វិហារសក្ការៈបូជាមេទ័ពដ៏ល្បីឈ្មោះ Hoang Luc នៅខេត្ត Cao Bang

Chia sẻ
(VOVWORLD) - វិហារ Hoang Luc ស្ថិតនៅឃុំ Dinh Phong ស្រុក Trung Khanh ខេត្ត Cao Bang ហើយត្រូវបានអ្នកឃុំសាងសង់ឡើងចាប់ពីសតវត្សរ៍ទី ១១ មកដើម្បីធ្វើសក្ការៈបូជាមេទ័ព Hoang Luc ជនជាតិ Tay ដែលមានគុណូបការៈដ៏ធំធេងក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងខ្លាំងសត្រូវឈ្លានពាន។ សំណង់នេះមានតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងមានអត្ថន័យខាងព្រលឹងវិញ្ញាណដ៏ពិសេសនៅតំបន់ព្រំដែនផងដែរ។
វិហារសក្ការៈបូជាមេទ័ពដ៏ល្បីឈ្មោះ Hoang Luc នៅខេត្ត Cao Bang - ảnh 1វិហារមេទ័ពដ៏ Hoang Luc ស្ថិតនៅក្រោមម្លប់ដើមស្រល់ដ៏ខៀវស្រងាត់នៅលើកំពូលទួលដី Doong Linh

Hoang Luc ជាមេដឹកនាំ និងជាមេទ័ពដ៏ប៉ិនប្រសប់មួយរូបក្រោមរាជ្ជកាលស្តេច Ly Nhan Tong នៅសតវត្សរ៍ទី ១១ ដែលមានគុណូបការៈដ៏ធំធេងចំពោះប្រទេសជាតិក្នុងការតស៊ូប្រឆាំងខ្មាំងសត្រូវ  Tong ឈ្លានពាននាឆ្នាំ ១០៧៦។ យោងតាមសៀវភៅប្រវត្តិសាស្រ្ត លោកបានកើតនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១០៣៨ នៅឃុំ Lung Dinh ស្រុក Thuong Lang ហើយបច្ចុប្បន្នជាឃុំ Dinh Phong ស្រុក Trung Khanh។ លោក Hoang Luc ត្រូវបានស្ដេចទ្រង់តែងតាំងជាមេទ័ពការពារខ្សែបន្ទាត់ព្រំដែនចាប់ពីខេត្ត Cao Bang ដល់ខេត្ត Lang Son សព្វថ្ងៃ។

វិហារមេទ័ពដ៏ Hoang Luc ស្ថិតនៅក្រោមម្លប់ដើមស្រល់ដ៏ខៀវស្រងាត់នៅលើកំពូលទួលដី Doong Linh ដែលមានចម្ងាយប្រមាណ ៤ គីឡូម៉ែត្រពីព្រំដែនវៀតណាម-ចិន។ មិនមាននរណាម្នាក់ដឹងថា តើវិហារមេទ័ព Hoang Luc ត្រូវបានបើកការដ្ឋានសាងសង់ចាប់តាំងពីពេលណាឡើយ ប៉ុន្តែស្ថាបត្យកម្មដែលនៅសល់របស់វិហារនេះគឺជាផ្ទះពីរល្វែងដ៏ធំទូលាយជាមួយទំហំប្រមាណ ១០០ ម៉េត្រការ៉េ ហើយទ្វារទីសក្ការៈបូជាបានបែរមុខទៅទិសខាងត្បូងដំបូលប្រក់ក្បឿងយិន និងយ៉ាង។ តាមលោកតា លោកយាយក្នុងតំបន់បានដំណាលថា ពីដើមឡើយក្នុងវិហារមានរូបសំណាកលោកមេទ័ព Hoang Luc ដែលធ្វើពីសំរិទ្ធ នៅសង្ខាងមានរូបសំណាកមន្ត្រីអក្សរសាស្ត្រ និងរូបសំណាកមេទ័ពដែលធ្វើពីដី និងជួងធ្វើពីសំរិទ្ធ ប៉ុន្តែវត្ថុតាំងទាំងនេះត្រូវបានបាត់បង់ទៅហើយ។ តម្លៃនៅសល់របស់វិហារគឺជាវត្ថុធាតុដើមក្នុងការសាងសង់។ វិហារនេះត្រូវបានសាងសង់ឡើងដោយជញ្ជាំងធ្វើពីដីឥដ្ឋលាយជាមួយទឹកអំពៅយ៉ាងល្អិតល្អន់។ អ្នកស្រី Vi Thi Thao កម្មាភិបាលវប្បធម៌នៅឃុំ Dinh Phong ស្រុក Trung Khanh បានឲ្យដឹងថា៖ “វិហារនេះនៅតែរក្សាបានជញ្ជាំងដីឥដ្ឋដដែល។ តាមលោកតា លោកយាយបានដំណាលថា នៅពេលសាងសង់ អ្នកឃុំបានប្រើប្រាស់ដីឥដ្ឋលាយជាមួយទឹកអំពៅ ហើយបោះជាពុម្ភដើម្បីបង្កើតជញ្ជាំងនៅជុំវិញ”។

កាលពីមុន ពិធីបុណ្យវិហារ Hoang Luc ត្រូវបានប្រារព្ធឡើងពីរដងក្នុងមួយឆ្នាំ ដែលត្រូវនឹងថ្ងៃពេញបូណ៌មី ខែ ១ តាមប្រតិទិនច័ន្ទគតិ និងសរទរដូវ។ នាបច្ចុប្បន្ននេះ  ពិធីបុណ្យវិហារ Hoang Luc ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៨ ខែ ២ តាមប្រតិទិនច័ន្ទគតិ។ ក្នុងពិធីបុណ្យនេះមានល្បែងកម្សាន្តជាច្រើនដូចជា រាំមុងសាយ និងច្រៀងសារសងគ្នាជាដើម។ លោក Ha Dinh Toan អ្នកឃុំ Dinh Phong ស្រុក Trung Khanh ខេត្ត Cao Bang បានឲ្យដឹងថា៖ “ជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៨ ខែ ២ តាមប្រតិទិនច័ន្ទគតិ បងប្អូនអ្នកឃុំបានចូលរួមពិធីបុណ្យយ៉ាងច្រើនកុះករ។ ដោយសារផ្ទះនៅជិតវិហារ Hoang Luc ដូច្នេះហើយខ្ញុំតែងតែទៅអុជធូបទានឧទ្ទិសលោកមេទ័ព ជាពិសេសគឺថ្ងៃពេញបូណ៌មី និងថ្ងៃទី ១ កើត។ លោក Hoang Luc គឺជាមេទ័ពការពារព្រំដែន ហើយ យើងពិតជាមានមោទនភាពចំពោះលោកណាស់”។

វិហារសក្ការៈបូជាមេទ័ពដ៏ល្បីឈ្មោះ Hoang Luc នៅខេត្ត Cao Bang - ảnh 2វិហារមេទ័ពដ៏ Hoang Luc

នៅឆ្នាំ ២០០៤ វិហារ Hoang Luc ត្រូវបានទទួលស្គាល់ជាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ថ្នាក់ខេត្ត។ ពរះរាជាត្រាស់បង្គាប់ទាំង ៤ របស់រជ្ជកាលង្វៀនឲ្យមនុស្សការពារវិហារត្រូវបានរក្សាទុកនៅសារមន្ទីរខេត្ត Cao Bang ។ ដោយធ្វើត្រាប់តាមគំរូលោកមេទ័ព Hoang Luc និងពង្រីកប្រពៃណីស្នេហារជាតិនោះ នាបច្ចុប្បន្ន អ្នកឃុំ Lung Dinh បានសាមគ្គីស្រុះចិត្តគំនិតគ្នា ការពារយ៉ាងម៉ឺងម៉ាត់ទឹកដី ដែលបុព្វបុរសបានត្រួសត្រាយកាប់ឆ្ការ និងការពារ។ លោក Hoang Van Thong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dinh Phong ស្រុក Trung Khanh បានឲ្យដឹងថា៖ “ប្រជាជនឃុំ Dinh Phong មានមោទនៈភាព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកមេទ័ព ដែលមានគុណូបការៈការពារព្រំដែន។ ដោយបានពង្រីកប្រពៃណីស្នេហារជាតិ អ្នកឃុំ Dinh Phong តែងតែសាមគ្គីគ្នា និងធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ បងប្អូនអ្នកឃុំបានរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច កសាងស្រុកកំណើត ជាពិសេសគឺរួមគ្នាការពារយ៉ាងរឹងមាំនូវខ្សែបន្ទាត់ព្រំដែន ដែលមានប្រវែងជាង ៧គីឡូម៉ែត្រ ដោយឆ្លងភូមិសាស្ត្រឃុំ Dinh Phong”។

អស់រយៈពេលច្រើនសតវត្សរ៍កន្លងផុតទៅ វិហារ Hoang Luc នៅតែគងវង្សនៅក្បែរទន្លេ Quay Son ជារៀបរហូតប្រដូចជាអាសយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ វិហារនេះត្រូវបានវិនិយោគ និងជួសជុលកែលម្អឡើងវិញឲ្យកាន់តែធំទូលាយ និងស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ