នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។ |
បន្តប្រធានបទឆ្នាំ ២០២៣ គឺ៖ "សារសំខាន់អាស៊ាន៖ ស្នូលនៃកំណើន" ប្រទេសឡាវបានជ្រើសរើសប្រធានបទ "អាស៊ានជំរុញការតភ្ជាប់និងភាពធន់" ដើម្បីទទួលមរតកពីជោគជ័យដែលមានស្រាប់។ តាមនោះ ឡាវបានកំណត់ថា នៅឆ្នាំ២០២៤ អាស៊ាននឹងបន្តជួបប្រទះនឹងបញ្ហាប្រឈមនិងបញ្ហាធំៗជាច្រើននៅក្នុងតំបន់ ដូច្នេះទាមទារឱ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងប្លុក ដើម្បីរួមគ្នាដោះស្រាយបញ្ហានានា ហើយបញ្ចេញសំឡេងរួម ដើម្បីអាស៊ានប្រកបដោយភាពធន់។ បញ្ហាប្រឈមធំៗដែលឡាវបានកំណត់នោះ គឺការដោះស្រាយផលប៉ះពាល់ពីការប្រកួតប្រជែងរវាងប្រទេសមហាអំណាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍; ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងកសាងអាស៊ាន ឱ្យក្លាយជាតំបន់នៃកិច្ចសហប្រតិបត្តិការ ដោយគ្មានការបែកបាក់ ឬជម្លោះ...អញ្ជើញថ្លែងក្នុងពិធីផ្ទេរតំណែងប្រធានអាស៊ានពីឥណ្ឌូនេស៊ីមកឡាវ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានសង្កត់ធ្ងន់ថា៖
“ឡាវពិតជាមានកិត្តិយសដែលបានចូលកាន់តួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ ២០២៤។ យើងខ្ញុំនឹងទទួលមរតក និងពង្រីកសមិទ្ធិផលនៃឆ្នាំប្រធានអាស៊ាន ២០២៣ របស់ឥណ្ឌូនេស៊ី ក៏ដូចជាឆ្នាំមុនៗផងដែរ។ យើងខ្ញុំនឹងផ្តោតសំខាន់ថែមទៀតលើការពង្រឹងសហគមន៍អាស៊ាន ក៏ដូចជាទំនាក់ទំនងជាមួយដៃគូ; បង្កើនការតភ្ជាប់ ការចាប់យកឱកាស ការដោះស្រាយបញ្ហាប្រឈម ហើយផ្លាស់ប្តូរកាលៈទេសៈភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច”។
យោងតាមនាយករដ្ឋមន្ត្រីឡាវ ប្រទេសនេះនឹងសម្របសម្រួលជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីស្វែងរកការគាំទ្រ និងឯកភាពសម្រាប់ខ្លឹមសារ និងប្រធានបទជាក់លាក់នីមួយៗ សំដៅដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំអាស៊ាននីមួយៗប្រកបដោយជោគជ័យ។ ជាមួយគ្នានេះ រៀបចំការពិគ្រោះយោបល់ ការណែនាំ និងការតំរង់ទិសសម្រាប់ក្រសួង ស្ថាប័ននានា ដើម្បីដាក់ពង្រាយ និងកសាងខ្លឹមសារឲ្យបានសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្នុងតំបន់។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumsay Kommasith។ |
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumsay Kommasith បានអះអាងថា ក្រោយរយៈពេល ២៦ ឆ្នាំជាសមាជិកអាស៊ាន ឡាវបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរួម ហើយបានរួមចំណែកលើកកម្ពស់តួនាទីរបស់ខ្លួននៅក្នុងតំបន់ និងអន្តរជាតិ។
«ឡាវគោរពតួនាទីរបស់អាស៊ាន ហើយយើងខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃគ្រួសារអាស៊ាន។ អស់រយៈពេល ២៦ ឆ្នាំមកនេះ យើងខ្ញុំបានចូលរួមក្នុងសកម្មភាពអាស៊ានយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ។ ខ្ញុំសូមបញ្ជាក់សារជាថ្មីនូវការសន្យា ក៏ដូចជាការត្រៀមខ្លួនជាស្រេចរបស់ឡាវ ដើម្បីសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូខាងក្រៅរបស់អាស៊ាន ដើម្បីពង្រឹងថែមទៀតនូវសហគមន៍អាស៊ាន និងមជ្ឈភាពរបស់អាស៊ាននៅក្នុងនិម្មាបនកម្មពិភពលោក និងតំបន់”។
ជាមួយនឹងបទពិសោធន៍ដែលទទួលបានក្នុងអាណត្តិជាប្រធានអាស៊ានចំនួនពីរលើក ចាប់ពីដើមឆ្នាំនេះ ឡាវបានផ្តោតការយកចិត្តទុកដាក់លើការអនុវត្តការងារត្រៀមរៀបចំដូចជា បង្កើតអនុគណៈកម្មការចំនួន ១៤ ទទួលបន្ទុកកន្លែងស្នាក់នៅ កន្លែងប្រជុំ និងមធ្យោបាយដឹកជញ្ជូនសម្រាប់ប្រមុខរដ្ឋ មន្ត្រីជាន់ខ្ពស់ និងប្រតិភូ ក៏ដូចជាអ្នកសារព័ត៌មាន; ការងារបុគ្គលិក ថវិកា និងឃោសនា... មកទល់នឹងពេលនេះ ឡាវបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននៅឆ្នាំ ២០២៤។ ដូច្នេះចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ឡាវនឹងកាន់តំណែងជាផ្លូវការជាប្រធានអាស៊ានប្ដូរវេនសម្រាប់រយៈពេលមួយឆ្នាំ។ នេះជាឱកាសមិនត្រឹមតែជួយលើកកំពស់តួនាទី និងឋានៈរបស់ប្រទេសឡាវក្នុងតំបន់ និងលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សឡាវទៅកាន់មិត្តអន្តរជាតិទៀតផង៕