កិច្ចពិភាក្សាស្តីពីសហគមន៍ប្រកបដោយនិរន្តរភាពនិងទេសចរណ៍សហគមន៍រវាងប្រទេសថៃនិងខេត្ត Thai Nguyen នៅឯស្ថានទូតថៃប្រចាំទីក្រុងហាណូយ |
នៅដើមឆ្នាំ ២០២០ ស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ បានសម្របសម្រួលជាមួយស្ថាប័នសហប្រតិបត្តិការអន្តរជាតិថៃ (TICA) ក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ដើម្បីចាត់បញ្ជូនអ្នកជំនាញចំនួន ៣ នាក់នៃសាកលវិទ្យាល័យ Maejo ទៅធ្វើការជំរឿន ១០០% នៃគ្រួសារនៅឃុំ Dong Bong និង Dong Xien ស្រុក Phu Luong។ ទោះបីជាដំណើរបំពេញទស្សនកិច្ចត្រូវបានផ្អាកដោយសារការផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ក៏ប៉ុន្តែសាស្រ្តាចារ្យចម្បងនៃសាកលវិទ្យាល័យ Maejo បានចុះដល់មូលដ្ឋាននិងធ្វើការជាមួយខេត្តនិងស្រុកទាំងនេះ ដោយឯកភាពគ្នាវិនិយោគលើគម្រោងចំនួន ២ គឺអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ទេសចរណ៍តាមសហគមន៍នៅភូមិ Dong Bong និងភូមិ Dong Xien។ តាមរយៈដំណើរការស្រាវជ្រាវរបស់អ្នកជំនាញនៃសាកលវិទ្យាល័យ Maejo និងផ្អែកលើមូលដ្ឋាននៃមតិយោបល់របស់ប្រជាជនក្នុងតំបន់ ភាគីថៃបានសំរេចថាភូមិ Dong Bong នឹងអភិវឌ្ឍមុខរបរ និងផលិតផលនានា។ រីឯនៅភូមិ Dong Xien លក្ខណៈវប្បធម៌ប្រចាំតំបន់របស់ប្រជាជនក្នុងស្រុក ជាពិសេសគឺមរតកវប្បធម៌អរូបីជាតិចំនួន ២ គឺពិធីបុណ្យបន់ស្រន់សូមឲ្យមានរដូវអំណោយផលល្អ និងក្បាច់រាំ Tak Xinh របស់ ជនជាតិដើមភាគតិច San Chay ជាបុព្វបទសំខាន់ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍សហគមន៍។ លោក Nguyen Van Ngoc នាយករងមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Thai Nguyen បានមានប្រសាសន៍ថា៖
«នៅ Thai Nguyen មានលក្ខណៈពិសេសជាច្រើន ដែលអាចអនុវត្តតាមគំរូទេសចរណ៍មកពីប្រទេសថៃបាន។ ខេត្ត Thai Nguyen ខ្ញុំមានភ្ញៀវទេសចរជាច្រើន ទៅទស្សនាប្រទេសថៃ ហើយមានបំណងចង់បង្កើតគំរូទេសចរណ៍មួយចំនួនស្រដៀងនឹងប្រទេសថៃដោយឈរលើមូលដ្ឋាននៃការទាញយកសក្តានុពលនិងឧត្តមភាពនៃធនធានទេសចរណ៍របស់ខេត្ត Thai Nguyen ផងដែរ។ ស្ថិតក្រោមលក្ខខណ្ឌនាបច្ចុប្បន្ននេះ គណៈកម្មាធិការបក្សខេត្ត Thai Nguyen ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនខេត្ត មានចំណាប់អារម្មណ៍យ៉ាងខ្លាំងនិងមានសេច្តីសង្ឃឹមលើការវិនិយោគ ក៏ដូចជាទាក់ទាញការវិនិយោគដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្ត Thai Nguyen។ យើងខ្ញុំបានកសាង គំរោងការណ៍ក្នុងទ្រង់ទ្រាយថ្នាក់ខេត្ត ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ខេត្ត Thai Nguyen ក្នុងដំណាក់កាល ២០២១-២០២៥ និងចក្ខុវិស័យរហូតដល់ឆ្នាំ ២០៣០ ផងដែរ។ »
គណៈប្រតិភូខេត្ត Thai Nguyen ថតរូបជាមួយតំណាងស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ និងនាយកខុទ្ទកាល័យតំណាងអគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) នៅទីក្រុងទីក្រុងហូជីមិញ |
កាលពីមុននោះ នាឆ្នាំ ២០១៩ គណៈកម្មាធិការប្រជាជនស្រុក Phu Luong បានចាត់បញ្ជូនកម្មាភិបាល ថ្នាក់ដឹកនាំសហគមន៍ និងកសិករភូមិ Dong Bong និង Dong Xien ឃុំ Yen Lac ទៅសិក្សារៀនសូត្រ និងស្រាវជ្រាវស្តីពី“ ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពផ្អែកលើ SEP អភិវឌ្ឍន៍ផលិតផលប្រចាំតំបន់មួយទេសចរណ៍ សហគមន៍ និងគួបផ្សំវិស័យកសិកម្មនិងរុក្ខកម្មជាមួយគ្នា” នៅប្រទេសថៃ។ លោក Lam Viet Phuong អនុប្រធានខុទ្ទកាល័យក្រុមប្រឹក្សាប្រជាជននៃ ក្រុមកម្មាធិការប្រជាជនស្រុក Phu Luong ដែលជាសមាជិកក្នុង គណៈប្រតិភូខេត្តទៅសិក្សានៅប្រទេសថៃបានមានប្រសាសន៍បថា៖
« ខ្ញុំបានសិក្សានៅសាកលវិទ្យាល័យ Maejo អស់រយៈពេលប្រហែលជា ២០ ថ្ងៃ។ ទទួលបានបទពិសោធន៍និងសិក្សាទ្រឹស្តីផ្នែកសេដ្ឋកិច្ចល្មមរបស់ស្តេច Rama ទី៩។ បន្ទាប់ពីនោះ ក៏មានឱកាសធ្វើដំណើរកម្សាន្តតាមមូលដ្ឋានជាក់ស្តែង និងទទួលបានបទពិសោធន៍ពីសកម្មភាពទេសចរណ៍សហគមន៍និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមភូមិនានាក្នុងប្រទេសថៃ។ អ្វីដែលខ្ញុំមើលឃើញថាសមស្របបំផុត នោះគឺថាគេបានទាញយកឧត្តមភាពពីលក្ខណៈវប្បធម៌ក្នុងតំបន់ក៏ដូចជា ធនធានដែលមានស្រាប់របស់តំបន់នេះ។ ដោយមិនអនុវត្តតាមគំរូផ្សេងទៀតទេ គេបែរជាអភិវឌ្ឍដោយផ្អែកលើលក្ខណៈវប្បធម៌ និងធនធានដែលមានមានស្រាប់ ក៏ដូចជាសេចក្តីប្រាថ្នារបស់ប្រជាជនក្នុងតំបន់ផងដែរ។ វានឹងក្លាយជាការអភិវឌ្ឍប្រកបដោយចីរភាពយ៉ាងខ្លាំងផងដែរ»។
និយាយអំពីការអភិវឌ្ឍវិស័យទេសចរណ៍តាមសហគមន៍ លោកស្រី Ratiwan Boonprakhong នាយិកាការិយាល័យតំណាងនៃអគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ប្រចាំទីក្រុងហូជីមីញ បានចែករំលែកអំពីបទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍ប្រកបដោយចីរភាពរបស់ប្រទេសថៃថា៖
«ចំណុចសំខាន់គឺត្រូវតែអនុញ្ញាតឱ្យអ្នកក្នុងស្រុកចូលរួមក្នុងការរៀបចំផែនការ និងគ្រប់គ្រងទេសចរណ៍ ដោយមើលឃើញពីសារៈសំខាន់នៃគម្រោងការណ៍ព្រមទាំងមានអារម្មណ៍ថាពួកគេកំពុងធ្វើជាម្ចាស់និងមានប្រាក់ចំណូល ទើបតែមានអារម្មណ៍សប្បាយចិត្តដើម្បីអនុវត្តឲ្យបានល្អថែមទៀត។ ទេសចរណ៍ប្រកបដោយចីរភាព គឺជាវិស័យទេសចរណ៍ ដែលត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់មិនត្រឹមតែធ្វើទេសចរណ៍ក្នុងរង្វង់ ១-២ ឆ្នាំប៉ុណ្ណោះទេ។ រដ្ឋគាំទ្រនិងបង្កលក្ខ ខណៈអំណោយផលទាំងអស់។ ហេតុដូច្នេះ លក្ខណៈនិរន្តរភាពនឹងទទួលបានពីសហគមន៍ ហើយប្រជាជនត្រូវតែក្លាយជាអ្នកគ្រប់គ្រងទេសចណ៍សហគមន៍ក្នុងមូលដ្ឋាននេះ»។
នាពេលអនាគត ស្ថានទូតថៃនឹងបន្តរៀបចំផ្លាស់ប្តូរបទពិសោធន៍និងបណ្តុះបណ្តាលដល់ខេត្ត Thai Nguyen តាមប្រព័ន្ធអនឡាញនិងដោយផ្ទាល់ បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងបានល្អប្រសើរ។ រីឯភាគី TAT មានផែនការអញ្ជើញគណៈប្រតិភូ Thai Nguyen មកទស្សនានិងស្វែងយល់អំពីគំរូទេសចរណ៍សហគមន៍នៅថៃ ព្រមទាំងអញ្ជើញអ្នកសារព័ត៌មានថៃផ្សព្វផ្សាយអំពីទេសចរណ៍សហគមន៍នៅខេត្ត Thai Nguyen វិញផងដែរ ៕