” Taste of Malaysia” - នាំរសជាតិម៉ាឡេស៊ីខិតមកជិត​ប្រជាជននៃរដ្ឋ​ធានី

Chia sẻ
(VOVWORLD) - ម៉ាឡេស៊ីជាប្រទេសចម្រុះជាតិសាសន៍ដោយមានភោជនាហារចម្រុះនិងប្លែកពីគេ។ ម្ហូបម៉ាឡេស៊ីមានការរួមបញ្ចូលគ្នានៃម្ហូបមូស្លីមរបស់ជនជាតិអន្តោគ្រាម ជាមួយនឹងម្ហូបចិននិងឥណ្ឌា។ ដោយមានគោលបំណងចង់ នាំមកនូវរសជាតិម៉ាឡេស៊ីនិយាយដោយឡែក និងវប្បធម៌ម៉ាឡេស៊ីនិយាយរួម ឲ្យខិតមកជិតប្រជាជនហាណូយ ស្ថានទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមបានសហការជាមួយសណ្ឋាគារ Daewoo Hanoi រៀបចំសេរ៊ីព្រឹត្តិការណ៍ “Taste of Malaysia” ក្នុងឱកាសទិវាបុណ្យជាតិម៉ាឡេស៊ី (ទី ៣១ ខែសីហា) និងទិវាម៉ាឡេស៊ី (ទី ១៦ ខែកញ្ញា) ។

“Taste of Malaysia” បានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវម៉ាឡេស៊ី វៀតណាម និងបរទេសរាប់រយនាក់ ដែលចង់ស្វែងយល់ និងទទួលពិសោធន៍មុខម្ហូបថ្មីៗ។ ក្នុងអំឡុងពេល៥ថ្ងៃនៃព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី ១២-១៦ ខែកញ្ញា ឆ្នាំ ២០២៤ នៅភោជនីយដ្ឋាន Café Promenade សណ្ឋាគារ Daewoo Hanoi អ្នកទទួលទាននឹងមានឱកាសរីករាយជាមួយរសជាតិនៃមុខម្ហូបពិសេសបំផុតចំនួន ៤២មុខ របស់ប្រទេសម៉ាឡេស៊ីដែលត្រូវបានបម្រើតាមទម្រង់ប៊ូហ្វេជាមួយនឹងម៉ឺនុយដែលត្រូវបានផ្លាស់ប្តូរប្រចាំថ្ងៃ។ ក្រៅពីមុខម្ហូបក្តៅៗដែលត្រៀមរួចនោះ ក៏មានមុខម្ហូបមួយចំនួនដែលត្រូវបានចម្អិនដោយផ្ទាល់នៅនឹងកន្លែងដោយ លោក Azlan Juri មេចុងភៅដ៏ល្បីល្បាញដែលមានបទពិសោធន៍ជិត ៣០ ឆ្នាំធ្វើការនៅសណ្ឋាគារលំដាប់ផ្កាយ ៥ និងភោជនីយដ្ឋានប្រណីតលំដាប់កំពូលក្នុងប្រទេសម៉ាឡេស៊ី។ ចែករំលែកអំពីលក្ខណៈវិសេសវិសាលនៃមុខម្ហូបរបស់ប្រទេសខ្លួន លោក Azlan Juri បានមានប្រសាសន៍ថា៖ “ម្ហូបអាហារម៉ាឡេស៊ីបានឆ្លុះបញ្ចាំងពីភាពចម្រុះនៃវប្បធម៌របស់បណ្តាជនជាតិ និងបុព្វបុរសរបស់យើង ដែលភាគច្រើនជាជនជាតិម៉ាឡេស៊ី ចិន និងឥណ្ឌា។ នោះធ្វើឱ្យម្ហូបម៉ាឡេស៊ីមានលក្ខណៈវិសេសវិសាល ជាមួយនឹងការរួមបញ្ចូលគ្នានៃគ្រឿងទេសនិងគ្រឿងផ្សំជាច្រើនមុខ។ ទោះជាយ៉ាងណាក៏ដោយ ការីម៉ាឡេស៊ី និងការីឥណ្ឌាគឺខុសគ្នាខ្លាំង ឬម្ហូបចិននៅទីនេះក៏ត្រូវបានរៀបចំខុសពីមុខម្ហូបនៅចិនដីគោកដែរ។ ឬមុខម្ហូប Rendang របស់ម៉ាឡេស៊ីក៏ខុសពី Rendang នៅប្រទេសជិតខាងឥណ្ឌូនេស៊ីផងដែរ។ យើងខ្ញុំស្វាគមន៍រាល់មុខម្ហូបខុសៗគ្នា ហើយគួបផ្សំជាមួយគ្នា ដើម្បីបង្កើតមុខម្ហូបម៉ាឡេស៊ីដ៏វិសេសវិសាល”។

” Taste of Malaysia” - នាំរសជាតិម៉ាឡេស៊ីខិតមកជិត​ប្រជាជននៃរដ្ឋ​ធានី - ảnh 1មេចុងភៅ Azlan Juri បង្ហាញពីរបៀបធ្វើ Murtabak Roti Jala។ រូបថត៖ Hanoi Daewoo Hotel

ដោយមានគោលដៅនាំយកបទពិសោធន៍ដ៏ល្អបំផុតដល់អ្នកទទួលទាន ម៉ឺនុយរបស់ពីធីជប់លៀងត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន។ អ្នកទទួលទានមានឱកាសពិសារម្ហូបអាហារដ៏ប្រណិត របស់ម៉ាឡេស៊ី ដូចជា Nasi Lemak ; Murtabak Roti Jala; ស៊ុប Ekor Berempa។ មុខម្ហូបទាំងអស់ត្រូវបានបង្ហាញយ៉ាងទាក់ភ្នែក នាំមកនូវរសជាតិដើមនៃម្ហូបម៉ាឡេស៊ី ដែលមានតុល្យភាពរវាងរស់ជាតិផ្អែម ប្រៃ ជូរ ហឹរ និង អ៊ូម៉ាមី (រសជាតិផ្អែមធម្មជាតិ) ដោយចក្ខុវិញ្ញាណ និងជីវ្ហាវិញ្ញាណ របស់អ្នកទទួលទាន៖ “កាលពីមុន ខ្ញុំធ្លាប់បានមើលវីដេអូអំពីទេសចរណ៍ម៉ាឡេស៊ីនៅលើ YouTube និង Tiktok។ ខ្ញុំបានឃើញថាម្ហូបអាហារម៉ាឡេស៊ីគួរឲ្យទាក់ទាញណាស់ ដូច្នេះខ្ញុំចង់ពិសារសាកល្បង។ ថ្ងៃនេះ ពិតជាមានសំណាងល្អណាស់ ដែលខ្ញុំមានឱកាសរីករាយជាមួយម្ហូបម៉ាឡេស៊ីនៅទីក្រុងហាណូយ។ ខ្ញុំមានការចាប់អារម្មណ៍នឹងការី និង Nasi Lemak។ មុខម្ហូបទាំងអស់មានការរួមផ្សំរវាងរស់ជាតិប្រៃ ផ្អែម ងាយស្រួលពិសារ បើទោះបីហឹរបន្តិច ប៉ុន្តែខ្ញុំចូលចិត្តខ្លាំងណាស់”។

” Taste of Malaysia” - នាំរសជាតិម៉ាឡេស៊ីខិតមកជិត​ប្រជាជននៃរដ្ឋ​ធានី - ảnh 2មុខម្ហូបមួយចំនួនដែលត្រូវបានបម្សនៅព្រឹត្តិការណ៍នេះ។ រូបថត៖ Hanoi Daewoo Hotel

ចូលរួមក្នុងព្រឹត្តិការណ៍នេះ អ្នកស្រី Aida Safura Othman ពលរដ្ឋម៉ាឡេស៊ីម្នាក់ដែលកំពុងធ្វើការនៅវៀតណាម មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង នៅពេលបានពិសារជាមួយមុខម្ហូបរបស់មាតុភូមិ ដែលរៀបចំដោយមេចុងភៅម៉ាឡេស៊ីដោយផ្ទាល់។ អ្នកស្រីបានចែករំលែកថា ដោយសារតែភោជនីយដ្ឋានម៉ាឡេស៊ីមិនសូវមានច្រើននៅទីក្រុងហាណូយ ទើបនាងត្រូវធ្វើម្ហូបដោយខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ ម្ហូបម៉ាឡេស៊ីគឺជាម្ហូបឥស្លាម ដូច្នេះហើយនាងក៏ជួបការលំបាក នៅពេលទិញគ្រឿងផ្សំមួយចំនួនផងដែរ៖ “គ្រឿងផ្សំភាគច្រើនសម្រាប់ចម្អិនម្ហូបម៉ាឡេស៊ី និងម្ហូបវៀតណាមគឺស្រដៀងគ្នា ប៉ុន្តែសម្រាប់ខ្ញុំ ការលំបាកដ៏ធំបំផុតគឺស្វែងរកអាហារដែលបំពេញតាមស្តង់ដារហាឡាល់ ជាពិសេសគឺសាច់ បើទោះបីអ្វីៗមានស្រាប់ក៏ដោយ ប៉ុន្តែពេលខ្លះវាមានតម្លៃថ្លៃណាស់”។

” Taste of Malaysia” - នាំរសជាតិម៉ាឡេស៊ីខិតមកជិត​ប្រជាជននៃរដ្ឋ​ធានី - ảnh 3ការសម្តែងរបាំប្រពៃណីរបស់មាឡេស៊ី។ រូបថត៖ Hanoi Daewoo Hotel

ទន្ទឹមនឹងម្ហូបអាហារ ភ្ញៀវដែលមកចូលរួមព្រឹត្តិការណ៍នេះក៏អាចរីករាយជាមួយនឹងការសម្តែងរបាំប្រពៃណីដោយសិល្បករមកពីទីក្រុង Perak ប្រទេសម៉ាឡេស៊ី រួមជាមួយនឹងការតាំងពិពណ៌ Batik Malaysia ដោយរីករាយជាមួយបរិយាកាភោជនាហារ-វប្បធម៌ដ៏ចម្រុះពណ៌។ ការជួយប្រជាជនវៀតណាមឱ្យខិតមកជិតនិងស្រឡាញ់វប្បធម៌ម៉ាឡេស៊ី ក៏ជាគោលដៅដ៏ធំបំផុតរបស់ព្រឹត្តិការណ៍ “Taste of Malaysia” ដូចដែលបានអះអាងដោយឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម លោក Dato' Tan Yang៖ “ភោជនាហារមិនត្រឹមតែជាប្រភពផ្តល់អាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការពិសោធន៍ដែលនាំឲ្យមនុស្សខិតមកជិតគ្នា រួមគ្នានិទានរឿងនិងបង្កើតការចងចាំផងដែរ។ តាមរយៈព្រឹត្តិការណ៍នេះ យើងមានបំណងចង់ជំរុញការផ្លាស់ប្តូរវប្បធម៌កាន់តែច្រើន និងមានការវាយតម្លៃកាន់តែស៊ីជម្រៅថែមទៀត អំពីតម្លៃប្រពៃណីរបស់ម៉ាឡេស៊ី។ នេះក៏ជាឱកាសដើម្បីពង្រឹងទំនាក់ទំនងវប្បធម៌និងការទូតរវាងម៉ាឡេស៊ីនិងវៀតណាមផងដែរ”៕

ប្រតិកម្មទៅវិញ