ការប្រឡង “សំនៀងអាស៊ាន + ៣”លើកទី ២ ឆ្នាំ ២០១៩ នឹងត្រូវបានរៀបចំឡើងនៅខេត្ត Quang Ninh ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែកក្កដា។ នេះគឺជាការប្រឡងតន្ត្រី pop សម្រាប់អ្នកចម្រៀងអាជីពវ័យក្មេង (អាយុពី១៨ ដល់ ៣៥ ឆ្នាំ) មកពីប្រទេសជាសមាជិកអាស៊ានទាំង១០ ដោយមានគោលបំណងចង់បង្កើនការយល់ដឹង ជួបប្រាស្រ័យវប្បធម៌រវាងវៀតណាម និងបណ្ដាប្រទេសក្នុងតំបន់ ព្រមទាំងស្វែងរក និងជួយឧបត្ថម្ភដល់អ្នក ដែលមានទេពកោសល្យវ័យក្មេងលើវិស័យតន្ត្រីឲ្យកាន់តែរីកចម្រើនក្នុងសហគមន៍អាស៊ាន។
គណចាត់តាំងការប្រឡង “សំនៀងអាស៊ាន + ៣”លើកទី ២ ឆ្នាំ ២០១៩ |
នាដើមខែមិថុនាឆ្នាំ ២០១៩ ក្រុមការងាររបស់ VOV ដឹកនាំដោយអគ្គនាយករង លោក Ngo Minh Hien បានជួបធ្វើការជាមួយគណកម្មាធិការប្រជាជនខេត្ត Quang Ninh ស្ដីពីការរួមសហការរៀបចំការប្រឡង “សំនៀងអាស៊ាន + ៣”លើកទី ២ ឆ្នាំ ២០១៩ នៅទីក្រុង Ha Long។ ស្ដីពីការត្រៀមរៀបចំសម្រាប់ការប្រឡងនេះ លោក Tran Tien Dung អនុប្រធានមន្ទីរវប្បធម និងកីឡាខេត្ត Quang Ninh បានចែករំលែកថា៖
“ស្ដីពីមូលដ្ឋានសំភារៈ ទីកន្លែងរៀបចំ ការងារឃោសនាអំពីការប្រឡង មធ្យោបាយធ្វើដំណើរទៅមកសម្រាប់បេក្ខជន ក៏ដូច ជាការត្រៀមរៀបចំសម្រាប់ ដំណើរទស្សនាឈូងសមុទ្រ Ha Long គឺត្រូវបានសម្រេចជាស្ថាពរហើយ។ ចំពោះការងារភស្តុភារទទួលស្វាគមន៍ប្រតិភូមជ្ឈឹម និងប្រទេសនានា ការធានាសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ការប្រឡងក៏បានសម្រេចរួចរាល់ហើយដែរ“។
លោក Ngo Minh Hien អគ្គនាយករងនៃ VOV |
ខេត្ តQuang Ninh មិនត្រឹមតែមានមូលដ្ឋានសំភារៈគ្រប់គ្រាន់ ដើម្បីបម្រើការប្រឡងនេះប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះទាំងជាតិ និងអន្តរជាតិទៀតផង។ គិតត្រឹមបច្ចុប្បន្ននេះ ការងារត្រៀមរៀបចំបានប្រព្រឹត្តិទៅយ៉ាងរលូន។ VOV បានអញ្ជើញសិល្បករប្រជាជន Trong Dai សិល្បការិនីប្រជាជន Thanh Lam ដើម្បីតំណាងឲ្យគណមេប្រយោគវៀតណាម និងតំណាងគណមេប្រយោគចំនួន ៣ រូបទៀតមកពី ហ្វីលីពីន ថៃ និង ឥណ្ឌូនេស៊ី។ លោក Ngo Minh Hien អគ្គនាយករងនៃ VOV បានចែករំលែកថា៖
“ការប្រឡងឆ្នាំនេះមានទ្រង់ទ្រាយធំជាង បើប្រៀបធៀបនឹងឆ្នាំ ដែលបានប្រារព្វធ្វើកាលពីលើកមុន ព្រោះថាឆ្នាំនេះ ជាលើកដំបូងហើយ ដែលប្រទេសជាសមាជិកអាស៊ានទាំង ១០ បានបញ្ជូនបេក្ខជនមកចូលរួម។ បេក្ខជនដែលចូលរួមការប្រឡងលើកនេះ សុទ្ធតែជាអ្នកចម្រៀងអាជីព។ ម៉្យាងវិញទៀត យើងខ្ញុំក៏ទទួលបានការគាំទ្រពីសំណាក់ភ្ញៀវកិត្តិយសដូចជា ចិន កូរ៉េខាងត្បូង និងជប៉ុនផងដែរ“។
ខេត្ត Quang Ninh មិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ថែមទាំងជាបេតិភណពិភពលោកទៀតផង។ នេះគឺជាលើកដំបូងហើយ ដែល VOV បានជ្រើសរើសយកទីក្រុង Ha Long ដើម្បីរៀបចំការប្រឡង“សំនៀងអាស៊ាន + ៣”សំដៅលើកតម្កើងសោភ័ណភាព ក៏ដូចជាប្រជាជនទីក្រុង Ha Long ដ៏រួសរាយរាក់ទាក់ផងដែរ។ លោកស្រី Vu Thi Thanh Tam នាយិការស្ថានីយ៍ទូរទស្សន៍វប្បធម៌ ទេសចរណ៍ (Vietnam journey) បានឲ្យដឹងថា៖
“ការប្រឡងលើកនេះបានរៀបចំឡើងនៅខេត្ត Quang Ninh ដែលជាកម្លាំងចលករមួយ សំដៅអភិវឌ្ឍន៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសគឺក្នុងតំបន់អាស៊ាន និងបណ្ដាប្រទេសជិតខាង មកទស្សនាវៀតណាម។ លើសពីនេះទៅទៀត ខេត្ត Quang Ninh មិនត្រឹមតែរួមសហការជាមួយយើងខ្ញុំដើម្បីរៀបចំការប្រឡង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង វគ្គផ្តាច់ព្រ័ត្រប៉ុណ្ណោះទេ ថែមទាំងរៀបចំសកម្មភាពនានានៅទីក្រុង ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ“។
រាត្រី ពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៧ ខែកក្កដា រីឯរាត្រី ផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តិទៅនាវេលាម៉ោង ២០ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៩នៅទីក្រុង Ha Long។ ព្រឹត្តិការណ៍ទាំងនេះនឹងបង្កើតការប្រគុំតន្ត្រីអន្តរជាតិគួរឲ្យចាប់អារម្មណ៍ ចម្រុះ ពណ៌។ កម្មវិធីនេះនឹងត្រូវបានផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងវិទ្យុនៃវិទ្យុសម្លេងវៀតណាមដូចជា៖ ស្ថានីយ៍ទូរទស្សន៍ Vietnam journey VTC VOV3 VOV5។ លើសពីនេះទៅទៀត ប្រិយមិត្តអាចស្វែងយល់ព័ត៌មានអំពីបេក្ខជន បេក្ខនារី និង ធ្វើការ Comment នៅលើវេបសាយhttps.//aseansongcontest.com៕