វេជ្ជបណ្ឌិតវៀតណាមពិនិត្យព្យាបាលជំងឺនិងចែកចាយថ្នាំដល់អាណិកជនវៀតណាមនិងប្រជាជនឡាវ

Chia sẻ

(VOVWORLD) - កម្មវិធីពិនិត្យសុខភាព ចែកថ្នាំ និងប្រគល់អំណោយដល់អាណិកជនវៀតណាមនិងប្រជាជនឡាវ ដែលមានស្ថានភាពលំបាកនៅទីក្រុងវៀងចន្ទន៍ គឺជាសកម្មភាពជាប្រចាំឆ្នាំ ប្រកបដោយអត្ថន័យ មនុស្សធម៌ ស្មារតីជួយទំនុកបម្រុងគ្នាទៅវិញទៅមក បង្ហាញពីការយកចិត្តទុកដាក់របស់បក្សភាគ អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ ចំពោះជនជាតិវៀតណាមដែលរស់នៅឆ្ងាយពីមាតុភូមិ។ នេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជួយជ្រោមជ្រែង “ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម - ឡាវ ឡាវ - វៀតណាម ឆ្នាំ ២០២២”; អបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ រួមចំណែកពង្រឹងនិងពង្រីកស្មារតីសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរក្នុងដំណើរការអភិវឌ្ឍផងដែរ។

វេជ្ជបណ្ឌិតវៀតណាមពិនិត្យព្យាបាលជំងឺនិងចែកចាយថ្នាំដល់អាណិកជនវៀតណាមនិងប្រជាជនឡាវ - ảnh 1អាណិកជនវៀតណាមនិងប្រជាជនឡាវជាច្រើនកុះកររង់ចាំពិនិត្យសុខភាព។ (រូបថត៖ VOV)

មានវត្តមានតាំងពីព្រឹកព្រលឹម លោកតា Mai Khac Trong អាយុ ៩០ ឆ្នាំ និងលោកយាយ Tran Thi Nga អាយុ ៧៦ ឆ្នាំ ជាជនជាតិវៀតណាមដែលរស់នៅទីក្រុងវៀងចន្ទន៍ជាយូរមកហើយនោះ មិនអាចលាក់បាំងអារម្មណ៍រំភើបចិត្តបានឡើយ ដោយត្រូវបានវេជ្ជបណ្ឌិតវៀតណាមមកពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ ហើយចែកថ្នាំនិងវ៉ែនតា ដើម្បីអាចមើលឃើញច្បាស់ជាង៖

"គ្រូពេទ្យពិនិត្យភ្នែក ពិនិត្យច្រមុះហើយចែកវ៉ែនតាឲ្យពាក់ អានពាក្យយ៉ាងច្បាស់ណាស់។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់"។

តាមរយៈកម្មវិធី អាណិកជនវៀតណាមនិងប្រជាជនឡាវដែលមានស្ថានភាពលំបាកនៅរដ្ឋធានីវៀងចន្ទន៍ មានឱកាសពិនិត្យសុខភាពដូចជា វាស់សម្ពាធឈាម ចង្វាក់បេះដូង ពិនិត្យភ្នែក ត្រចៀក ច្រមុះ និងបំពង់ក ទទួលបានការពិគ្រោះយោបល់ពីជំងឺមួយចំនួន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាព ហើយទទួលបានថ្នាំប៉ូវកំលាំង វីតាមីន ថ្នាំបង្កើនភាពធន់ ទឹកសំលាប់មេរោគ ជាដើម។ ករណីដែលមានជំងឺធ្ងន់ធ្ងរ នឹងត្រូវបានពិគ្រោះយោបល់ ហើយណែនាំពីរបៀបព្យាបាល។ លោក Anusith អាយុ ៤០ ឆ្នាំនៅសង្កាត់ Sibounhuang រដ្ឋធានីវៀងចន្ទន៍ បានចែករំលែកថា នៅពេលដឹងថាមានក្រុមគ្រូពេទ្យដែលមានសមត្ថភាពជំនាញខ្ពស់ពីវៀត ណាមមកពិនិត្យសុខភាពដោយឥត គិតថ្លៃជូនប្រជាជនឡាវដែលមានស្ថានភាពលំបាក ប្រពន្ធនិងកូនស្រី បានលើកទឹកចិត្តលោកឲ្យទៅពិនិត្យសុខភាព។ លោកបានរៀបរាប់ថា មុនពេលជំងឺកូវីដ-១៩ ផ្ទុះឡើង លោកទៅធ្វើការស៊ីឈ្នួលនៅរោងចក្រកែច្នៃឈើ ប៉ុន្តែជាអកុសល ផ្នែកត្រូវរងរបួស តាំងពីពេលនោះមកធ្វើឲ្យភ្នែកមើលមិនច្បាស់ ហើយទឹកភ្នែកហូរញឹកញាប់៖

"បន្ទាប់ពីត្រូវបានគ្រូពេទ្យវៀតណាមពិនិត្យមក ខ្ញុំបាននឹងនរចិត្តជាងមុន ហើយមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់។ នេះជាគោលនយោបាយដ៏ល្អដើម្បីជួយប្រជាជន បង្ហាញពីទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលតែងតែជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក"។

វេជ្ជបណ្ឌិតវៀតណាមពិនិត្យព្យាបាលជំងឺនិងចែកចាយថ្នាំដល់អាណិកជនវៀតណាមនិងប្រជាជនឡាវ - ảnh 2ការពិនិត្យភ្នែកសម្រាប់ជនចាស់ជរា។ (រូបថត៖ VOV)

ក្រុមការងារនៃគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៅទីក្រុងហូជីមិញ រួមមានសមាជិកចំនួន៣១នាក់ ក្នុងនោះ២៥នាក់ជាវេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាករ អ្នកស្ម័គ្រចិត្តដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការពិនិត្យនិងព្យាបាលជំងឺ។ គេមិនអើពើដល់ផ្លូវឆ្ងាយទេ ដោយចូលរួមកម្មវិធី ដោយមានបំណងធំបំផុតនោះ គឺជួយឧបត្ថម្ភបងប្អូនអាណិក
ជនវៀតណាម និងប្រជាជនឡាវដែលកំពុងជួបការលំបាក។ ឱសថការី Cao Thi Minh Tuyet សមាជិកាម្នាក់ក្នុងក្រុមបានឲ្យដឹងថា៖

“ពេលដឹងថា អាណិកជននៅឯបរទេស កំពុងជួបការលំបាកជាច្រើន ជាពិសេសក្នុងការថែទាំសុខភាព យើងខ្ញុំបានរៀបចំការងារដើម្បីចុះឈ្មោះចូលរួម។ យើងខ្ញុំបានសម្របសម្រួលជាមួយអ្នកស្ម័គ្រចិត្តក្នុងការងារបកប្រែដើម្បីបម្រើការពិនិត្យនិងព្យាបាលជំងឺជូនបងប្អូនអាណិកជន
វៀតណាម ក៏ដូចជាប្រជាជនឡាវដែលមានស្ថានភាពលំបាកបានយ៉ាងល្អថែមទៀត”។

វេជ្ជបណ្ឌិតវៀតណាមពិនិត្យព្យាបាលជំងឺនិងចែកចាយថ្នាំដល់អាណិកជនវៀតណាមនិងប្រជាជនឡាវ - ảnh 3គោលបំណងនៃសកម្មភាពស្ម័គ្រចិត្តនេះគឺដើម្បីរួមដៃជាមួយអាជ្ញាធរមូលដ្ឋានថែទាំជីវភាពខាងសម្ភារៈ ស្មារតីនិងសុខភាពសម្រាប់ប្រជាជនដែលមានស្ថានភាពលំបាកនៅ
ទីក្រុងវៀងចន្ទន៍។ 

លោក Vo Thanh Chat - អនុប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៅទីក្រុងហូជីមិញ ប្រធានក្រុមវេជ្ជសាស្រ្ដបានឲ្យដឹងថា គោលបំណងនៃសកម្មភាពស្ម័គ្រចិត្តនេះគឺដើម្បីរួមដៃជាមួយអាជ្ញាធរមូលដ្ឋាន ថែទាំជីវភាពខាងសម្ភារៈ ស្មារតី និងសុខភាពសម្រាប់ប្រជាជនដែលមានស្ថានភាពលំបាកនៅទីក្រុងវៀងចន្ទន៍។ ទន្ទឹមនឹងនោះ បង្ហាញពីស្មារតីសាមគ្គីភាព ការជួយទំនុកបម្រុងគ្នាទៅវិញទៅ ព្រមទាំងបង្កើនចំណងមិត្តភាពភាតរភាពរវាងទីក្រុងហូជីមិញនិងទីក្រុងវៀងចន្ទន៍ផងដែរ៖

“តាមរយៈដំណើរទស្សនកិច្ចពិនិត្យសុខភាព ចែកថ្នាំ និងប្រគល់អំណោយលើកនេះ យើងខ្ញុំមានគោលបំណងចង់ជួយសហគមន៍ជនជាតិវៀតណាម និងប្រជាជនឡាវ ឲ្យមានសុខភាពមាំមួន ខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បី លើកកំពស់ជីវភាពរស់នៅ ហើយរួមចំណែកក្នុងការកសាងប្រទេសឡាវឲ្យកាន់តែខ្លាំងមាំមួននិងរីកចម្រើន”។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី ក្រុមគ្រូពេទ្យក៏បានចែកថ្នាំ និងប្រគល់អំណោយជូនអាណិកជនវៀត
ណាម និងប្រជាជនឡាវចំនួន ៥០០នាក់ ដែលមានស្ថានភាពរស់នៅលំបាក។ អំណោយនីមួយៗមានតម្លៃ១លានដុង ទោះបីជាមិនធំក៏ដោយ ប៉ុន្តែនោះគឺមនោសញ្ចេតនា ទឹកចិត្ត ការចែករំលែករបស់បក្សភាគ អាជ្ញាធរនិងប្រជាជនទីក្រុងហូជីមិញ បង្ហាញពីស្មារតីសាមគ្គីភាព ស្លឹកឈើល្អការពារស្លឹកឈើរហែក ការជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងគ្រាលំបាក; រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ៕

ប្រតិកម្មទៅវិញ