ្ចូលគ្នា។ បច្ចុប្បន្ននេះ សហគ្រាសរបស់យើងខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាលើវិស័យបច្ចេកវិទ្យាឌីជីថលក្នុងអាស៊ាន។ កាលពីអតីតកាល បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកធ្លាប់ត្រូវបានហាមប្រាមក្នុងតំបន់នេះ ប៉ុន្តែបច្ចុប្បន្ននេះ យោងតាមការសង្កេតរបស់ខ្ញុំ ផលិតផលបច្ចេកវិទ្យាដ៏ល្អបំផុតរបស់សហរដ្ឋអាមេរិកដូចជា៖ AI មជ្ឈមណ្ឌលទិន្នន័យ សេវាកម្មសូហ្វវែរគឺសុទ្ធតែមានវត្តមាននៅទីនេះ។ យើងខ្ញុំក៏ស្វាគមន៍ចំពោះការដែលប្រទេសសមាជិកអាស៊ាននានាចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីបញ្ហាឌីជីថលនីយកម្ម។ ព្រោះថាប្រការនេះជួយវិនិយោគិនធ្វើការជាមួយអាស៊ានក្នុងនាមជាដៃឯកភាព ជំនួសឱ្យប្រទេសនីមួយៗ”។
ប្រសិនបើសហរដ្ឋអាមេរិកជាវិនិយោគិន FDI លំដាប់លេខមួយក្នុងអាស៊ាន នោះ ចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកក៏មិនចង់បាត់បង់ឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ឡើយ ខណៈពេលដែលបន្តបង្កើនលំហូរទុន FDI នៅទីនេះទេ។ ក្នុងឆ្នាំ ២០២២ ចិនបានវិនិយោគទឹកប្រាក់ចំនួន ១៥ ពាន់លានដុល្លារអាមេរិកក្នុងអាស៊ាន កើនជាង ៩៦% បើធៀបនឹងឆ្នាំ ២០២០។ មិនត្រឹមតែសហរដ្ឋអាមេរិក និងចិនប៉ុណ្ណោះទេ ដៃគូប្រពៃណីផ្សេងទៀតរបស់អាស៊ានដូចជាជប៉ុន និងកូរ៉េខាងត្បូងក៏បានចាត់ទុកប្រទេសអាស៊ីអាគ្នេយ៍ជាគោលដៅជំនួសដ៏សមស្របមួយ ក្នុងបរិបទដែលខ្សែសង្វាក់ផ្គត់ផ្គង់កំពុងបម្លាស់ទី និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារចិន។ លោកស្រី Oh Young-joo រដ្ឋមន្ត្រីក្រសួងសហគ្រាសធុនតូច និងមធ្យម និងចាប់ផ្ដើមអាជីវកម្មកូរ៉េខាងត្បូង បានវាយតម្លៃថា៖
“យើងចាំបាច់ត្រូវទាក់ទាញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ ក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើនបានវិនិយោគក្នុងអាស៊ានភាគច្រើនគឺពឹងផ្អែកលើខ្សែសង្វាក់តម្លៃផ្ទាល់ខ្លួនរបស់ពួកគេ ព្រោះថាមិនទាន់តភ្ជាប់ជាមួយសហគ្រាសក្នុងប្រទេស។ កូរ៉េខាងត្បូងប្តេជ្ញាចិត្តបង្កលក្ខណៈងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើង។ ខ្ញុំសង្ឃឹមថារដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអាស៊ាននឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក៏ដូចជាសហគ្រាសកូរ៉េខាងត្បូងដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព និងបត់បែនក្នុងតំបន់នាពេលខាងមុខផងដែរ”។
ប្រទេសជាសមាជិកអាស៊ាននានាបាននិងកំពុងបន្តអនុវត្តន៍គោលនយោបាយជួយឧបត្ថម្ភជាច្រើនដល់វិនិយោគិនបរទេស ឆ្ពោះទៅការកសាងបរិយាកាសធុរកិច្ចមានស្ថេរភាព ប្រព័ន្ធច្បាប់យុត្តិធម៌ និងប្រកបដោយប្រសិទ្ធភាព។ ទាំងនេះគឺជាលក្ខខណ្ឌជួយលំហូរទុន FDI បន្តហូរមកកាន់តំបន់ក្នុងប៉ុន្មានឆ្នាំខាងមុខផងដែរ៕