ព្រះវិហារឥស្លាម Al-Noor៖ ទីបង្អែកស្មារតីរបស់សហគមន៍ឥស្លាមនៅទីក្រុងហាណូយ

Chia sẻ
(VOVWORLD) - ប្រសិនបើគ្មានផ្លាកតួរអក្សរជូនដំណឹងនៅខាងមុខផ្ទះលេខ១២វិថី Hang Luoc នោះទេ ទំនងជាយើងមិនអាចដឹងថា នេះជា Al-Noor ព្រះវិហារឥស្លាមតែមួយ គត់នៅទីក្រុងហាណូយនិងភាគខាងជើងវៀតណាម។ ក្នុងអំឡុងពេលជាង១០០ ឆ្នាំកន្លងមក ព្រះវិហារ Al-Noor (ព្រះវិហាររស្មីចែងចាំង) នៅតែជាទីបង្អែកស្មារតី របស់ឥស្លាមសាសនិកជនជាតិវៀតណាម ជនជាតិបរទេស ក៏ដូចជាសហគមន៍ ឥស្លាមទាំងមូលនៅវៀតណាមផងដែរ។
ព្រះវិហារឥស្លាម Al-Noor៖ ទីបង្អែកស្មារតីរបស់សហគមន៍ឥស្លាមនៅទីក្រុងហាណូយ - ảnh 1ព្រះវិហារ Al Noor នៅអាស័យដ្ឋានលេខ១២វិថី Hang Luoc ជាព្រះវិហារឥស្លាមតែមួយគត់នៅទីក្រុងហាណូយនិងតំបន់ភាគខាងជើងវៀតណាម។ (រូបថត៖ VOV5)
ព្រះវិហារ Al Noor ត្រូវបានគេហៅថា ព្រះវិហាររស្មីចែងចាំង ពីព្រោះសំណង់ ស្ថាបត្យកម្មទាំងអស់ក្នុងព្រះវិហារនេះសុទ្ធតែត្រូវបានលាបពណ៌ស ដែលជា ពណ៌នៃពន្លឺ។ ព្រះវិហារត្រូវបានអ្នកជំនួញជនជាតិឥណ្ឌារស់នៅវៀតណាម កសាងឡើងកាលពីឆ្នាំ១៨៨៥ ហើយដាក់ឲ្យប្រតិបត្តិការជាផ្លូវការនៅឆ្នាំ ១៨៩០។ ព្រះវិហារ Al Noor បែរមុខទៅទិសខាងលិច ដែលមានក្រុងពិសិដ្ឋ Mecca របស់ជនឥស្លាម។ ព្រះវិហារមានទំហំផ្ទៃដីប្រមាណ៧០០ម៉ែត្រការ៉េ ដោយមានការរចនាតាមបែបព្រះវិហារឥស្លាមផ្សេងៗទៀតលើពិភពលោកដែរ ប៉ុន្តែលម្អិតខ្លះៗដូចជាប៉មស្រួច ដំបូលស្មើ មានសញ្ញាសម្គាល់ពិសេស ដោយឡែកនៃស្ថាបត្យកម្មឥណ្ឌា។ លោក Doan Hong Cuong អនុប្រធានគណៈ គ្រប់គ្រងព្រះវិហារឥស្លាម Al Noor ឲ្យដឹងថា៖ “ព្រះវិហារទាំងអស់លើទូទាំងពិភពលោកសុទ្ធតែជាផ្ទះរបស់ព្រះជាម្ចាស់ ព្រមទាំង ជាកន្លែងដើម្បីព្រះប្រទានពរជ័យ ចែងចាំងរស្មី ណែនាំ មនុស្សលោកដើរតាម ផ្លូវសុចរិត”។
នៅថ្ងៃសុក្រជារៀងរាល់សប្ដាហ៍ ព្រះវិហារ Al Noor ក្លាយទៅជាទីមកដល់ មិនអាចខ្វះបានរបស់ឥស្លាមសាសនិកឥណ្ឌូនេស៊ីនិយាយដោយឡែកនិងសហគមន៍ឥស្លាមនៅរដ្ឋធានីហាណូយនិយាយរួម ពីព្រោះនេះជាថ្ងៃបុណ្យសំខាន់ក្នុង ជីវភាពខាងវិញ្ញាណរបស់ជនឥស្លាម ដែលត្រូវបានគេហៅថា “ថ្ងៃសុក្រពិសិដ្ឋ”។ ដើរឆ្លងកាត់ទីធ្លាដោយមានទំហំប្រមាណ៣០០ម៉ែត្រការ៉េ គឺមកដល់តំបន់ បួងសួងសម្រាប់ឥស្លាមសាសនិក។ បន្ទប់ពិធីការស្នូល ស្ថិតនៅកណ្ដាលព្រះ វិហារហើយត្រូវបានចែកជាតំបន់បួងសួងសម្រាប់បុរសនិងស្ត្រីដាច់ដោយឡែក ពីគ្នា។ នៅថ្ងៃបុណ្យ សាសនិកជាបុរសអាចស្លៀកពាក់សម្លៀកបំពាក់ធម្មតា ឬ សម្លៀកបំពាក់ប្រពៃណីទៅបួងសួង។ ចំណែកឯសាសនិកជាស្ត្រីចូលមកព្រះវិហារ មិនថា ជាឥស្លាមសាសនិកដែរឬអត់ សុទ្ធតែត្រូវស្លៀកពាក់សម្លៀកបំពាក់វែង គ្រប់ ដណ្ដប់ជើងដៃនិងសក់។
ព្រះវិហារឥស្លាម Al-Noor៖ ទីបង្អែកស្មារតីរបស់សហគមន៍ឥស្លាមនៅទីក្រុងហាណូយ - ảnh 2ខាងក្នុងព្រះវិហារនេះសុទ្ធតែត្រូវបានលាបពណ៌ស ដែលជាពណ៌នៃពន្លឺ។ (រូបថត៖ danviet.vn)
កាលពីឆ្នាំ២០១១ ដើម្បីបំពេញតម្រូវការកាន់តែកើនឡើងរបស់សាសនិក ក្នុងការចូលរួមសកម្មភាពនានាពាក់ព័ន្ធដល់ពិធីការឥស្លាមនោះ ព្រះវិហារបាន បង្កើតគណៈគ្រប់គ្រងជាផ្លូវការដើម្បីប្រតិបត្តិព្រះវិហារ។ ក្រៅពីការរៀបចំសកម្ម ភាពសាសនាចាប់បង្ខំជារៀងរាល់សប្ដាហ៍របស់ជនឥស្លាម ទីនេះនៅរៀបចំ សកម្មភាពផ្សេងៗទៀតដូចជា ចុះបញ្ជីរៀបការសម្រាប់ជនវៀតណាមជាមួយជន ឥស្លាមបរទេស រៀបចំពិធីរៀបអាពាហ៍ពិពាហ៍ឬពិធីបុណ្យសព។ ហេតុដូច្នេះ ព្រះវិហារ Al Noor បានក្លាយទៅជាដំបូលផ្ទះរួម ជាទីបង្អែករបស់ឥស្លាមសាស និកចំនួនជាង៥០០នាក់ រួមមានមន្ត្រីការទូតនិងធុរជនមកពីប្រទេសជាង២០ និងសហគមន៍ជនវៀតណាមកាន់ សាសនាឥស្លាមជាង១០០នាក់ដែលកំពុងរស់នៅនិងធ្វើការនៅទីក្រុងហាណូយនិងខេត្តជុំវិញមួយចំនួន។
“ព្រះវិហារ Al Noor ជាកន្លែងពិសិដ្ឋ ដែលខ្ញុំអាចជួបជុំជាមួយបងប្អូនសាស និកពីប្រទេសដទៃ។ ទោះជាមានជនជាតិ ជាតិសាសន៍ខុសគ្នាក៏ដោយ ប៉ុន្តែ យើងខ្ញុំនៅតែមានដំបូលផ្ទះរួមមួយដើម្បីបួងសួងជាមួយគ្នា។ នាបច្ចុប្បន្ននេះ ដោយសារការផ្ទុះរាលដាលនៃជម្ងឺកូវីដ ១៩ ខ្ញុំមិនអាចទៅកាន់ព្រះវិហារបាន ឡើយ ខ្ញុំសង្ឃឹមថា ស្ថានភាពនេះនឹងបញ្ចប់យ៉ាងឆាប់ៗដើម្បីខ្ញុំអាចវិលត្រឡប់ ទៅព្រះវិហារ Al Noor ជួបជុំជាមួយមិត្តភក្តិ ហើយរួមគ្នាបួងសួងដូចកាលពីមុន អញ្ចឹង”។
“ខ្ញុំសប្បាយរីករាយណាស់ នៅពេលខ្ញុំរកឃើញព្រះវិហារ Al Noor នៅ ទីក្រុងហាណូយជាលើកដំបូង ជាពិសេសនេះជាព្រះវិហារឥស្លាមតែមួយគត់នៅ ហាណូយ។ នៅទីនេះ ខ្ញុំអាចជួបជុំហើយបួងសួងជាមួយជនឥស្លាមមកពី ប្រទេសដទៃក៏ដូចជាបងប្អូនជនជាតិឥណ្ឌូនេស៊ីផ្សេងទៀតដូចនឹងកំពុងស្នាក់នៅប្រទេសផ្ទាល់ខ្លួនអញ្ចឹង។ លើកដំបូងទៅកាន់ព្រះវិហារនេះ មើលពីខាងក្រៅ វាហាក់ជាតូចណាស់ ប៉ុន្តែនៅខាងក្នុងបែរជាធំទូលាយ ស្អាតបាត មានបរិ យាកាសត្រជាក់ស្រួល ធ្វើឲ្យយើងមានអារម្មណ៍សុខសាន្តនិងផាសុខភាពនៅ ពេលបួងសួងក្នុងនោះ”។
ក្នុងអំឡុងជាង១៣០ឆ្នាំចាប់ពីត្រូវបានកសាងឡើងកន្លងមកនេះ មាន ពេលខ្លះៗដែលព្រះវិហារ Al Noor ត្រូវបិទទ្វារដោយសារសង្គ្រាម ប៉ុន្តែព្រះវិហារ នេះមិនធ្លាប់រងការបំផ្លិចបំផ្លាញដោយគ្រាប់បែកមីននៅឡើយ។ រហូតមកទល់ បច្ចុប្បន្ននេះ ព្រះវិហារ Al Noor នៅតែជាទីកន្លែងប្រជុំជីវភាពសាសនាដ៏សុខ សាន្ត គួរឲ្យសុខសាន្តចំពោះឥស្លាមសាសនិក៕

ប្រតិកម្មទៅវិញ