សារមន្ទីរវាយនភណ្ឌ |
មានទំហំផ្ទៃដីជាង ១៦,០០០ ម៉ែត្រការ៉េ សារមន្ទីរវាយនភ័ណ្ឌមានទីតាំងស្ថិតនៅក្នុងវីឡាបុរាណបារាំងមួយ ដែលត្រូវបានសាងសង់ឡើងនៅសតវត្សរ៍ទី ១៩។ នាឆ្នាំ ១៩៦៧ លោកស្រី Tien Soeharto ភរិយាទី ២ របស់ប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រែក្លាយទីកន្លែងនេះទៅជាអគារបេតិកភណ្ឌ ដែលរក្សាទុក ក្រណាត់ប្រពៃណីគ្រប់ប្រភេទរបស់ប្រទេសខ្លួន។ នេះមិនមែនជាការចៃដន្យទេដែលសារមន្ទីរវាយនភ័ណ្ឌនេះមានទីតាំងជាប់នៅផ្សារណាត់ប្រពៃណី Tanah Abang នៃរដ្ឋធានីហ្សាកាតា។ លោកស្រី Sari Permana Everlyn ប្រធានផ្នែកព័ត៌មាននិងអប់រំនៅសារមន្ទីរបានមានប្រសាសន៍ថា៖
«មានប្រជាជននិងភ្ញៀវទេសចរជាច្រើនពេលមកដល់ប្រទេសឥណ្ឌូនេស៊ីសុទ្ធសឹងតែឈាងចូលទិញក្រណាត់និងសម្លៀកបំពាក់នៅផ្សារ Tanah Abang ។ យើងខ្ញុំមានបំណងចង់ឱ្យប្រជាជនមិនត្រឹមតែទិញផលិតផលវាយនភណ្ឌប៉ុណ្ណោះទេ ថែមទាំងស្វែងយល់អំពីក្រណាត់ប្រពៃណីរបស់ឥណ្ឌូនេស៊ីទៀតផង។ ហេតុដូច្នេះសារមន្ទីរនេះ បានបង្កើតឡើងក្នុងគោលបំណងចង់ជួយឲ្យមនុស្សយល់ដឹងច្បាស់អំពីប្រភពដើម របៀបធ្វើក្រណាត់ និងការអភិវឌ្ឍវាយនភ័ណ្ឌផងដែរ»។
ក្រោយរយៈពេល ៥៤ ឆ្នាំនៃធ្វើសកម្មភាពនៅសារមន្ទីរ នេះគឺជាកន្លែងរក្សាទុកនូវគំរូក្រណាត់ជាង ៣.០០០ ប្រភេទពីប្រពៃណីរហូតដល់សម័យទំនើបនៅទូទាំងប្រទេសឥណ្ឌូនេស៊ី។ មានផលិតផលចាប់ពីក្រណាត់ត្បាញ ក្រណាត់ប៉ាក់ ក្រណាត់ Batik និងក្រណាត់សារុង រហូតដល់សម្លៀកបំពាក់ប្រពៃណីក្នុងតំបន់ និងឧបករណ៍ត្បាញក្រណាត់ឥណ្ឌូនេស៊ីផ្សេងទៀត ត្រូវបានតាំងបង្ហាញនៅទីនេះ។ សារមន្ទីរនេះក៏មានកន្លែងមួយសម្រាប់អ្នករចនាម៉ូដជនជាតិឥណ្ឌូនេស៊ី ធ្វើការបង្ហាញផលិតផលរបស់ខ្លួនហើយជារៀងរាល់ខែ នឹងមានការផ្លាស់ប្តូរដើម្បីនាំមកនូវរូបភាពថ្មីៗសម្រាប់សារមន្ទីរនេះផងដែរ។ អ្វីដែលប្លែកជាងគេ គឺបន្ទប់ដាក់តាំងបង្ហាញក្រណាត់ Batik ជាង ៣០០ ប្រភេទ ដែលជាបេតិកភណ្ឌវប្បធម៌ឥណ្ឌូនេស៊ីត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO។ មានវត្តមាននៅប្រទេសឥណ្ឌូនេស៊ីកាលពី ៥០០ ឆ្នាំមុន ក្រណាត់ Batik ត្រូវបានគេស្គាល់ថាជាក្រណាត់មួយប្រភេទ ទុកសម្រាប់កាត់ដេរ សំលៀកបំពាក់ថ្វាយព្រះមហាក្សត្រក្នុងព្រះបរមរាជវាំង។ នាសព្វថ្ងៃនេះ ក្រណាត់ Batik ត្រូវបានប្រើប្រាស់សម្រាប់មនុស្សទាំងអស់គ្នាផងដែរ។
សារមន្ទីរតាំងបង្ហាញក្រណាត់ និងសំលៀកបំពាក់ប្រពៃណីក្នុងស្រុក |
លើសពីនេះទៀតនៅក្នុងកន្លែងតាំងបង្ហាញនេះដែរ ភ្ញៀវអាចទស្សនាក្រណាត់ batik បែបបុរាណ និងក្រណាត់ batik បែបសម័យទំនើប ដែលត្រូវបានវិវឌ្ឍន៍តាមពេលវេលា។ មានក្រណាត់ Batik ខ្លះគឺពិបាករកទិញដោយមានលំនាំក្បូរក្បាច់ពិសេសៗ ដែលគូរដោយដៃដូចជាក្រណាត់ Batik នៅ Aceh ផលិតផល Batik បុរាណដែលមានអាយុកាលរាប់រយឆ្នាំក៏ត្រូវបានគេស្វែងរកនៅទីនេះផងដែរ។ បន្ទប់តាំងបង្ហាញក្រណាត់ Batik នេះជាប្រភពដើមនៃសារមន្ទីរ Batik ជាតិរបស់ឥណ្ឌូណេស៊ី ។
មិនត្រឹមតែជាកន្លែងទស្សនាប៉ុណ្ណោះទេ សារមន្ទីរវាយនភ័ណ្ឌក៏មានលំហរមួយកន្លែង សម្រាប់ភ្ញៀវទេសចរមកទស្សនាសាកល្បងធ្វើផលិត Batik។ ក្រៅពីនេះសារមន្ទីរក៏រៀបចំវគ្គបណ្តុះបណ្តាល ទាក់ទងនឹងក្រណាត់ប្រពៃណី និងសិល្បៈ Batik របស់ឥណ្ឌូនេស៊ីផងដែរ។ លោក Sugeng Riadi - សិប្បករណែនាំអំពីការធ្វើ Batik ក្នុងសារមន្ទីរ បានចែករំលែកថា៖
«វគ្គបណ្តុះបណ្តាល Batik ត្រូវបានបើក ដើម្បីរក្សាទុកនិងអភិរក្សនូវវប្បធម៌របស់ឥណ្ឌូនេស៊ី ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់មនុស្សជំនាន់ក្រោយអាចសិក្សារៀនសូត្រ និងមានមោទនភាពចំពោះប្រពៃណីជាតិ។ លើសពីនេះទៀត នេះក៏ជាកន្លែងមួយដើម្បីបន្ត«បណ្តុះពន្លក» និងអភិវឌ្ឍន៍ទេពកោសល្យផងដែរ។ អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាល Batik នៅទីនេះ កាន់តែមានចំណង់ចំណូលចិត្តរបស់ខ្លួនថែមទៀត ដើម្បីអភិវឌ្ឍន៍ទៅជាអាជីពមួយផងដែរ” ។
អាចនិយាយបានថា សារមន្ទីរវាយនភណ្ឌនៅរដ្ឋធានីហ្សាកាតា គឺជាសារមន្ទីរដ៏ធំនិងមានគ្រប់ប្រភេទក្រណាត់ច្រើនបំផុតរបស់ឥណ្ឌូណេស៊ី ហើយថែមទាំងជាការខិតខំប្រឹងប្រែងមួយរបស់រដ្ឋាភិបាល ក្នុងការប្រមូល និងអភិរក្សបេតិកភណ្ឌនៃវិស័យវាយនភណ្ឌរបស់ប្រទេសនេះផងដែរ៕