គម្រោងតន្ត្រី “សាមគ្គី” - តភ្ជាប់យុវជនវៀតណាម-ឡាវ

Chia sẻ

(VOVWORLD) - ក្រោយពីបង្ហាញមុខបាន៣ឆ្នាំ ដោយមានការចូលមើលជាង ២,១ លានដង នៃ MV បទចម្រៀង "កញ្ញាវៀងច័ន្ទ" មកទល់នឹងពេលនេះ មិត្តវ័យក្មេងជាច្រើននៅតែចងចាំបទចម្រៀងនេះរបស់អ្នកចម្រៀង តន្ត្រីករវ័យក្មេង កើតឆ្នាំ២០០០ លោក Bui Tuan Ngoc ដែលនិពន្ធជូនមជ្ឈដ្ឋានវ័យក្មេងវៀតណាម និងឡាវ។ ដោយមានបំណង់បន្តប្រើប្រាស់តន្ត្រីធ្វើជាស្ពានចងមេត្រីរវាងមជ្ឈដ្ឋានវ័យក្មេងនៃប្រទេសទាំងពីរ លោក Tuan Ngoc បន្តនិពន្ធបទចម្រៀង និងវីដេអូបទចម្រៀងមួយចំនួនសម្រាប់យុវជនក្នុងឆ្នាំ ២០២៣ - ២០២៤ ដើម្បីរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងពិសេសវៀតណាម-ឡាវ តាមរយៈគម្រោងតន្ត្រីដោយមានឈ្មោះថា "សាមគ្គី"។

គម្រោងតន្ត្រី “សាមគ្គី” - តភ្ជាប់យុវជនវៀតណាម-ឡាវ - ảnh 1 តន្ត្រីករវ័យក្មេង លោក Bui Tuan Ngoc។

ជួបលោក Tuan Ngoc ម្តងទៀត នាព្រឹកសរទរដូវមួយនៅទីក្រុងហាណូយ នៅតែជាសក់រលក ជាសំឡេងកក់ក្តៅដូចមុនរបស់អ្នកចម្រៀងប្រុសវ័យក្មេងរូបនេះ ប៉ុន្តែផ្នត់គំនិតរបស់គាត់ហាក់ដូចជាមានភាពធំដឹងក្ដីជាងបើធៀបនឹង ៣ ឆ្នាំមុន នៅពេលដែល Tuan Ngoc នៅតែជានិស្សិតនៅមហាវិទ្យាល័យវប្បធម៌ និងសិល្បៈកងទ័ព។ បច្ចុប្បន្ននេះ លោក Tuan Ngoc កំពុងជាលេខាសហព័ន្ធយុវជននៃរោងមហោស្រពកងទ័ព ចំណុះអគ្គស្នងការនយោបាយ ក្រសួងការពារប្រទេសវៀតណាម។ លោក Tuan Ngoc បានចែករំលែកថា៖

“នៅពេលដែលខ្ញុំបានទៅជួបប្រាស្រ័យនិងសម្តែងនៅឡាវ ហើយបានជួបជាមួយមិត្តវ័យក្មេងនៅទីនោះ មិត្តជាច្រើនបានស្គាល់បទចម្រៀង កញ្ញាវៀងច័ន្ទហើយគេបានផ្ញើការលើកទឹកចិត្ត ហើយសង្ឃឹមថាខ្ញុំនឹងនិពន្ធបទចម្រៀងបន្ថែមទៀតអំពីសេចក្ដីស្នេហាវៀតណាម-ឡាវ។ ចាប់តាំងពីពេលនោះមក ខ្ញុំតែងតែចង់និពន្ធបទចម្រៀងដោយមានពាក្យពេជន៍ពិរោះៗ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅក្នុងបទចម្រៀង កញ្ញាវៀងច័ន្ទ យើងលឺពាក្យថា "Sabaidee" ដែលមានន័យថា ជំរាបសួរ ប៉ុន្តែខ្ញុំចង់សង្កត់ធ្ងន់បន្ថែមទៀត ដូចជា ពាក្យ "សាមគ្គី" ដើម្បីរីកសាយ
ភាយចំណងមិត្តភាពឱ្យកាន់តែទូលំទូលាយ”។

យុវជនជាច្រើនសព្វថ្ងៃនេះមានទំនោរទៅរកបទចម្រៀងដោយមានចង្វាក់ភ្លេងរស់រវើកស្ដីអំពីសេចក្ដីស្នេហា និងជីវភាពរស់នៅ ហើយយកចិត្តទុកដាក់តិចតួចដល់បទចម្រៀងប្រពៃណី ដែលមិនសូវមានប្រជាប្រិយភាព។ ដោយគំនិតនោះ ក្នុងគម្រោងតន្ត្រី "សាមគ្គី" លោក Tuan Ngoc បាននិពន្ធបទចម្រៀងសម្រាប់យុវជន ដោយមានតន្ត្រីរស់រវើក ខ្លឹមសារសាមញ្ញ ងាយទន្ទេញចាំ ងាយស្ដាប់ ក្នុងបំណងផ្សព្វផ្សាយវប្បធម៌ដល់ជំនាន់វ័យក្មេងនាសព្វថ្ងៃ៖

“បន្ទាប់ពីដំណើរទស្សនកិច្ចការងារចំនួន ៤ លើកទៅកាន់ប្រទេសឡាវ ខ្ញុំមានបំណងចង់ឱ្យបទ
ចម្រៀងរបស់ខ្លួនមានលក្ខណៈសហគមន៍ថែមទៀត។ ខ្ញុំចង់បានបទចម្រៀងមួយ ដែលអាចបង្កើតឡើងតម្លៃក្នុងពិធីបុណ្យផ្លាស់ប្តូរវប្បធម៌ ដូចជាពិធីបុណ្យដែលរៀបចំឡើងដើម្បីតភ្ជាប់ ឬបង្ហាញខ្លឹមសារជាក់លាក់ណាមួយ ហើយបទចម្រៀង សាមគ្គី នឹងរួមចំណែកយ៉ាងតូចតាច ដើម្បីបង្កើតឡើងតម្លៃដ៏ធំធេងមួយ។ ពាក្យពេជន៍ក៏សាមញ្ញ មនុស្សទាំងអស់គ្នាអាចស្តាប់ហើយចងចាំបាន។ នៅពេលដែលបទចម្រៀងនោះផ្ដិតជាប់ក្នុងការចងចាំរបស់ទស្សនិកជនដែលស្រឡាញ់តន្ត្រី វានឹងនាំមកនូវតម្លៃវប្បធម៌សហគមន៍ និងភាពស្អិតរមួតជាមួយគ្នា”។

គម្រោងតន្ត្រី “សាមគ្គី” - តភ្ជាប់យុវជនវៀតណាម-ឡាវ - ảnh 2លោក Phoumphitha Oupaseuth។

ជាមួយនឹងគម្រោងតន្ត្រី “សាមគ្គី” រំពឹងថា តារាចម្រៀងវ័យក្មេងដ៏ពេញនិយមរបស់ទស្សនិកជន មកពីប្រទេសទាំងពីរ នឹងចូលរួមសម្តែងជាមួយគ្នា។ ក្នុងនោះមានលោក Phoumphitha Oupaseuth ជាជនជាតិឡាវម្នាក់ ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសវៀតណាម។ Phoumphithat បានចែករំលែកថា លោកនឹងតភ្ជាប់អ្នកចម្រៀងវ័យក្មេងល្បីៗរបស់ឡាវ ជាមួយ Tuan Ngoc ដើម្បីសម្ដែងបទចម្រៀងថ្មីពី ២ ទៅ ៣ បទ ដោយមានរចនាបទសម្តែងដ៏សម្បូរបែបដូចជា៖ សម្តែងក្នុងមហោស្រព ជំនួបនានា; សម្តែងជាមួយតារាចម្រៀងវ័យក្មេងល្បីៗរបស់ឡាវ និងសម្ដែងរួមគ្នារវាងយុវជនវៀតណាមនិងឡាវ។ ហើយបទចម្រៀងក្នុង MV “សាមគ្គី” គ្រោងនឹងត្រូវបានបង្ហាញមុខជូនទស្សនិកជនក្នុងប៉ុន្មានខែចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤។ លោក Phoumphithat បានចែករំលែកថា៖

“ខ្ញុំនិង Ngoc បានពិភាក្សាជាមួយគ្នា ហើយមានគំនិតរួមគ្នាផលិត MV តាមរចនាបទថ្មី តន្ត្រីសម្រាប់មជ្ឈដ្ឋានវ័យក្មេង ប៉ុន្តែនៅតែរក្សាបាននូវចំណងមិត្តភាពពិសេសរវាងឡាវនិងវៀតណាម ហើយ Ngoc ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងដល់គំនិតនោះផងដែរ។ ប្រសិនបើអាចធ្វើបាន វានឹងជាការបោះជំហានថ្មីមួយក្នុងបទចម្រៀងដែលសរសេរអំពីទំនាក់ទំនងឡាវ-វៀតណាម។ បច្ចុប្បន្ននេះ ដោយសារការចំណាយលើការផលិត MV ក៏មានតម្លៃថ្លៃពេក ទើបយើងខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលត្រៀមរៀបចំ ហើយក៏រំពឹងថានឹងទទួលបានការគាំទ្រ និងជំនួយពីអង្គការ អាជីវកម្ម និងបុគ្គលនានា ដើម្បីរួមដំណើរជាមួយពួកយើង”។

បទចម្រៀងវៀតណាម-ឡាវល្បីៗ ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីជួបប្រាស្រ័យ ភាគច្រើនត្រូវបាននិពន្ធ និងសម្ដែងដោយមនុស្សជំនាន់មុនៗ។ សម្រាប់យុវជនបច្ចុប្បន្ននេះ រសជាតិតន្ត្រីបានផ្លាស់ប្តូរហើយ។ ដូច្នេះហើយ គម្រោងវីដេអូចម្រៀង “សាមគ្គី” ជាមួយបទចម្រៀងប្រកបដោយភាពរីករាយ អត្ថន័យ ដែលអាចច្រៀងបានគ្រប់ពេលវេលា រួមបញ្ចូលជាមួយពាក្យពេជន៍ដែលបង្ហាញពីទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ នឹងជួយយុវជនងាយស្ដាប់ជាង។ នាពេលអនាគត យុវជនជំនាន់នោះនឹងក្លាយជាអ្នកដែលបន្តថែរក្សាចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ