ភ្ញៀវទេសចរថៃចាប់អារម្មណ៍នឹងដំណើរទេសចរណ៍រាត្រីនៅមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam

Nguyen Yen
Chia sẻ
(VOVWORLD) - ថ្មីៗនេះ រូបភាពនៃដំណើរទេសចរណ៍រាត្រីនៅមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដោយបានទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករអញ្ជើញមកទស្សនានិងទទួលបទពិសោធន៍ រួមទាំងភ្ញៀវទេសចរថៃផងដែរ។ ដូច្នេះ តើភ្ញៀវទេសចរចាប់អារម្មណ៍ចំពោះអ្វីខ្លះនៃដំណើរទេសចរណ៍រាត្រីប្រភេទថ្មីនេះ?

  “ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសំឡេង និងពន្លឺនៃដំណើរទេសចរណ៍នេះ។ គួរឱ្យទាក់ទាញណាស់។ ព្រោះបើគ្មានឥទ្ធិពលពីសំឡេង និងពន្លឺបែបនេះ ភ្ញៀវទេសចរនឹងមិនសូវមានការទាក់ទាញទេ។ ការធ្វើបែបនេះនឹងទាក់ទាញអ្នកទស្សនាយ៉ាងច្រើន។ ត្រឹមតែមើលពីខាងក្រៅប៉ុណ្ណោះ ក៏ចង់ចូលទៅខាងក្នុងដែរ។ វិធីនេះពិតជាត្រឹមត្រូវ និងអស្ចារ្យណាស់”។

“នេះជាដំណើរទេសចរណ៍ដ៏ល្អ។ ដោយសារតែ វានាំមកនូវចំណេះដឹងជាច្រើន ជួយភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទីនេះ អាចសិក្សាស្វែងយល់អំពីព័ត៌មានទាក់ទងនឹងទីក្រុងហាណូយ។ លើសពីនេះ ការប្រើបច្ចេកវិទ្យា AI ក្នុងការចាក់បញ្ចាំងរូបភាពក្នុងដំណើរទេសចរណ៍នេះ ក៏ធ្វើឱ្យភ្ញៀវទេសចរចូលចិត្តយ៉ាងខ្លាំងផងដែរ”។

ភ្ញៀវទេសចរថៃចាប់អារម្មណ៍នឹងដំណើរទេសចរណ៍រាត្រីនៅមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam - ảnh 1កម្មវិធីចាក់បញ្ចាំងពន្លឺដោយបច្ចេកវិទ្យា 3D mapping ក្នុងដំណើរទេសចរណ៍ពេលរាត្រីនៅ Van Mieu - Quoc Tu Giam។

ទាំងនេះគឺជាចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរថៃនៅពេលដែលពួកគេមានឱកាសចូលរួមដំណើរទេសចរណ៍ពេលរាត្រីនៅឯ Van Mieu - Quoc Tu Giam។ ដំណើរទេសចរណ៍នេះនាំមកជូនអ្នកទស្សនានូវបទពិសោធន៍ថ្មីថ្មោង ប្លែកពីការទស្សនាកេរ្តិ៍ដំណែលនេះក្នុងពេលថ្ងៃ។ ចំណុចខុសប្លែកនៃដំណើរទេសចរណ៍រាត្រីនៅ Van Mieu -  Quoc Tu Giam គឺការប្រើប្រាស់បច្ចេកវិទ្យានិងពន្លឺ មិនមែនជាការសម្ដែងល្ខោននោះទេ។

ទោះបីជាបានមកវៀតណាមជាច្រើនដង ហើយក៏មកទស្សនា Van Mieu – Quoc Tu Giam ក្នុងពេលថ្ងៃជាច្រើនដងក៏ដោយ ប៉ុន្តែនេះជាលើកទីមួយដែលលោក Amnat មកពីខេត្តឈៀងម៉ៃ-ប្រទេសថៃ បានចូលរួមដំណើរទេសចរណ៍ទទួលបទពិសោធន៍នៅ Van Mieu - Quoc Tu Giam នាពេលរាត្រី។ ពេលទើបដើរឆ្លងកាត់ខ្លោងទ្វារធំ លោក Amnat ជៀសមិនរួចពីការភ្ញាក់ផ្អើលជាមួយនឹងភាពស្រស់ស្អាតប្លែកពីគេនៃ Van Mieu - Quoc Tu Giam។ ភាពស្រស់ស្អាតដ៏ភ្លឺចិញ្ច្រាចបែបទំនើប ប៉ុន្តែក៏បង្កប់នូវភាពស្ងប់ស្ងាត់ ជាមួយនឹងពណ៌ និងភ្លេងដ៏ពិរោះរណ្ដំ ស្វាគមន៍ភ្ញៀវទេសចរ។

 “កាលពីច្រើនឆ្នាំមុន ខ្ញុំធ្លាប់មកទីនេះហើយ ប៉ុន្តែវាមិនបានរីកចម្រើនដូច្នេះទេ។ ថ្ងៃនេះខ្ញុំមកទីនេះ ហើយឃើញថា អ្នករៀបចំដំណើរទេសចរណ៍ប្រកបដោយលក្ខណៈវិជ្ជាជីវៈ គួរឲ្យទៅទស្សនាណាស់ ការដើរកំសាន្តពិតជាលំហែកាយ និងសប្បាយណាស់ ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន”។

ភ្ញៀវទេសចរថៃចាប់អារម្មណ៍នឹងដំណើរទេសចរណ៍រាត្រីនៅមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam - ảnh 2ក្រុមភ្ញៀវទេសចរថៃចូលរួមដំណើរទេសចរ។

មិនត្រឹមតែលោក Amnat ប៉ុណ្ណោះទេ ថែមទាំងភ្ញៀវទេសចរជាច្រើនក៏មានអារម្មណ៍ភ្ញាក់ផ្អើលនឹងភាពស្រស់ស្អាតទាំងបែបបុរាណផងនិងបែបទំនើបផង ក្រោមពន្លឺភ្លឺផ្លេក និងភ្លេងប្រពៃណីដ៏ពិរោះរណ្តំនៅឯមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam នាពេលរាត្រី។ នៅទីនេះ ភ្ញៀវទេសចរអាចទទួលបទពិសោធន៍ពីបច្ចេកវិទ្យា Leap Motion ការគ្រប់គ្រងចលនា 3D អន្តរកម្មដោយដៃជាមួយនឹងឧបករណ៍ចាប់សញ្ញាមិនប៉ះ។ ឬស្វែងយល់ពីខ្លឹមសារនៅលើផ្ទាំងចារឹកបណ្ឌិតនីមួយៗ ជាមួយនឹងបច្ចេកវិទ្យាចាក់បញ្ចាំង mapping ដ៏ទំនើប បច្ចេកវិទ្យា AI “សំណួរនិងចម្លើយ” ជាមួយសត្វអណ្តើកសិប្បនិម្មិត; សិក្សាជាមួយលោកគ្រូសម័យបុរាណ ឬទទួលបទពិសោធន៍ការពិតនិម្មិតនៃការសរសេរអក្សរវៀតណាមបុរាណ... និយាយអំពីការអនុវត្តបច្ចេកវិទ្យា បង្កើតបទពិសោធន៍ខុសប្លែក និងគួរអោយចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ លោក Le Xuan Kieu - នាយកមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រនៃ Van Mieu - Quoc Tu Giam បានឲ្យដឹងថា៖

“ជាមួយនឹងបច្ចេកវិទ្យា 3D Mapping យើងបកស្រាយរឿងរ៉ាវអំពីប្រពៃណីគោរពការសិក្សារបស់ប្រជាជនវៀតណាម តម្លៃនៃស្មារតីឧស្សាហ៍ព្យាយាមសិក្សា ការគោរពគ្រូបង្រៀន និងការគោរពអ្នកមានទេពកោសល្យ។ យើងមិនអាចទទួលយកក្នុងអារម្មណ៍ដោយផ្ទាល់នូវតម្លៃអរូបីទាំងនោះជាមួយនឹងញាណរបស់យើងបានទេ ប៉ុន្តែតាមរយៈការនិទានរឿងដោយបច្ចេកវិទ្យានៅក្នុងលំហនៃ Van Mieu - Quoc Tu Giam សាច់រឿងនោះកាន់តែមានភាពទាក់ទាញជាងហើយងាយស្រួលទទួលយកក្នុងអារម្មណ៍ជាងផងដែរ”។

ចំណុចរំលេចចុងក្រោយ ដែលនាំមកនូវអារម្មណ៍ដ៏អស្ចារ្យបំផុតនៃដំណើរទេសចរណ៍រាត្រីនៅ Van Mieu - Quoc Tu Giam គឺជាការចាក់បញ្ចាំងដោយបច្ចេកវិទ្យា 3D mapping ក្រោមប្រធានបទ "ភាពថ្លៃថ្នូរនៃការសិក្សា"។ ផ្ទៃខាងមុខទាំងមូលនៃអគារ Tien Duong នៅលើទីធ្លា Thai Hoc ត្រូវបានប្រែក្លាយទៅជាអេក្រង់ដ៏ធំសម្បើមសម្រាប់ចាក់បញ្ចាំងរូបភាពសត្វស័ក្តិសិទ្ធិ ដូចជាសត្វហ្សងមួយគូកាន់សៀវភៅនិងប៊ិច ឬរូបភាពត្រីគល់រាំងហែលឆ្លងកាត់ក្លោងទ្វារនាគរាជ ដែលជានិមិត្តរូបនៃនិស្សិតខុងជឺដែលខិតខំព្យាយាមសិក្សារៀនសូត្រ ដោយបំណងប្រាថ្នាថា ថ្ងៃណាមួយត្រីគល់រាំងនឹងប្រែក្លាយជានាគ…ប្រការនេះជួយភ្ញៀវស្វែងយល់ពីតម្លៃដ៏ថ្លៃថ្នូរបំផុតក្នុងការសិក្សារៀនសូត្ររបស់ជនជាតិវៀតណាម យល់កាន់តែច្បាស់អំពីវប្បធម៌ និងមនុស្សវៀតណាម។ ហើយមានការចាប់អារម្មណ៍ថ្មីនិងប្លែកពី Van Mieu - Quoc Tu Giam ដែលត្រូវបានគេចាត់ទុកថាជាសាកលវិទ្យាល័យដំបូងគេនៅវៀតណាម៕

ដំណើរទេសចរណ៍រាត្រីនៅ Van Mieu - Quoc Tu Giam គឺជាដំណើរទេសចរណ៍រាត្រីទី ៤ នៅទីក្រុងហាណូយ បន្ទាប់ពីដំណើរទេសចរណ៍រាត្រីនៅ ពន្ធនាគារ Hoa Lo ព្រះបរមរាជវាំង Thang Long និងសារមន្ទីរអក្សរសាស្ត្រវៀតណាម។ ថ្លៃសំបុត្រចូលទស្សនាប្រហែល ៨ ដុល្លារអាមេរិកក្នុងមនុស្សម្នាក់ ដោយឥតគិតថ្លៃសម្រាប់កុមារកម្ពស់ក្រោម ១ ម៉ែត្រ។ ភ្ញៀវអាចទៅទស្សនាក្នុងពេលវេលាចំនួន ៣ គឺវេលាម៉ោង ៨ យប់, ម៉ោង ៩ យប់, ម៉ោង ១០ យប់ ជារៀងរាល់ថ្ងៃពុធ សៅរ៍ និងអាទិត្យ។ 
 

ប្រតិកម្មទៅវិញ