អ្នកគ្រូ Ha Anh Phuong ជាមួយកូនសិស្សនៅសាលាវិទ្យាល័យ Huong Can នៅតំបន់ព្រៃភ្នំស្រុក Thanh Son ខេត្ត Phu Tho។ |
បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហាណូយកាលពីឆ្នាំ២០០៦ ដោយទទួលបានសញ្ញាបត្រចំណាត់ថ្នាក់ពូកែ Ha Anh Phuong កញ្ញាជំនាន់ ៩X ជនជាតិ Muong មកពីខេត្ត Phu Tho បានជ្រើសរើសសាលាវិទ្យាល័យ Huong Can នៅតំបន់ព្រៃភ្នំស្រុក Thanh Son ខេត្ត Phu Tho ដែលជាសាលាមានសិស្សជាជនជាតិភាគតិចស្រូបយកជាង៨៥% ដើម្បីអនុវត្តន៍ក្ដីសុបិនជាគ្រូបង្រៀនរបស់ខ្លួន។
“មនុស្សជាច្រើនចាត់ទុកថា ការបង្រៀនភាសាបរទេសជូនសិស្សានុសិស្សជាជនជាតិភាគតិច គឺជាការលំបាកមួយ ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំមានការគិតផ្សេង។ ខ្ញុំគិតថា នោះគឺជាប្រការដ៏ពិសេសមួយ ហើយក៏ជាគុណសម្បត្តិមួយ ព្រោះថាសិស្សានុសិស្សដែលកើតមកជាជនជាតិភាគតិច គឺរូបប្អូនៗផ្ទាល់ជាកុមារពហុភាសាទៅហើយ។ បច្ចុប្បន្ននេះ អ៊ីនធឺណែតកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយខ្ញុំជឿជាក់ថា គម្លាតរវាងទីក្រុងនិងជនបទក៏ដូចជាគម្លាតរវាងជនជាតិភាគតិច និងជនជាតិ Kinh នឹងត្រូវបានបង្រួញនិងលុបបំបាត់”។
អ្នកគ្រូ Ha Anh Phuong មិនត្រឹមតែជាអ្នកបំផុសគំនិត ដែលជួយសិស្សានុសិស្សចូលចិត្តរៀនភាសាអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងចេះអនុវត្តន៍បច្ចេកវិទ្យាដើម្បីការសិក្សារៀនសូត្រមានប្រសិទ្ធភាពទៀតផង។ ដោយការអនុវត្តកម្មវិធី Sky និង Zoom ដើម្បីតភ្ជាប់ជាមួយថ្នាក់រៀននៅតាមប្រទេសចំនួនជាង៥០ តាមរយៈទម្រង់ថ្នាក់រៀនឆ្លងដែននោះ ក្នុងម៉ោងសិក្សាភាសាអង់គ្លេស សិស្សានុសិស្សមានឱកាសហាត់ស្ដាប់ និយាយជាមួយលោកគ្រូ អ្នកគ្រូបរទេសដើម្បីក្លាយទៅជាពលរដ្ឋសកល។ តាមនោះ ជួយអ្នកគ្រូ Phuong និងកូនសិស្សអាចទៅកំសាន្តដោយមិនត្រូវការទិដ្ឋាការដល់ប្រទេសជាច្រើនលើទូទាំងសកលលោក។
“ថ្នាក់រៀនថ្ងៃនេះ គួរឲ្យចាប់អារម្មណ៍និងមានអត្ថប្រយោជន៍ណាស់។ តាមរយៈថ្នាក់រៀន ខ្ញុំមានឱកាសប្រាស្រ័យជាភាសាអង់គ្លេសជាមួយមិត្តភក្តិបរទេស ទទួលបានបទពិសោធន៍បន្ថែមទៀត ហើយយើងខ្ញុំមានអារម្មណ៍ថា ការរៀនភាសាអង់គ្លេសមិនធុញទ្រាន់ទេ។ តាមរយៈថ្នាក់រៀននេះ យើងខ្ញុំក៏អាចឧទ្ទេសនាមអំពីវប្បធម៌វៀតណាម ជាពិសេសគឺវប្បធម៌នៃខេត្ត Phu Tho ជាមួយនឹងបទចម្រៀង Xoan ទៅកាន់មិត្តភក្តិបរទេស ដើម្បីឲ្យគេយល់ដឹងបន្ថែមអំពីវប្បធម៌វៀតណាមនិង Phu Tho”។
“បន្ទាប់ពីបានរៀនតាមវិធីថ្មីបែបនេះ រួមផ្សំជាមួយនឹងបច្ចេកវិទ្យាថ្មី និងកម្មវិធីថ្មី យើងខ្ញុំកាន់តែជក់អារម្មណ៍នឹងការសិក្សា ហើយកាន់តែងាយស្រួលក្នុងការក្រេបជញ្ជក់យកចំណេះដឹង។ យើងខ្ញុំអាចអភិវឌ្ឍយ៉ាងងាយស្រួលនូវបំណិនទន់ដូចជាការស្ដាប់ ការនិយាយ ក៏ដូចជាបំណិនប្រាស្រ័យជាមួយជនបរទេសផងដែរ”។
ឯកអគ្គរដ្ឋទូតថៃប្រចាំវៀតណាម លោក Nikorndej Blankura ប្រគល់ពានរង្វាន់រាជបុត្រីថៃ Maha Chakri លើកទី៤ឆ្នាំ២០២១ជូនអ្នកគ្រូ Ha Anh Phuong។ |
ទម្រង់ថ្នាក់រៀនឆ្លងដែន មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្ដែងជូនសិស្សានុសិស្សប៉ុណ្ណោះទេ ថែមទាំងជាទម្រង់ឥតគិតថ្លៃយ៉ាងពេញលេញសម្រាប់សាលារៀនទៀតផង។ ដោយមានសេចក្ដីប្រាថ្នាចង់លះបង់ដោយឥតឈប់ឈរ ទន្ទឹមនឹងទម្រង់ថ្នាក់រៀនឆ្លងដែននោះ អ្នកគ្រូ Ha Anh Phuong រួមជាមួយសិស្សានុសិស្សបានអនុវត្តន៍គម្រោងជាច្រើនផ្សេងទៀតដូចជា “និយាយទេជាមួយទុយោបឺតប៉្លាស្ទិក” “បណ្ណាល័យសុភមង្គល” ជាដើម។ អាស្រ័យដោយមានការរួមវិភាគទានជាក់ស្ដែងសម្រាប់សហគមន៍ អ្នកគ្រូ Ha Anh Phuong ត្រូវបានជ្រើសរើសជាតំណាងវៀតណាម សម្រាប់ទទួលពានរង្វាន់រាជបុត្រីថៃ Maha Chakri លើកទី៤ឆ្នាំ២០២១។ ថ្លែងនៅពិធីប្រគល់ពានរង្វាន់ ឯកអគ្គរដ្ឋទូតថៃប្រចាំវៀតណាម លោក Nikorndej Blankura បានឲ្យដឹងថា៖
“ការទទួលបានពានរង្វាន់នេះ មិនមែនជាប្រការងាយស្រួលទេ។ ខ្ញុំសូមអបអរសាទរអ្នកគ្រូ Ha Anh Phuong និងប្រជាជនវៀតណាម។ អ្នកគ្រូបានបើកឱកាសសម្រាប់សិស្សានុសិស្សជាជនជាតិភាគតិចនៅតាមតំបន់ឆ្ងាយដាច់ស្រយាល ជាពិសេសគឺឱកាសសិក្សាភាសាអង់គ្លេស ដែលជារឿងដ៏លំបាកចំពោះប្រជាជនជាជនជាតិភាគតិច។ “ថ្នាក់រៀនឆ្លងដែន” ជាគម្រោងដែលប្រទេសថៃចាប់អារម្មណ៍ ហើយក៏មានគំនិតតាំងពីរាជកាលស្ដេច Rama ៩ ដែរ។ បច្ចុប្បន្ននេះ ប្រទេសចំនួនជាង៥០បានចូលរួមទម្រង់ថ្នាក់រៀនឆ្លងដែន រួមទាំងប្រទេសថៃផងដែរ”។
ធ្លាប់បានបដិសេធឱកាសទៅធ្វើការនៅក្រៅប្រទេសដោយមានប្រាក់ខែ រាប់ពាន់ដុល្លាអាមេរិក អ្នកគ្រូ Ha Anh Phuong បានតាំងចិត្តបន្តអាជីពជាគ្រូបង្រៀន។ អ្នកគ្រូចែករំលែកថា៖ “ការក្លាយទៅជាគ្រូបង្រៀនគឺជាសំណាងដ៏អស្ចារ្យ ហើយមានមនុស្សជាច្រើនគិតថា ខ្ញុំ “ភ្លីភ្លើ” ដោយបោះបង់ឱកាសការងារល្អៗជាច្រើន ដើម្បីក្លាយទៅជាអ្នកគ្រូជនបទ។ ប៉ុន្តែ ការងារដែលខ្ញុំកំពុងធ្វើ តម្លៃដែលខ្ញុំកំពុងបង្កើតឡើង គឺធំធេងច្រើនជាងតម្លៃដែលប្រាក់កាក់នាំមកជូន”។ ហើយការទទួលបានកិត្តិយសជាគ្រូបង្រៀនម្នាក់ក្នុងចំណោមគ្រូបង្រៀនអាស៊ីអាគ្នេយ៍ដ៏ឆ្នើមចំនួន១១នាក់ ដែលទទួលបានពានរង្វាន់រាជបុត្រីថៃ Maha Chakri លើកទី៤ គឺជាលទ្ធផលដ៏សក្តិសមនឹងការខិតខំប្រឹងប្រែងនិងការលះបង់ដោយឥតឈប់ឈររបស់អ្នកគ្រូ Ha Anh Phuong ក្នុងអំឡុងពេលកន្លងមក៕