មន្ទីរពេទ្យ Cho Ray ភ្នំពេញ - ស្ពានតភ្ជាប់សកម្មភាព​សុខាភិបាល​រវាង វៀ​តណាម និងកម្ពុជា

Chia sẻ
(VOVWORLD) -ការវៈកាត់ចំនួន ៥០០ លើកត្រូវបានអនុវត្តន៍ប្រកបដោយជោគជ័យ ហើយមានអ្នកជំងឺប្រមាណ ២ ម៉ឺននាក់ត្រូវបានសម្រាកព្យាបាលគឺជាតួរលេខដ៏គួរឲ្យកត់សម្គាល់ ដែល មន្ទីរពេទ្យ Cho Ray ភ្នំពេញទទួលបានក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ។ 
មន្ទីរពេទ្យ Cho Ray ភ្នំពេញ - ស្ពានតភ្ជាប់សកម្មភាព​សុខាភិបាល​រវាង វៀ​តណាម និងកម្ពុជា - ảnh 1 មន្ទីរពេទ្យ Cho Ray ភ្នំពេញ

មន្ទីរពេទ្យ Cho Ray ភ្នំពេញមិនត្រឹមតែជាអាស័យដ្ឋានសុខាភិបាលសម្រាកព្យាបាលជំងឺដ៏មានកិត្យានុភាពបំផុតនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់ផ្នែកសុខាភិបាលរវាងទីក្រុងហូជីមិញ និងភ្នំពេញនិយាយដោយឡែក ហើយថែមទាំងរវាងប្រទេសវៀតណាម និងកម្ពុជានិយាយរួមទៀតផង។

តាមទីភ្នាក់ងារផ្សព្វផ្សាយ នៃមន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញបានឲ្យដឹងថា ក្នុងដំណាក់កាល ២០១០ - ២០១៣ ជារៀងរាល់ថ្ងៃ មានអ្នកជម្ងឺកម្ពុជាចំនួន ៣០០ នាក់បានទៅពិនិត្យ និងព្យាបាលជំងឺនៅវៀតណាម ដោយសារ ផ្នែកសុខាភិបាលរបស់កម្ពុជានៅមានកំហិតទាំងខាងមូលដ្ឋានសំភារៈ ធនធានមនុស្ស និងជំនាញវិជ្ជាជីវៈ។ ក្នុងនោះ ចំនួនអ្នកជម្ងឺកម្ពុជាបានព្យាបាលជម្ងឺនៅមន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញបានកើនឡើង ៩០ ភាគរយ។ ចំពោះស្ថានភាពនេះ ដោយទទួលបានការជួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិការពីមន្ទីរពេទ្យ Cho Ray ហូជីមិញនោះ មន្ទីរពេទ្យ Cho Ray ភ្នំពេញត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនាឆ្នាំ ២០១៤ ដោយមានគោលដៅក្លាយទៅជាមន្ទីរពេទ្យដែលមានស្ដង់ដារអន្តរជាតិ ព្រមទាំងជួយបណ្ដុះបណ្ដាល និងផ្ទេរបច្ចេកវិទ្យាសុខាភិបាលជូនគ្រូពេទ្យកម្ពុជា។

ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧ មានអ្នកជំងឺ ចំនួន ៤៣០០ នាក់បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យCho Ray ភ្នំពេញ ហើយក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០១៨ ចំនួនអ្នកជំងឺ ដែលបានសម្រាកព្យាបាលបានកើន ១៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ នេះគឺជាសញ្ញាគួរឲ្យសប្បាយរីករាយចំពោះមន្ទីរពេទ្យ Cho Ray ភ្នំពេញ។ វេជ្ជបណ្ឌិត  Tran Vu Duc - អ្នកជំនាញដើមដំបូងមួយរូបនៃមន្ទីរពេទ្យ Cho Ray ភ្នំពេញ ដែលត្រូវបានបញ្ជូនទៅបំពេញភារកិច្ចពិនិត្យ ព្យាបាល និងបណ្ដុះបណ្ដាលគ្រូពេទ្យនៅមន្ទីរពេទ្យCho Ray ភ្នំពេញបានចែករំលែកថា៖

“នាពេលមន្ទីរពេទ្យទើបនឹងបានដាក់ឲ្យដំណើរការនោះ យើងខ្ញុំត្រូវធ្វើការងារ ច្រើនណាស់ ពោលគឺចាប់ពីការកសាងការិយាល័យរដ្ឋបាល រហូតដល់ការបណ្ដុះបណ្ដាលគ្រូពេទ្យ។ ទន្ទឹមនឹងនេះយើងខ្ញុំក៏ជួបប្រទេះនឹងបញ្ហាភាសា វប្បធម៌ ទំនៀមទំលាប់នៅកម្ពុជាទៀតផង”។

គិតត្រឹមបច្ចុប្បន្ននេះ មន្ទីរពេទ្យ Cho Ray ភ្នំពេញមានគ្រែសម្រាប់អ្នកជម្ងឺចំនួន ២០០ ផ្នែក/ការិយាល័យចំនួន ២១ និងបុគ្គលិកចំនួន ២១៤ នាក់។តាមគម្រោង ដល់ឆ្នាំ២០២០ មន្ទីរពេទ្យនឹងពង្រីកគ្រែសម្រាប់អ្នកជម្ងឺឡើងដល់ ៣០០។ ។

មន្ទីរពេទ្យ Cho Ray ភ្នំពេញ - ស្ពានតភ្ជាប់សកម្មភាព​សុខាភិបាល​រវាង វៀ​តណាម និងកម្ពុជា - ảnh 2សកម្មភាពពិនិត្យជំងឺនៅ មន្ទីរពេទ្យ Cho Ray ភ្នំពេញ

ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ មន្ទីរពេទ្យ Cho Ray ភ្នំពេញត្រូវបានបំពាក់ម៉ាស៊ីនទំនើបៗ តាមស្តង់ដារ ISO អន្តរជាតិ ដូចជាម៉ាស៊ីនថត MRI  X-Rray  CT Scan 124 slide ជាដើម។ លើសពីនេះទៅទៀត មន្ទីរពេទ្យ Cho Ray ហូជីមិញបានផ្ទេរប្រគល់វិធីបច្ចេកទេសចំនួន រាប់ពាន់ឲ្យគ្រូពេទ្យនៃមន្ទីរពេទ្យ Cho Ray ភ្នំពេញ។ លោកបណ្ឌិត វេជ្ជបណ្ឌិត Nguyen Truong Son នាយកមន្ទីពេទ្យ Cho Ray ហូជីមិញបានឲ្យដឹងថា៖

“យើងបានដាក់ឲ្យមន្ទីរពេទ្យ Cho Ray ភ្នំពេញ ចូលរួម ក្នុង សកម្មភាព នៃ ប្រព័ន្ធសុខាភិបាលរបស់កម្ពុជា ដើម្បី បម្រើ តម្រូវការថែទាំ សុខភាព របស់ ប្រជាជន។ លើសពីនេះទៅទៀត ប្រភពធនធានមនុស្ស និងជួរកម្មាភិបាល វេជ្ជបណ្ឌិតកម្ពុជាកាន់តែមានជំនាញវិជ្ជាជីវៈ រីកចម្រើនដោយឥតឈប់ឈរ ហើយថែមទាំងទទួលបានការជួយឧបត្ថម្ភពីមិត្តរួមអាជីពមកពីមន្ត្រីពេទ្យ Cho Ray ហូជីមិញផងដែរ“។

ជារៀងរាល់ឆ្នាំ  មន្ទីរពេទ្យ Cho Ray ហូជីមិញ តែង តែរៀបចំ សកម្មភាព មនុស្សធម៌ ដូចជា៖ បញ្ជូនវេជ្ជបណ្ឌិតពីវៀតណាមទៅកាន់ពន្ទីរពេទ្យ Cho Ray ភ្នំពេញដើម្បីពិនិត្យព្យាបាល ផ្ដល់ថ្នាំសង្កូវឥតគិតថ្លៃជូនប្រជាជនកម្ពុជាចំនួន ១ ពាន់នាក់ ដែលកើតជម្ងឺត្រចៀក ច្រមុះ បំពង់ក និងភ្នែកជាដើម។ សកម្មភាពទាំងនេះទទួលបានការជួយទុកចិត្ត និងគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ប្រជាជនកម្ពុជា ហើយថែមទាំងរួមចំណែករឹតបន្តឹងទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ