ថ្នាក់រៀន Radio នារដូវ Covid – 19 របស់វិទ្យុសម្លេងជាតិឥណ្ឌូនេស៊ី

Chia sẻ
(VOVWORLD) - សន្សំសំចៃប្រាក់ចំណាយ មិនពឹងផ្អែកលើបណ្ដាញ អ៊ីនធឺណិតនោះ កម្មវិធី “ សិក្សារៀនសូត្រជាមួយ RRI”  របស់ វិទ្យុសម្លេងជាតិឥណ្ឌូនេស៊ី (RRI) កំពុងក្លាយទៅជាកម្មវិធីផ្សាយសម្លេងនាំមុខគេនៅប្រទេសកោះរាប់ម៉ឺននេះ ក្នុងបរិបទ ដែលជំងឺរាតត្បាត Covid – 19 កំពុងឆ្លងរាលដាលកាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។
ថ្នាក់រៀន Radio នារដូវ Covid – 19 របស់វិទ្យុសម្លេងជាតិឥណ្ឌូនេស៊ី - ảnh 1ថ្នាក់រៀន Radio នារដូវ Covid – 19 របស់វិទ្យុសម្លេងជាតិឥណ្ឌូនេស៊ី 

នាវេលាម៉ោង ១០ ព្រឹក ជារៀងរាល់ថ្ងៃ សិស្សានុសិស្សរាប់លាននាក់ពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យនៅទូទាំងប្រទេសឥណ្ឌូនេស៊ីអាចអភិក្រមជាមួយកម្មវិធីបង្រៀនពីស្ថានីយ៍ផ្សាយសម្លេងទាំងអស់នៃ ប៉ុស្តិ៍ Pro 2 ដែលជា ប៉ុស្តិ៍ផ្សាយសម្លេង "មជ្ឈមណ្ឌលច្នៃប្រឌិតរបស់យុវជន" នៃវិទ្យុសម្លេងជាតិឥណ្ឌូនេស៊ី។ ក្នុងរយៈពេល ១ ម៉ោង ពិធីករ និងលោកគ្រូ អ្នកគ្រូគឺជាអ្នកទាក់ទងផ្ទាល់ ដើម្បីបញ្ជូនខ្លឹមសារមេរៀនទៅកាន់អ្នកស្ដាប់វិទ្យុតាមកម្មវិធីសិក្សាដែលបានរៀបចំស្រាប់។ ជួនកាល សិក្សានុសិស្សមួយចំនួនត្រូវបានអញ្ជើញមកកាន់ស្ទូឌីយោដើម្បីបង្កើនទំនាក់ទំនងជាមួយមិត្តអ្នកស្ដាប់វិទ្យុ។ កម្មវិធី "សិក្សានៅផ្ទះជាមួយ RRI" ត្រូវបានបង្កើតឡើងសំដៅជួយជ្រោមជ្រែងសំណើររបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការបង្កើនការអប់រំ Covid-19 ដល់សហគមន៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងជួយឧបត្ថម្ភដល់ការអនុវត្តគោលការណ៍បង្ហាត់បង្រៀន និងសិក្សារៀនសូត្រនៅតាមផ្ទះក្នុងរដូវកាលនៃជំងឺរាតត្បាត។ លោក M. Rohanudin អគ្គនាយកវិទ្យុសម្លេងជាតិឥណ្ឌូនេស៊ីបានឲ្យដឹងថា៖

“ កម្មវិធីសិក្សារៀនសូត្រជាមួយ RRI ត្រូវបានបង្កើតឡើងក្នុងបរិបទ ដែលជំងឺរាតត្បាតសកលបានផ្ទុះឡើងនៅឥណ្ឌូនេស៊ី ហើយជាផ្នែកមួយនៃកម្មវិធីផ្សាយសម្លេងពិសេសស្ដីពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 របស់វិទ្យុ RRI។ ការចូលរួមរបស់លោកគ្រូ និងអ្នកគ្រូនៅតាមរលកវិទ្យុសម្លេងបានជួយឲ្យសិស្សានុសិស្សមានចំណាប់អារម្មណ៍ ជួយបង្កើនគំនិតច្នៃប្រឌិតរបស់សិស្សានុសិស្សជាង បើប្រៀបធៀបនឹងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។ ចាប់តាំងពីពេលកម្មវិធីនេះត្រូវបានផ្សាយកាលពីថ្ងៃទី ២៦ ខែមិនា រហូតមកដល់ពេលនេះ មានសាលារៀនចំនួន ៧១៥ ចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យបានសហប្រតិបត្តិការជាមួយវិទ្យុផ្សាយសម្លេង RRI ដើម្បីអនុវត្តន៍កម្មវិធីនេះតាមរយៈវិទ្យុសម្លេងផងដែរ”។

កម្មវិធីសិក្សាត្រូវបានបង្កើតឡើងតាមរបៀបអភិក្រមជាធម្មតា។ គ្រូបង្រៀនត្រូវបានអញ្ជើញមកកាន់ស្ទូឌីយោ ឬអាចហៅទូរស័ព្ទទាក់ទងជាមួយពិធីករនៅស្ទូឌីយោ ដើម្បីពិភាក្សាអំពីប្រធានបទ ដែលត្រូវបានមជ្ឈមណ្ឌលអប់រំទូទៅ ឬសាលារៀនដាក់ចេញ។ មិត្តអ្នកស្ដាប់វិទ្យុ និងសិស្សានុសិស្សអាចហៅទូរស័ព្ទទៅកាន់ខ្សែទូរស័ព្ទបន្ទាន់ ផ្ញើសារទូរស័ព្ទ ឬផ្ញើសារតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីដាក់សំណួរដល់លោគ្រូ និងអ្នកគ្រូ។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើងដ៏គួរឲ្យទាក់ទាញ ហើយត្រូវបានដាក់បញ្ចូលលទាំងបទចម្រៀង ដើម្បីបង្កើនចំណាប់អារម្មណ៍ទៀតផង។

ការសិក្សារៀនសូត្រតាមរយៈវិទ្យុសម្លេងត្រូវបានចាត់ទុកថានាំមកនូវប្រសិទ្ធភាព និងងាយស្រួលសិក្សាជាង បើប្រៀបធៀបនឹងរបៀបសិក្សារៀនសូត្រតាមអនឡាញ។ ព្រោះថា ឥណ្ឌូនេស៊ីគឺជាប្រទេសរាប់ម៉ឺនកោះ បានជានៅតាមទីកន្លែងជាច្រើនគ្មានបណ្ដាញ អ៊ីនធឺណិតឡើយ។ ក្នុងពេលនោះ ប្រព័ន្ធស្ថានីយ៍ផ្សាយសម្លេងជាតិឥណ្ឌូណេស៊ីបានគ្របដណ្ដប់លើគ្រប់តំបន់ឆ្ងាយដាច់ស្រយាលនៅឥណ្ឌូនេស៊ី។ លោកស្រី Rita អ្នកគ្រូមួយរូបនៅ សាលាបឋមសិក្សា Sanggau ខេត្ត Kalimantan ភាគខាងលិចបានចែករំលែកថា៖ “ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រ យើងខ្ញុំបាន បង្រៀនប្តូរវេនគ្នា តាមរយៈវិទ្យុសម្លេង ដើម្បីផ្ដល់ឯកសារ និងចំណេះដឹងដល់សិស្សានុសិស្ស។ យើងខ្ញុំពិតជាមានសេចក្ដីសប្បាយរីយរាយណាស់ ព្រោះថាសិស្សានុសិស្សសុទ្ធតែអាចអភិក្រមជាមួយមេរៀន ដែលសាលារៀន ក៏ដូចជាឪពុកម្តាយរបស់សិស្សានុសិស្សមិនចំបាច់ចំណាយប្រាក់ទិញកញ្ចប់ទិន្នន័យ អ៊ីនធឺណិតឡើយ។ សិស្សានុសិស្សត្រឹមតែបើកវិទ្យុ ឬទូរទស្សន៍គឺអាចតាមដានមេរៀនបានហើយ”។

ក្នុងចំណោមស្ថានីយ៍ផ្សាយវិទ្យុសរុបចំនួន ១០៥ នៅមូលដ្ឋាន (ឬហៅថាវិទ្យុមូលដ្ឋាន) របស់ RRI នោះ គឺមានស្ថានីយ៍វិទ្យុមូលដ្ឋានចំនួន ៦៥ ដែលមានប៉ុស្តិ៍ មជ្ឈមណ្ឌលច្នៃប្រឌិតយុវជន (Pro 2)។ ស្ថានីយ៍វិទ្យុនៅតាមមូលដ្ឋាននេះ ត្រូវបានប្រគល់ការងាររៀបចំកម្មវិធីសិក្សារប្ដូរវេនគ្នា ឲ្យសមស្របនឹងស្ថានភាពនៅតាមតំបន់ ក៏ដូចជាពេលវេលា និងតម្រូវការរបស់មជ្ឈមណ្ឌលអប់រំទូទៅ ឬសាលារៀននៅតាមតំបន់ដែលបានចុះឈ្មោះ។ ក្រៅពីការស្តាប់វិទ្យុនោះ សិស្សានុសិស្ស និងនិស្សិតអាចមើលផ្ទាល់ភ្នែក ឬស្ដាប់ឡើងវិញមេរៀនសិក្សារៀនសូត្រតាមរយៈកម្មវិធី RRI , Youtube, Live Facebook ឬ នៅលើ RRI Net streaming ។

កម្មវិធីសិក្សារៀនសូត្រជាមួយ RRI ត្រូវបានចាត់ទុកថាជាជំហានលោតផ្លោះ ព្រោះថាបានជះឥទ្ធិពលជាវិជ្ជមានដល់ដំណើរការសិក្សានៅតាមផ្ទះ ពង្រឹងការតភ្ជាប់ទំនាក់ទំនងរវាងលោកគ្រូ អ្នកគ្រូ ជាមួយសិស្សានុសិស្សក្នុងអំឡុងពេលនៃជំងឺរាតត្បាតសកល ហើយជួយឧបត្ថម្ភរដ្ឋាភិបាលក្នុងការអនុវត្តការអប់រំនៅតាមផ្ទះ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាត។ តាមគម្រោងកម្មវិធីសិក្សារៀនសូត្រជាមួយ RRI នឹងអូសបន្លាយដល់ដំណាច់ខែ កក្កដាឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ