Bluetronics - បញ្ជាក់តម្លៃរបស់ម៉ាកយីហោវៀតណាមនៅកម្ពុជា

Chia sẻ

(VOVWORLD) - ដោយផ្អែកលើទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងវៀតណាម-កម្ពុជាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាបន្តបន្ទាប់ផងដែរ។ សហគ្រាសវៀតណាមកាន់តែច្រើនបានពង្រីកប្រតិបត្តិការវិនិយោគ អាជីវកម្ម នៅទីផ្សារកម្ពុជា ហើយសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់កម្ពុជា។ .ដូចជា Metfone របស់ Viettel ធនាគារ BIDC របស់ BIDV Angkor Air របស់ Vietnam Airlines Angkor Milk របស់ Vinamilk ហើយថ្មីៗនេះ គឺ Bluetronics របស់ ពិភពលោកទូរស័ព្ទចល័ត (Mobile World)។ ដោយមានល្បឿនអភិវឌ្ឍ “អស្ចារ្យ” Bluetronics ពីអ្នកថ្មីថ្មោងបានឈានឡើងយ៉ាងឆាប់រហ័សដល់ចំណាត់ថ្នាក់លេខ១នៃទីផ្សារលក់រាយគ្រឿងអេឡិចត្រូនិកចល័ត-គ្រឿងអេឡិចត្រូនិកសម្រាប់ប្រើប្រាស់ក្នុងផ្ទះរបស់កម្ពុជា។

 
Bluetronics - បញ្ជាក់តម្លៃរបស់ម៉ាកយីហោវៀតណាមនៅកម្ពុជា - ảnh 1ហាង Bluetronics មួយនៅកម្ពុជា។ (រូបថត៖ Cambo-report/ Thegioididong)

ខុសពីម៉ាកយីហោវៀតណាមជាច្រើនផ្សេងទៀត រហូតដល់ខែមិថុនាឆ្នាំ២០១៧ទើបសម្ព័ន្ធក្រុមហ៊ុន Mobile World ឈានជើងចូលទីផ្សារកម្ពុជា ជាមួយនឹងទម្រង់ BigPhone ស្រដៀងនឹងខ្សែសង្វាក់ ហាង thegioididong.com នៅវៀតណាមដោយមានជំនាញខាងទូរស័ព្ទ គ្រឿងបន្លាស់ និងគ្រឿង ឌីជីថល។ គិតត្រឹមចុងឆ្នាំ២០១៩ ប្រព័ន្ធនេះមានហាងចំនួន១៩កន្លែង ហើយភាគច្រើនប្រមូលផ្ដុំនៅរាជធានីភ្នំពេញប៉ុណ្ណោះ។ បន្ទាប់ពីបានស្គាល់ទីផ្សារអស់រយៈពេល៣ឆ្នាំ ក្រុមហ៊ុននេះបានសម្រេចផ្លាស់ប្ដូរទម្រង់អាជីវកម្មពី BigPhone ទៅជា Bluetronics (ដូចនឹងម៉ាកយីហោផ្សារទំនើប Dien May Xanh នៅវៀតណាម) ព្រមទាំងដាក់ចេញផែនការបើកហាង Bluetronics យ៉ាងឆាប់រហ័សរហូតដល់៥០កន្លែងក្នុងរយៈពេល៦ខែចុងឆ្នាំ២០២០។ លោក Tran Nguyen Truc នាយកជាតិរបស់ Bluetronics ប្រចាំកម្ពុជា បានឲ្យដឹងថា ដោយសារតែនេះជាទីផ្សារថ្មី ក្រុមហ៊ុនបានប្រឈមនឹងការលំបាកមួយចំនួនទាក់ទងនឹងរបាំងពន្ធគយ ហើយបណ្ដាញភស្តុភាកម្មក៏មិនសូវល្អទេ លើសពីនេះទៅទៀត នៅក្រោមផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ អាជីវកម្មទាំងអស់ ជាពិសេសគឺអាជីវកម្មលក់រាយ សុទ្ធតែជួបការលំបាកយ៉ាងខ្លាំង ប៉ុន្តែ Mobile World ប្ដេជ្ញាចិត្ត “និយាយបាន គឺធ្វើបានដែរ”។

“គុណសម្បត្តិ គឺយើងខ្ញុំបាននាំយកតាមទម្រង់មួយដ៏ជោគជ័យនៅវៀតណាម ដែលបានឆ្លងកាត់ការផ្លាស់ប្ដូរជាច្រើន ហើយទទួលបានបច្ចេកវិទ្យា ការចាត់តាំង និងមនុស្សពីក្រុមហ៊ុនមេ។ ដោយហេតុនេះ រហូតមកដល់បច្ចុប្បន្ន Bluetronics បានឈានដល់គោលដៅបើកហាងចំនួន៥០កន្លែងនៅតាមខេត្ត ក្រុងចំនួន១៣/២៥ មានបុគ្គលិកប្រមាណ៧០០នាក់ ដោយមានជំនាញខាងគ្រឿងអគ្គីសនី គ្រឿងអេឡិចត្រូនិកនិងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ទូរស័ព្ទចល័ត គ្រឿងបន្លាស់ ជាដើម។ ប្រាក់ចំណូលតាមការគ្រោងទុកនៃឆ្នាំ២០២១ ប្រមាណ២២លានដុល្លាអាមេរិក។ ក្នុងប៉ុន្មានឆ្នាំខាងមុខ យើងខ្ញុំនឹងបន្តកែលម្អប្រតិបត្តិការអាជីវកម្ម ពង្រីកទៅកាន់ខេត្តក្រុងដទៃទៀត ក៏ដូចជានៅក្រុងភ្នំពេញ។ គោលដៅគឺគ្របដណ្ដប់ឲ្យបានក្រាស់”។

ក៏យោងតាមលោក Truc ផងដែរថា ទោះបីជារងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែប្រាក់ចំណូលតាមការរំពឹងទុករបស់ Bluetronics នៅតែកើនឡើង១,៥ដងបើធៀបនឹងឆ្នាំ២០២០។ សហគ្រាសនេះកំពុងនាំមុខទីផ្សារលក់រាយនៅកម្ពុជា ទាំងទ្រង់ទ្រាយផងនិងទំហំលក់ផង។ “ADN” ជោគជ័យរបស់ Bluetronics គឺជ្រើសរើសការបម្រើអតិថិជនជាចំណុចស្នូល សំដៅនាំមកនូវការពេញចិត្តនៅពេលទិញទំនិញ ទន្ទឹមនឹងបទដ្ឋានប្រពៃណីអំពីគុណភាពផលិតផល។ លោក រីន កែវ ជាជនជាតិកម្ពុជា រស់នៅទីក្រុងហាណូយ ហើយក៏ជាអតិថិជនដែលធ្លាប់ស្គាល់ដល់ផ្សារទំនើប Dien May Xanh នោះ នៅពេលដឹងថាម៉ាកយីហោនេះមានវត្តមាននៅកម្ពុជា ដោយឈ្មោះថា Bluetronics លោកមិនស្ទាក់ស្ទើរណែនាំដល់សាច់ញាតិនិងមិត្តភក្តិរបស់លោកដើម្បីមកទិញទំនិញ។

"ខ្ញុំបានទិញឥវ៉ាន់ជាច្រើននៅ Dien May Xanh ដូច្នេះនៅពេលដែលខ្ញុំដឹងថាមានហាងមួយកន្លែងនៅក្នុងប្រទេសកម្ពុជា ខ្ញុំក៏ណែនាំដល់មិត្តភក្តិរបស់ខ្ញុំភ្លាមៗដែរ។ នរណាគេក៍សុទ្ធតែសរសើរដែរ។ ផលិតផលនៅទីនេះមានតម្លៃខុសគ្នាសម្រាប់អតិថិជនជ្រើសរើស បុគ្គលិកមួយណាក៍មានភាពរួសរាយរាក់ទាក់ និងស្និតស្នាលណាស់ហើយ មានសេវាកម្មក្រោយពេលលក់ផលិតផលនៅតែបម្រើអតិថិជនបានល្អណាស់។ មិត្តភក្តិរបស់ខ្ញុំបានហៅទូរស័ព្ទទៅកាន់ផ្នែកធានានៅចុងសប្តាហ៍ទៅហើយ ប៉ុន្តែនៅតែមានបុគ្គលិកចេញមកដោះស្រាយយ៉ាងទាន់ពេលវេលា។ ជាធម្មតានៅកន្លែងផ្សេងទៀត មនុស្សពិតជាទុករហូតដល់ដើមសប្តាហ៍ក្រោយទើបដោះស្រាយ"។

Bluetronics - បញ្ជាក់តម្លៃរបស់ម៉ាកយីហោវៀតណាមនៅកម្ពុជា - ảnh 2ទិដ្ឋភាពនៅខាងក្នុងហាង Bluetroncis។ 

ប្រព័ន្ធហាង Bluetronics នាបច្ចុប្បន្នមានបុគ្គលិកនិងអ្នកគ្រប់គ្រងប្រមាណ៧០០នាក់ ភាគច្រើនគឺយុវជនកម្ពុជា ឆ្ពោះទៅរកកសាងបរិយាកាសការងារដ៏ស៊ីវីល័យ ទំនើប ប្រកបដោយតម្លាភាព សម ភាព នាំមកនូវឱកាសអភិវឌ្ឍសម្រាប់មនុស្សគ្រប់រូប។ Bluetronics ផ្ដល់អាទិភាពដល់ការជ្រើសរើសមិត្តវ័យក្មេងដែលមានថាមពលខ្ពស់ ស្ទាត់ជំនាញក្នុងការប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រនិងមានបំណិនទំនាក់ទំនង អាកប្បកិរិយាល្អ។ បុគ្គលិកបន្ទាប់ពីចូលក្រុមហ៊ុននឹងឆ្លងកាត់ការបណ្ដុះបណ្ដាលរយៈពេល១សប្ដាហ៍ដើម្បីរៀនសូត្រពីវប្បធម៌ក្រុមហ៊ុន ចំណេះដឹងមូលដ្ឋាននៃផលិតផល ជំនាញលក់ បន្ទាប់នោះចុះហាងដើម្បីហាត់សម។ បុគ្គលិកដែលមានបទពិសោធន៍ធ្វើការយ៉ាងហោចណាស់ពី៦ខែដល់១ឆ្នាំ មានស្នាដៃលក់ទំនិញឆ្នើម និងជំនាញវិជ្ជាជីវៈល្អ នឹងមានឱកាសឡើងកាន់តំណែងជាអ្នកគ្រប់គ្រង។ ទោះបីជារងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែក្រុមហ៊ុនមិនកាត់បន្ថយបុគ្គលិកណាមួយទេ ប៉ុន្តែផ្ទុយទៅវិញ មានការកែសម្រួលដ៏សមស្របនិងទាន់ពេលវេលាដើម្បីជួយបុគ្គលិកនឹងនរចិត្តធ្វើការ។ កញ្ញា ធីតា បុគ្គលិកនៅហាង Bluetronics នៅរាជធានីភ្នំពេញ បានចែករំលែកថា៖

"ចំពោះបញ្ហាកូវីដនេះ នៅគ្រប់ស្ថាប័នសុទ្ធតែទទួលរងផលប៉ះពាល់ដូចជា ចំណូល ត្រូវកាត់បន្ថយបុគ្គលិក។ ចំពោះក្រុមហ៊ុនយើង ក៏ទទួលរងផលប៉ះពាល់ដែរ ហាងមួយចំនួនត្រូវបិទទ្វារ ប៉ុន្តែក្រុមហ៊ុនតែងតែជួយសម្រួលដល់បុគ្គលិក ដោយមិនធ្វើឲ្យបញ្ឈប់បុគ្គលិកណាម្នាក់ទេ។ ហើយសម្រាប់បុគ្គលិកដែលស្ថិតនៅក្នុងតំបន់ក្រហម ដែលមិនអាចទៅធ្វើការបានទេ គាត់ទទួលបាន៥០%នៃប្រាក់ខែគោលហើយថែមទាំងទទួលបានប្រាក់៥០ដុល្លាបន្ថែមទៀត។ សម្រាប់បុគ្គលិកដែលផ្ទុកកូវីដផ្ទាល់ខ្លួន ខាងក្រុមហ៊ុនធ្វើការបើកប្រាក់ខែហើយថែមទាំងទទួលបានប្រាក់១០០ដុល្លាបន្ថែមទៀតដែលជាប្រាក់លើកទឹកចិត្ត"។

ទន្ទឹមនឹងប្រតិបត្តិការអាជីវកម្ម Bluetronics ក៏យកចិត្តទុកដាក់ដល់សកម្ម ភាពសង្គមតាមរយៈ កម្មវិធីបរិច្ចាគអង្គរចំនួន១០០តោន ជូនគ្រួសារដែលជួបការលំបាកដោយសារផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ នៅតាមខេត្តក្រុងចំនួន១៣ ដែលមានហាង Bluetronics។ កម្មវិធីនេះទាក់ទាញបានការចូលរួមរបស់ដៃគូធំៗជាច្រើន ក៏ដូចជាទទួលបានការជួយជ្រោមជ្រែងយ៉ាងសកម្មពីអាជ្ញាធរក៏ដូចជាប្រជាជននៃប្រទេសសាមីផងដែរ។

អាស្រ័យលើការប្ដេជ្ញាចិត្តនិងទិសដៅត្រឹមត្រូវ Bluetronics បាននិងកំពុងបញ្ជាក់នូវតម្លៃរបស់ម៉ាកយីហោវៀតណាមនៅកម្ពុជា។ ទោះបីមិនមែនជាទីផ្សារដ៏ធំក៏ដោយ ប៉ុន្តែសម្ព័ន្ធក្រុមហ៊ុនចល័តពិភពលោក ចាត់ទុកកម្ពុជាជាទីផ្សារយុទ្ធសាស្ត្រ ជាការបោះជំហានមួយដើម្បីសិក្សាបទពិសោធន៍ជាក់ស្ដែង ត្រៀមរៀបចំដើម្បីនាដើមឆ្នាំ២០២២នឹងមានការបោះជំហានឆ្ងាយៗជាងទៀតក្នុងតំបន់ ឆ្ពោះទៅកាន់ទីផ្សារធំៗដូចជាឥណ្ឌូនេស៊ី និងហ្វីលីពីន។ ពីអ្វីៗដែលគេសម្រេចបាននៅវៀតណាមនិងកម្ពុជា មហិច្ឆតានេះរបស់ចល័តពិភពលោកគឺមានមូលដ្ឋានមែនទែន៕

ប្រតិកម្មទៅវិញ