ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវខ្សែរថភ្លើងក្រោមដីដើមដំបូង (រូបថត៖ EPA) |
ក្រោយរយៈពេល ៦ ឆ្នាំ សាងសង់រួចមក ដំណាក់កាលទីមួយនៃគម្រោងនេះត្រូវបានសម្រេចជាស្ថាពរ។ ជើងរថភ្លើងក្រោមដីដើមដំបូងត្រូវបានដំណើរការ ដោយប្រែក្លាយក្ដីសុបិនអំពីបណ្ដាញរថភ្លើងក្រោមដីអរិយធម៌ និងដោះស្រាបញ្ហាកកស្ទះចរាចរណ៍នៅទីក្រុង Jakarta ឲ្យក្លាយទៅជាការពិត។
“ខ្ញុំសូមប្រកាសដាក់ឲ្យដំណើរការជាបណ្ដាញ រថភ្លើងក្រោមដី MRT ជាផ្លូវការ។ ចាប់ពីថ្ងៃនេះតទៅ យើងបានត្រៀមខ្លួនជាស្រេច ដើម្បីបន្សាំនឹងខឿនវប្បធម៌ថ្មីមួយ។ នេះគឺជា
ដំណាក់កាលទីមួយនៃគម្រោងតែប៉ុណ្ណោះ។ ដំណាក់កាលទីពីរនៃគម្រោងកសាងកំណាត់ផ្លូវជាបន្តក៏ត្រូវបានបើកការដ្ឋានសាងសង់ចាប់ពីថ្ងៃនេះតទៅផងដែរ”។
នាថ្ងៃទី២៥ ខែមិនាកន្លងទៅ នៅចំពោះមុខប្រជាជនទីក្រុង Jakarta រាប់ម៉ឺននាក់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានចុចប៊ូតុងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវខ្សែរថភ្លើងក្រោមដីដើមដំបូង ដែលមានប្រវែង ១៦ គីឡូម៉ែត្រ រួមមានស្ថានីយ៍រថភ្លើងក្រោមដីចំនួន ៦ និងស្ថានីយ៍រថភ្លើងលើគោកចំនួន ៦ តភ្ជាប់រង្វង់មូលមជ្ឈមណ្ឌលទីក្រុងជាមួយភាគខាងត្បូងទីក្រុង។ នេះគឺជាខ្សែផ្លូវគមនាគមន៍សរសៃឈាមរបស់ទីក្រុង Jakarta ដែលតែងតែជួបប្រទះនឹងបញ្ហាកកស្ទះចរាចរណ៍។ ហេតុដូច្នេះហើយ ប្រជាជនទីក្រុងអាចធ្វើដំណើរបំលាស់ទីទៅកាន់មជ្ឈមណ្ឌលទីក្រុងយ៉ាងឆាប់រហ័ស និងងាយស្រួល ដោយចំណាយប្រាក់ត្រឹម ១ ម៉ឺន Rupiah (ប្រមាណ ១ ដុល្លារអាមេរិក) តែប៉ុណ្ណោះ។ លោក Aghita ប្រជាពលរដ្ឋទីក្រុងមួយរូបបានចែករំលែកថា៖
“ខ្ញុំពិតជា មានអារម្មណ៍ពុះកញ្ជ្រោលនិងសប្បាយរីករាយណាស់ ដោយសារមានប្រព័ន្ធ រថភ្លើងក្រោមដី MRT ដូច្នេះ។ ខ្ញុំត្រូវចំណាយរយៈពេល ១ ម៉ោង ដើម្បីធ្វើដំណើរពីជាយទីក្រុងទៅកាន់មជ្ឈមណ្ឌលទីក្រុង។ នាបច្ចុប្បន្ននេះ ខ្ញុំលែងខ្លាចបញ្ហាកកស្ទះចរាចរណ៍ទៀតហើយ”។
លើសពីនេះទៅទៀត ប្រជាជនទីក្រុង Jakarta បានវាយតម្លៃថា រថភ្លើងក្រោមដី MRT គឺជាប្រព័ន្ធចរាចរណ៍ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ស្អាត និង ទំនើបជាង បើប្រៀបធៀបនឹង ប្រព័ន្ធឡានក្រុងល្បឿនលឿន Transjakarta (BRT)។
អង្គការសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានផ្ដល់ហិរញ្ញប្បទាន និងជាអ្នកម៉ៅការសាងសង់ប្រព័ន្ធរថភ្លើងក្រោមដី MRT នេះ។ MRT ត្រូវបានបញ្ជាដោយប្រព័ន្ធសញ្ញាទំនើបបំផុត។ បណ្ដាញនេះបានធានាឲ្យរថភ្លើងអាចធ្វើដំណើរក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង តាមផ្លូវកំណត់។ ជារៀងរាល់ ១០ នាទីម្ដង រថភ្លើងមួយគ្រឿង ដែលមាន ៦ ទូ នឹងដឹកអ្នកដំណើរប្រមាណ ១៩០០ នាក់ ។ ទុនវិនិយោគសរុបសម្រាប់ដំណាក់កាលទី ១ គឺ ១,២ ពាន់លានដុល្លារអាមេរិក។ លោក Masafumi Ishii ឯកអគ្គរាជទូតជប៉ុនប្រចាំនៅឥណ្ឌូនេស៊ីបានចែករំលែកថា៖
“ដំណាក់កាលដំបូងនៃ MRT នៅទីក្រុង Jakarta បានសម្រេច ជាស្ថាពរគឺជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការរវាងជប៉ុន និង ឥណ្ឌូនេស៊ី។ ក្នុងអំឡុងពេល ១០ ឆ្នាំខាងមុខ ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការកសាងប្រព័ន្ធរថភ្លើង ទិសឦសាន ដែលមានប្រវែង ២០០ គីឡូម៉ែត្រ។ ពិតណាស់ថា រថភ្លើង MRT នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅទីក្រុង Jakarta ក៏ដូចជាជំរុញសេដ្ឋកិច្ចឥណ្ឌូនេស៊ីអភិវឌ្ឍន៍ផងដែរ”។
តាមផែនការ បន្ទាប់ពីបើកសម្ពោធខ្សែរថភ្លើងក្រោមដី MRT ដើមដំបូងរួចមក ដំណាក់កាលទី ២ នៃគម្រោងនេះនឹងត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ។ ដំណាក់កាលទី ២ នេះ មានប្រវែង ៨ គីឡូម៉ែត្រ តភ្ជាប់មជ្ឈមណ្ឌលទីក្រុងជាមួយភាគខាងជើង ដែលជាទីកន្លែងមានប្រលានយន្តហោះអន្តរជាតិ Soekarno Hatta។ តាមគម្រោង ខ្សែរថភ្លើងនេះនឹងសម្រេចជាស្ថាពរនាឆ្នាំ ២០២៤ ខាងមុខ៕