ពិធីបុណ្យ Amazing Thailand៖ ឱកាសដើម្បីស្វែងយល់អំពីវប្បធម៌និងទេសចរណ៍ថៃ

Chia sẻ
(VOVWORLD) - យោងតាមការធ្វើស្ថិតិរបស់អគ្គនាយកដ្ឋានទេសចរណ៍ថៃ ក្នុងរយៈពេល តែ ៥ ខែដើមឆ្នាំប៉ុណ្ណោះ ប្រទេសថៃបានទទួលភ្ញៀវទេសចរវៀតណាមជាង ៤០ ម៉ឺននាក់។ តាមការព្យាករណ៍ថា នៅដំណាច់ខែមិថុនា ចំនួនភ្ញៀវទេសចរនេះនឹងកើនឡើងដល់៥០ ម៉ឺននាក់។ ដោយមើលឃើញថា ទីផ្សារភ្ញៀវទេសចរវៀតណាមមានសក្តានុភាពច្រើន បន្ទាប់ពីបើកដំណើរការទេសចរណ៍ឡើងវិញ ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ អគ្គនាយកដ្ឋានទេសចរណ៍ថៃបានរៀបចំសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ថៃនៅវៀតណាម លេចធ្លោក្នុងនោះគឺពិធីបុណ្យ Amazing Thailand (ប្រទេសថៃអស្ចារ្យ)។
ពិធីបុណ្យ Amazing Thailand៖ ឱកាសដើម្បីស្វែងយល់អំពីវប្បធម៌និងទេសចរណ៍ថៃ - ảnh 1ការសម្ដែងសិល្បៈប្រពៃណីថៃនៅពិធីបុណ្យ Amazing Thailand ឆ្នាំ២០២៣នៅទីក្រុងហាណូយ។ (រូបថត៖ VOV)

“ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងណាស់ ដោយបានចូលរួមក្នុងកម្មវិធីនេះ ហើយអាចស្វែងយល់អំពីទួរទេសចរណ៍ជាច្រើនទៅកាន់ប្រទេសថៃ។ ខ្ញុំពិតជាចូលចិត្តទស្សនាការសំដែងរបាំប្រពៃណីថៃ។ តាមរយៈព្រឹត្តិការណ៍នេះ ខ្ញុំយល់ឃើញថា ប្រជាជនថៃមានភាពរួសរាយរាក់ទាក់ណាស់ ដូច្នេះខ្ញុំសង្ឃឹមថា នាពេលអនាគត ខ្ញុំនឹងមានឱកាសទៅទស្សនាប្រទេសថៃ”។

“៣ ឆ្នាំហើយក្រោយពីការផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ខ្ញុំមិនទាន់មានឱកាសវិលត្រឡប់ទៅប្រទេសថៃវិញទេ។ នៅពេលដែលខ្ញុំបានដឹងអំពីពិធីបុណ្យ Amazing Thailand ឆ្នាំ
២០២៣ ខ្ញុំបានមកទីនេះដើម្បីញ៉ាំអាហារថៃ និងទស្សនាការសំដែងសិល្បៈ ដើម្បីបំពេញក្តីនឹករលឹករបស់ខ្ញុំចំពោះប្រទេសថៃ”។

លោកអ្នកនាងនិងប្រិយមិត្តទើបតែបានស្ដាប់ការចែករំលែករបស់ភ្ញៀវ២នាក់ក្នុងចំណោមភ្ញៀវជាច្រើនដែលមកចូលរួមពិធីបុណ្យ Amazing Thailand ២០២៣ - ដែលអគ្គនាយកដ្ឋានទេសចរណ៍ថៃបានរៀបចំឡើង នៅទីក្រុងហូជីមិញនិងទីក្រុងហាណូយនាពេលថ្មីៗនេះ។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សព្វផ្សាយទេសចរណ៍ថៃ ដែលអគ្គនាយកដ្ឋានទេសចរណ៍ថៃបានរៀបចំនៅតាមប្រទេសនានាជុំវិញពិភពលោក។ ឆ្នាំនេះ ពិធីបុណ្យ Amazing Thailand ២០២៣ បានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ និងរដ្ឋធានីហាណូយរបស់វៀតណាម។ សកម្មភាពនេះក៏ស្ថិតនៅក្នុងយុទ្ធនាការ "ទស្សនាប្រទេសថៃឆ្នាំ ២០២៣ - ជំពូកថ្មីដ៏អស្ចារ្យ" និងអំណាចទន់ ដែលជួយភ្ញៀវទេសចរ អាចស្វែងយល់អំពីគ្រប់ទិដ្ឋភាពនៃទេសចរណ៍ថៃ តាមរយៈខ្លឹមសារ 5F នៃយុទ្ធនាការ។ លោកស្រី Sukanya Sirikanjanakul នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងប៉ាស៊ីហ្វិកខាងត្បូង ចំណុះអគ្គនាយកដ្ឋានទេសចរណ៍ថៃបានឲ្យដឹងថា៖

“ឆ្នាំនេះ ប្រទេសថៃបានអនុវត្តន៍យុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរតាមរយៈអំណាចទន់ 5F។ ទីមួយគឺ Food ម្ហូបថៃពិតជាល្បីល្បាញណាស់ នរណាម្នាក់ដែលមកថៃចង់ញ៉ាំម្ហូបថៃ។ ទីពីរគឺ Festival ប្រទេសថៃមានពិធីបុណ្យជាច្រើនដែលត្រូវបានរៀបចំឡើងពេញមួយឆ្នាំ។ មិនថាភ្ញៀវទេសចរមកពេលណា ក៏អាចចូលរួមដែរ។ ទីបីគឺ Fight ដែលជាក្បាច់គុន Muay ថៃដ៏ល្បីល្បាញ។ ទីបួនគឺ Film - ភាពយន្ត។ នាពេលកន្លងមក មានប្រទេសជាច្រើនលើពិភពលោកបានមកកាន់ប្រទេសថៃដើម្បីថតភាពយន្ត។ ចុងក្រោយគឺ Fashion - ម៉ូដ”។

ពិធីបុណ្យ Amazing Thailand ត្រូវបានរៀបចំឡើងតាមគំរូនៃពិធីបុណ្យចម្រុះពណ៌ ជាមួយនឹងរូបភាពត្រាប់តាមគោលដៅទេសចរណ៍នានានៃទីក្រុងឈៀងម៉ៃ ភូកេត អតីតរាជធានីអយុធតា ក៏ដូចជាពិធីបុណ្យល្បីៗរបស់ថៃ ដូចជាពិធីបុណ្យបង្ហោះគោមមេឃនៅឈៀងម៉ៃ ជាដើម។ ម៉ូដក៏ជាលក្ខណៈវប្បធម៌ដ៏ពិសេសមួយរបស់ថៃផងដែរ នៅពេលដែលអ្នកទស្សនា អាចសាកល្បងសំលៀកបំពាក់ប្រពៃណីថៃ check-in និងថតរូបអនុស្សាវរីយ៍។ ចំណុចលេចធ្លោមួយទៀតនៃពិធីបុណ្យគឺម្ហូបអាហារ ដោយមានមុខម្ហូបល្បីៗជាច្រើនរបស់ថៃ ដូចជា ផាតថៃ សាច់អាំងចង្កាក់ បាយដំណើបស្វាយ។ ពិធីបុណ្យនេះនាំមកជូនអ្នកទស្សនានូវបទពិសោធន៍ពេញលេញអំពីវប្បធម៌ ទឹកដីនិងមនុស្សថៃ។

វាយតម្លៃពីអត្ថន័យនៃពិធីបុណ្យ Amazing ThaiLand ២០២៣ លោក Tanes Petsuwan អនុប្រធានអគ្គនាយកដ្ឋានទេសចរណ៍ថៃ ទទួលបន្ទុកការផ្សព្វផ្សាយអន្តរជាតិ-អាស៊ីនិងប៉ាស៊ីហ្វិកខាងត្បូង បានឲ្យដឹងថា៖

“ពិធីបុណ្យ Amazing Thailand ឆ្នាំ ២០២៣ ត្រូវបានរៀបចំឡើងដោយគោលបំណងចង់ផ្សព្វផ្សាយផលិតផល និងសេវាកម្មទេសចរណ៍ថៃ តាមរយៈសកម្មភាព 5F។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងរីករាយជាមួយនឹងពិធីបុណ្យដ៏សប្បាយ ចម្រុះពណ៌ ពោរពេញទៅដោយអត្តសញ្ញាណថៃ ដែលពួកយើងបានត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ សម្រាប់មិត្តវៀតណាមជាទីស្រាឡាញ់រាប់អាន។ ខ្ញុំសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងលើកទឹកចិត្តជនជាតិវៀតណាមកាន់តែច្រើនមកស្វែងយល់ ទៅទស្សនានិងទទួលបទពិសោធន៍នូវកម្មវិធីទេសចរណ៍ថ្មីៗដ៏អស្ចារ្យទាំងអស់នៅក្នុងប្រទេសថៃ”។

បន្ទាប់ពីជោគជ័យនៃពិធីបុណ្យ Amazing Thailand អគ្គនាយកដ្ឋានទេសចរណ៍ថៃ ការិយាល័យប្រចាំទីក្រុងហូជីមិញបានដាក់ចេញផែនការសហការជាមួយដៃគូនានា រៀបចំសកម្មភាពបន្ថែមទៀតដើម្បីផ្សព្វផ្សាយទេសចរណ៍ថៃនៅតាមមូលដ្ឋាននៃប្រទេសវៀតណាម ជំរុញការឧទ្ទេសនាមអំពីគោលដៅទេសចរណ៍ថ្មីៗក្នុងប្រទេសថៃដូចជា ខេត្ត Nakhon Phanom ក៏ដូចជាសេវាកម្មទេសចរណ៍ថ្មីថ្មោងដើម្បីបង្កើនចំនួនភ្ញៀវទេសចរវៀតណាមមកកាន់ប្រទេសថៃក្នុងឆមាសទីពីរនៃឆ្នាំនេះ៕

ប្រតិកម្មទៅវិញ