អញ្ជើញទស្សនាបាតបឹងវារីអគ្គិសនី Son La នៅភូមិភាគពាយ័ព្យ

Chia sẻ
(VOVWORLD) - តំបន់បាតបឹងវារីអគ្គិសនី Son La ស្ថិតនៅភូមិសាស្ត្រស្រុកចំនួនបីគឺ Quynh Nhai, Thuan Chau និង Muong La នៃខេត្ត Son La។ 
អញ្ជើញទស្សនាបាតបឹងវារីអគ្គិសនី Son La នៅភូមិភាគពាយ័ព្យ - ảnh 1តំបន់បាតបឹងស្តុកទឹកវារីអគ្គីសនី Son La។ រូបថត៖ VOV

ជាមួយនឹងទេសភាពដ៏ធំសម្បើម មនោរម្យ រួមជាមួយគោលដៅដ៏ទាក់ទាញ និងពណ៌វប្បធម៌របស់ជនជាតិភាគតិចដ៏វិសេសវិសាល នេះជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅខេត្ត Son La។ ដោយត្រូវបានគេប្រៀបប្រដូចជា "ឈូងសមុទ្រ Ha Long" ខ្នាងតូចរបស់តំបន់ព្រៃភ្នំភាគពាយ័ព្យ តំបន់បាតបឹងស្តុកទឹកវារីអគ្គីសនី Son La មានទេសភាពគួរឱ្យចាប់អារម្មណ៍ និងល្អាងភ្នំដ៏គួរឱ្យទាក់ទាញ។ លោកអ្នកអាចទស្សនាតំបន់បាតបឹងស្តុកទឹកវារីអគ្គិសនី Son La ពីស្រុក Quynh Nhai ឬស្រុក Muong La ក៏បានដែរ។ 

ទូកទេសចរណ៍ដឹកភ្ញៀវទេសចរណ៍ឆ្លងគោលដៅដ៏ទាក់ទាញដូចជា៖ កោះ Trái Tim ឈូងសមុទ្រ Uy Phong ឈូងសមុទ្រ Binh Yen កេរ្ក៍ដំណែល Linh Son Thuy Tu. ដោយមានផ្ទៃទឹកជាង ១០៥០០ ហិកតា និងកោះធំតូចរាប់សិបគឺជាសក្តានុពល និងប្រៀបខ្លាំង ដើម្បីអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី និងសម្រាកលំហែកាយនៅលើបាតបឹងវារីអគ្គិសនី។ លោក Dieu Duc Trong នាយករងក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ Quynh Nhai Travel ជាអង្គភាពដែលធ្វើអាជីវកម្មលើបាតបឹងវារីអគ្គិសនី Son La បានឲ្យដឹងថា៖

“ភ្ញៀវទេសចរនឹងបានប្រើប្រាស់ផលិតផលទេសចរណ៍របស់យើងខ្ញុំដូចជា៖ ធ្វើដំណើរលើនាវាទេសចរណ៍ដែលបានរចនា និងតុបតែងយ៉ាងស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរថតរូប និង check-in ។ ទស្សនា កោះដ៏ស្រស់ស្អាតនៅលើបាតបឹង; ប្រើប្រាស់សេវាកម្មដូចជា ជិះទូក ស្ទូចត្រី និងទទួលទានម្ហូបអាហារពីត្រី Song Da នៅឈូងសមុទ្រ Uy Phong”។ 

ផ្ទាំងគំនូរទេសភាពដ៏ស្រស់បំព្រងរបស់បាតបឹងវារីអគ្គិសនី Son La បានទាក់ទាញភ្ញៀវគ្រប់រូប ដែលមានឱកាសទស្សនា។ អ្នកស្រី Trinh Thi Van Anh ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានចែករំលែកថា៖

“គោលដៅនេះមានទេសភាពស្រស់ស្អាតណាស់ ផ្ទៃទឹកខៀវស្រងាត់ ប្រជាជននៅទីនេះរួសរាយរាក់ទាក់ណាស់ ហើយយើងខ្ញុំបានថតរូបស្អាតៗជាច្រើនសន្លឹក។ យើងខ្ញុំនឹងឧទ្ទេសនាម និងផ្សព្វផ្សាយទឹកដី និងមនុស្ស Son La ជាពិសេសគឺ Quynh Nhai ដល់មនុស្សគ្រប់រូបផងដែរ”។

តំបន់បាតបឹងវារីអគ្គិសនី Son La មានទំហំព្រៃឈើធំល្មម ជាមួយប្រព័ន្ធជីវសាស្រ្តចម្រុះ ដោយមានប្រភេទរុក្ខជាតិ និងសត្វកម្រប្រមូលផ្តុំនៅក្នុងតំបន់អភិរក្សធម្មជាតិ Muong La។ បាតបឹងនេះមានប្រភេទសត្វក្នុងទឹកដ៏សម្បូរបែប ដោយមានត្រីរាប់រយប្រភេទរស់នៅ បង្កើតជាតម្លៃម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់តំបន់។

អញ្ជើញទស្សនាបាតបឹងវារីអគ្គិសនី Son La នៅភូមិភាគពាយ័ព្យ - ảnh 2ពិធីបុណ្យ និងព្រឹត្តិការណ៍ទេសចរណ៍នៅ Quynh Nhai ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេសយ៉ាងច្រើនកុះករ។ រូបថត៖ VOV

តំបន់បាតបឹងវារីអគ្គិសនី Son La មានគោលដៅទេសចរណ៍ខាងវិញ្ញាណដូចជាប្រាសាទ Nang Han និងប្រាសាទ Linh Son Thuy Tu។ ប្រាសាទទាំងពីរនេះស្ថិតនៅលើទួលដី Pú Ngịu ឃុំ Mường Giàng ស្រុក Quynh Nhai ។ ពីទីតាំងនេះ ភ្ញៀវទេសចរអាចគយគន់ទេសភាពបឹងទន្លេវារីអគ្គិសនី និងភូមិស្រុកតាំងទីលំនៅក្បែរបាតបឹង។ ភ្ញៀវទេសចរក៏អាចចូលរួមទេសចរណ៍សហគមន៍នៅភូមិ Bon - Muong Chien - Quynh Nhai; ភូមិ Luoi ភូមិ Pom Min - Ngoc Chien - ភូមិ Muong La ឬទទួលទានមុខម្ហូបទន្លេ Da ដែលត្រូវបានកែច្នៃតាមរបៀបដាច់ដោយឡែករបស់ជនជាតិ Thái។ 

នៅតំបន់បាតបឹងវារីអគ្គិសនី Son La ក៏មានពិធីបុណ្យដ៏រស់រវើក និងទាក់ទាញនានាដូចជា៖ ពិធីបុណ្យប្រណាំងទូកប្រពៃណីស្រុក Quynh Nhai (ថ្ងៃទី ១០ កើត ខែ១ ជារៀងរាល់ឆ្នាំ); ពិធីបុណ្យកក់សក់ជនជាតិ Thái Trắng Quỳnh Nhai (ខែ ១២ តាមច័ន្ទគតិ); ពិធីបុណ្យអំណរស្រូវថ្មីឃុំ Ngọc Chiến ស្រុក Mường La (ខែ ៩តាមច័ន្ទគតិជារៀងរាល់ឆ្នាំ)។ ទាំងនេះគឺជាសកម្មភាពដ៏ទាក់ទាញចំពោះភ្ញៀវទេសចរ។ ផ្សារណាត់នៅតំបន់ខ្ពស់ពោរពេញទៅដោយអត្តសញ្ញាណជនជាតិភាគតិច ហើយក៏ជាលក្ខណៈដ៏វិសេសវិសាលនៅទីនេះ។

យោងតាមផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត Son La ដល់ឆ្នាំ ២០៣០ ស្រុក Quynh Nhai គឺជាតំបន់ទេសចរណ៍ស្នូលមួយ ជាពិសេសគឺបានក្លាយទៅជាតំបន់ទេសចរណ៍ជាតិដោយផ្សារភ្ជាប់ជាមួយពាណិជ្ជសញ្ញា  “សមុទ្រខៀវក្នុងបាតភ្នំ”។ តំបន់បានកសាងដំណើរទេសចរណ៍នានាទាំងផ្លូវទឹក និងផ្លូវគោកទៅកាន់បាតបឹងវារីអគ្គិសនី Son La។ លោក Lo Thanh Thuy អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Quynh Nhai បានឲ្យដឹងថា៖

“យើងខ្ញុំបានកំណត់ផ្សារភ្ជាប់សកម្មភាពអភិរក្សរាល់តម្លៃវប្បធម៌ជាមួយនឹងសកម្មភាពទេសចរណ៍ដូចជា ទេសចរណ៍លើបាតបឹង ដែលផ្សារភ្ជាប់ជាមួយការទស្សនាតំបន់ទេសចរណ៍ខាងវិញ្ញាណជាស្នូលសម្រាប់ការអភិវឌ្ឍសកម្មភាពទេសចរណ៍។ នេះគឺជាភារកិច្ចដំសំខាន់មួយ ដែលត្រូវបានបក្សភាគស្រុកកំណត់គឺជាជំហានមួយ ក្នុងចំណោមជំហានទម្លុះទម្លាយទាំង ៣ នៃសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្សភាគស្រុកនីតិកាលទី ២១ ផងដែរ”។

អញ្ជើញទៅទស្សនាបាតបឹងវារីអគ្គិសនី Son La ភ្ញៀវទេសចរ មានអារម្មណ៍សុខសាន្ត និងមនោរម្យ ហើយបានគយគន់ទេសភាពដ៏រហោស្ថាននៃតំបន់បឹងបួរ ក៏ដូចជាមានអារម្មណ៍ជក់ចិត្តនឹង "សមុទ្របៃតង" ដ៏ស្រស់ស្អាតនៅតំបន់ភាគពាយ័ព្យដ៏ធំសម្បើមផងដែរ៕


ប្រតិកម្មទៅវិញ